អង្គការអន្តរជាតិជាង ១៦០ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមមួយ នាថ្ងៃទី២១តុលា អំពាវនាវឱ្យប្រធានធនាគារពិភពលោក World Bank លោក Ajay Banga ចាត់វិធានការលើរដ្ឋាភិបាលកម្ពុជានៅក្នុងរឿងបង្ក្រាប និងការគំរាមកំហែងក្រុមការពារសិទ្ធិមនុស្សក្នុងស្រុកជាបន្តបន្ទាប់។ ចំណាត់ការលើរដ្ឋាភិបាលកម្ពុជាដែលអង្គការអន្តរជាតិទាំងនេះចង់ឃើញនោះគឺ ធនាគារពិភពលោកមិនត្រូវអនុម័តគម្រោងអភិវឌ្ឍន៍ថ្មីណាមួយនៅក្នុងប្រទេសកម្ពុជា ល្គឹកណារដ្ឋាភិបាលកម្ពុជាមិនបញ្ឈប់ការយាយីតាមផ្លូវច្បាប់លើក្រុមការពារសិទ្ធិមនុស្ស។
យោងតាមសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២១តុលា ក្រុមអង្គការអន្តរជាតិធំៗដែលធ្វើការក្នុងផ្នែកលើកកម្ពស់សិទ្ធិមនុស្សនៅតំបន់អាស៊ី និងអឺរ៉ុបចំនួន ១៦៣ស្ថាប័នបានអំពាវនាវឱ្យធនាគារពិភពលោកថ្កោលទោស និងចាត់វិធានការលើរដ្ឋាភិបាលកម្ពុជា ក្នុងសំណុំរឿងបង្ក្រាបក្រុមការពារសិទ្ធិមនុស្សចំនួន ២ស្ថាប័នគឺ អង្គការសង់ត្រាល់ និងអង្គការសមធម៌កម្ពុជា។ បើតាមអង្គការអន្តរជាតិទាំងនេះ រដ្ឋាភិបាលកម្ពុជាបានបង្រ្កាប គំរាមកំហែងអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធក្នុងគម្រោងគាំទ្រ ដោយធនាគារពិភពលោក។ ក្រុមអង្គការអន្តរជាតិជាង ១៦០ស្ថាប័នលើកឡើងថា លោក Ajay Banga ប្រធានធនាគារពិភពលោក World Bank មិនត្រូវបន្តបិទភ្នែក បណ្តែតបណ្តោយឱ្យរដ្ឋាភិបាលកម្ពុជាប្រើវិធានការច្បាប់ទៅធ្វើទុក្ខបុកម្នេញ ក្រុមការពារសិទ្ធិមនុស្សក្នុងស្រុកទាំង ២ដែលធ្វើការងារលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារនេះតទៅទៀតទេ។
ក្នុងសេចក្តីថ្លែងការណ៍ដដែល ក្រុមអង្គការអន្តរជាតិចំនួន ១៦៣ស្ថាប័នបានទាញសញ្ញាអាសន្នថា លំហសង្គមស៊ីវិលនៅកម្ពុជាកំពុងធ្លាក់ជ្រោះ និងថា មុនពេលលំហប្រជាធិបតេយ្យដែលនៅសេសសល់ចុងក្រោយនៅក្នុងប្រទេសកម្ពុជាត្រូវរលាយអស់ ស្ថាប័នអន្តរជាតិដែលផ្តល់ជំនួយអភិវឌ្ឍន៍ដល់រដ្ឋាភិបាល ជាពិសេស ធនាគារពិភពលោកចាំបាច់ត្រូវតែមានចំណាត់ការក្នុងបញ្ហានេះ។ ចំណាត់ការ លើរដ្ឋាភិបាលកម្ពុជាដែលអង្គការអន្តរជាតិជាង ១៦០ស្ថាប័នចង់ឃើញនោះគឺ ការមិនអនុម័តគម្រោងអភិវឌ្ឍន៍ថ្មីណាមួយនៅក្នុងប្រទេសកម្ពុជា ល្គឹកណារដ្ឋាភិបាលកម្ពុជាមិនបញ្ឈប់ការយាយីតាមផ្លូវច្បាប់លើអង្គការសង់ត្រាល់ និងអង្គការសមធម៌កម្ពុជា។ លើសពីនោះ ធនាគារពិភពលោកត្រូវធានាថា គោលនយោបាយរបស់ធនាគារពិភពលោក ស្តីពីការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារពេញលេញត្រូវបានភាគីកម្ពុជាអនុវត្តយ៉ាងពេញលេញ។
ជុំវិញការសេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលខាងលើនេះ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃនៅមិនទាន់ឆ្លើយតបយ៉ាងណាទេ គិតត្រឹមរសៀលថ្ងៃទី២២តុលា។ តែលោក ទូច សុខៈអ្នកនាំពាក្យរងធ្លាប់បានចាត់ទុកការរិះគន់លើចំណាត់ការច្បាប់របស់កម្ពុជាលើក្រុមការពារសិទ្ធិមនុស្សក្នុងស្រុកនេះថា ជាការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ក្នុងន័យនេះ លោកទូច សុខៈបានស្នើឱ្យអង្គការបរទេសទាំងនោះពិនិត្យច្បាប់ជាធរមានជាមុនសិន មុននឹងដាក់សម្ពាធលើកម្ពុជា។
គួរជ្រាបថា អង្គការសង់ត្រាល់ត្រូវបានក្រសួងមហាផ្ទៃចុះធ្វើសវនកម្មកាលពីខែកក្កដា ឆ្នាំ២០២៤កន្លងទៅ បន្ទាប់ពីសហព័ន្ធសហជីពដែលមាននិន្នាការស្របរដ្ឋាភិបាលបានចោទប្រកាន់សង់ត្រាល់ពីបទបង្កផលប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ចរបស់កម្មករ និងអ្នកវិនិយោគនៅកម្ពុជា តាមរយៈការចេញផ្សាយរបាយការណ៍ស្តីពីស្ថានភាពសហជីពនៅកម្ពុជា។ ក្រៅពីការចំណាត់ការច្បាប់លើស្ថាប័នសង់ត្រាល់ លោក ឃុន ថារ៉ូ ដែលជាអ្នកគ្រប់គ្រងកម្មវិធីការងាររបស់អង្គការសង់ត្រាល់ក៏ត្រូវបានតំណាងសហជីពមួយក្នុងចំណោមសហជីពផ្សេងទៀតដែលប្រឆាំងនឹងរបាយការណ៍នេះប្តឹងពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឱ្យមានការរើសអើង» បន្ទាប់ពីលោកបានផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ដែលនៅក្នុងនោះ លោកនិយាយអំពីការតវ៉ារបស់សហជីពមួយចំនួនប្រឆាំងនឹងរបាយការណ៍របស់អង្គការសង់ត្រាល់។
រីឯ លោក អ៊ាង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជាវិញ កាលពីចុងខែមិនា ឆ្នាំ២០២៤ ក៏ត្រូវរងបទចោទប្រកាន់ពីបទបង្កផលប៉ះពាល់ដល់សន្តិសុខសង្គម ដោយសារតែលើកឡើងពីផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍរបស់រដ្ឋាភិបាល៕