អាជ្ញាធរបានបញ្ជូនក្មេងស្រីខ្មែរម្នាក់រងគ្រោះពីការជួញដូរនៅប្រទេសចិនមកដល់ប្រទេសកម្ពុជាហើយ។ ក្រសួងការបរទេសអះអាងថា អាជ្ញាធរបានបញ្ជូនក្មេងស្រីរងគ្រោះទៅអង្គការដៃគូដើម្បីពិនិត្យអត្តសញ្ញាណ និងសម្ភាសន៍ស្វែងរកបណ្ដាញមេខ្យល់មុនបញ្ជូននាងទៅផ្ទះ។ ចំណែកមន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលផ្ដល់ការគាំពារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ជនរងគ្រោះ រួមទាំងបង្កើតការងារក្នុងស្រុកឱ្យបានច្រើន ដើម្បីទប់ស្កាត់ពលរដ្ឋ ជាពិសេស ស្ត្រីខ្មែរចំណាកស្រុកទាំងប្រថុយប្រថាន។
ក្មេងស្រីខ្មែរម្នាក់ដែលមេខ្យល់បោកបញ្ឆោតយកទៅលក់នៅប្រទេសចិនបានធ្វើដំណើរតាមជើងយន្តហោះចាកចេញពីប្រទេសនេះវិលមកដល់ប្រទេសកម្ពុជានៅរសៀលថ្ងៃទី១៩ ខែមីនា។
ក្មេងស្រីរងគ្រោះបានបង្ហោះវីដេអូនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ លីណា និយាយនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថានាងបានធ្វើដំណើរទៅដល់ស្រុកខ្មែរវិញដោយសុវត្ថិភាពហើយ។ វីដេអូជិត១នាទីនោះនាងបង្ហាញពីទឹកចិត្តសប្បាយរីករាយ និងអរគុណចំពោះអាជ្ញាធរកម្ពុជានិងចិនដែលបានជួយសង្គ្រោះរូបនាងឱ្យជួបជុំគ្រួសារ មិត្តភ័ក្ដិ បងប្អូនវិញ។
លីណា៖ «អរគុណដល់សម្ដេច ហ៊ុន ម៉ាណែត និងអគ្គកុងស៊ុល និងប្រទេសចិនដែលបានជួយសម្រួលដល់នាងខ្ញុំបានវិលត្រឡប់មកខ្មែរវិញ»។
ម្ដាយជនរងគ្រោះប្រាប់វិទ្យុអាស៊ីសេរីថា កូនរបស់លោកស្រីបានបង្ខំចិត្តឈប់រៀននៅដើមឆ្នាំ២០២៣ ដើម្បីធ្វើការរោងចក្រនៅភ្នំពេញរកប្រាក់ជួយដោះស្រាយជីវភាពគ្រួសារ ហើយអ្នកស្រីបាយមិនបានសម្រាន្តមិនលក់រាល់ថ្ងៃនៅពេលបាត់ដំណឹងកូនអស់រយៈពេលជាង ៦ខែ។ បច្ចុប្បន្នប្រកបរបរជាអ្នកស៊ីឈ្នួលធ្វើចម្ការឱ្យអ្នកភូមិ និងរើសអេតចាយទទួលបានប្រាក់បន្តិចបន្តួច ស្ត្រីវ័យ ៤៤ឆ្នាំរូបនេះសប្បាយចិត្តពេលទទួលដំណឹងថា អាជ្ញាធរជួយសង្គ្រោះកូនឱ្យរួចផុតពីការជួញដូរនៅប្រទេសចិន និងបញ្ជូនមកដល់ស្រុកខ្មែរវិញ។ លោកស្រីផ្ដាំដល់ពលរដ្ឋខ្មែរដទៃទៀតប្រុងប្រយ័ត្ន និងពិចារណាឱ្យបានត្រឹមត្រូវមុនឱ្យកូនចំណាកស្រុកដើម្បីជៀសវាងនាំឲ្យមានផលវិបាកដូចគ្រួសាររបស់លោកស្រី។
