ប្រភព៖ ឌឹ ខេមបូឌា ដេលី
អង្គការសង់ត្រាល់ ព្រមានដាក់ពាក្យប្តឹងទៅក្រុមហ៊ុនបញ្ជាទិញធំៗរបស់រោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ាយ & ដាប់បែលយូ ហ្គាមិន (Y & W GARMENT CO., LTD) ដើម្បីស្វែងរកការពិតថា តើក្រុមហ៊ុននេះជួបវិបត្តិគ្មានការបញ្ជាទិញពីក្រុមហ៊ុនបញ្ជាទិញរបស់ខ្លួនមែនឬយ៉ាងណា ដើម្បីជំរុញឱ្យម្ចាស់ក្រុមហ៊ុននេះទទួលខុសត្រូវផ្តល់សំណងទៅដល់កម្មករនិយោជិតទៅតាមច្បាប់ការងារនៃប្រទេសកម្ពុជា។
អ្នកគ្រប់គ្រងផ្នែកការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ មីនា នេះថា អង្គការសង់ត្រាល់កំពុងស្រាវជ្រាវពីមូលហេតុពិតប្រាកដរបស់រោងចក្រកាត់ដេរ Y & W GARMENT ដែលប្រកាសក្ស័យធននៅពេលនេះ ថាតើបណ្តាលមកពីមូលហេតុអ្វីឱ្យពិតប្រាកដ មកពីខ្វះក្រុមហ៊ុនបញ្ជាទិញ ឬបណ្តាលមកពីវិបត្តិបំណុលធ្ងន់ធ្ងរ ឬក៏បណ្តាលមកពីមូលហេតុអ្វីផ្សេង ព្រោះរោងចក្រនេះមិនបានប្រកាសបិទដំណើរការរបស់ខ្លួនស្របតាមនីតិវិធីច្បាប់នៅឡើយទេ ដោយគ្រាន់តែប្រកាសក្ស័យធន ហើយម្ចាស់ក្រុមហ៊ុនរត់ចោលរោងចក្រតែម្តង។
លោក ឃុន ថារ៉ូ លើកឡើងថា កន្លងមកក៏ធ្លាប់មានម្ចាស់រោងចក្រមួយចំនួនប្រកាសក្ស័យធនបែបនេះដែរ ព្រោះតែពួកគេមានចេតនាគេចវេះមិនចង់ផ្តល់សំណងដល់កម្មករនិយោជិតតាមផ្លូវច្បាប់ ដូច្នេះការស្រាវជ្រាវឱ្យដឹងការពិតពីការប្រកាសក្ស័យធនរបស់រោងចក្រកាត់ដេរ Y & W GARMENT នេះ គឺដើម្បីកុំឱ្យកើតដូចករណីខាងលើនេះ ហើយការធ្វើបែបនេះ ក៏មិនមែនចេតនាញុះញង់បង្កដល់កម្មករនិយោជិតដែរ គឺដើម្បីជួយដល់ក្រសួងការងារ ឱ្យអាចដោះស្រាយបញ្ហានេះដោយយុត្តិធម៌សម្រាប់កម្មករតែប៉ុណ្ណោះ ព្រោះអង្គការសង់ត្រាល់ ក៏មិនគាំទ្រនូវសកម្មភាពណាមួយបង្កឱ្យមានភាពចលាចលក្នុងសង្គមនោះដែរ។
មន្ត្រីជាន់ខ្ពស់សង្គមស៊ីវិលរូបនេះត្អូញត្អែរថា ក្នុងករណីដែលរោងចក្រកាត់ដេរ Y & W GARMENT មិនបានរៀបចំលិខិតផ្លូវច្បាប់ប្រកាសក្ស័យធនជាផ្លូវការ ផ្នែកអធិការកិច្ចនៃក្រសួងការងារ ត្រូវតែស៊ើបអង្កេតលើករណីនេះឱ្យដឹងការពិត ក្នុងនោះបើរកឃើញថាក្រុមហ៊ុននេះគ្រាន់តែប្រកាសក្ស័យធនដើម្បីគេចវេះពីការផ្តល់សំណងទៅកម្មករទៅតាមផ្លូវច្បាប់ ក្រសួងការងារ ត្រូវតែចាត់វិធានការច្បាប់ឱ្យម្ចាស់រោងចក្រផ្តល់សំណងដល់កម្មករឱ្យគ្រប់ចំនួនតាមលក្ខខណ្ឌច្បាប់ស្ដីពីការងាររបស់កម្ពុជា។
លោក ឃុន ថារ៉ូ បញ្ជាក់ថា នៅពេលនេះ អង្គការសង់ត្រាល់កំពុងគណនាចំនួនកម្មករនិយោជិត និងអតីតភាពការងាររបស់ពួកគេ ដើម្បីឱ្យដឹងថា តើកម្មករណាខ្លះត្រូវបានការទទួលសំណងជាទឹកប្រាក់ពីក្រុមហ៊ុនចំនួនប៉ុន្មានទៅតាមនីតិវិធីច្បាប់ បន្ទាប់ពីតំណាងសហជីពកម្មករនិយោជិតប្រមាណជាង ២ពាន់នាក់ក្នុងក្រុមហ៊ុននេះ បានដាក់លិខិតឱ្យអង្គការសង់ត្រាល់ ជួយធ្វើអន្តរាគមន៍ជុំវិញបញ្ហានេះ។
