សង្គមស៊ីវិល​៖ការបន្តរំឭកដល់ការស្លាប់របស់ លោក ឈុត វុទ្ធី ដើម្បីបំបាត់អំពើនិទណ្ឌភាព

ចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ ព.ស. ២៥៦៨ (28 មេសា 2025)

ថ្ងៃទី២៦ ខែមេសា គឺជាព្រឹត្តិការណ៍នៃឃាតកម្មលើសកម្មជនការពារព្រៃឈើលោក ឈុត វុទ្ធីដែលត្រូវបាន​គេធ្វើឃាតក្នុងខេត្តកោះកុង ពេលលោក និងអ្នកកាសែតពីរនាក់ចុះទៅអង្កេតបទល្មើសព្រៃឈើខុសច្បាប់នៅក្នុងតំបន់ភ្នំក្រវ៉ាញ។ ១៣ឆ្នាំក្រោយមក អង្គការ​សង្គមស៊ីវិល​មួយចំនួននៅកម្ពុជា​នៅតែបន្តរំឭកដល់ការបាញ់សម្លាប់លោក ឈុត វុទ្ធី ដើម្បីបន្តរកយុត្តិធម៌ឲ្យបានពេញលេញ និងដើម្បីបំបាត់ទិទណ្ឌភាពក្នុងសង្គមកម្ពុជា។  

 

នាយកទទួលបន្ទុកកិច្ចការ​ទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោ អំ សំអាត ប្រាប់វិទ្យុបារាំងអន្តរជាតិ (RFI) ថា នៅមានភាពស្រពេច​ស្រពិល​ជាច្រើននៅពីក្រោយឃាតកម្មលើលោក ឈុត វុទ្ធី កន្លងមក ក្នុងនោះគឺការចេញរបាយការណ៍ខុសគ្នារបស់អាជ្ញាធរជុំវិញការធ្វើឃាតសកម្មជនការពារព្រៃឈើរូបនេះ។ លោកថា ការធ្វើខួបរំឭកការស្លាប់លោក ឈុត វុទ្ធី ជារៀងរាល់ឆ្នាំ គឺក្នុងគោលបំណងសំខាន់ដើម្បីលើកកម្ពស់យុត្តិធម៌សង្គមក្នុងប្រទេសកម្ពុជា។

ចំណែកប្រធានកម្មវិធីការងារនៃ អង្គការសង់ត្រាល់លោក ឃុន ថារ៉ូ លើកឡើងថា នៅពេលដែលអាជ្ញាធរមិនបានធ្វើការស៊ើបអង្កេតត្រឹមត្រូវនិងផ្តន្ទាទោសលើឧក្រិដ្ឋកម្មជាក់លាក់ណាមួយ វាជាសារមួយបង្ហាញថាឧក្រិដ្ឋកម្មបែបនេះត្រូវបានអនុញ្ញាត។ លោកបានកត់សម្គាល់ថា ករណីឃាត​កម្មផ្សេងទៀត ដូចជាឃាតកម្មលើអ្នកការពារសិទ្ធិកម្មករលោក ជា វិជ្ជា និងអ្នកវិភាគនយោ​បាយ​​​​លោក កែម ឡី ជាដើម នៅមិនទាន់ឃើញពន្លឺយុត្តិធម៌នៅឡើយ។ ការណ៍នេះ​ បង្កឲ្យមាន​ឥទ្ធិ​ពលអាក្រក់លើសង្គម ជាពិសេសគឺការបាត់បង់ជំនឿចិត្តរបស់ពលរដ្ឋលើប្រព័ន្ធយុត្តិធម៌កម្ពុជា និងឧបសគ្គក្នុងការលុបបំបាត់អំពើនិទណ្ឌភាព​។

វិទ្យុបារំាងអន្តរជាតិ RFI​ មិនទាន់អាច​សុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោកសេង ឌីណា បានទេដោយ​លោកអះអាងថាលោកជាប់ធុរៈនៅក្រៅប្រទេស។​

 
 
 

សូមជម្រាបថា កាលពី១៣ ឆ្នាំមុន ពោលនៅថ្ងៃទី២៦ មេសា ឆ្នាំ២០១២ លោក ឈុត វុទ្ធី ត្រូវបានមន្ត្រីកងរាជអាវុធហត្ថម្នាក់ឈ្មោះ អ៊ិន រតនា បាញ់សម្លាប់ត្រង់ចំណុចវាលបី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ខណៈលោក និងអ្នកសារព័ត៌មានពីររូបផ្សេងទៀតរបស់កាសែត The Cambodia Daily កំពុងចុះស៊ើបអង្កេតរឿងបទល្មើសព្រៃឈើខុសច្បាប់នៅក្នុងតំបន់ភ្នំក្រវ៉ាញ។ តែបន្ទាប់មកឈ្មោះ អ៊ិន រតនា ក៏បានបាញ់សម្លាប់​ខ្លួនឯងនៅពេលជាមួយគ្នានោះ។ នេះជាការអះអាងរបស់​រដ្ឋាភិបាលកម្ពុជាកន្លងមក៕