អាមេរិកបើកការស៊ើបអង្កេតលើកម្ពុជាពាក់ព័ន្ធផលិតកម្មលើសសមត្ថភាព និងពលកម្មដោយបង្ខំ

សុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ ព.ស. ២៥៦៩ (13 មីនា 2026)

ប្រភព៖ RFI

តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានប្រកាសបើកការស៊ើបអង្កេតលើកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាផលិតកម្មលើសសមត្ថភាព និងការដោះស្រាយបញ្ហាពលកម្មដោយបង្ខំ។ ការស៊ើបអង្កេតនេះអាចនាំឲ្យមានការបន្ថែមពន្ធលើទំនិញមួយចំនួនរបស់កម្ពុជា។

 

អាមេរិកបានប្រកាសបើកការស៊ើបអង្កេតមកលើកម្ពុជា ពាក់ព័ន្ធផលិតកម្មលើសសមត្ថភាព និងបរាជ័យក្នុងការដោះស្រាយពលកម្មដោយបង្ខំ។ នេះបើតាមសេចក្តីប្រកាសរបស់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកចេញផ្សាយថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ ការស៊ើបអង្កេតរបស់រដ្ឋបាលអាមេរិកពេលនេះ អាចឈានដល់ការដាក់ពន្ធនាំចូលបន្ថែម ដែលជាចំណាត់ការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការកាត់បន្ថយឱនភាពពាណិជ្ជកម្ម និងការពារវិស័យផលិតកម្មក្នុងស្រុកអាមេរិក បន្ទាប់ពីមានការរារាំងផ្នែកច្បាប់ពីតុលាការកំពូលកាលពីខែកុម្ភៈ ឆ្នាំ២០២៦ថ្មីៗនេះ។

គួរបញ្ជាក់ថា កម្ពុជាស្ថិតក្នុងចំណោមប្រទេស ១៦ផ្សេងទៀតនៅក្នុងពិភពលោកដែលអាមេរិកប្រកាសបើកការស៊ើបអង្កេតទ្រង់ទ្រាយធំពាក់ព័ន្ធនឹងផលិតកម្មលើសសមត្ថភាព។ ប្រទេសទាំង១៦ ដែលស្ថិតក្នុងបញ្ជីស៊ើបអង្កេតរួមមាន ចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៊ិក តៃវ៉ាន់ វៀតណាម ថៃ ម៉ាឡេស៊ី កម្ពុជា សិង្ហបុរី ឥណ្ឌូណេស៊ី បង់ក្លាដែស ស្វីស និងន័រវែស។

ក្រៅពីបញ្ហាផលិតកម្មលើសសមត្ថភាព អាមេរិកក៏ប្រកាសចាប់ផ្តើមស៊ើបអង្កេតលើបញ្ហាមួយផ្សេងទៀតតាមមាត្រា៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ក្នុងគោលបំណងហាមឃាត់ការនាំចូលទំនិញទៅអាមេរិកដែលផលិតដោយកម្លាំងពលកម្មដោយបង្ខំ។ ការស៊ើបអង្កេតនេះមានការពាក់ព័ន្ធនឹងប្រទេសជាង៦០ ខណៈកម្ពុជាក៏ស្ថិតនៅក្នុងបញ្ជីស៊ើបអង្កេតនេះដែរ។

លោកឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបញ្ជាក់ថា ទោះបីជាសហគមន៍អន្តរជាតិយល់ព្រមជាទូទៅប្រឆាំងនឹងពលកម្មដោយបង្ខំក្តី ក៏រដ្ឋាភិបាលនៃប្រទេសជាច្រើននៅតែបរាជ័យក្នុងការដាក់ចេញ និងអនុវត្តវិធានការដែលមានប្រសិទ្ធភាព ដើម្បីហាមឃាត់ទំនិញទាំងនោះមិនឲ្យចូលទៅក្នុងទីផ្សាររបស់ពួកគេ។

តាមលោក Jamieson Greer ការស៊ើបអង្កេតទាំងនេះនឹងពិនិត្យមើលថា តើរដ្ឋាភិបាលនៃប្រទេសទាំងនោះនោះបានចាត់វិធានការគ្រប់គ្រាន់ដែរទេ ដើម្បីហាមឃាត់ការនាំចូលទំនិញដែលផលិតដោយការងារបង្ខំ។ បន្ថែមពីនេះ រដ្ឋបាលអាមេរិកក៏ចង់ពិនិត្យផងដែរថា ផលិតផលដែលកើតចេញពីពលកម្មដោយបង្ខំនេះបានប៉ះពាល់អ្វីខ្លះដល់ពលរដ្ឋ និងអាជីវកម្មនៅសហរដ្ឋអាមេរិក។

លោក ឃុន ថារ៉ូ ប្រធានកម្មវិធីការងារនៃអង្គការសង់ត្រាល់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី១៣ ខែមីនានេះថា ការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកពេលនេះ គឺជាការបន្តតាមដាន និងត្រួតពិនិត្យចំពោះលក្ខខណ្ឌគោរពសិទ្ធិការងារ និងពលកម្មរបស់កម្មករនិយោជិតដែលបណ្តាប្រទេសអន្តរជាតិបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា និងបើតាមលោក ឃុន ថារ៉ូ កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗដែលកម្ពុជាបានចុះជាមួយអាមេរិក សុទ្ធតែបានចែងពីការបើកចំហសិទ្ធិសេរីភាពរបស់សហជីព និងការគោរពសិទ្ធិការងារឲ្យបានត្រឹមត្រូវ។

យ៉ាងណាមិញ លោក ឃុន ថារ៉ូ មើលឃើញថា សហរដ្ឋអាមេរិកជារឿយៗតែងតែផ្តល់ការគំាទ្រមកកម្ពុជា ដើម្បីកែតម្រូវលំហរសេរីភាពសិទ្ធិការងារ និងពលកម្មនៅក្នុងប្រទេស ដែលជាផ្នែកមួយនៃការពង្រឹងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២។ នេះមានន័យថា តំណាងពាណិជ្ជកម្មអាមេរិកមានសិទ្ធិក្នុងការតាមដានការអនុវត្តច្បាប់ និងសិទ្ធិការងារជាប្រចាំរបស់កម្ពុជា។

គួរជម្រាបជូនថា តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកនឹងរៀបចំសវនាការពាក់ព័ន្ធនឹងការស៊ើបអង្កេតការនាំចូលទំនិញទៅអាមេរិកដែលផលិតដោយកម្លាំងពលកម្មដោយបង្ខំនេះ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។ តំណាងពាណិជ្ជកម្មអាមេរិក ក៏នឹងស្នើសុំការពិភាក្សាពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលនៃប្រទេសទាំងនោះ ទាក់ទងនឹងការស៊ើបអង្កេតនេះដែរ៕