ម្ដាយជនរងគ្រោះ៖ «តាំងពីកូនខ្ញុំទៅហ្នឹង ខ្ញុំឡើងវង្វេងអស់ហើយ ខ្ញុំពិបាកចិត្តមិនដែលបានហូបបាយទឹកទេ គេហៅទៅធ្វើការទៅ និងរើសអេតចាយទៅ ដល់ពេលទទួលដំណឹងកូនមកវិញ។ អ៊ីចឹងទៅខ្ញុំអរណាស់ ខ្ញុំលែងឱ្យកូនដើរទៅណាហើយដោយឱ្យរកស៊ីនៅស្រុកខ្មែរហ្នឹងហើយ»។
ទាក់ទងរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី ប្រាប់វិទ្យុអាស៊ីសេរីតាមប្រព័ន្ធតេឡេក្រាមថាក្មេងស្រីរងគ្រោះត្រូវបានបញ្ជូនទៅឱ្យអង្គការហាហ្គា (HAGAR) ដែលជាដៃគូសហការរបស់ក្រសួងសង្គមកិច្ចដើម្បីធ្វើការកំណត់អត្តសញ្ញាណ ហើយបន្ទាប់មកក្រសួងសង្គមកិច្ចនឹងបញ្ជូនសំណុំរឿងទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសម្ភាសន៍បន្តក្នុងគោលដៅស្វែងរកបណ្ដាញមេខ្យល់ រួចក្រុមការងារនឹងជូននាងទៅដល់ផ្ទះតែម្តង។
ស្ថានទូតកម្ពុជាប្រចាំប្រទេសចិនកាលពីថ្ងៃទី១០ ខែមីនាបានសហការជាមួយអាជ្ញាធរចិនជួយសង្គ្រោះនារីជនជាតិខ្មែរម្នាក់ឈ្មោះ រុំ ភិផា ចេញពីផ្ទះមួយនៅក្រុងរួយអាន ខេត្តជឺជាំង(Zhejiang)។ នាងបង្ហោះវីឌីអូស្វែងរកការជួយសង្គ្រោះពីអាជ្ញាធរកម្ពុជានៅលើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីគ្រួសារជនជាតិចិនដែលនាងរស់នៅជាមួយបានធ្វើបាបដោយចាក់សោឱ្យនាងនៅតែក្នុងបន្ទប់ វាយដំ ជេរប្រមាថ និងតែងតែបង្ខំឱ្យនាងដេកជាមួយដើម្បីពរពោះបង្កើតកូនជាដើម។
នាងប្រាប់វិទ្យុអាស៊ីសេរីថា កត្តាជីវភាពគ្រួសារក្រីក្រ ភាពនៅក្មេងខ្ចី ចំណេះដឹងតិចតួច ធ្វើឱ្យនាងនិងមិត្តភ័ក្ដិបីនាក់ទៀតគិតខ្លីដោយត្រូវមេខ្យល់ជនជាតិខ្មែរ និងចិនបោកបញ្ឆោតយកទៅលក់នៅប្រទេសចិន កាលពីខែសីហា ឆ្នាំ២០២៣ ដោយសន្យាឱ្យធ្វើការតាមហាងទទួលបានប្រាក់ឈ្នួល៧រយដុល្លារក្នុងមួយខែ។ នាងនិយាយថារឿងដែលនាងនៅចងចាំគឺពេលទៅដល់ប្រទេសចិនភ្លាមមេខ្យល់បានដាក់ពួកនាងនៅក្នុងបន្ទប់លក់ដូរដូចទំនិញនៅលើទីផ្សារ ហើយបន្ទាប់មក បុរសម្នាក់បានយករូបនាងទៅរស់នៅជាមួយសម្រាប់ពរពោះបង្កើតកូនឱ្យគេ ខណៈមិត្តរបស់នាង និងស្ត្រីជនជាតិវៀតណាមមួយចំនួន ត្រូវបានគេលក់បន្តទៀត។
ប្រភព៖ RFA
