អង្គការសង់ត្រាល់ថារបាយការណ៍ដែលខ្លួនចេញផ្សាយមិនមែនជាការវាយប្រហារលើស្ថាប័នពាក់ព័ន្ធទេ

ចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ព.ស. ២៥៦៨ (10 មិថុនា 2024)

ប្រភព៖ VAYO

សហជីពមួយចំនួនបានប្រតិកម្មនឹងរបាយការណ៍ស្ដីពី ស្ថានភាពសេរីភាពរបស់សហជីពក្នុងប្រទេសកម្ពុជា ដែលចេញដោយអង្គការសង់ត្រាល់កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ការចេញប្រតិកម្មត្រូវបានពួកគេលើកថា របាយការណ៍នេះគ្មានភាពជាតំណាង មិនឆ្លុះបញ្ចាំងពីស្ថានភាពពិតនៃវិស័យកាត់ដេរនៅកម្ពុជា និងគ្រាន់តែជាទស្សនៈមួយជ្រុង ពោលគឺសម្ភាសត្រឹមអ្នកតំណាងសហជីពតែ១០ មិនអាចតំណាងឱ្យសហជីព៦ពាន់នៅកម្ពុជាឡើយ។

បន្ទាប់ពីមានការរិះគន់ទៅលើរបាយការណ៍នេះ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ បានថ្លែងប្រាប់វិទ្យុវាយោនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះថា របាយការណ៍ដែលបានចេញផ្សាយកន្លងមក គឺមិនមែនជាការវាយប្រហារទៅលើស្ថាប័នពាក់ព័ន្ធទេ។ លោកថា របាយការណ៍នោះគឺផ្តោតសំខាន់លើការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពការងារ និងសិទ្ធិសេរីភាពផ្នែកសហជីព។ លោក ឃុន ថារ៉ូ បញ្ជាក់ថា...

សំឡេងលោក ឃុន ថារ៉ូ៖

ជាមួយគ្នា អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ បានស្នើឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធអានរបាយការណ៍របស់អង្គការសង់ត្រាល់ម្តងទៀត ព្រោះខាងសង់ត្រាល់មិនបាននិយាយថារបាយការណ៍របស់ខ្លួនសុក្រឹត១០០ភាគរយនោះទេ។

សំឡេងលោក ឃុន ថារ៉ូ៖

សូមជម្រាបថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» បានចេញរបាយការណ៍មួយស្តីពីស្ថានភាពសេរីភាពរបស់សហជីពក្នុងប្រទេសកម្ពុជា ដែលបង្ហាញថា សហជីពឯករាជ្យកម្ពុជានៅតែប្រឈមឧបសគ្គរារាំង។ ពួកគេទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធគួរតែពិនិត្យមើលឡើងវិញដើម្បីកុំឱ្យមានការរំលោភសិទ្ធិសេរីភាពការងាររបស់កម្មករនិយោជិត និងសហជីព៕ ដោយ៖ ម៉ៅ សុភ័ក្រ្តា