ប្រភព៖ RFI
ហ្វីលីពីនគ្រោងបើកការិយាល័យពលករចំណាកស្រុករបស់ខ្លួនប្រចាំនៅរាជធានីភ្នំពេញប្រទេសកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៦ខាងមុខ ពោលគឺជិតមួយឆ្នាំបន្ទាប់ពីការចេញសេចក្តីណែនាំដោយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ។ មន្ត្រីជាន់ខ្ពស់ហ្វីលីពីន បានបញ្ជាក់ថា ការិយាល័យថ្មីនេះ នឹងផ្តោតលើបញ្ហារបស់ប្រជាជនហ្វីលីពីន ដែលកំពុងប្រឈមមុខក្លាយជាជនរងគ្រោះនៃការបោកប្រាស់តាមអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា។
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រទី១០ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី Felicitas Bay អនុរដ្ឋលេខាធិការក្រសួងពលករចំណាកស្រុកហ្វីលីពីន បានថ្លែងថា ការិយាល័យពលករចំណាកស្រុកហ្វីលីពីន(MWO)ដែលនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃអង្គារសប្តាហ៍ក្រោយ នឹងមានអនុព័ន្ធការងារផ្ទាល់របស់ហ្វីលីពីន បុគ្គលិករដ្ឋបាល និងអនុព័ន្ធសុខុមាលភាពសង្គមជាដើម។ នេះតាមសារព័ត៌មាន Sunstar។
លើសពីនេះ ការិយាល័យពលករចំណាកស្រុកហ្វីលីពីន(MWO) នឹងដើរតួនាទីដោះស្រាយបញ្ហាជនជាតិហ្វីលីពីន ដែលត្រូវបានជ្រើសរើសដោយខុសច្បាប់ ឲ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់នៅក្នុងប្រទេសកម្ពុជា និងការជួញដូរមនុស្ស។ នេះជាការបញ្ជាក់របស់លោកស្រី Felicitas Bay។
លោក មឿន តុលា នាយកប្រតិបត្តិអង្គការសង់ត្រាល់ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១២កក្កដានេះថា ការដែលហ្វីលីពីនបើកការិយាល័យពលករចំណាកស្រុករបស់ខ្លួននៅកម្ពុជា គឺជាការឆ្លើយតបបន្ទាន់មួយរបស់ហ្វីលីពីន ខណៈដែលជនជាតិហ្វីលីពីនមួយចំនួន បានធ្លាក់ចូលអន្ទាក់ឆបោកអនឡាញនៅកម្ពុជា។ តែលោក មឿន តុលា ជឿថាការិយាល័យថ្មីនេះ ហ្វីលីពីនក៏នឹងទុកបម្រើសេវាកម្មពលករចំណាកស្រុកហ្វីលីពីនផ្សេងៗទៀតដែរ។
សូមបញ្ជាក់ថា គម្រោងបើកការិយាល័យពលករចំណាកស្រុកហ្វីលីពីននៅកម្ពុជានេះ ត្រូវបានលើកឡើងក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos មកកាន់កម្ពុជាកាលពីខែកញ្ញា ឆ្នាំ២០២៥។
តាមសារព័ត៌មាន Sunstar បច្ចុប្បន្នមានជនជាតិហ្វីលីពីនចំនួន ១០ ០០០ នាក់កំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនជាអ្នកជំនាញ រួមមានគ្រូបង្រៀន អ្នកត្រួតពិនិត្យតាមរោងចក្រ អ្នកផ្សព្វផ្សាយសាសនា វិស្វករ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកបើកយន្តហោះ៕