ប្រភព៖ កាសែតខ្មែរ
ក្រុមហ៊ុន ហាយ-ថេក អឺភែរឹល (Hi-Tech Apparel Cambodia) ដែលមានអ្នកគ្រប់គ្រងជាជនជាតិថៃ បានប្រកាសបិទដំណើរការផលិតកម្មទាំងស្រុងនៅចុងខែសីហា ឆ្នាំ២០២៦ ដោយផ្តល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាដល់កម្មករនិយោជិត ខណៈមន្ត្រីសិទ្ធិការងារនិយាយថា នេះជារោងចក្រទី២នៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត ដែលបិទទ្វារចាប់តាំងពីជម្លោះព្រំដែនកម្ពុជា-ថៃបានប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់។
នៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២១ ខែកក្កដា ក្រុមហ៊ុនបានឱ្យដឹងថា ខ្លួននឹងបញ្ឈប់សកម្មភាពអាជីវកម្ម និងផលិតកម្មចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីកិច្ចប្រជុំដោះស្រាយជាមួយតំណាងសហជីព តំណាងកម្មករ និងមន្ត្រីនាយកដ្ឋានវិវាទការងារ កាលពីថ្ងៃទី២០ ខែកក្កដា។
ក្រុមហ៊ុន ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត-អូរនាង បានបញ្ជាក់ថា សហជីព និងតំណាងកម្មករបានយល់ព្រមទទួលយកកញ្ចប់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ដែលរួមមានប្រាក់ឈ្នួលចុងក្រោយ ប្រាក់ជំនួសថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ប្រាក់ជំនួសការជូនដំណឹងជាមុន និងប្រាក់អតីតភាពការងារ។
ក្រុមហ៊ុនក៏បាននិយាយថា កម្មការិនីមានផ្ទៃពោះនឹងបន្តទទួលបានការបង់ភាគទាន ប.ស.ស. រហូតដល់ថ្ងៃសម្រាល និងទទួលបានប្រាក់ឈ្នួល ៥០ភាគរយ ក្នុងរយៈពេល ៩០ថ្ងៃ ខណៈកម្មការិនីដែលមានកូនអាយុពី ១៨ ដល់ ៣៦ខែ នឹងទទួលបានប្រាក់ឧបត្ថម្ភ ៥ដុល្លារក្នុងមួយខែសម្រាប់កូនម្នាក់។
កម្មករអាចចុះឈ្មោះទទួលប្រាក់បំណាច់ចាប់ពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែសីហា ហើយប្រាក់នឹងផ្ទេរចូលគណនីធនាគារក្នុងរយៈពេល ៤៨ម៉ោង បន្ទាប់ពីបញ្ចប់នីតិវិធី។
ប្រធានកម្មវិធីការងារនៃអង្គការសង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ បានប្រាប់ Gazette Khmer ថា រោងចក្រ Hi-Tech Apparel Cambodia គឺជារោងចក្រទី២នៅតំបន់សេដ្ឋកិច្ចពិសេសអូរនាង ដែលប្រកាសបិទចាប់តាំងពីជម្លោះព្រំដែនកម្ពុជា-ថៃបានផ្ទុះឡើងវិញនៅដើមឆ្នាំ២០២៦។
លោកថា មុននេះ រោងចក្រ ML ដែលមានថៅកែជាជនជាតិតៃវ៉ាន់ និងផលិតសម្រាប់ម៉ាកនៅប្រទេសហូឡង់ ក៏បានបិទដំណើរការ ដោយប៉ះពាល់កម្មករប្រមាណ ៧០០នាក់។ ចំណែក Hi-Tech Apparel Cambodia ដែលផលិតសម្លៀកបំពាក់ឱ្យម៉ាកកីឡាអាមេរិក Nike មានកម្មករជាង ២.០០០នាក់។ សរុបទៅ មានកម្មករជិត ៣.០០០នាក់ ដែលប្រឈមនឹងការបាត់បង់ការងារ ហើយជួបការលំបាកផ្នែកចំណូល និងជីវភាពរស់នៅ ខណៈការស្វែងរកការងារថ្មីក៏មិនងាយស្រួលដែរ។
លោក ឃុន ថារ៉ូ បាននិយាយថា ការបិទរោងចក្រទាំងពីរនេះ មិនមែនបណ្តាលមកពីកត្តាតែមួយនោះទេ ប៉ុន្តែទាក់ទងយ៉ាងខ្លាំងទៅនឹងការរំខានដល់ការដឹកជញ្ជូនវត្ថុធាតុដើម និងការនាំចេញផលិតផល បន្ទាប់ពីការបិទច្រកព្រំដែនកម្ពុជា-ថៃ។
លោក ឃុន ថារ៉ូ បន្ថែមថា ចក្រទាំងនេះស្ថិតនៅជិតព្រំដែន ហើយពឹងផ្អែកខ្លាំងលើការនាំចូលវត្ថុធាតុដើម និងការនាំចេញតាមប្រទេសថៃ។ នៅពេលការដឹកជញ្ជូនត្រូវពន្យារពេល និងចំណាយថ្លៃដើមកើនឡើង វាប៉ះពាល់ដោយផ្ទាល់ដល់ការប្រកួតប្រជែងរបស់រោងចក្រ។
លោកថា បន្ថែមថា ៖ «បញ្ហានេះ គឺវានឹងអាចជះឥទ្ធិពលទៅដល់បណ្តា ក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដែលកំពុងតែធ្វើការវិនិយោគនៅក្នុងជួរព្រំដែន ជាពិសេសនៅតាមច្រកព្រំដែន ដែលជាផ្នែកមួយនៃតំបន់សេដ្ឋកិច្ច ដែលបង្កើតឡើងតាមរយៈ MoU រវាងប្រទេសកម្ពុជា និងថៃ នៅក្នុងការពង្រីកនូវកំណើនសេដ្ឋកិច្ច ក៏ដូចជា ការវិនិយោគនៅក្នុងខ្សែសង្វាក់ផលិតកម្ម នាពេលកន្លងមក»។
ជម្លោះព្រំដែនដែលនាំឱ្យមានការបិទច្រកព្រំដែនអស់រយៈពេលជាងមួយឆ្នាំ បានធ្វើឱ្យក្រុមហ៊ុនវិនិយោគជប៉ុនស្នើឱ្យកម្ពុជា និងថៃបើកច្រកព្រំដែនឡើងវិញ ដោយលើកឡើងថា ការដឹកជញ្ជូនយឺតយ៉ាវ និងថ្លៃដើមកើនឡើងបានប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់។
រដ្ឋាភិបាលកម្ពុជាបានអះអាងជាបន្តបន្ទាប់ថា ការបិទព្រំដែនគឺជាការសម្រេចចិត្តឯកតោភាគីរបស់ភាគីថៃ ហើយបាននិយាយថា ប្រសិនបើថៃបើកច្រកព្រំដែនឡើងវិញ កម្ពុជានឹងបើកតាម។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ មានតម្លៃប្រមាណ ៦៩៦លានដុល្លារ ធ្លាក់ចុះជិត ៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំពេលការបិទច្រកព្រំដែនបន្តអូសបន្លាយ៕