ប្រភព៖ ឌឹ ខេមបូឌា ដេលី
អង្គការសង្គមស៊ីវិលដែលទទួលបន្ទុកសិទ្ធិការងារ ជំរុញឱ្យនគរបាលយុត្តិធម៌ចាត់វិធានការលើជនបង្ករឿង ដែលបានប្រើអំពើហិង្សាលើមន្ត្រីសហព័ន្ធសហជីពកម្ពុជា និងបានបំផ្លាញឯកសារដែលជាទ្រព្យសម្បត្តិឯកជនរបស់សហព័ន្ធសហជីពកម្ពុជាក្នុងក្រុមហ៊ុន ស៊ីក្លូ ខេមបូឌា ឯ.ក ផ្អែកតាមពាក្យបណ្ដឹងពីជនរងគ្រោះដាក់ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។
អ្នកគ្រប់គ្រងផ្នែកសិទ្ធិការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ កុម្ភៈ នេះថា ទង្វើរបស់ជនបង្កដែលបានវាយដំ និងជេរប្រមាថទៅលើមន្ត្រីសហព័ន្ធសហជីពនេះ គឺជាអំពើហិង្សាដែលបង្កទ្បើងដោយចេតនា ហើយក៏ជាបទល្មើសជាក់ស្តែងក្នុងចេតនារារាំងទប់ស្កាត់មិនឱ្យមានការបង្កើតសហជីពឯករាជ្យនៅក្នុងរោងចក្រនេះដែរ។
លោក ឃុន ថារ៉ូ បញ្ជាក់ថា អង្គការសង្គមស៊ីវិលដែលទទួលបន្ទុកការពារសិទ្ធិការងារកំពុងធ្វើការស៊ើបអង្កេត និងប្រមូលភស្តុតាងបន្ថែមទៀតលើករណីប្រើអំពើហិង្សានេះ ដើម្បីជំរុញករណីនេះទៅតុលាការ ឲ្យឈានទៅដល់ការនាំខ្លួនជនបង្កហិង្សាមកទទួលខុសត្រូវចំពោះមុខច្បាប់តែម្តង។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សហព័ន្ធសហជីពកម្ពុជា ដែលហៅកាត់ថា ខាត ធូ (CATU) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយថ្កោលទោសដាច់អហង្ការចំពោះជនបង្កហេតុឈ្មោះ ព្រំ កុសល (ហៅតយ) និងបក្ខពួក រួមទាំងជនដែលនៅពីក្រោយខ្នង ដែលបានបញ្ជាឱ្យបង្កអំពើហិង្សានេះ ទៅលើមន្ត្រីសហព័ន្ធសហជីពកម្ពុជា និងបានបំផ្លាញឯកសារដែលជាទ្រព្យសម្បត្តិឯកជនរបស់សហព័ន្ធសហជីពកម្ពុជា។
សហព័ន្ធសហជីពកម្ពុជា រៀបរាប់ថា ជនបង្កហេតុឈ្មោះ ព្រំ កុសល (ហៅតយ) និងបុរសម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ បានប្រើអំពើហិង្សាមកលើមន្ត្រីសហព័ន្ធសហជីពកម្ពុជា CATU និងថ្នាក់ដឹកនាំសហជីពមូលដ្ឋានចំនួន ៤នាក់ទៀត ព្រមទាំងបានបំផ្លាញឯកសារបញ្ជិកាសហជីពកម្ពុជានៃក្រុមហ៊ុន ស៊ីក្លូ (ខេមបូឌា) ឯ.ក ផងដែរ នៅក្នុងហាងមីហឺរមួយកន្លែង នៅវេលាម៉ោង ១១ និង៣០នាទីថ្ងៃត្រង់កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។
ប្រភពដដែលបន្តថា ជនបង្កហេតុនោះបានវាយមន្ត្រីចងក្រងម្នាក់ឈ្មោះកញ្ញា ផល ចាន់ថា មួយដៃចំថ្ពាល់ខាងស្តាំ និងវាយប្រធានសហជីពមូលដ្ឋានលោក គឹម ស៊ឺនមករា ចំដើមទ្រូងថែមទៀត ហើយនៅក្នុងហេតុការណ៍នោះ ជនបង្ករឿងបាននិយាយប្រមាថខ្លាំងៗដោយគំរាមថា ពួកអ្ហែងធ្វើអី? ការងារអី? សហជីពអី? ជនបង្ករឿងបន្ថែមថា ពួកអ្ហែងដឹងទេ នេះជាតំបន់របស់អញ កុំមករញ៉េរញ៉ៃ សូមប្រយ័ត្នខ្លួន!។
