ប្រភព៖ វិទ្យុអាស៊ីសេរី
សង្គមស៊ីវិលជំរុញរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់អំពើពុករលួយនៅតាមព្រំដែន និងវែកមុខអ្នកពាក់ព័ន្ធដែលឃុបឃិតក្នុងការដឹកអាវុធលក់ឆ្លងខុសច្បាប់ចូលទឹកដីថៃយកមកផ្ដន្ទាទោស។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី អាជ្ញាធរថៃស្ទាក់ចាប់ពលរដ្ឋម្នាក់ដឹកជញ្ជូនអាវុធឆ្លងដែនខុសច្បាប់ចូលទឹកដីប្រទេសថៃកាលពីពេលថ្មីៗ នេះ។
មន្ត្រីសង្គមស៊ីវិលលើកឡើងថា ភាពធូររលុងនៃការអនុវត្តច្បាប់ អំពើពុករលួយតាមព្រំដែនកំពុងបើកដៃឱ្យជនខិលខូចងាយស្រួលប្រព្រឹត្តបទឧក្រិដ្ឋរកស៊ីជួញដូរអាវុធ និងគ្រឿងញៀនកើតឡើងគួរឱ្យព្រួយបារម្ភ។ ពួកគេចង់ឃើញអាជ្ញាធរកម្ពុជារឹតបណ្ដឹងការអនុវត្តច្បាប់ ដោយស្វែងរកអ្នកពាក់ព័ន្ធយកមកអនុវត្តច្បាប់ ដើម្បីទប់ស្កាត់បទល្មើសនៅតាមព្រំដែនទាំងនោះឱ្យមានប្រសិទ្ធភាព។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ យល់ឃើញថា កន្លងមកជនខិលខូចអាចនាំចេញអាវុធ ឬគ្រឿងញៀនឆ្លងដែនបានរួចផុតពីភ្នែករបស់អាជ្ញាធរខ្មែរ ហើយត្រូវបានអាជ្ញាធរថៃចាប់បានបែបនេះ មិនមែនជារឿងតូចតាចនោះទេ តែបញ្ហានេះបង្ហាញថា អាជ្ញាធរពាក់ព័ន្ធអនុវត្តកម្ពុជាអនុវត្តច្បាប់នៅធូររលុង និងពាក់ព័ន្ធអំពើពុករលួយជាប្រព័ន្ធ។ លោកថា នៅពេលដែលអាជ្ញាធរអសមត្ថភាពទប់ស្កាត់បទល្មើសទាំងនោះ ហើយនឹងធ្វើឱ្យប៉ះពាល់មុខមាត់រដ្ឋាភិបាល ជាពិសេស សន្តិសុខជាតិ និងតំបន់ទាំងមូល។
លោក កើត សារ៉ាយ៖ «រឿងដែលអាម៉ាស់ជាងគេ គឺបង្ហាញឱ្យឃើញថា កម្ពុជាមានការអនុវត្តច្បាប់ខ្សោយ គឺត្រង់ថៃចាប់បាន ហេតុអ្វីកម្ពុជាចាប់មិនបាន?! អ៊ីចឹង វាបង្ហាញពីទម្រង់នៃអំពើពុករលួយជាប្រព័ន្ធ ដែលយើងតែងតែនិយាយរិះគន់ ដើម្បីស្ថាបនាហ្នឹង វាគ្មានកំណែទម្រង់ទេ គ្មានភាពស័ក្ដិសិទ្ធិអ្វីទេ ដែលនិយាយនៅក្នុងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលទេ ដូច្នេះរដ្ឋាភិបាលត្រូវគិតពិចារណា ហើយរៀបចំវាឡើងវិញ ដើម្បីស្ដារកេរ្តិ៍ឈ្មោះ និងកិត្តិយស»។
ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលនេះ ធ្វើឡើងបន្ទាប់ប៉ូលិសថៃបានចាប់ខ្លួនពលរដ្ឋខ្មែរម្នាក់ពាក់ព័ន្ធការដឹកអាវុធជាច្រើនដើម និងសារធាតុគ្រឿងឆ្លងដែនតាមច្រកសមុទ្រចូលប្រទេសថៃ កាលពីវេលាម៉ោងជិត ៤ទាបភ្លឺ នៅថ្ងៃទី៩ ខែកុម្ភៈ។
កាសែត បាងកក ប៉ុស្តិ៍ ចុះផ្សាយថា កងទ័ពល្បាតជើងទឹកថៃ ស្ទាក់ចាប់បានបុរសជនជាតិខ្មែរម្នាក់ អាយុ ២០ឆ្នាំ នៅស្រុកខ្លង់យ៉ៃ (Klong Yai) ខេត្តត្រាត (Trat)។ សមត្ថកិច្ចថៃរកឃើញកាំភ្លើងវែងម៉ាក អឹម១៦ អា១ (M16 A1) ចំនួន ២ដើម ជាមួយជាមួយបង់កាំភ្លើងចំនួន២ កាំភ្លើងវែងធុន អាកា៤៧ (AK-47) ចំនួន ៨ដើម ជាមួយបង់កាំភ្លើងចំនួន៤៥ និងគ្រាប់កាំភ្លើងធុន អាកា៤៧ (AK-47) ១.៤៤០គ្រាប់ រួមទាំងទូរស័ព្ទថៃ និងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនមួយចំនួន (Crystal Methamphetamine) ឧបករណ៍ប្រើប្រាស់គ្រឿងញៀនជាដើម។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ប្រាប់វិទ្យុអាស៊ីសេរីតាមប្រព័ន្ធតេឡេក្រាមថា បច្ចុប្បន្ន អាជ្ញាធរថៃកំពុងឃុំខ្លួនជនជាប់ចោទ ដើម្បីស៊ើបអង្កេត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ លោកឱ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ កំពុងទាក់ទងជាមួយអាជ្ញាធរថៃ ដើម្បីផ្តល់មេធាវីការពារជនជាប់ចោទ។ ចំណែកករណីស៊ើបអង្កេតអ្នកពាក់ព័ន្ធនឹងការដឹកអាវុធឆ្លងដែនចូលទឹកដីថៃនេះ លោក ជុំ សុន្ទរី បញ្ជាក់ថា ក្រសួងការបរទេសមិនមែនជាសមត្ថកិច្ចនោះទេ ប៉ុន្តែលោកជឿថា អាជ្ញាធរមានសមត្ថកិច្ចប្រាកដជាស៊ើបអង្កេតរឿងនេះ។
តែយ៉ាងណាក្ដី មន្ត្រីគម្រោងនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស របស់អង្គការសង់ត្រាល់ (CENTRAL) លោក លឹង សុផុន មើលឃើញថា មូលហេតុ ដែលបទល្មើសទាំងនេះកើតឡើងទៅបាន គឺដោយសារមន្ត្រីពាក់ព័ន្ធថ្នាក់ក្រោមជាតិមិនបានយកចិត្តទុកដាក់ទប់ស្កាត់ និងមិនបានអនុវត្តទៅតាមច្បាប់ឲ្យបានត្រឹមត្រូវ។ ទន្ទឹមនឹងនេះ លោកឱ្យដឹងថា រាល់បទល្មើសឆ្លងដែន ជាពិសេស ទាក់ទងនឹងការជួញដូរអាវុធ និងការជួញដូរគ្រឿងចូលទឹកដីថៃកន្លងមក ប៉ូលិសប្រទេសនេះតែងតែចាប់ខ្លួន ដោយគេចមិនផុតពីការផ្ដន្ទាទោសដាក់ពន្ធនាគារឡើយ៕