ប្រភព៖ VOD
អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិជាង២០ស្ថាប័ន អំពាវនាវឱ្យមានការដោះលែងអ្នកសារព័ត៌មានអនឡាញ លោក ហែម វណ្ណា ដែលរាយការណ៍ពីករណីសង្ស័យទីតាំងឆបោកតាមអនឡាញនៅខេត្តបន្ទាយមានជ័យ ដោយថា ការចាប់ខ្លួនអ្នកសារព័ត៌មានរូបនេះ ហាក់បង្ហាញពីនិន្នការរបស់រដ្ឋាភិបាល ក្នុងការរឹតត្បិតសំឡេងសមាជិកអ្នកសារព័ត៌មាន តាមរយៈការប្រើប្រាស់ក្រមព្រហ្មទណ្ឌ ជំនួសពីការប្រើប្រាស់យន្តការច្បាប់ស្តីពីរបបសារព័ត៌មាន។
នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់អង្គការសមាគមចំនួន២២ ចេញផ្សាយនៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលក្នុងមានដូចជា ខេមបូចា, មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM), សមាគមអាដហុក, អង្គការលីកាដូ, អង្គការសង់ត្រាល់, មជ្ឈមណ្ឌលដើម្បីសារព័ត៌មានឯករាជ្យនៅម៉ាឡេស៊ី, អ្នកសារព័ត៌មានគ្មានព្រំដែន, Freedom Forum នេប៉ាល់ និងសម្ព័ន្ធអ្នកសារព័ត៌មានឯករាជ្យនៅឥណ្ឌូនេស៊ីជាដើម។
សេចក្តីថ្លែងការណ៍រួម បានលើកឡើងថា យោងតាមអង្គការសិទ្ធិមនុស្សក្នុងស្រុក លោក ហែម វណ្ណា អ្នកសារព័ត៌មានអនឡាញ មកពីគេហទំព័រ អេឆវីអិនអិន ធីវីអនឡាញ (HVNN TV Online) ត្រូវបានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកុម្ភៈ ក្រោយពេលដែលលោករាយការណ៍អំពីករណីអំពើហិង្សានៅក្នុងអគារមួយ ដែលត្រូវបានគេសង្ស័យថាជាអគារមានសកម្មភាពឆបោកអនឡាញ និងស្ថិតនៅចម្ងាយប្រមាណ ១០០ម៉ែត្រ ពីខាងក្រោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលក្នុងសេចក្តីរាយការណ៍នោះ លើកឡើងថា អាជ្ញាធរគួរតែបានដឹងអំពីទីតាំងនោះ។
ក្រោយមក លោក វណ្ណា ត្រូវបានតុលាការខេត្តបន្ទាយមានជ័យ ចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៥ និងបទ ស្តាប់ឬថតពាក្យសម្តីឯកជន តាមមាត្រា៣០១ នៃក្រមព្រហ្មទណ្ឌ ហើយបច្ចុប្បន្ន លោកកំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តបន្ទាយមានជ័យ។
សេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិល យល់ថា ការចាប់ខ្លួន និងការចោទប្រកាន់ទៅលើលោក ហែម វណ្ណ ហាក់បង្ហាញពីនិន្នាការរបស់រដ្ឋាភិបាល ក្នុងការរឹតត្បិតសំំឡេងសមាជិកអ្នកសារព័ត៌មាន តាមរយៈការប្រើប្រាស់ក្រមព្រហ្មទណ្ឌ ជំនួសពីការប្រើប្រាស់យន្តការច្បាប់ស្តីពីរបបសារព័ត៌មាន ដូចជាការស្នើសុំកែតម្រូវ ឬសិទ្ធិក្នុងការឆ្លើយតប។
ប្រភពដដែលបានគូសបញ្ជាក់ក្នុងសំណេរដើមថា៖ «ក្នុងករណីនេះ អាជ្ញាធរគួរតែស្នើការសុំការបញ្ជាក់ ឬពន្យល់ ឬស្នើសុំឱ្យមានការកែតម្រូវ ប្រសិនបើចាំបាច់ តាមវិធានការស្របច្បាប់ និងសមស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។ ការប្រើប្រាស់បទចោទក្រមព្រហ្មទណ្ឌ ជាពិសេស បទ ញុះញង់ គឺជាវិធានការលើសកម្រិត និងមិនសមស្រប ហើយយើងខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការចាប់ខ្លួន និងការឃុំខ្លួន លោក វណ្ណា ដែលធ្វើឱ្យអ្នកសារព័ត៌មានទាំងអស់កាន់តែមិនមានសុវត្ថិភាព»។
ការណ៍នេះ សង្គមស៊ីវិលទាំង២២ អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ដោះលែង លោក ហែម វណ្ណា និងទម្លាក់បទចោទប្រកាន់ទាំងអស់ទៅលើរូបលោក។
ក្រៅពីនោះ ពួកគេអំពាវនាវឱ្យប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មាន ក្នុងការដោះស្រាយវិវាទដែលពាក់ព័ន្ធនឹងការងារសារព័ត៌មាន ជំនួសឱ្យការប្រើប្រាស់បទចោទព្រហ្មទណ្ឌ និងការពារសេរីភាពសារព័ត៌មាន ព្រមទាំងធានាថា អ្នកសារព័ត៌មានអាចអនុវត្តភារកិច្ចវិជ្ជាជីវៈរបស់ខ្លួន ដោយគ្មានការភ័យខ្លាចចំពោះការរំខាន ការគំរាមកំហែង ការរឹតត្បិត ឬការចោទប្រកាន់តាមផ្លូវច្បាប់។
បើតាមក្រុមអង្គការសង្គមស៊ីវិល លោក ហែម វណ្ណ គឺជាអ្នកសារព័ត៌មានទី៥ ហើយដែលត្រូវបានចាប់ខ្លួន និងកំពុងត្រូវបានឃុំខ្លួន ដោយសារសេចក្តីរាយការណ៍របស់ពួកគេ គិតចាប់តាំងពីខែមករា ឆ្នាំ២០២៥មក។ ពួកគេថា ករណីនេះ បង្ហាញពីការរឹតត្បិតលើសេរីភាពសារព័ត៌មានឯករាជ្យ និងការប្រើប្រាស់នីតិវិធីច្បាប់ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសមាត្រា៤១ ក៏ដូចជាឯកសារសិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជាជាភាគី រួមមាន កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
ចំណែក របាយការណ៍របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ហៅកាត់ RSF ចេញផ្សាយកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ បានទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់កម្ពុជា ចំនួន១០លេខ ពោលធ្លាក់ពីចំណាត់ថ្នាក់ទី១៥១ នៅឆ្នាំ២០២៤ មកទី១៦១ នៅឆ្នាំ២០២៥។ មូលហេតុដែលអង្គការនេះ ទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់កម្ពុជា គឺដោយយោងលើចំណុចសំខាន់ៗមួយចំនួន ដូចជា បរិយាកាសនៃប្រព័ន្ធផ្សព្វផ្សាយ បរិបទនយោបាយ ក្របខណ្ឌច្បាប់ បរិបទសេដ្ឋកិច្ច បរិបទសង្គម វប្បធម៌ និងបញ្ហាសុវត្ថិភាព៕