សេចក្តីថ្លែងការណ៍រួម
ការផ្តន្ទាទោសដាក់ពន្ធនាគារ ៧ ឆ្នាំលើ យុវជន ធី ថន ជាទណ្ឌកម្មធ្ងន់ធ្ងរចំពោះ
ភាពសកម្មនិយមរបស់យុវជនក្នុងកិច្ចការងារសង្គម
ចេញផ្សាយថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៦
តុលាការបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៧ ឆ្នាំ ចំពោះយុវជន ធី ថន អាយុ ២៥ ឆ្នាំដែលជាអនុប្រធាននៃសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ដោយសាលក្រមត្រូវបានប្រកាសកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ពីបទ រួមគំនិតក្បត់ យោងតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ។ ការផ្តន្ទាទោសនេះហាក់ដូចជាទណ្ឌកម្មមួយដ៏ធ្ងន់ធ្ងរ ដោយមិនមានហេតុផលសមស្របណាមួយដែលអាចទទួលយកបាន ប៉ុន្តែប្រៀបដូចជាការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើភាពសកម្មនិយមរបស់យុវជន ធី ថន ទៅវិញ ។ យើងខ្ញុំជាក្រុមសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយជាខ្លាំងចំពោះការផ្តន្ទាទោសនេះ ហើយសូមអំពាវនាវឱ្យតុលាការ ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងយុវជន ធី ថន ដោយគ្មានលក្ខខណ្ឌ ។
កាលពីខែសីហា ឆ្នាំ២០២៤ លោក ធី ថន ត្រូវបានអាជ្ញាធរចាប់ខ្លួន ពាក់ព័ន្ធព្រឹត្តិការណ៍នៃសកម្មភាពរិះគន់ និងតវ៉ាជាសាធារណៈ ជាពិសេសតាមបណ្តាញសង្គម ជំទាស់នឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA) ។ ក្រោយមកកិច្ចព្រមព្រៀងនោះត្រូវបានរដ្ឋសភា និងរាជរដ្ឋាភិបាលសម្រេចដកខ្លួនចេញ ។ យុវជន ធី ថន ស្ថិតក្នុងចំណោមមនុស្សជាង ៦០ នាក់ ដែលត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន ពាក់ព័ន្ធព្រឹត្តិការណ៍ជំទាស់នឹងកិច្ចព្រមព្រៀងខាងលើនេះ ។ បច្ចុប្បន្ននេះ ថន គឺជាយុវជនមួយរូបនៅតែមានស្មារតីរឹងមាំ និងតស៊ូរស់នៅក្នុងពន្ធនាគារ ទោះបីជាសំណើសុំនៅក្រៅឃុំ និងសំណើសុំដោះលែងរបស់លោក តែងតែត្រូវបានសាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល បដិសេធ ជាបន្តបន្ទាប់អស់រយៈពេលជាង ២ ឆ្នាំកន្លងមកក៏ដោយ ។
យុវជន ធី ថន ត្រូវបានគេស្គាល់ថាជាសកម្មជនសង្គមមួយរូប ដែលបានចូលរួមក្នុងកិច្ចការងារសង្គម និងសកម្មភាពការពារបរិស្ថានជាច្រើន ដូចជាស្នើសុំឱ្យដោះលែងថ្នាក់ដឹកនាំសហជីពលោក រ៉ុង ឈុន សកម្មជន យុវជនទាំង ៥ រូប នៃចលនាមាតាធម្មជាតិ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) លោក កើត សារ៉ាយ និងចូលរួមក្នុងយុទ្ធនាការរបស់ចលនាមាតាធម្មជាតិក្នុងការបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ បញ្ឈប់ការលុបបឹងធម្មជាតិ បញ្ឈប់ការបូមខ្សាច់ យុទ្ធនាការស្នើសុំដាក់កោះកុងក្រៅជាឧទ្យានជាតិ ក៏ដូចជាចូលរួមក្នុងការអប់រំ និងផ្សព្វផ្សាយអំពីសិទិ្ធពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ។
ការផ្តន្តាទោសដាក់ពន្ធនាគាររយៈពេល ៧ ឆ្នាំ លើយុវជន ធី ថន គឺជាការដាក់ទោសដោយមិនត្រឹមត្រូវ និងអយុត្តិធម៌យ៉ាងខ្លាំង ទោះបីជានៅក្នុងអំឡុងពេលសវនាការសាធារណៈ តុលាការហាក់មិនមានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុកលើរូបលោក ពាក់ព័ន្ធនឹងបទចោទ រួមគំនិតក្បត់ ក៏ដោយ ។ ផ្ទុយទៅវិញ យើងខ្ញុំយល់ថា ការផ្តន្ទាទោសដាក់ពន្ធនាគារនេះ គឺមិនគួរធ្វើឡើងចំពោះពលរដ្ឋទាំងអស់ដែលអនុវត្តសិទ្ធិជាមូលដ្ឋាន ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិដែលប្រទេសកម្ពុជាទទួលស្គាល់ ក្នុងការបញ្ចេញនូវទស្សនៈ មតិ យោបល់ របស់ពួកគេចំពោះបញ្ហាដែលកើតមានឡើងនៅក្នុងសង្គម ។ រាជរដ្ឋាភិបាលត្រូវតែគោរពសិទិ្ធរបស់ពលរដ្ឋ ភាពសកម្មនិយមចំពោះកិច្ចការពារបរិស្ថាន និងសង្គមមិនមែនជាបទឧក្រិដ្ឋនោះទេ គឺជាការអនុវត្តសិទ្ធជាមូលដ្ឋាន ។ គ្រប់សកម្មជនទាំងអស់មានសិទ្ធិបញ្ចេញមតិ យោបល់ ទស្សនៈ និងធ្វើសកម្មភាពជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ ។
យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់តុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងអស់ ដោះលែងយុវជន ធី ថន និងសកម្មជនសិទិ្ធមនុស្ស បរិស្ថាន និងសង្គម ដទៃទៀត ដោយឥតលក្ខខណ្ឌ បញ្ឈប់ការធ្វើទុកបុកម្នេញ ហើយនិងធានាថា សកម្មជនសិទិ្ធមនស្ស សកម្មជនបរិស្ថាននិងសង្គម សកម្មជនព្រៃឈើ និងប្រជាពលរដ្ឋ មានលំហសេរីភាពពេញលេញ ក្នុងការអនុវត្តសិទិ្ធជាមូលដ្ឋានរបស់ខ្លួន ក្នុងការបញ្ចេញមតិ ប្រមូលផ្តុំ និងជួបជុំ ៕
សេចក្តីថ្លែងការណ៍រួមនេះចូលរួមគាំទ្រដោយ ៖
1. សហគមន៍ដីធ្លី១៩៧ (កោះកុង)
2. សហគមន៍ បឹងពីរ (បាត់ដំបង)
3. សហគមន៍បុស្សស្នោ (ត្បូងឃ្មុំ)
4. សហព័ន្ធសហជីពកម្ពុជា (CATU)
5. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
6. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
7. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
8. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)
9. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
10. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
11. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
12. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)
13. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
14. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
15. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៍នៅកម្ពុជា (COMFREL)
16. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
17. សហគមន៍ដកពរ (កំពង់ស្ពឺ)
18. អង្គការសមធម៌កម្ពុជា (EC)
19. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
20. សហគមន៍ព្រៃឈើក្បាលខ្លា (កំពង់ធំ)
21. សហគមន៍ឃ្លាំងទឹក ៧៨ (សៀមរាប)
22. សហគមន៍ជនជាតិភាគតិចកួយ ភូមិប្រើសក្អក (ព្រះវិហារ)
23. សហគមន៍ជនជាតិដើមភាគតិចកួយឃុំងន (កំពង់ធំ)
24. សហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរុ (ព្រះវិហារ)
25. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)
26. សហគមន៍ដីធ្លី (ប៉ៃលិន)
27. សហគមន៍ឡពាង (កំពង់ឆ្នាំង)
28. ចលនាមាតាធម្មជាតិ (MNC)
29. សហគមន៍តំបន់ការពារធម្មជាតិឧត្តមស្រែពស់ (កំពង់ស្ពឺ)
30. Not1More (N1M)
31. អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED)
32. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP)
33. សហគមន៍ភ្នំក្រោម (សៀមរាប)
34. សហគមន៍ពង្រកជ័យល័ក្ខ (កំពត)
35. សហគមន៍ព្រៃឈើពេជចង្វាល្អឆើត (កំពង់ឆ្នាំង)
36. បណ្តាញសហគមន៍ព្រៃឡង់ (PLCN)
37. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
38. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
39. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
40. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
41. អង្គការសមាគមធាងត្នោត (ស.ធ.ត)
42. សហគមន៍ដីធ្លីស្រែប្រាំង (ត្បូងឃ្មុំ)
43. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
44. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
45. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
46. សហគមន៍ព្រៃឈើត្រពាំងចាន់ (កំពង់ឆ្នាំង)
47. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)