ភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ ៖ នៅថ្ងៃនេះ អង្គការសង្គមស៊ីវិល សមាគម និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងដៃគូអភិវឌ្ឍន៍ផ្សេងៗ បានរួមគ្នារៀបចំព្រឹត្តិការណ៍ដើម្បីរំលឹកខួបលើកទី៣១ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក។ ដោយមានអ្នកចូលរួមប្រហែល ២២២នាក់ រួមមានអ្នកសារព័ត៌មាន អ្នកតំណាងអង្គការសង្គមស៊ីវិល យុវជន និងភាគីពាក់ព័ន្ធផ្សេងៗទៀត បានចូលរួមព្រឹត្តិការណ៍នេះដោយផ្ទាល់ និងតាមរយៈការផ្សាយផ្ទាល់នៅលើអនឡាញ ដើម្បីចូលរួមអបអរសាទរតួនាទីដ៏សំខាន់នៃសារព័ត៌មាន ក្នុងការចូលរួមដោះស្រាយវិបត្តិបរិស្ថាន។
ឆ្នាំនេះ ប្រធានបទ នៃទិវាសេរីភាពសារព័ត៌មានពិភពលោកគឺផ្តោតសំខាន់លើ «សារព័ត៌មានសម្រាប់ភពផែនដី៖ សារព័ត៌មានក្នុងបរិបទនៃវិបត្តិបរិស្ថាន» ដែលសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃសារព័ត៌មានសេរីនិងឯករាជ្យ ក្នុងការដោះស្រាយបញ្ហាប្រឈមនៃបរិស្ថាន។ ជាការពិតណាស់ អ្នកសារព័ត៌មានដើរតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ ដើម្បីធ្វើឱ្យអាជ្ញាធរមានគណនេយ្យភាព និងជំរុញឱ្យមានដំណោះស្រាយ។
នៅកម្ពុជា អ្នកសារព័ត៌មានដែលរាយការណ៍អំពីបញ្ហាបរិស្ថានតែងតែប្រឈមនឹងការគំរាមកំហែង ការយាយី និងអំពើហិង្សា។ យោងតាមរបាយការណ៍ចុងក្រោយរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ស្តីពី «ស្ថានភាពសារព័ត៌មានកម្ពុជា» គឺមានករណីយាយីចំពោះអ្នកសារព័ត៌មានចំនួន ៣២ករណីដែលបានកត់ត្រានៅក្នុងឆ្នាំ២០២៣ រួមទាំងករណីគំរាមកំហែងផ្លូវច្បាប់ចំនួន ១៥ ករណី។ ក្នុងនោះមានករណីចំនួន ៧ ក្នុងចំណោម ៣២ ករណីដែលជាប់ទាក់ទងទៅនឹងការរាយការណ៍អំពីបញ្ហាបរិស្ថាន។ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤ ខេមបូចា ក៏បានកត់ត្រាករណីយារយីអ្នកសារព័ត៌មានចំនួន១០ករណី ក្នុងនោះមាន៧ករណីនៃការគំរាមកំហែងផ្លូវច្បាប់។
ស្រដៀងគ្នានេះដែរ យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) សមាគមអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាព ស្តីពី «ការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា» មានអ្នកសារព័ត៌មានចំនួន២៦នាក់ បានប្រឈមមុខនឹងការរឹតបន្តឹង ឬការដាក់ទណ្ឌកម្មចំពោះការចុះបំពេញការងាររបស់ខ្លួននៅឆ្នាំ២០២៣។ អ្នកសារព័ត៌មានត្រូវបាននាំយកមកសួរនាំ បន្ទាប់ពីពួកគេបានធ្វើការស៊ើបអង្កេត ឬរាយការណ៍អំពីបញ្ហាសង្គម ដូចជា សកម្មភាពអាជីវកម្មខុសច្បាប់ អំពើពុករលួយ និងជម្លោះដីធ្លីជាដើម។