ក្រសួងបង្កើតគណៈកម្មាធិការថ្មីមួយ ត្រួតពិនិត្យសុវត្ថិភាពក្នុងកន្លែងការងារ
ភ្នំពេញៈ គណៈកម្មាធិការជាតិថ្មីមួយសម្រាប់គ្រប់គ្រង សុខភាពនិងសុវត្ថិភាពការងារ ដែលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យមួយ ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងផ្តល់យោបល់ទៅឲ្យរដ្ឋាភិបាលស្តីពីបញ្ហាសុវត្ថិភាពកន្លែងការងារទាំងអស់ តែដកចេញនូវគ្រោះថ្នាក់ចរាចរណ៍ ដែលក្រុមអ្នកអង្កេតអះអាងថា បានបង្កជាការរងរបួសទាក់ទងនឹងការងារភាគច្រើននៅប្រទេសកម្ពុជា។
លោក ហេង សួរ មន្រ្តីនាំពាក្យរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា គណៈកម្មាធិការនេះនឹងមានសមាជិក ៤០ រូប ដោយក្នុងនោះ ២០ រូបមកពីរដ្ឋាភិបាល ១០ រូបមកពីសហជីព និង ១០ រូបទៀតមកពីក្រុមនិយោជក។
លោកថ្លែងថា៖ «គណៈកម្មាធិការនេះគឺ គណៈកម្មាធិការបង្កើតឡើងក្នុងគោលបំណងដើម្បីប្រឹក្សាយោបល់ និងផ្តល់ការណែនាំទៅដល់រដ្ឋមន្រ្តីក្រសួងការងារ»។
លោកបន្ថែមថា គណៈកម្មាធិការនឹងត្រួតពិនិត្យទៅលើតែការរបួសដែលកើតឡើងនៅក្នុងបរិវេណការងារផ្តល់ដោយនិយោជកតែប៉ុណ្ណោះ។
ក៏ប៉ុន្តែ ទោះបីជាមានចំនួនអ្នកស្លាប់និងរបួសជាបន្តបន្ទាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍កើតឡើងទៅលើរថយន្តដឹកកម្មករកាត់ដេរក៏ដោយក្តី លោក ហេង សួរ បញ្ជាក់ថា គណៈកម្មាធិការនេះមិនរាប់បញ្ចូលនូវគ្រោះថ្នាក់ចរាចរណ៍នោះទេ ដោយសារតែមានគណៈកម្មាធិការមួយចំនួនទៀតកំពុងតែធ្វើការលើបញ្ហានេះ។ បញ្ហានេះជាទំនួលខុសត្រូវរបស់បេឡាជាតិសន្តិសុខសង្គម។
លោកបញ្ជាក់ទៀតថា ក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងតែអភិវឌ្ឍស្តង់ដារសម្រាប់ធ្វើការដឹកជញ្ជូនកម្មករទៅធ្វើការ។
ទោះជាយ៉ាងណា លោក William Conklin នាយកមជ្ឈមណ្ឌលសាមគ្គីភាព ដែលធ្វើការទៅលើសិទ្ធិការងារ ប្រចាំកម្ពុជា បានលើកឡើងថា ចំនួនគ្រោះថ្នាក់ដែលកើតឡើងនៅកន្លែងការងារមានតិចតួចណាស់ ធៀបទៅនឹងគ្រោះថ្នាក់នៅតាមដងផ្លូវ។
លោកថ្លែងថា៖ «មិនត្រឹមត្រូវនោះឡើយ ដែលការធ្វើដំណើរដឹកជញ្ជូនត្រូវដកចេញពី គណៈកម្មាធិការនេះ»។
ទោះជាយ៉ាងនេះក្តី លោកបានទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ដោយបានចាត់ទុកបញ្ហានេះជាបញ្ហា «ដ៏ស្មុគស្មាញ» ដែលគេបានចំណាយពេល ២០ ឆ្នាំដើម្បីបង្កើតកិច្ចខិតខំប្រឹងប្រែងនេះ»។
លោកបន្ថែមថា៖ «នឹងបន្តមានគ្រោះថ្នាក់ចរាចរណ៍។ បញ្ហាក្នុងការដឹកជញ្ជូននឹងត្រូវការពេលវេលាយូរ [ដើម្បីដោះស្រាយ]។ ត្រូវការពេលវេលាច្រើនដើម្បីបង្កើតស្តង់ដារ»។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានឲ្យដឹងថា បណ្តាសហជីពក៏មានការព្រួយបារម្ភខ្លាំងចំពោះគ្រោះថ្នាក់ដែលកើតមានលើកម្មករផងដែរ ហើយសង្ឃឹមថា គណៈកម្មាធិការថ្មីនេះ នឹងពិចារណាឡើងវិញចំពោះការបញ្ចូលនូវបញ្ហានេះទៅក្នុងការត្រួតពិនិត្យរបស់ខ្លួន។
លោកនិយាយថា៖ «ក្រសួងត្រូវតែគិតរកយន្តការថ្មីមួយដើម្បីដោះស្រាយវា»។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ លោក មឿន តុលា បានឲ្យដឹងថា រដ្ឋាភិបាលក៏អាចពង្រឹងសុវត្ថិភាពរបស់បុគ្គលិកកម្មករបានផងដែរ តាមរយៈការចុះទៅត្រួតពិនិត្យកន្លែងការងារឲ្យបានទៀងទាត់ ធ្វើរបាយការណ៍ស្តីពីអ្វីដែលបានរកឃើញ និងដាក់ឲ្យគេអាចចូលទៅអានបាន ជាសាធារណៈ ក៏ដូចជាតម្រូវឲ្យក្រុមហ៊ុនដែលល្មើសបទបញ្ញត្តិបំពេញផែនការសកម្មភាពកែលម្អ។
ក៏ប៉ុន្តែ លោកបន្ថែមថា លោកមិនមាន «សង្ឃឹម» ច្រើនឡើយចំពោះគណៈកម្មាធិការថ្មីនេះ។
លោកថា៖ «មានគណៈកម្មាធិការជាច្រើនដែលត្រូវបានបង្កើតឡើង។ ក៏ប៉ុន្តែ… ការងាររបស់គណៈកម្មាធិការទាំងនោះមិនមានប្រសិទ្ធភាពនោះទេ»៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
This post is also available in: អង់គ្លេស