សេចក្តីថ្លែងការណ៍រួមស្តីពី ការបដិសេធន៍ចំពោះលិខិតព្រមានរបស់នាយកដ្ឋានវិវាទការងារនៃក្រសួងការងារ និង បណ្តុះ បណ្តាលវិជ្ជាជីវៈចំពោះលោកស្រី យ៉ាង សុភ័ណ្ឌ ជាប្រធានសម្ព័ន្ធសហជីពកម្ពុជា
ភ្នំពេញ, ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២
យើងខ្ញុំទាំងអស់គ្នាតំណាងឲ្យកម្មករនិយោជិតក្នុងវិស័យការងារ សូមធ្វើការបដិសេធន៍លើអ្វីដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈនាយកដ្ឋានវិវាទការងារដែលបានចេញលិខិតព្រមានចំពោះលោកស្រី យ៉ាង សុភ័ណ្ឌ ដោយក្នុងកម្មវត្ថុ បញ្ជាឲ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពលើ្មសច្បាប់។ លោកស្រីមិនមែន ជាអ្នកដឹកនាំការតវ៉ារបស់កម្មករនិយោជិតណាហ្គាវើលដ៍ឡើយ ប៉ុន្តែការតវ៉ាជិត៧ខែនេះគឺកើតចេញពីការមិន គោរពច្បាប់របស់ក្រុមហ៊ុនណាហ្គាវើលដដ៍ និង ការគ្មានវិធានការឲ្យក្រុមហ៊ុននេះគោរពច្បាប់។
ការយកលេសកាត់បន្ថយបុគ្គលិកក្នុងចេតនារំលាយសហជីពពីសំណាក់ថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ បានរំលោភ មាត្រា៩៥ មាត្រា២៧៩ មាត្រា២៩៣ នៃច្បាប់ស្តីពីការងារ និង មាត្រា៤៣ មាត្រា៦៧ នៃច្បាប់ ស្តីពីសហជីព រួមទាំងអនុសញ្ញាស្នូលរបស់អង្គការពលកម្មអន្តរជាតិលេខ៨៧ និង ៩៨ ផងដែរ។ រហូតមកដល់ ពេលនេះក្រសួងការងារគ្មានវិធានការណាមួយ ធ្វើឲ្យណាហ្គាវើលដ៍គោរពច្បាប់ជាតិ និង ច្បាប់អន្តរជាតិដែល កម្ពុជាផ្តល់សច្ចាប័នឡើយ ក្រៅពីបង្ខំ ដាក់សម្ពាធ តំណាងសហជីព កម្មករនិយោជិតព្រមទទួលយកអ្វីដែលក្រុម ហ៊ុនណាហ្គាវើលដ៍ចង់បានគឺទទួលយកសំណងខុសច្បាប់ និង ធានាថាលែងមានវត្តមានសហជីពឯករាជ្យក្នុង ក្រុមហ៊ុនខ្លួន។
យើងខ្ញុំទាំងអស់គ្នាបានធ្វើការតាមដានចំពោះកូដកម្មនេះ ដែលបានចាប់ផ្តើមឡើងតាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រហូតដល់មានការចោទប្រកាន់ថ្នាក់ដឹកនាំ និង សមាជិកសហជីព រួចចាប់ឃុំខ្លួនពួកគេជាបន្តបន្ទាប់ ទាំងដែលការធ្វើកូដកម្មរបស់កម្មករនិយោជិត គឺធ្វើឡើងដោយគ្មានការបង្ខិតបង្ខំពីសំណាក់បុគ្គលណាម្នាក់ ពោលគឺធ្វើឡើងតាមនីតិវិធីច្បាប់ជាធរមានដែលមានចែងក្នុងច្បាប់ស្តីពីការងារ (មាត្រា៣២៤ និង ៣២៧) និងច្បាប់ស្តីពីសហជីព (មាត្រា១៣) ដូចជាការបោះឆ្នោតជាសម្ងាត់សម្រេចធ្វើកូដកម្ម និងការជូនដំណឹងធ្វើកូដកម្មជាដើម។ល។ ហើយទាំងដែល ”កូដកម្មមិនមែនជាបទឧក្រិដ្ឋ” ថែមទៀត។ យើងខ្ញុំឃើញថាកម្មករជាអ្នកទទួលរងភាព អយុត្តិធម៌ ដូច្នេះក្នុងនាមថ្នាក់ដឹកនាំសហជីព តំណាងកម្មករ ប្រើប្រាស់ស្មារតីសាមគ្គីភាពជាមួយបងប្អូនកម្មករនិយោជិតក្នុងការប្រើប្រាស់សិទ្ធិសេរីភាពជាមូលដ្ឋាន ដើម្បីការពារវត្តមានសហជីពឯករាជ្យ ដែលជាសំឡេងរបស់កម្មករពិតប្រាកដ និងជាយន្តការមួយដែលអាចធ្វើឲ្យកម្មករនិយោជិតមានអំណាចក្នុងតុចរចា ការបែងចែកផលប្រយោជន៍ដោយយុត្តិធម៍ពីថៅកែ ធ្វើឲ្យប្រសើរឡើងនូវជីវភាព និង លក្ខខណ្ឌការងារ។
