សូមដោះលែងលោក ជា វុទ្ធី និងលុបចោលទោសជាប់ពន្ធនាគារ ១៨ ខែ  ពាក់ព័ន្ធនឹងការជជែកតាមកម្មវិធីផ្ញើសារជាឯកជន

ព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមីរ ព.ស. ២៥៧០ (20 សីហា 2026)

សេចក្តីថ្លែងការណ៍រួម
សូមដោះលែងលោក ជា វុទ្ធី និងលុបចោលទោសជាប់ពន្ធនាគារ ១៨ ខែ 
ពាក់ព័ន្ធនឹងការជជែកតាមកម្មវិធីផ្ញើសារជាឯកជន

រាជធានីភ្នំពេញ, ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ — យើងខ្ញុំជាអង្គការសង្គមស៊ីវិលដូចមានរាយនាមខាងក្រោមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសាលក្រមប្រកាសនៅថ្ងៃ១៩ ខែសីហា ឆ្នាំ២០២៦ ដោយសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសលោក ជា វុទ្ធី ជាអ្នកសារព័ត៌មានពលរដ្ឋ និងសកម្មជនសង្គមមួយរូប ឱ្យជាប់ពន្ធនាគាររយៈពេល១៨​ ខែ និងពិន័យជាប្រាក់ ២,០០០,០០០ រៀល (ប្រហែល៥០០ដុល្លារអាម៉េរិក) ពាក់ព័ន្ធនឹងសារមួយដែលបានផ្ញើនៅក្នុងក្រុមកម្មវិធីផ្ញើសារឯកជន (ក្រុម Messenger) មួយកាលពីខែសីហា ឆ្នាំ២០២៥ កន្លងមក ។

យើងខ្ញុំអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធដោះលែង ព្រះសង្ឃ ជា​ វុទ្ធី​ ជាបន្ទាន់ និងទម្លាក់បទចោទប្រកាន់លើលោកពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម”  និងស្នើចំពោះអាជ្ញាធរធានាថាករណី​របស់លោក ជា វុទ្ធី ត្រូវបានត្រួតពិនិត្យ​ដោយ​អនុលោមទៅតាមកាតព្វកិច្ចសិទិ្ធមនុស្សជាតិ និងអន្តរជាតិនៅក្នុងប្រទេសកម្ពុជា​ ។

ព្រះសង្ឃ ជា វុទ្ធី មានព្រះជន្ម ២៧ វស្សា ត្រូវបានចាប់ខ្លួន ចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងត្រូវបានកាត់ទោសដោយផ្អែកលើការបញ្ចេញមតិយោបល់នៅក្នុងផ្ញើសារ Messenger ឯកជនមួយ ។ មតិយោបល់នោះបានសំដៅទាក់ទងនឹងទឹកដីក្នុងខេត្តមួយចំនួន ស្ថិតក្នុងបរិបទនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ដែលការលើកឡើងនេះក្លាយជាភស្តុតាងតែមួយគត់បង្ហាញសម្រាប់ការចោទប្រកាន់ទៅលើលោក។ លោក ជា វុទ្ធី បានទទួលស្គាល់ថាពិតជាបានបញ្ចេញមតិយោបល់នោះនៅក្នុងក្រុមឯកជនដែលមានសមាជិកប្រមាណ ២០ នាក់ ប៉ុន្តែបានបដិសេធថាមិនបានបង្ហោះមតិយោបល់នោះជាសាធារណៈឡើយ ។

កម្ពុជា ជារដ្ឋភាគីនៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ក.អ.ស.ព.ន) ដែលបានធានានូវសិទ្ធិសេរីភាពនៃការបញ្ចេញមតិតាមមាត្រា១៩ ។ បទប្បញ្ញត្តិនេះធានាដល់មនុស្សគ្រប់រូបនូវសិទ្ធិក្នុងការមានមតិយោបល់ដោយគ្មានការជ្រៀតជ្រែក និងសិទ្ធិស្វែងរក ទទួល និងផ្សព្វផ្សាយព័ត៌មាន និងគំនិតគ្រប់ប្រភេទដោយសេរី ។

មាត្រា ១៩(៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ក.អ.ស.ព.ន) ទទួលស្គាល់ថា ការដាក់កម្រិតលើសេរីភាពនៃការបញ្ចេញមតិអាចត្រូវបានអនុញ្ញាត ដោយត្រូវបំពេញតាមលក្ខខណ្ឌសំខាន់ចំនួនបី៖ (១)មានចែងក្នុងច្បាប់ (២) ត្រូវមានគោលបំណងស្របច្បាប់ ជាពិសេសដើម្បីការពារសិទ្ធិ ឬកេរ្តិ៍ឈ្មោះរបស់អ្នកដទៃ ឬការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាពសាធារណៈ ឬសីលធម៌ និង (៣) ត្រូវមានភាពចាំបាច់ និងសមាមាត្រ ដើម្បីសម្រេចបាននូវគោលបំណងស្របច្បាប់នោះ ។

