សេចក្តីថ្លែងការណ៍
ពលរដ្ឋកម្ពុជាបន្តចាញ់បោកមេខ្យល់ដែលសន្យានាំទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង
ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥
____________________________________
ពលរដ្ឋកម្ពុជាមួយចំនួននៅតែបន្តចាញ់បោកមេខ្យល់ ផ្សព្វផ្សាយ ប្រើល្បិចកុហកលួងលោម អូសទាញ ដោយសន្យាថា នាំទៅធ្វើការនៅបរទេសដែលមាន ការងារល្អ និងមានប្រាក់ឈ្នួលខ្ពស់។ ជាក់ស្ដែងកាលពី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះមានពលរដ្ឋកម្ពុជា ជាជនរងគ្រោះមកពី ខេត្ដផ្សេងៗគ្នាដូចជា៖ ព្រៃវែង តាកែវ កំពត កណ្ដាល ស្វាយរៀង ព្រះវិហារ កំពង់ចាម ក្រចេះ កំពង់ឆ្នាំង បាត់ដំបង និងរាជធានីភ្នំពេញ បានមានបំណងចំណាកស្រុកទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ចំនួន ៤៨នាក់ ក្នុងចំណោមជនរងគ្រោះប្រមាណ៣០០នាក់ផ្សេងទៀត បានមករាយការណ៍ និងស្នើសុំជំនួយ គាំទ្រពីអង្គការសង់ត្រាល់។ ពួកគាត់អះអាងថា “ បានចាញ់បោកមេខ្យល់ដែលបានឃោសនាផ្សព្វផ្សាយ ធានាថាជួយស្វែងរកការងារឱ្យធ្វើនៅប្រទេសកូរ៉េខាងត្បូងដែលនឹងទទួលបានប្រាក់ឈ្នួលខ្ពស់ប្រមាណ ១០០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយថ្ងៃ ”។
នាអំឡុង ខែកក្កដា ឆ្នាំ២០២៣ ក្រុមមេខ្យល់ និងបក្សពួកបានផ្សព្វផ្សាយ និងឡាយតាម បណ្តាញសង្គមហ្វេសប៊ុកដោយអះអាងថា “ ពួកគេមានក្រុមហ៊ុន សម្រាប់ផ្ដល់សេវាស្វែងរកការងារធ្វើនៅប្រទេស កូរ៉េខាងត្បូង ជូនពលរដ្ឋកម្ពុជា ដែលមានបំណងចំណាកស្រុកទៅរកការងារធ្វើ” ។ ក្រុមមេខ្យល់ និងបក្សពួកទាំងនោះបញ្ជាក់ថា“ អ្នកដាក់ពាក្យទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ត្រូវបង់ប្រាក់ក្នុងម្នាក់ ៤,០០០$ (បួនពាន់ដុល្លាសហរដ្ឋអាមេរិក) សម្រាប់ថ្លៃរត់ការទាំងអស់ តែត្រូវបង់មុននៅពេលដាក់ពាក្យចំនួន ២,០០០$ (ពីរពាន់ដុល្លាសហរដ្ឋអាមេរិក) និង ២,០០០$ (ពីរពាន់ដុល្លាសហរដ្ឋអាមេរិក) ទៀតនឹងត្រូវបង់នៅពេលបានទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង” ពួកគេសន្យាថា “ នឹងសងប្រាក់វិញ ប្រសិនបើមិនបានទៅធ្វើការនៅប្រទេសកូរ៉េក្នុងរយៈពេល៣ខែបន្ទាប់ពីបង់ប្រាក់ និងចុះកិច្ចសន្យា” ។
