ប្រភព៖ ឌឹខេមបូឌាដេលី
សាលាដំបូងខេត្តកំពង់ស្ពឺ គ្រោងប្រកាសសាលក្រមលើសំណុំរឿងប្រធានសហជីពរោងចក្រ វីង ស្តារ ស៊ូ (Wing Star Shoes) លោក ជា ចាន់ ពីបទសមគំនិតលួច នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈក្រុមអង្គការសង្គមស៊ីវិលអះអាងថា ការចោទប្រកាន់នេះគឺជារឿងអយុត្តិធម៌បំផុត សូម្បីភស្តុតាងស្របច្បាប់ដាក់បន្ទុកក៏គ្មាន។
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នេះ សាលាដំបូងខេត្តកំពង់ស្ពឺ បានបើកសវនាការលើសំណុំរឿងប្រធានសហជីពរោងចក្រ វីង ស្តារ ស៊ូ លោក ជា ចាន់ ដែលបានរងនូវការចោទប្រកាន់ពីបទសមគំនិតលួចទ្រព្យសម្បត្តិក្រុមហ៊ុន និងត្រូវបានចាប់ខ្លួនកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។
អំឡុងពេលតុលាការបើកសវនាការលើសំណុំរឿងលោក ជា ចាន់ តំណាងសហជីព កម្មករ និងសមាជិកនៃសហព័ន្ធសហជីពកម្ពុជា (CATU) ជាច្រើននាក់ នាំគ្នាឈរលើកបដាទាមទារឱ្យមានការដោះលែងលោក ជា ចាន់ នៅខាងមុខសាលាដំបូងខេត្តកំពង់ស្ពឺ។
តំណាងសហជីព កម្មករ និងសមាជិកនៃសហព័ន្ធសហជីពកម្ពុជាប្រមាណជា ៣០នាក់ ឈរកាន់បដាជាច្រើនផ្ទាំងដែលមានសរសេរអក្សរផ្សេងៗ ដូចជា សូមតុលាការទម្លាក់ចោលបទចោទប្រកាន់លើលោក ជា ចាន់, សូមបញ្ឈប់ប្រើប្រាស់ប្រព័ន្ធតុលាការគំរាមកំហែងលើថ្នាក់ដឹកនាំ និងសកម្មជនសហជីព និងមានការសរសេរលើបដាជុំវិញការទាមទារឱ្យដោះលែងលោក ជា ចាន់ ជាច្រើនទៀតផងដែរ។
អ្នកគ្រប់គ្រងផ្នែកការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៩ ឧសភា នេះថា លោកមិនដឹងថាសាលក្រមរបស់តុលាការដែលគ្រោងប្រកាសនៅថ្ងៃទី២០ ខែមិថុនា ខាងមុខនេះ ជាសាលក្រមផ្ដន្ទាទោស ឬដោះលែងឱ្យលោក ជា ចាន់ មានសេរីភាពឡើងវិញយ៉ាងណានោះទេ។
លោក ឃុន ថារ៉ូ លើកឡើងថា បើផ្អែកតាមការស្រាវជ្រាវជាបន្តបន្ទាប់មកនេះបង្ហាញថា ការចោទប្រកាន់លើលោក ជា ចាន់ គឺគ្មានភស្តុតាងស្របច្បាប់ណាមួយដែលបញ្ជាក់ថាគាត់បានលួចទ្រព្យសម្បត្តិរបស់រោងចក្រ វីង ស្តារ ស៊ូ នោះឡើយ ហើយសូម្បីតែសាក្សីស្របច្បាប់ជាក់លាក់ដែលបញ្ជាក់ថាគាត់បានសមគំនិតក្នុងអំពើលួចនេះក៏មិនមានដែរ។
