ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាកំពុងខ្នះខ្នែងស្វែងការគាំទ្រផ្នែកថវិកាពីសហគមន៍ខ្មែរនៅក្រៅប្រទេសដើម្បីបន្តសកម្មភាពការងាររបស់ខ្លួនទៅមុខទៀត បន្ទាប់ពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនជួបប្រទះបញ្ហាខ្វះថវិកា ដោយសាររដ្ឋបាលលោក ដូណាល់ត្រាំ កាត់ផ្តាច់ជំនួយរបស់USAIDទៅកាន់បណ្តាប្រទេសនានា។ យុទ្ធនាការស្វែងរកជំនួយនេះ ត្រូវបានផ្តួចផ្តើមឡើងដោយអង្គការ Save Cambodia ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិ និងជាអ្នកដែលបានសម្របសម្រួលឲ្យមានការសន្ទនាគ្នារវាងពលរដ្ឋកម្ពុជា និងសហគមន៍ខ្មែរ នៅក្នុងវេទិកាតុមូលមួយ ជាមួយមន្ត្រីក្រសួងការបរទេសអាមេរិកកាលពីពេលថ្មីៗនេះ។
ប្រធានកម្មវិធីការងាររបស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ បានថ្លែង នៅថ្ងៃទី២៣មេសាថា អង្គការសង្គមស៊ីវិលនៅកម្ពុជាបានផ្តើមជួបពិភាក្សាជាមួយមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក ដើម្បីលើកពីសមិទ្ធផលនានា ដែលកម្ពុជាបានទទួល ក្រោមជំនួយរបស់សហរដ្ឋអាមេរិក និងការចង់បានរបស់ពលរដ្ឋកម្ពុជា និងសហគមន៍ខ្មែរនៅក្រៅប្រទេស ទាក់ទងនឹងការបន្តគាំទ្រផ្នែកហិរញ្ញវត្ថុរបស់អាមេរិកនៅពេលអនាគត។
បើតាម លោកឃុន ថារ៉ូ អង្គការក្រៅរដ្ឋាភិបាល ឬសមាគមបានសរសេរលិខិតជូនក្រសួងការបរទេសអាមេរិក ហើយក៏ផ្តើមជួបពិភាក្សាអំពីការងារកន្លងមក ដែលសង្គមស៊ីវិលបានចូលរួមចំណែក ជំរុញឲ្យមានការលើកកម្ពស់អភិបាលកិច្ចសង្គមប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្សនៅកម្ពុជា ក្រោមជំនួយរបស់ទីភ្នាក់ងារUSAIDរបស់អាមេរិកនាពេលកន្លងមក។
យុទ្ធនាការនេះធ្វើឡើង តាមរយៈ អង្គការ Save Cambodia ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលជាអ្នកផ្តួចផ្តើមគំនិតឲ្យមានការជួបសន្ទនាគ្នារវាងពលរដ្ឋកម្ពុជានិងសហគមន៍ខ្មែរក្នុងវេទិកាតុមូលជាមួយមន្ត្រីក្រសួងការបរទេសអាមេរិក។ គោលដៅគឺចង់ប្រាប់ភាគីអាមេរិកឲ្យដឹងថា ជំនួយអាមេរិក រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់អាមេរិក ជាមួយកម្ពុជា កាន់តែមានសារៈសំខាន់ និង មានឥទ្ធិពលយ៉ាងខ្លាំងលើជីវភាពរបស់ប្រជាជនកម្ពុជា រួមទាំងអាជ្ញាធររដ្ឋ។
ប្រធានសមាគមអាដហុកលោកនី សុខា យល់ថា ការរៀបចំរបស់អង្គការ Save Cambodia គឺជាផ្នែកមួយនៃការផ្សាភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋកម្ពុជា និងរដ្ឋាភិបាលអាមេរិក។ដោយឡែក សមាគមអាដហុកផ្ទាល់ក៏កំពុងស្វះស្វែងរកថវិកាពីដៃគូជំនួយផ្សេងទៀតក្រៅពីទីភ្នាក់ងារ USAID ដែលធ្លាប់ជាម្ចាស់ជំនួយដ៏ធំមួយរបស់សមាគម។
តាមការវិភាគប៉ាន់ស្មានរបស់ក្រុមមេធាវី ធុរកិច្ច និងសិទ្ធិមនុស្ស ដែលជាក្រុមអ្នកច្បាប់ឯករាជ្យនៅកម្ពុជា នៅរយៈពេល ៥ ឆ្នាំចុងក្រោយនេះ អង្គការសង្គមស៊ីវិលនៅកម្ពុជាទទួលជំនួយអាមេរិក ក្នុងទំហំទឹកប្រាក់សរុបជាង ៣៧១ លានដុល្លារអាមេរិក សម្រាប់គម្រោងចំនួន ១៨៥។ ក្នុងនោះ ជំនួយតាមរយៈទីភ្នាក់ងារ USAID មានចំណែកច្រើនជាងគេបំផុត ប្រមាណជាង ២២៤ លានដុល្លារអាមេរិក សម្រាប់ ៤៤ គម្រោង៕