ដូច្នេះជនរងគ្រោះទាំងអស់បានទៅជួបមេខ្យល់នៅ ទីតាំងផ្ទះល្វែងមួយកន្លែងនៅរាជធានីភ្នំពេញ ហើយបានព្រមព្រៀង និងធ្វើកិច្ចសន្យា(តែជនរងគ្រោះភាគច្រើនមិនទទួលបានកិច្ចសន្យាមក រក្សា ទុកឡើយ)។ ជនរងគ្រោះទាំងអស់បានបង់ប្រាក់គ្រប់ៗគ្នាទៅឱ្យមេខ្យល់ ដោយផ្ញើរតាមរយៈគណនេយ្យ ធនាគារ។ ទឹកប្រាក់ដែលជនរងគ្រោះទាំង ៤៨នាក់ បានបង់ទៅឱ្យមេខ្យល់ និងបក្សពួករបស់ពួកគេ មានចំនួនជាង ២៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ផ្អែកតាមការស៊ីបអង្កេតរបស់អង្គការសង់ត្រាល់ មានជនរងគ្រោះសរុបទាំងអស់ ៣០០នាក់ បានចាញ់បោកមេខ្យល់អស់ទំហំទឹកប្រាក់ប្រាមាណ ៧៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។តែរហូតមកដល់ បច្ចុប្បន្នពួកគាត់មិនបានទៅធ្វើការនៅប្រទេសកូរ៉េដូចការសន្យាទេ ហើយក៏មិនទទួលបានប្រាក់សំណងត្រឡប់មកវិញដែរ។
ជនរងគ្រោះទាំងអស់កំពុងជួបការលំបាកជាខ្លាំង ដោយត្រូវបង់សងបំណុលដែលខ្ចីមកបង់ឱ្យ ទៅមេខ្យល់នោះ ខ្លះធ្លាក់ខ្លួនឈឺរាំរៃរហូតបាត់បង់អាយុជីវិត ខ្លះទៀតលក់ផ្ទះសម្បែង និងខ្លះរត់ចោល ស្រុកកំណើតព្រាត់ប្រាស់គ្រួសារដើម្បីរកប្រាក់សងបំណុល និងរាប់រងជីវភាពក្រុមគ្រួសារ។
សូមបញ្ជាក់ផងដែរថា ជនរងគ្រោះមួយចំនួន ក្នុងចំណោមជនរងគ្រោះទាំងអស់បានដាក់ពាក្យ ប្ដឹងទៅសាលាដំបូងខេត្ដកំពត ហើយមេខ្យល់ម្នាក់ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគាររហូតដល់សព្វថ្ងៃតែមេខ្លោង និងបក្សពួកផ្សេងទៀតមិនទាន់ចាប់ខ្លួនបាននៅឡើយ ហើយជនរងគ្រោះទាំងអស់ក៏មិនទាន់ ទទួលបានសំណងត្រឡប់មកវិញនៅឡើយដែរ។
ការស្នើសុំរបស់ជនរងគ្រោះ៖
- ស្នើសុំស្ថាប័នពាក់ព័ន្ធដូចជា តុលាការ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមានសមត្ថកិច្ច។ល។ ជួយដោះស្រាយ ស្វែងរកយុត្ដិធម៌ និងផ្ដល់សំណងដល់យើងខ្ញុំដែលជាជនរងគ្រោះ។
- ស្នើសុំស្ថាប័នពាក់ព័ន្ធដូចជា តុលាការ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមានសមត្ថកិច្ច។ល។ ជួយដោះស្រាយ និងពន្លឿនដំណើការនីតិវិធី ព្រោះយើងខ្ញុំដែលជាជនរងគ្រោះកំពុងជួបការលំបាកជាខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ខ្វះខាតថវិការសម្រាប់ផ្គត់ផ្គង់អាហារហូបចុក ការរស់នៅ ប្រចាំថ្ងៃ ជាពិសេសត្រូវសងបំណុលជាប្រចាំ។
- ជាចុងក្រោយក៏សូមផ្ដាំផ្ញើទៅដល់បងប្អូនទាំងអស់ ដែលមានបំណងទៅធ្វើការនៅបរទេសសូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយត្រូវឈ្វេងយល់ព័ត៌មានឱ្យបានត្រឹមត្រូវច្បាស់លាស់ចៀសវាង ចាញ់បោកក្រុមមេខ្យល់ទុច្ចរិត។
សង់ត្រាល់សូមអំពាវនាវ៖
ការចំណាកស្រុកទៅធ្វើការនៅបរទេសជាជម្រើស និងការស្វែងរក ឱកាសការងារមួយសម្រាប់ពលរដ្ឋកម្ពុជា ដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ សងបំណុល និងសន្សំសម្រាប់ដោះស្រាយបញ្ហានាពេលអនាគត។ ស្របពេលជាមួយគ្នានេះពលរដ្ឋកម្ពុជាដែលមាន បំណងចំណាកស្រុក ឬបានចំណាកស្រុកទៅធ្វើការនៅបរទេសមួយចំនួនបានជួបប្រទះបញ្ហាជាច្រើន ផងដែរនៅក្នុងដំណើការនេះ បញ្ហាសំខាន់ៗរួមមាន៖