លោក ឃុន ថារ៉ូ សង្កត់ធ្ងន់ថា អង្គការសង់ត្រាល់ពិតជាគាំទ្រនូវចំណាត់ការរបស់ក្រសួងការងារ យ៉ាងពេញទំហឹងក្នុងការលក់ឡាយឡុងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនសម្រាប់ទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិតដែរ ព្រោះការដោះស្រាយបែបនេះ គឺអាចជួយកម្មករដែលកំពុងប្រឈមនឹងតម្រូវការទ្រទ្រង់សេដ្ឋកិច្ចក្នុងគ្រួសារចំពោះមុខនៅពេលនេះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីកម្មករនិយោជិតរោងចក្រ Y&W Garment បានដង្ហែក្បួនទៅក្រសួងការងារ ដើម្បីស្នើឱ្យជួយដោះស្រាយប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងទៀត ក្រោយរោងចក្រនេះប្រកាសក្ស័យធនកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ កម្មករកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ Y & W Garment ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រមាណ ២០០០នាក់ បានប្រមូលផ្តុំគ្នា និងដង្ហែក្បួនទៅក្រសួងការងារ ដើម្បីស្នើសុំដំណោះស្រាយ ក្រោយថៅកែរោងចក្រប្រកាសក្ស័យធន ក្រោមហេតុផលគ្មានអ្នកបញ្ជាទិញ និងគេចខ្លួនមិនដោះស្រាយប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងទៀតឱ្យកម្មករនៅពេលនេះ។
បន្ទាប់ពីការតវ៉ាទាមទាររបស់កម្មករនិយោជិត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗថា វិវាទការងារនៅរោងចក្រ Y&W Garment គឺជាករណីក្រុមហ៊ុនបិទទ្វារ ដោយសារនិយោជករត់ចោលរោងចក្រ ដែលត្រូវដោះស្រាយតាមច្បាប់ការងារ និងច្បាប់ក្ស័យធន ដូច្នេះយោងតាមនីតិវិធីច្បាប់ ក្រសួងនឹងប្តឹងក្រុមហ៊ុនទៅតុលាការ ដើម្បីស្នើសុំដីកាការពារទ្រព្យសម្បត្តិ និងដោះស្រាយបណ្តឹងតវ៉ា ដើម្បីអាចបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិតទាំងអស់នោះ។
ក្រោយការអះអាងរបស់ក្រសួងការងារ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីការឹបអូសទ្រព្យសម្បត្តិរបស់រោងចក្រ Y & W Garment ជាបណ្ដោះអាសន្ន ដើម្បីការពារផលប្រយោជន៍របស់ម្ចាស់បំណុលដែលជាកម្មករនិយោជិត។ ជាងនេះទៀត តុលាការបានបង្គាប់ឱ្យម្ចាស់រោងចក្រខាងលើផ្ញើប្រាក់តម្កល់នៅតុលាការជាង ៣លានដុល្លារអាមេរិក (៣ ២៩៥ ២៩៥ដុល្លារ) ផងដែរ ដែលជាប្រាក់រំដោះ ដើម្បីទទួលបានការលុបចោលការរឹបអូសបណ្ដោះអាសន្ននេះ។
