វិវាទ NagaWorld ជិត ៥ ឆ្នាំ៖ កូដករថា ដំណោះស្រាយជាប់គាំង ព្រោះមិនប៉ះ «ឫសគល់នៃបញ្ហា»

សុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមីរ ព.ស. ២៥៧០ (17 កក្កដា 2026)

ប្រភព៖ កាសែតខ្មែរ

កូដករនៃក្រុមហ៊ុន NagaWorld បាននិយាយថា វិវាទការងារដែលអូសបន្លាយអស់រយៈពេលជាង ៤ ឆ្នាំកន្លះ មិនទាន់អាចបញ្ចប់បានទេ ដោយសារភាគីពាក់ព័ន្ធមិនទាន់ដោះស្រាយលើបញ្ហាស្នូលដែលពួកគេចាត់ទុកថា ជាមូលហេតុនៃជម្លោះ ខណៈក្រសួងការងារអះអាងថា ខ្លួនបានព្យាយាមសម្របសម្រួលតាមនីតិវិធីច្បាប់។ 

អ្នកស្រី ម៉ម សុវិធិន ដែលជាបុគ្គលិក NagaWorld និងជាកូដករ បានប្រាប់ កាសែតខ្មែរ ថា ការតវ៉ាបានអូសបន្លាយជិត ៥ ឆ្នាំ ដោយសារក្រុមហ៊ុនមិនទាន់ឆ្លើយតបនឹងសំណើសំខាន់ៗរបស់កម្មករ។ អ្នកស្រីបាននិយាយថា កម្មករនៅតែទាមទារឱ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំ និងសមាជិកសហជីពដែលត្រូវបានបញ្ឈប់ការងារឱ្យចូលធ្វើការវិញដោយគ្មានលក្ខខណ្ឌ ព្រមទាំងទូទាត់សំណងឱ្យបានត្រឹមត្រូវតាមច្បាប់ការងារ។ 

អ្នកស្រីថ្លែងថា ៖ «គោលការណ៍ធំៗនៅមិនទាន់បានដោះស្រាយទេ។ បើក្រុមហ៊ុនព្រមដោះស្រាយតាមអ្វីដែលយើងទាមទារ វិវាទនេះអាចបញ្ចប់បាន»។ 

អ្នកស្រីបានបន្ថែមថា ការតវ៉ាអស់រយៈពេលជាច្រើនឆ្នាំ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពគ្រួសារ និងផ្លូវចិត្តរបស់កម្មករ។ «ខ្ញុំបាត់បង់ចំណូលទាំងស្រុង។ ឥឡូវនេះមានតែប្រាក់ចំណូលពីប្តីម្នាក់ប៉ុណ្ណោះដែលផ្គត់ផ្គង់គ្រួសារ។ បើគ្មានការជួយពីគ្រួសារ ខ្ញុំក៏ពិបាកដែរ»។ អ្នកស្រីបញ្ជាក់ថា ក្រុមកូដករនឹងបន្តការតវ៉ា រហូតដល់មានដំណោះស្រាយចំពោះសំណើរបស់ពួកគេ។ 

ពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការងារ ដែលថាក្រសួងបានព្យាយាមដោះស្រាយ ប៉ុន្តែក្រុមកូដករមិនទទួលយកដំណោះស្រាយ អ្នកស្រីបានចោទសួរថា តើដំណោះស្រាយនោះបានផ្អែកលើការអនុវត្តច្បាប់ពិតប្រាកដដែរឬទេ។ 

អ្នកស្រី បានអះអាងថា ការចរចាដែលមិនលើកយកបញ្ហារើសអើងសហជីពមកដោះស្រាយ គ្រាន់តែជាការបង្ហាញថាក្រសួងបានព្យាយាមសម្របសម្រួលប៉ុណ្ណោះ ប៉ុន្តែមិនអាចបញ្ចប់វិវាទបានទេ។ អ្នកស្រីបានអំពាវនាវដល់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ឱ្យជួយអន្តរាគមន៍ដោយផ្ទាល់ ដើម្បីស្វែងរកដំណោះស្រាយចំពោះវិវាទដែលអូសបន្លាយនេះ។ 

ប្រធានគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ បានប្រាប់ កាសែតខ្មែរ ថា ទោះបីក្រសួងការងារបានសម្របសម្រួលវិវាទនៅ NagaWorld ជាច្រើនលើកក៏ដោយ ក៏មិនទាន់អាចឈានដល់កិច្ចព្រមព្រៀងរវាងភាគីពាក់ព័ន្ធនៅឡើយ។ 

លោកមានប្រសាសន៍ថា៖ «គន្លឹះនៃវិវាទនៅ NagaWorld គឺពាក់ព័ន្ធនឹងសិទ្ធិសេរីភាពខាងសហជីព។ ប្រសិនបើមានការធានាឱ្យសហជីពអាចអនុវត្តសិទ្ធិសេរីភាព ហើយថ្នាក់ដឹកនាំសហជីពអាចចូលធ្វើការវិញ បញ្ហានេះគឺអាចត្រូវបានដោះស្រាយ»។ 

វិវាទការងារនៅ NagaWorld បានចាប់ផ្តើមនៅចុងឆ្នាំ២០២១ បន្ទាប់ពីក្រុមហ៊ុនប្រកាសបញ្ឈប់បុគ្គលិករាប់រយនាក់ ក្នុងអំឡុងពេលវិស័យកាស៊ីណូរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ សហជីព និងកម្មករបានអះអាងថា ការបញ្ឈប់ការងារនោះបានផ្តោតលើថ្នាក់ដឹកនាំ និងសកម្មជនសហជីព ខណៈក្រុមហ៊ុន NagaWorld បានបញ្ជាក់ថា ការរៀបចំបុគ្គលិកឡើងវិញ ។ 

ចាប់តាំងពីពេលនោះមក ការធ្វើកូដកម្ម និងការតវ៉ាបានបន្តកើតមានជាបន្តបន្ទាប់។ អាជ្ញាធរបានចាត់វិធានការលើអ្នកតវ៉ាមួយចំនួន រួមទាំងការចាប់ខ្លួន និងការប្តឹងសកម្មជនសហជីព ផងដែរ។ 

ជុំវិញវិវាទនេះ រដ្ឋាភិបាល និងក្រសួងការងារធ្លាប់បានអះអាងថា បានខិតខំសម្របសម្រួលដោះស្រាយតាមនីតិវិធីច្បាប់ ខណៈក្រុមហ៊ុន NagaWorld ក៏បានបញ្ជាក់ថា ការសម្រេចចិត្តពាក់ព័ន្ធនឹងការរៀបចំបុគ្គលិក ធ្វើឡើងស្របតាមច្បាប់៕