១). តម្លៃសេវាខ្ពស់ក្នុងការស្វែងរកការងារធ្វើនៅបរទេស
២). ចំណាយពេលយូរក្នុងការដំណើរការស្វែងរកការងារធ្វើនៅបរទេស
៣). ដំណើរការមានភាពស្មុគស្មាញ និងគ្មានព័ត៌មានគ្រប់ជ្រុងជ្រោយ
៤). ប្រឈមនឹងការចាញ់បោក ក្រុមឆ្លៀតឱកាសដែលជាមេខ្យល់ខុសច្បាប់
បញ្ហាទាំងនេះបានបង្កផលលំបាកជាច្រើនដល់ពលរដ្ឋកម្ពុជា ដែលមានបំណងចំណាកស្រុក ឬបានចំណាកស្រុកទៅធ្វើការនៅបរទេស ហើយវាក៏បានជំរុញឱ្យពលរដ្ឋកម្ពុជា មួយចំនួន ចំណាក ស្រុក ទៅធ្វើការនៅបរទេសដោយប្រថុយប្រថានមិនមានឯកសារគ្រប់គ្រាន់ ហើយខ្លះបានចាញ់ បោក ឧក្រិដ្ឋជនដែលជាមេខ្យល់ បានផ្សព្វផ្សាយអះអាងធានាថាជួយស្វែងរកការងារនៅបរទេស ជូនពលរដ្ឋកម្ពុជា ។
អនុសាសន៍៖
- ស្ថាប័នពាក់ព័ន្ធរួមមាន៖ រាជរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ត្រូវបង្កើនការផ្សព្វផ្សាយ ពីសិទ្ធិ ច្បាប់ គោលនយោបាយ និងព័ត៌មានគ្រប់ជ្រុងជ្រោយ អំពីការចំណាកស្រុកទៅធ្វើការនៅ បរទេសដោយសុវត្ថិភាព។
- ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរ មានសមត្ថកិច្ច ដែលផ្ដល់សេវាក្នុងដំណើការចំណាកស្រុកទៅ ធ្វើការនៅបរទេស គួរដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់ពលករដូចជា៖ តម្លៃសេវាខ្ពស់ ការចំណាយពេលយូរ ភាពស្មុគស្មាញនៃដំណើរការ និង ការចាញ់បោកមេខ្យល់ខុសច្បាប់។
- ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តល់សេវាគាំទ្រផ្នែកច្បាប់ជំរុញឱ្យទទួលបាន យុត្តិធម៌ និងការពារសិទ្ធិ ដល់ពលករចំណាកស្រុកដែលរងគ្រោះពីការឆបោកក្នុងដំណើរការ ជ្រើសរើស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម អំពើជួញដូរមនុស្ស និងការរំលោភបំពានគ្រប់រូបភាព។
- ស្ថាប័នពាក់ព័ន្ធរួមមាន៖ រាជរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ត្រូវចូលរួមចំណែក ជំរុញផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបង្កើតមុខរបរក្នុងស្រុកដល់ប្រជាជនកម្ពុជា និងអតីតពលករចំណាកស្រុកដែលវិលត្រលប់មកមាតុភូមិវិញ។
_____________________________________________________________
ទំនាក់ទំនងព័ត៌មានបន្ថែម៖
១. លោក ឃុន ថារ៉ូ
ប្រធានគ្រប់គ្រងផ្នែកកម្មវិធី នៃអង្គការសង់ត្រាល់
ទូរស័ព្ទលេខ៖ +៨៥៥ ៩៣ ៥៥៦ ៦៧១
២. លោក ឌី ថេហូយ៉ា
ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់
ទូរស័ព្ទលេខ៖ +៨៥៥ ៩៣ ៥៥៦ ៦៣១