ប្រភព៖ The Cambodia Daily
មន្ត្រីសង្គមស៊ីវិលដែលទទួលបន្ទុកសិទ្ធិការងារ ព្រមានថា ដំណោះស្រាយជុំវិញវិវាទក្រុមហ៊ុនណាហ្គាវើលដ៍ គ្មានជម្រើសណាផ្សេងក្រៅពីធ្វើកូដកម្មដោយសន្តិវិធីដែលក្រុមកូដករកំពុងបន្តធ្វើសព្វថ្ងៃនេះឡើយ ព្រោះវាជាសិទ្ធិសេរីភាពសម្ដែងមតិស្របតាមច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
អ្នកគ្រប់គ្រងផ្នែកការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ ឧសភា នេះថា យន្តការនានាដែលប្រើដើម្បីជំរុញឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ដោះស្រាយវិវាទនេះ គឺក្រុមកូដករបានប្រើគ្រប់វិធីអស់ហើយ ដែលមានន័យថានៅតែភាគីក្រុមហ៊ុនយល់ព្រមដោះស្រាយ ឬក៏អត់តែប៉ុណ្ណោះ។
លោកអះអាងថា លក្ខខណ្ឌទាំង ៨ ដែលក្រុមកូដករបានទាមទារ មិនមែនហួសហេតុដែលខុសពីច្បាប់ស្ដីពីការងាររបស់កម្ពុជានោះឡើយ ហើយលក្ខខណ្ឌទាំងនេះក៏មិននាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុននោះដែរ ពីព្រោះការទាមទាររបស់កូដករ គឺជាកាតព្វកិច្ចដែលក្រុមហ៊ុនត្រូវតែដោះស្រាយជូនពួកគាត់។
លោក ឃុន ថារ៉ូ បញ្ជាក់ថា វិវាទការងារនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានអូសបន្លាយអស់រយៈពេលជិត ២ឆ្នាំកន្លះមកនេះ ប្រសិនបើគ្រប់ភាគីពាក់ព័ន្ធមានឆន្ទៈនយោបាយក្នុងការដោះស្រាយ នោះវិវាទនេះនឹងអាចដោះស្រាយបានដោយងាយ ព្រោះលក្ខខណ្ឌដែលកម្មករនិយោជិតបានទាមទារ មិនមែនជាសំណើខុសលក្ខខណ្ឌច្បាប់ស្ដីពីការងារនោះទេ។
កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ក្រុមកូដករណាហ្គាវើលដ៍ទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍បញ្ចប់វិវាទការងារក្រោមលក្ខខណ្ឌមួយចំនួន ដោយឈរកាន់បដាដែលបង្ហាញពីលក្ខខណ្ឌ ៨ចំណុចដែលក្រុមកូដករទាំងអស់បានស្នើឱ្យក្រុមហ៊ុនដោះស្រាយអស់រយៈពេលជិត ១ពាន់ថ្ងៃ (៨៧៧ថ្ងៃ) បើគិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នេះ។
ក្រុមកូដករណាហ្គាវើលដ៍បាននាំគ្នាឈរលើកឡើងបដាដែលសរសេរថា «ក្រុមហ៊ុន Naga world ត្រូវតែទទួលយកថ្នាក់ដឹកនាំសហជីព និងសមាជិកឲ្យចូលធ្វើការវិញ, ត្រូវទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារឲ្យបានត្រឹមត្រូវតាមច្បាប់, ត្រូវទូទាត់ប្រាក់បញ្ចប់កិច្ចសន្យាការងារបន្ថែមឲ្យបានត្រឹមត្រូវសម្រាប់កម្មករដែលត្រូវបានបញ្ឈប់ក្នុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១, ក្រុមហ៊ុនក៏ត្រូវផ្ដល់ប្រាក់បំណាច់អតីតភាពការងារ និងប្រាក់រំលឹកអតីតភាពការងារឲ្យបានត្រឹមត្រូវតាមច្បាប់, ត្រូវដំឡើងប្រាក់ឈ្នួលគោល ៧% លើប្រាក់ឈ្នួលបច្ចុប្បន្ន, ត្រូវបញ្ឈប់ការកេងប្រវ័ញ្ចតាមរយៈការប្រើបុគ្គលិកក្រោមស្លាកកម្មសិក្សា និងទទួលយកឱ្យក្លាយជាបុគ្គលិកពេញសិទ្ធិ, ត្រូវបញ្ឈប់ប្រធានផ្នែកក្រុមហ៊ុនកាស៊ីណូលោក Florian Pastiu និងផ្តល់ប្រាក់ឈ្នួលគោលស្មើគ្នារវាងបុគ្គលិកក្នុងស្រុកធៀបនឹងបុគ្គលិកក្រៅស្រុកដែលមានឋានៈ និងផ្នែកដូចគ្នាផងដែរ»។
ចាប់តាំងពីផ្ទុះការតវ៉ាទាមទារលក្ខខណ្ឌការងារក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ មក ក្រុមកូដកររងគ្រោះមិនដែលទទួលបានដំណោះស្រាយពីរដ្ឋាភិបាល ក្រសួងការងារ ឬពីក្រុមហ៊ុនឡើយ។ ផ្ទុយទៅវិញ គឺមានតែការចោទប្រកាន់ និងការចាប់ខ្លួនដាក់គុកតែប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ តុលាការកំពូលក្រុងភ្នំពេញសម្រេចបើកសវនាការប្រកាសសាលក្រមលើសំណុំរឿងប្រធានសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ និងសមាជិកសហជីព ៦នាក់ផ្សេងទៀត ដោយសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ផ្ដន្ទាទោសលើថ្នាក់ដឹកនាំសហជីពទាំង ៧នាក់ ពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ទុកជាបានការដដែល។
ក្នុងនោះ ប្រធានសហជីព ទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ដាក់ពន្ធនាគាររយៈពេល ០២ឆ្នាំ ចំណែកសមាជិកសហជីពដទៃទៀត ដូចជា កញ្ញា ឈឹម សុខន និងអ្នកស្រី សុន ស្រីពេជ្រ ជាដើម ត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ១៨ខែ។
ដោយឡែកអ្នកស្រី រី សុវណ្ណឌី, លោក សុខ ណារិទ្ធិ និងលោក សុខ គង្គា ក៏ត្រូវតុលាការផ្ដន្ទាទោសរយៈពេល ១ឆ្នាំដែរ ប៉ុន្តែពួកគេតម្រូវឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនកាលពីពេលថ្មីៗនេះថា លោក ហ៊ុន ម៉ាណែត នឹងមិនដោះស្រាយវិវាទការងារក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ទេ។
ប្រភពដដែលបន្ថែមថា ប្រសិនបើពួកគេដោះស្រាយវិវាទនេះ នោះគឺដូចជាលើកទឹកចិត្តឱ្យកម្មករនិយោជិតនៅតាមបណ្តាក្រុមហ៊ុននានាដែលកំពុងរងនូវការរំលោភសិទ្ធិការងារ ហ៊ានចេញមុខតវ៉ាទាមទារសិទ្ធិដូច្នោះដែរ៕