ចំណែកស្ត្រីដទៃដែលកំពុងនៅចិនដូចជនរងគ្រោះរូបនោះលោក ជុំ សុន្ទរី ឱ្យដឹងថា ក្រសួងការបរទេសនឹងឱ្យស្ថានតំណាងកម្ពុជាសហការជាមួយអាជ្ញាធរចិន ដើម្បីស្វែងរក និងសាកសួរឱ្យបានច្បាស់លាស់ថា តើមានការរំលោភបំពាន ឬទេ ហើយសាមីខ្លួនមានបំណងមកវិញឬទេ។ ទន្ទឹមនឹងនេះ លោកបញ្ជាក់ថា រដ្ឋាភិបាលមិនលើកទឹកចិត្តឱ្យស្ត្រីខ្មែរយកអាពាហ៍ពិពាហ៍ឆ្លងដែនធ្វើជាមធ្យោបាយ ដើម្បីផ្លាស់ប្ដូរជីវភាពគ្រួសារខ្លួនទេ ព្រោះជាការសម្រេចចិត្តដ៏ប្រថុយប្រថាន ងាយនឹងចាញ់បោកការអូសទាញរបស់មេខ្យល់។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការសង់ត្រាល់ (Central) លោក មឿន តុលា មើលឃើញថា សកម្មភាពរបស់ជនខិលខូចដើរបោកបញ្ឆោតស្ត្រីពីកម្ពុជាយកទៅជួញដូរកម្លាំងពលកម្ម និងទៅរៀបការជាមួយបុរសចិន កំពុងកើតឡើងដោយមិនថយចុះទេ ហើយករណីអាជ្ញាធរជួយសង្គ្រោះបានភាគច្រើនកើតចេញពីស្ត្រីរងគ្រោះបង្ខំចិត្តរត់គេចខ្លួនពីកន្លែងធ្វើបាប និងទម្លាយសារអំពាវនាវសុំអន្តរាគមន៍តាមរយៈបណ្ដាញសង្គមជាដើម។ ចំណែកករណីក្មេងស្រីខ្មែរ ដែលជាជនរងគ្រោះវិញ លោកជំរុញដល់រដ្ឋាភិបាលបង្កើនការផ្ដល់សេវាគាំពារដល់ក្មេងស្រីរងគ្រោះ និងវាយតម្លៃផលប៉ះពាល់ផ្នែកស្មារតី និងសុខភាពដើម្បីបញ្ជូននាងទៅប្រឹក្សាជាមួយអ្នកជំនាញឱ្យទាន់ពេល រួមទាំងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងផ្ដល់ការងារធ្វើផងដែរ។
លោក មឿន តុលា៖ «គេត្រូវសម្លឹងមើលថាតើក្មេងហ្នឹងគួរមានជំនាញអ្វីផ្ដល់ឱ្យគាត់ បើសិនគ្មានការផ្ដល់ជំនាញឱ្យគាត់ទេ គឺរយៈពេលមិនយូរទេ ១សប្តាហ៍ ឬ ២សប្តាហ៍អីហ្នឹង គាត់អាចធ្វើចំណាកស្រុកទៅណាទៀតហើយ ពីព្រោះមនុស្សទាក់ទងរឿងក្រពះ កាលណាគាត់នៅផ្ទះបើក្រពះឃ្លានវានៅអត់កើតទេគឺត្រូវចេញពីផ្ទះ ហើយបើចេញពីផ្ទះអាចមកធ្វើការងារនៅក្រុងក្នុងប្រទេសយើង ឬអាចទៅថៃអ៊ីចឹងទៅ»។
លោក មឿន តុលា ព្រួយបារម្ភចំពោះស្ត្រីខ្មែរផ្សេងទៀតអាចចាញ់បោកមេខ្យល់យកទៅលក់នៅប្រទេសចិន បើរដ្ឋាភិបាលចាត់វិធានការត្រឹមការជួយសង្គ្រោះជនរងគ្រោះហើយ គ្មានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ គ្មានការស្វែងរកជនល្មើសពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សយកទៅផ្ដន្ទាទោស និងមិនប្រឹងប្រែងក្នុងការបង្កើតការងារក្នុងស្រុកនោះទេ ប្រជាពលរដ្ឋ ជាពិសេសស្ត្រី ឬក្មេងស្រីខ្មែរនៅតែប្រឈមរងគ្រោះពីការជួញដូរតាមរយៈមេខ្យល់យកទៅលក់នៅក្រៅប្រទេសដដែល៕