សហព័ន្ធសហជីពកម្ពុជា បញ្ជាក់ថា ខ្លួនបានសង្កេតឃើញថា ជនបង្កហេតុឈ្មោះ ព្រំ កុសល និងបក្ខពួក បានប្រព្រឹត្តទង្វើរំលោភបំពានច្បាប់ទាំងងងើល ជាពិសេសបំពានលើរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលបានធានាការពារសិទ្ធិសេរីភាព និងសិទ្ធិចូលរួមយ៉ាងសកម្មក្នុងការបង្កើតអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត។
សហព័ន្ធសហជីពកម្ពុជា ស្នើឱ្យអាជ្ញាធរនាំខ្លួនជនបង្កហេតុ និងបក្ខពួក ព្រមទាំងអ្នកនៅពីក្រោយខ្នង មកផ្ដន្ទាទោសតាមច្បាប់ និងទទួលខុសត្រូវរាល់ការខូចខាតរបស់សមាជិក ក្រុមការងារ និងសហព័ន្ធសហជីពកម្ពុជាជុំវិញករណីនេះ។
កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ ១៣ចំណុចដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដើម្បីជំរុញវិស័យការងារនៅប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។
យ៉ាងណាមិញ ការរំលោភសិទ្ធិការងារនៅតាមរោងចក្រ និងក្រុមហ៊ុននានានៅក្នុងប្រទេសកម្ពុជា ត្រូវគេមើលឃើញថា ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធដទៃ មិនបានយកចិត្តទុកដាក់ដោះស្រាយវិបត្តិកម្មករ ដែលបានស្នើឱ្យក្រសួងជួយដោះស្រាយឡើយ ជាពិសេសការបង្ក្រាបលើសហជីពឯករាជ្យជាបន្តបន្ទាប់នៅពេលនេះ។
ទាក់ទិននឹងបញ្ហានេះ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា សង់ត្រាល់ បានបង្ហាញសេចក្តីរាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះថា រយៈពេល ៣ឆ្នាំចុងក្រោយនេះ សង្គមស៊ីវិលសង្កេតឃើញថា សិទ្ធិ និងសេរីភាពកម្មករមានការរំលោភបំពានគួរឱ្យកត់សម្គាល់ ក្នុងនោះក៏មានការវាយប្រហារយ៉ាងខ្លាំងទៅលើក្រុមចលនាសហជីពឯករាជ្យ ក្នុងនោះ ការបញ្ឈប់ពីការងារចំពោះសមាជិក និងថ្នាក់ដឹកនាំសហជីពតាមបណ្តាក្រុមហ៊ុន រោងចក្រមួយចំនួន ចេះតែកើតឡើងជាបន្តបន្ទាប់រហូតដល់ពេលនេះ ចំពោះសមាជិក ឬថ្នាក់ដឹកនាំសហជីពណាដែលហ៊ានចេញមុខការពារសិទ្ធិកម្មកររងគ្រោះ។
អង្គការសង់ត្រាល់ បញ្ជាក់ថា ជុំវិញការធ្វើទុក្ខបុកម្នេញលើថ្នាក់ដឹកនាំ និងសមាជិក សហជីពឯករាជ្យនេះ ក៏ធ្លាប់ត្រូវបានសហជីពប្តឹងទៅក្រសួងការងារដែរ ប៉ុន្តែករណីទាំងនោះនៅតែមិនមានដំណោះស្រាយដដែល ខណៈក្រសួងការងារតែងតែចាត់ទុកវិវាទការងារនៃការបញ្ឈប់ថ្នាក់ដឹកនាំសហជីពទាំងនោះទៅជាវិវាទបុគ្គលទៅវិញ ដែលធ្វើឱ្យបញ្ហានេះកាន់តែស្មុគស្មាញ និងចេះតែបន្តកើតមានដល់សព្វថ្ងៃនេះ៕