ការផ្តន្ទាទោសចំពោះលោក ជា វុទ្ធី មិនបានបំពេញតាមលក្ខខណ្ឌទាំងនេះឡើយ ។ មតិយោបល់នោះចែករំលែកតែនៅក្នុងក្រុម Messenger ឯកជនមួយដែលមានសមាជិកប្រមាណ ២០ នាក់ មិនមែននៅក្នុងវេទិកាសាធារណៈឡើយ។ ទំហំការចែកចាយ និងផលប៉ះពាល់ដែលអាចកើតមានពីសារឯកជនមួយនៅក្នុងក្រុមតូចបែបនេះ មិនអាចចាត់ទុកដោយសមហេតុផលថា មានភាពធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីជាមូលដ្ឋានសម្រាប់ការវិនិច្ឆ័យឡើយ ជាពិសេសមិនគួរឈានដល់ការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ ខែនោះទេ ។

យើងខ្ញុំជឿជាក់ថា ការផ្តន្ទាទោស និងការដាក់ទោសចំពោះលោក ជា វុទ្ធី បង្ហាញអំពីការរំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា១៩ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ក.អ.ស.ព.ន) និងបានប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់កម្ពុជាក្រោមអនុសាសន៍នៃការពិនិត្យជាសកលតាមកាលកំណត់ (យូភីអ) ជុំទី៤ស្តីពីសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ។

យើងខ្ញុំសូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធឱ្យដោះលែងលោក ជា វុទ្ធី និងទម្លាក់បទចោទប្រកាន់ ដើម្បីអនុញ្ញាតឱ្យលោកអាចបន្តការងារ និងសកម្មភាពសង្គមដោយសេរីវិញ ៕

សេចក្តីថ្លែងការណ៍រួមនេះបានចូលរួមគាំទ្រដោយ៖
    1. សហគមន៍ព្រៃឈើ ១៨៥កាធីតាចំបក់ធំ (កំពង់ឆ្នាំង)
    2. សហគមន៍ដីធ្លី១៩៧ (កោះកុង)
    3. Asia Human Rights and Labour Advocates (AHRLA)
    4. វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API)
    5. សហគមន៍អណ្តូងត្របែក (ស្វាយរៀង)
    6. សហគមន៍ បឹងពីរ (បាត់ដំបង) 
    7. សហគមន៍បឹងប្រាំ (បាត់ដំបង)
    8. សហគមន៍បុស្សស្នោ (ត្បូងឃ្មុំ) 
    9. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
    10. សហព័ន្ធសហជីពកម្ពុជា (CATU)
    11. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (ស៊ីស៊ីអាយអ៊ឹម)
    12. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
    13. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
    14. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)
    15. សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)
    16. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
    17. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
    18. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)
    19. សហគមន៍ដីធ្លីជីខក្រោម (កោះកុង) 
    20. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៍នៅកម្ពុជា (COMFREL)
    21. អង្គការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (CMPO)
    22. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
    23. អង្គការបណ្តុះបណ្តាលសហគមន៍ដើម្បីអភិវឌ្ឍន៍ (CTOD)
    24. សហគមន៍ដកពរ (​កំពង់ស្ពឺ)
    25. អង្គការសមធម៌កម្ពុជា (EC)
    26. សហគមន៍ជន​ជាតិភាគតិចកួយ ភូមិប្រើសក្អក (ព្រះវិហារ)
    27. សហគមន៍ជនជាតិដើមភាគតិចកួយឃុំងន (កំពង់ធំ)  
    28. ­­សហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរុ (ព្រះវិហារ)
    29. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏  (LRSU)
    30. សហគមន៍ដីធ្លី (ប៉ៃលិន)
    31. សហគមន៍ឡពាង (កំពង់ឆ្នាំង)
    32. សហគមន៍មានជ័យ (ស្វាយរៀង) 
    33. សហគមន៍តំបន់ការពារធម្មជាតិឧត្តមស្រែពស់ (កំពង់ស្ពឺ)
    34. សហគមន៍អូរបាត់មាន់ (ឧត្តរមានជ័យ)
    35. ក្លឹបអ្នកសារព័ត៌មានបរទេសប្រចាំនៅប្រទេសកម្ពុជា (OPCC) 
    36. អង្គការផាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍន (PED)
    37. សហគមន៍ភ្នំក្រោម (សៀមរាប)
    38. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)  
    39. សហគមន៍ពង្រកជ័យល័ក្ខ (កំពត)
    40. សហគមន៍ព្រៃឈើពេជចង្វាល្អឆើត (កំពង់ឆ្នាំង)
    41. បណ្តាញសហគមន៍ព្រៃឡង់ (PLCN)
    42. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
    43. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
    44. សហគមន៍ដីធ្លីស្រែប្រាំង (ត្បូងឃ្មុំ)
    45. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
    46. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
    47. សហគមន៍ដីធ្លីតានី (សៀមរាប)
    48. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
    49. សហគមន៍ព្រៃឈើត្រពាំងចាន់ (កំពង់ឆ្នាំង)
    50. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)