ប្រភព៖ RFA
សាលាដំបូងរាជធានីភ្នំពេញ ចុះអនុវត្តដីកាសម្រេចរឹបអូសទ្រព្យសម្បត្តិរោងចក្រកាត់ដេរ វ៉ាយ អែន ដាប់បែលយូ (Y & W Garment) ជាបណ្ដោះអាសន្ន។ មន្ត្រីអង្គការសង្គមស៊ីវិល បារម្ភថា ទ្រព្យសម្បត្តិរោងចក្រ ដែលរឹបអូសនេះ មិនទទួលគ្រប់គ្រាន់ ដើម្បីទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងទៀតជូនកម្មករ។
អាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីអន្តរក្រសួងមួយចំនួន នៅថ្ងៃទី១៣ មីនា បានចុះអនុវត្តដីកាសម្រេចរឹបអូសនូវទ្រព្យសម្បត្តិ និងសម្ភារៈទាំងអស់ រួមទាំងភាគហ៊ុន របស់រោងចក្រកាត់ដេរ វ៉ាយ អែន ដាប់បែលយូ (Y&W Garment) ដែលមានទីតាំងស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។
ការចុះទៅអនុវត្តដីកានេះ ធ្វើឡើងបន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី ឈុន ដាវី កាលពីថ្ងៃទី១២ មីនាបានចេញដីកាសម្រេចរឹបអូសទ្រព្យសម្បត្តិ និងសម្ភារៈ ព្រមទាំងភាគហ៊ុនរបស់រោងចក្រមួយនេះ ក្រោយថៅកែបានរត់ចោលរោងចក្រ ដោយមិនទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ទៀតដល់កម្មករ។
តុលាការ ក៏បានបង្គាប់ឱ្យថៅកែរោងចក្រ ដែលជាជនជាតិចិនឈ្មោះ យិន ប៉ូ ហ្វាយ (Yeun Po Fai) ឱ្យផ្ញើប្រាក់តម្កល់ជាង ៣លានដុល្លារអាមេរិក ដើម្បីទទួលបានការលុបចោលការរឹបអូសបណ្ដោះអាសន្ននេះ។
សេចក្ដីសម្រេចរបស់តុលាការនេះ ធ្វើឡើងទៅតាមសំណើរបស់ក្រសួងការងារ ដែលជាម្ចាស់បំណុល ដើម្បីធានាដល់ការបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ជូនដល់កម្មករ នៃរោងចក្រមួយនេះ។
ក្រសួងការងារបញ្ជាក់ថា ក្រសួងនឹងជូនដំណឹងដល់កម្មករ នៅពេលដែលថ្ងៃប្រកាសលក់ទ្រព្យសម្បត្តិទាំងនោះ ត្រូវបានកំណត់ និងបានស្នើឲ្យម្ចាស់ផ្ទះជួលទាំងអស់ ឲ្យពន្យារពេលយកថ្លៃផ្ទះជួល ក្នុងអំឡុងពេលរង់ចាំដំណោះស្រាយពីក្រសួងការងារនេះ។
ដោយឡែក កម្មកររោងចក្រ វ៉ាយ អែន ដាប់បែលយូ លើកឡើងថា ទោះជាថ្លៃផ្ទះជួល ត្រូវបានអាជ្ញាធរស្នើសុំឲ្យពន្យារពេលក៏ដោយ ក៏ប៉ុន្តែកម្មករ ដែលកំពុងជំពាក់បំណុលធនាគារ ឬតម្រូវការចាយវាយប្រចាំថ្ងៃដូចជា ថ្លៃម្ហូបអាហារ និងថ្លៃការសិក្សារបស់កូនជាដើម មិនអាចពន្យារពេលបាននោះទេ។
ទាក់ទងនឹងបញ្ហានេះ ប្រធានគ្រប់គ្រងកម្មវិធីការងារ នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ សង្កេតឃើញថា កន្លងទៅការចាត់ចែងលក់ទ្រព្យសម្បត្តិក្រុមហ៊ុន ដើម្បីទូទាត់ប្រាក់សំណងជូនកម្មករ គឺមិនគ្រប់គ្រាន់នោះទេ សម្រាប់ការបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងទៀតជូនកម្មករ។
លោក ឃុន ថារ៉ូ៖ «អាហ្នឹងវាគឺជានីតិវិធីរបស់តុលាការនៅក្នុងការរៀបចំរឹបអូស និងការចាត់ចែងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ផ្អែកតាមបណ្ដឹងរបស់កូនបំណុល។ ក៏ប៉ុន្តែអ្វី ដែលសំខាន់នោះត្រង់ថា តើទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននោះ វាគ្រប់គ្រាន់ដើម្បីទូទាត់ទៅដល់សំណង និងអត្ថប្រយោជន៍ផ្សេងៗ រួមទាំងប្រាក់ឈ្នួលរបស់កម្មករដែរ ឬអត់»។
នៅព្រឹកថ្ងៃទី១៣ មីនា ក្រុមកម្មកររោងចក្រ វ៉ាយ អែន ដាប់បែលយូ (Y & W Garment) ប្រមាណ ២០០នាក់បន្តធ្វើកូដកម្មនៅមុខរោងចក្រ ដែលជាការតវ៉ាលើកទី៣ ដើម្បីទាមទាររកដំណោះស្រាយទូទាត់ប្រាក់ឈ្នួល ក្រោយពីថៅកែបាន រត់ចោលរោងចក្រ។
រោងចក្រ វ៉ាយ អែន ដាប់បែលយូ (Y & W Garment) មានទីតាំងស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយមានកម្មករនិយោជិតជិត ៥ពាន់នាក់ (៤.៨៤៩នាក់) ក្នុងនោះស្ត្រីមានផ្ទៃពោះមានជិត ៥រយនាក់។
ប្រធានគ្រប់គ្រងកម្មវិធីការងារ នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ផ្តល់យោបល់ថា រដ្ឋាភិបាល គួរតែផ្ដល់ប្រាក់បុរេប្រទាន ដើម្បីដោះស្រាយបញ្ហាចំពោះមុខរបស់កម្មករ ដូចជា ថ្លៃបន្ទប់ជួល ការចំណាយទូទៅ និងការសងបំណុលជាដើម៕