អ្នកគ្រប់គ្រងផ្នែកការងាររូបនេះអះអាងថា ការចោទប្រកាន់លើលោក ជា ចាន់ គឺជារឿងអយុត្តិធម៌បំផុត ព្រោះតុលាការបានចោទប្រកាន់ និងឃុំខ្លួនប្រធានសហជីពរូបនេះទាំងគ្មានភស្តុតាងស្របច្បាប់ ដូច្នេះលោកសង្ឃឹមថា តុលាការនឹងពិចារណាផ្តល់យុត្តិធម៌ឱ្យលោក ជា ចាន់ ដើម្បីធានានូវប្រព័ន្ធយុត្តិធម៌របស់កម្ពុជាឱ្យមានប្រសិទ្ធភាព និងជាទីទុកចិត្តសម្រាប់ប្រជាពលរដ្ឋដែរ។
លោក ឃុន ថារ៉ូ បញ្ជាក់ថា ក្រៅពីគ្មានភស្តុតាងគ្រប់គ្រាន់ លោកក៏បានសង្កេតឃើញមានភាពមិនប្រក្រតីជាច្រើនជុំវិញការចោទប្រកាន់លើលោក ជា ចាន់ ក្នុងសំណុំរឿងនេះ។ លោកបន្ថែមថា ដោយសារតែមើលឃើញបែបនេះ ខាងអង្គការសង់ត្រាល់បានជំរុញឱ្យក្រុមហ៊ុនបញ្ជាទិញ អាស៊ិក ដាក់សម្ពាធលើក្រុមហ៊ុន វីង ស្តារ ស៊ូ ទាមទារឱ្យមានការដោះលែងលោក ជា ចាន់ ឱ្យមានសេរីភាពឡើងវិញ។
មន្ត្រីជាន់ខ្ពស់សង្គមស៊ីវិលរូបនេះសង្កត់ធ្ងន់ថា ប្រសិនបើតុលាការផ្តល់យុត្តិធម៌ដោះលែងលោក ជា ចាន់ ឱ្យមានសេរីភាពឡើងវិញ លោកសង្ឃឹមថាលោក ជា ចាន់ នឹងអាចចូលបម្រើការងារក្នុងក្រុមហ៊ុន វីង ស្តារ ស៊ូ ឡើងវិញ ខណៈក្រុមហ៊ុនក៏ត្រូវផ្តល់ប្រាក់សំណង និងប្រាក់រំលឹកទាំងអស់ឱ្យលោកផងដែរ។
ទាក់ទិននឹងបញ្ហានេះ សហព័ន្ធសហជីពកម្ពុជា CATU បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នេះថា សំណុំរឿងលោក ជា ចាន់ ធ្វើឡើងក្រោមការសហការគ្នាដែលបានរៀបចំទុកជាមុនរវាងថៅកែរោងចក្រជាមួយនឹងអាជ្ញាធរ ក្នុងគោលបំណងកម្ចាត់សហជីពមូលដ្ឋានរបស់សហព័ន្ធសហជីពកម្ពុជា កុំឱ្យមាននៅក្នុងរោងចក្រ វីង ស្តារ ស៊ូ ប៉ុណ្ណោះ។
ប្រភពដដែលបញ្ជាក់ថា ការចាប់ខ្លួនលោក ជា ចាន់ នៅក្នុងរោងចក្រក៏គ្មានដីការបស់តុលាការដែរ ដូច្នេះសំណុំរឿងលោក ជា ចាន់ នៅពេលនេះ បានបង្ហាញយ៉ាងច្បាស់ពីការគំរាមកំហែង បំភិតបំភ័យ ការរើសអើង និងការធ្វើទុក្ខបុកម្នេញលើសហជីពយ៉ាងធ្ងន់ធ្ងរ ហើយក៏ជាការរំលោភលើច្បាប់ជាតិ និងច្បាប់អន្តរជាតិក្នុងវិស័យការងារនៅកម្ពុជាផងដែរ។
កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ តុលាការបានចោទប្រកាន់លោក ជា ចាន់ ពីបទ «សមគំនិតក្នុងអំពើលួច» និងឈ្មោះ ដួង សំណាង ពីបទ «លួច» ដែលប្រព្រឹត្តនៅក្នុងរោងចក្រផលិតស្បែកជើង វីង ស្តារ ស៊ូ កាលពីអំឡុងឆ្នាំ២០២២ កន្លងទៅ ហើយបើគិតមកដល់ថ្ងៃទី២៩ ខែឧសភា នេះ លោក ជា ចាន់ ត្រូវបានចាប់ឃុំខ្លួនអស់រយៈពេល ៨៥ថ្ងៃហើយ៕