សេចក្តីថ្លែងការណ៍រួម៖ កូដកម្មបង្អត់​អាហាររបស់កញ្ញា សេង ធារី បង្ហាញពីការជាប់ឃុំដោយអយុត្តិធម៌

អង្គារ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ ព.ស. ២៥៦៩ (10 មិថុនា 2025)

សេចក្តីថ្លែងការណ៍រួម 

កូដកម្មបង្អត់​អាហាររបស់កញ្ញា សេង ធារី បង្ហាញពីការជាប់ឃុំដោយអយុត្តិធម៌

ចេញផ្សាយថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៥

 

កញ្ញា សេង ធារី  ដែលជាមេធាវី​សិទ្ធិមនុស្ស ជាអតីតថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល​ និងជាសកម្មជននយោបាយគណបក្សជំទាស់ដ៏មានប្រជាប្រិយភាពមួយ​រូប​ កំពុងធ្វើកូដកម្មបង្អត់អាហារជាលើកទី៤ ក្នុងពន្ធនាគារ ​ចាប់តាំងពី​កញ្ញាបានជាប់ឃុំកាលពីខែមិថុនា ឆ្នាំ២០២២  ។ ផលប៉ះពាល់នៃការបង្អត់អាហារខ្លួនឯង ទៅលើសុខុមាលភាពរបស់កញ្ញា ធារី អាចមានទំហំធំធេង ហើយ​យើងខ្ញុំ​ពិតជាមានការព្រួយបារម្ភ​យ៉ាងខ្លាំងចំពោះសុខភាព​របស់កញ្ញា​  ។  ការបន្តឃុំខ្លួនកញ្ញា​ គឺកាន់តែធ្វើ​ឱ្យបញ្ហា​​សុខភាព​​របស់កញ្ញា កាន់តែធ្ងន់ធ្ងរឡើងៗ ។

 

កូដកម្មបង្អត់អាហាររបស់​កញ្ញា ធារី គឺមានរយៈពេល ១៤ថ្ងៃ ដោយកំណត់ធ្វើរហូតដល់ថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ២០២៥ ដើម្បីគម្រប់ខួប​រយៈពេលបីឆ្នាំ ដែលកញ្ញាបានជាប់នៅក្នុងពន្ធនាគារ ។ ការធ្វើកូដកម្មនេះ ក៏ត្រូវបានធ្វើឡើង ក្នុងគោលបំណង​ ដើម្បីឱ្យមានការយកចិត្តទុកដាក់​ ចំពោះការជាប់ឃុំរបស់កញ្ញាផ្ទាល់ ក៏ដូចជាអំពាវនាវឱ្យមានការដោះលែងសកម្មជននយោបាយ និងអ្នកការពារសិទ្ធិមនុស្សទាំងអស់​ ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារដោយអយុត្តិធម៌ ។

 

កញ្ញា ធារី  ដែលមានសញ្ជាតិខ្មែរ-អាមេរិកាំង ត្រូវបានតុលាការ​ផ្តន្ទាទោស ក្នុងសំណុំរឿងដ៏ធំមួយ ជាមួយនឹងសកម្មជនគណបក្សជំទាស់ជាច្រើននាក់ផ្សេងទៀត ដោយត្រូវបានតុលាការកំណត់ទោសរយៈពេល ៦ឆ្នាំ ក្នុងពន្ធនាគារពីបទ ញុះញង់ និងរួមគំនិតក្បត់ ។ កញ្ញា ធារី ត្រូវបានចាប់ខ្លួននៅ​ខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ​ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ខណៈពេលដែលកញ្ញាកំពុងតវ៉ាដោយអហិង្សាចំពោះបទចោទប្រកាន់ទាំងនោះ ដោយស្លៀកសម្លៀកបំពាក់ជារូប​សំណាកនៃសេរីភាព ។ ក្រុមការងារ​​អង្គការសហប្រជាជាតិ ​ស្ដីពី​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​ បានលើកឡើងថា ការឃុំខ្លួនកញ្ញា ធារី គឺព្រោះតែការអនុវត្តសិទ្ធិសេរីភាពរបស់កញ្ញា ក្នុងការបញ្ចេញមតិ ការប្រមូលផ្តុំ និងបង្កើតសមាគមដោយសន្តិវិធីរបស់កញ្ញា ហើយចាត់ទុកការឃុំខ្លួន​នេះ ជាសកម្មភាពដែលមិនត្រឹមត្រូវ​ និងជាការរើសអើងផ្នែកនយោបាយ ។

 

យើងខ្ញុំ​គាំទ្រ​ដល់​ការ​អំពាវនាវ​ក្រុម​ការងារអង្គការសហប្រជាជាតិ​ស្ដីពី​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត និងស្នើសុំឱ្យរាជរដ្ឋាភិបាល សូមបញ្ឈប់ការរឹតត្បិតសេរីភាព​របស់កញ្ញា ធារី និងសូមដោះលែងកញ្ញា ធារី ជាបន្ទាន់ និងឥតលក្ខខណ្ឌ ។ យើងខ្ញុំនឹងនៅបន្តឈរជាមួយនឹងកញ្ញា ធារី សង្ឃឹមថាកញ្ញានឹងមានសុខភាពល្អ ហើយសង្ឃឹមថាសកម្មភាពរបស់កញ្ញា នឹងនាំមកនូវយុត្តិធម៌ចំពោះសកម្មជននយោបាយ និងអ្នកការពារសិទ្ធិមនុស្សគ្រប់រូបទាំងអស់ ដែលត្រូវបានជាប់ឃុំយ៉ាងអយុត្តិធម៌​ក្នុងពន្ធនាគារ​ ៕

 

សេចក្តីថ្លែងការណ៍រួមនេះចូលរួមគាំទ្រដោយ៖

  1. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
  2. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
  3. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិនុស្ស លីកាដូ (LICADHO)
  4. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)
  5. អង្គការសមធម៌កម្ពុជា (EC)
  6. អង្គការសមាគមធាងត្នោត (សធត)