ដីកាតុលាការខាងលើបញ្ជាក់ថា មានកម្មករជាង ៤ពាន់នាក់ (៤៨៤៩នាក់) ដែលម្ចាស់រោងចក្រឈ្មោះ YUEN PO FAI រត់ចោលរោងចក្រមិនទទួលខុសត្រូវបើកប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗ ដូចជា ប្រាក់ឈ្នួលលើកទី២ ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ប្រាក់បំណាច់ជួសការឈប់សម្រាប់ប្រចាំឆ្នាំចំនួន ១៨ថ្ងៃ ប្រាក់ជួសការជូនដំណឹងជាមុន និងប្រាក់អតីតភាពការងារក្នុងឆមាសទី១ ឆ្នាំ២០២៤ ផងដែរ ដែលគិតជាសរុបមានចំនួនទឹកប្រាក់ចំនួនជាង ៣លានដុល្លារអាមេរិក (៣ ២៩៥ ២៩៥ដុល្លារ)។
ជុំវិញបញ្ហានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយទៀតផងដែរកាលពីថ្ងៃទី១២ ខែមីនា នេះថា ដំណោះស្រាយក្នុងករណីរោងចក្រ Y&W Garment នេះ មានពីរ គឺទី១ ត្រូវដោះស្រាយតាមច្បាប់ស្ដីពីក្ស័យធន តែត្រូវប្រើរយៈពេលយូរ និងទី២ គឺត្រូវស្នើសុំដីការក្សាការពារពីតុលាការ ដើម្បីរឹបអូសទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុននេះយកទៅលក់ឡាយឡុងទុកសម្រាប់ទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិត។
សេចក្តីជូនដំណឹងខាងលើបញ្ជាក់ថា ក្រសួងការងារមិនលើកលែងឱ្យថៅកែរោងចក្រនេះដាច់ខាត បើទោះបីជារត់ទៅប្រទេសកំណើតរបស់គេក៏ដោយ ប៉ុន្តែក្រសួងក៏មិនលើកលែងដល់បុគ្គលណាដែលបន្តស្រាយបំភ្លឺខុសច្បាប់ និងញុះញង់ឱ្យកម្មករធ្វើសកម្មភាពខុសច្បាប់ដែរ។
លោក YUEN PO FAI មានវ័យ ៦៦ឆ្នាំ ជាថៅកែរោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ាយ & ដាប់បែលយូ ហ្គាមិន (Y & W GARMENT CO., LTD) ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ប៉ុន្តែនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ម្ចាស់រោងចក្រខាងលើបានរត់ចោលរោងចក្រតែម្តង ដោយប្រកាសថារោងចក្ររបស់ខ្លួនក្ស័យធនគ្មានការបញ្ជាទិញពីក្រុមហ៊ុននៅបរទេស ដែលបង្កឱ្យមានការតវ៉ាពីកម្មករនិយោជិតនៅពេលនេះ។
គួរបញ្ជាក់ថា រោងចក្រ Y & W GARMENT ជាក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ប្រុស-ស្រី កុមារ និងទារក ជួលកម្មករខ្មែរធ្វើការចំនួន ៣៥០០នាក់ ដឹកទំនិញទៅសហរដ្ឋអាមេរិក និងកាណាដា តាមកំពង់ផែ Los Angeles រដ្ឋកាលីហ្វ័នីញ៉ា ចែកចាយទៅតាមហាងលក់រាយនៅតំបន់ British Columbia ភាគខាងលិចកាណាដា ភាគខាងកើតសហរដ្ឋអាមេរិក ក្នុងរដ្ឋញ៉ូវយ៉ក។ អ្នកទទួលទំនិញពីក្រុមហ៊ុន Y & W GARMENT មានឈ្មោះ David Peyser នៃក្រុមហ៊ុន David Peyser Sportswear Inc., True Classic Tees, KHQ Investment, LLC និងហាងលក់រាយ ដូចជា Walmart ជាដើម។ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ តំណាងម្ចាស់ហាង Walmart បានប្រកាសថានឹងបន្តរកស៊ីជាមួយក្រុមហ៊ុនកាត់ដេរនៅស្រុកខ្មែរតទៅមុខទៀត។ ការប្រកាសនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្ដិ ស្វាគមន៍យ៉ាងរីករាយ៕