យើងខ្ញុំកត់សម្គាល់ថា ថ្នាក់ដឹកនាំសហព័ន្ធសហជីព សមាគម ចូលរួមអង្កេតការណ៍ក៏ត្រូវបានទទួលរងការចោទប្រកាន់ លាបពណ៍ ការព្រមានដោយយោងច្បាប់សហជីព ដែលយើងខ្ញុំកន្លងមកបានបង្ហាញថាច្បាប់នេះមានមាត្រាជាច្រើនរំលោភសេរីភាពសហជីព។ ការដែលក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់យកមាត្រា៨១ មាត្រា៨៩ និងមាត្រា៦៥ នៃច្បាប់សហជីពដើម្បីធ្វើការចោទប្រកាន់លោកស្រី យ៉ាង សុភ័ណ្ឌ គឺពុំមានភស្តុតាង ឬអង្គហេតុពិតបញ្ជាក់ថាលោកស្រីបានដឹកនាំ និងធ្វើសកម្មភាពក្រៅដែនអនុវត្តតាមវិជ្ជាជីវៈឡើយ ពោលគឺលោកស្រីបានធ្វើឡើងស្រមតាមមាត្រា១០ នៃច្បាប់ស្តីពីសហជីពដែលចែងថា សហជីពអាចចងសម្ព័ន្ធភាពជាមួយសហជីពផ្សេងទៀតជាលក្ខណជាតិ និង អន្តរជាតិ។
យើងខ្ញុំទាំងអស់គ្នាសូមទាមទារក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបញ្ឈប់ជាបន្ទាន់ការលាប ពណ៍ចោទប្រកាន់តំណាងសហជីពដែលបានបំពេញតួនាទីតាមវិជ្ជាជីវៈរបស់ខ្លួន និង រាល់ទង្វើទាំងឡាយណាដែលជ្រៀតជ្រែកលើវិវាទការងារនេះ។ ក្រសួងគួរចំណាយពេលវេលាគិតរកដំណោះស្រាយដោយឈរលើស្មារតី ការពារការរំលោភបំពាន ភាពអយុត្តិធម៌ដែលកម្មករកំពុងជួបប្រទះជំរុញឲ្យភាគីនិយោជកដាច់ខាតត្រូវគោរពច្បាប់ និង សេរីភាពសហជីព ក្រោមស្មារតីអនុសញ្ញាស្នូលរបស់អង្គការពលកម្មអន្តរជាតិលេខ៨៧ និង ៩៨ ក្នុងការបញ្ចប់ វិវាទការងារនេះដោយទទួលយកតំណាង និង សមាជិកសហជីពចូលធ្វើការវិញជាមួយនឹងប្រាក់រំលឹកដើម្បីស្តារកិត្តិយសជាតិ និង ក្រុមហ៊ុនណាហ្គាវើលដ៍។
សហភាព សហព័ន្ធសហជីព សហជីពមូលដ្ឋាន សមាគម ចូលរួមគាំទ្រសេចក្តីថ្លែងការណ៍នេះរួមមាន៖
- សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)
- សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
- សម្ព័ន្ធសហជីពកម្ពុជា (CATU)
- សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
- សហភាពការងារកម្ពុជា (CLC)
- សហភាពសហជីពកម្ពុជា(CCU)
- សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
- សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
- សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- សហព័ន្ធសហជីពឯករាជ្យ (INTUFE)
- សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
- សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
- សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA-CLC)
- សហភាពចលនាកម្មករកម្ពុជា(CCW)
- សម្ព័ន្ធសហជីពចលនាកម្មករ(CUMW)
- សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា(CDPLA)
- សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
- បណ្តាញយុវជនកម្ពុជា (CYN)
- សហភាពផ្ទះសាមគ្គី (SH)
- សហព័ន្ធសហជីពកម្មករនិយោជិតវិស័យឧស្សាហកម្ម(CIWF)
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
- សម្ព័ន្ធសហជីពកម្មករដើម្បីការងារ(UCL)
- សហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូន(CTWF)
- សហព័ន្ធសហជីពកម្ពុជាឯករាជ្យ(CITUFED)