ស្នើសុំដោះលែង និងទម្លាក់ចោលបទចោទ លើ​អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនការពារបរិស្ថាន​ លោក កើត សារ៉ាយ

ចន្ទ ១កើត ខែចេត្រ ឆ្នាំថោះ ព.ស. ២៥៦៧ (08 មេសា 2024)

សេចក្តីថ្លែងការណ៍រួម

ស្នើសុំដោះលែង និងទម្លាក់ចោលបទចោទ

លើ​អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនការពារបរិស្ថាន​

លោក កើត សារ៉ាយ

រាជធានីភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤

ក្រុមយុវជន សហគមន៍មូលដ្ឋាន សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ មានការសោកស្តាយ ជាខ្លាំងចំពោះការចាប់ឃុំខ្លួនលោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) និងជាអ្នកការពារសិទ្ធិមនុស្សដ៏សកម្មមួយរូប។

សូមបញ្ជាក់ថាលោក កើត សារ៉ាយ ត្រូវបានមន្ត្រីនគរបាលរាជធានីភ្នំពេញចូលចាប់ខ្លួន ខណៈលោក កំពុងបំពេញការងារនៅការិយាល័យ រួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវេលា ម៉ោង១៥.៤៥នាទី កាលពីថ្ងៃទី០៥ ខែមេសាឆ្នាំ២០២៤ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ដែលក្នុងដីកានោះបានត្រឹមបញ្ជាក់ ថាពាក់ព័ន្ធករណី ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចាប់ខ្លួននេះធ្វើឡើងដោយមិន បានផ្តល់ព័ត៌មានជាក់លាក់ អំពីបទចោទប្រកាន់ទៅកាន់លោកកើត សារ៉ាយ និងក្រុមគ្រួសាររបស់ លោកឡើយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសារដំបូងរាជធានីភ្នំពេញ បានប្រកាសថាលោក កើត សារ៉ាយក៏បានប្រឈមនឹងការចោទប្រកាន់បន្ថែមពីបទ មិនរាងចាលក្នុងបទមជ្ឈឹមបន្ទាប់ពីផ្តន្ទាទោសបទមជ្ឈឹម ព្រមទាំងបានឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃសនៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។

ការឃាត់ខ្លួន និងឃុំខ្លួន លោកកើត សារ៉ាយ  គឺជាការបន្តបិទសំឡេង និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងបង្ក្រាបទៅលើសកម្មជនសិទិ្ធមនុស្ស និងបរិស្ថាន​​ ដែលនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទិ្ធសេរីភាព ជាមូលដ្ឋានដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។ ការផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន ជាពិសេសការបញ្ចេញមតិពីវិវាទដីធ្លីក្នុងខេត្តព្រះវិហារ គឺជាការខ្វាយខ្វល់ចំពោះបញ្ហាជីវភាពរបស់ពលរដ្ឋ និងពាំនាំក្ដីកង្វល់របស់ពួកគេដើម្បីជំរុញឱ្យអាជ្ញាធរដោះស្រាយបញ្ហាល់ពលរដ្ឋប៉ុណ្ណោះ។ ការបញ្ចេញមតិរបស់លោកគួរត្រូវបានចាត់ទុកថាជាការជួយដល់អាជ្ញាធរក្នុងការដោះស្រាយបញ្ហាជាជាងការ​​ញុះញង់។ បន្ថែមលើសពីនេះការចាប់ខ្លួនសកម្មជននៅកៀកថ្ងៃនៃការប្រារព្ធ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ គឺរឹតតែធ្វើឱ្យលោកបាត់បង់នូវសិទ្ធិសេរីភាពជួបជុំសមាជិកក្រុមគ្រួសារអំឡុង ពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ដែលពលរដ្ឋខ្មែរគ្រប់រូបចាត់ទុកថាជាឱកាសដ៏វិសេសវិសាលក្នុងការ ជួបជុំគ្រួសារផងដែរ។

សូមរំលឹកថាកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ លោក កើត សារ៉ាយ ដែលជាអតីតព្រះសង្ឃក៏ធ្លាប់ត្រូវបាន អាជ្ញាធរចាប់ព្រះកាយហើយផ្សឹក នៅពេលធ្វើការតស៊ូមតិស្នើសុំឱ្យដោះលែងថ្នាក់ដឹកនាំសហជីពលោករ៉ុង ឈុន។

សារ៉ាយ ត្រូវបានកាត់ទោសរួមជាមួយយុវជនជាអតីតសកម្មជនសង្គមចំនួន១៣នាក់ផ្សេងទៀតដោយសារ គ្រានោះលោកត្រូវបានតុលាការរាជធានី ភ្នំពេញចោទប្រកាន់ពីបទញុះញង់តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។ លោកត្រូវ​បាន​តុលាការ​កាត់ទោសឱ្យជាប់ ពន្ធនាគារ២០ខែ ប៉ុន្តែបន្ទាប់ពីអនុវត្តទោសបានមួយឆ្នាំបួនខែ ទោសនេះក៏ត្រូវបានព្យួររយៈពេល៦ខែ។ លោកត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។​ ការ​ផ្តន្ទា​ទោស​លោក​ សារ៉ាយ​ និង​សកម្មជន​យុវជន​ ៨​ នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​តុលាការ​កំពូល​តម្កល់​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០២៣។

យើងទាំងអស់គ្នាជាក្រុមយុវជន សហគមន៍ សហជីព សមាគម អង្គការសង្គមស៊ីវិលជាតិសូមអំពាវនាវដល់ សាលាដំបូងរាជធានីភ្នំពេញមេត្តាទម្លាក់ចោលបទចោទ និងដោះលែងសកម្មជនសិទិ្ធមនុស្ស និងបរិស្ថានលោកកើតសារ៉ាយ ជាបន្ទាន់និងឥតលក្ខខណ្ឌ និងបើកចំហសេរីភាពក្នុងការបញ្ចេញមតិ ឱ្យបានពេញលេញដល់ពលរដ្ឋ ដែលខ្វល់ខ្វាយ ពីបញ្ហាសង្គម។ យើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវដល់អាជ្ញាធររដ្ឋ មេត្តាគោរពនិងបើកចំហលំហសេរីភាពអង្គការ សមាគម គោរពសិទ្ធិមនុស្ស គោរពសិទ្ធិអ្នកការពារសិទ្ធិមនុស្ស និងលើកកម្ពស់សេរីភាពបញ្ចេញមតិដើម្បីចូលរួម ស្ថាបនាប្រទេសជាតិ៕