លោក ហ៊ុន សែន ឲ្យកម្មករទៅចុះឈ្មោះ ហើយថាការឡើងប្រាក់ខែមិនមែនការទាមទាររបស់បក្សប្រឆាំងទេ
ភ្នំពេញ: លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រីកំពុងនៅក្នុងតំណែងកាលពីថ្ងៃម្សិលមិញបានជំរុញ និងលើកទឹកចិត្តដល់កម្មកររោងចក្រដែលបានមកប្រមូលផ្ដុំគ្នានៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញទៅចុះឈ្មោះបោះឆ្នោត ខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសនឹងចាប់ផ្ដើមធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ២០១៧ ចាប់ពីដើមខែកញ្ញាដល់ខែវិច្ឆិកា។
យោងតាមហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីបានបង្ហាញឲ្យដឹងថាប្រធានផ្នែក មេក្រុម ជំនួយការ កម្មករ ស្រី ប្រុស មកពី ៩៣ រោងចក្រផ្សេងគ្នាចំនួន ៤២៧០ នាក់បានជួបលោក និងមន្ត្រីជាន់ខ្ពស់របស់លោកជាច្រើនរូបនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
ការជួបជុំនេះគឺជាផ្នែកមួយនៃនយោបាយរបស់លោកនាយករដ្ឋមន្ត្រីដែលបានកំណត់យករៀងរាល់ថ្ងៃអាទិត្យដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ កម្មករ កម្មការិនី ហើយនៅរៀងរាល់ថ្ងៃពុធ និងចុះសួរសុខទុក្ខ កម្មករ កម្មការិនីតាមបណ្តារោងចក្រ សហគ្រាសនានា។
គោលបំណងនៃការជួបជុំនេះគឺដើម្បីស្វែងយល់ពីសុខទុក្ខ លក្ខខណ្ឌការងារ ទំនាក់ទំនងរវាងកម្មករ និយោជិតជាមួយនិយោជក និងសំណូមពរនានាដើម្បីសម្រួលឲ្យកម្មករនិយោជិតកាន់តែមានលក្ខខណ្ឌ ការងារល្អ និងមានផលិតភាពការងារប្រសើរជាងមុន។
លោក ហ៊ុន សែន បានថ្លែងនៅលើហ្វេសប៊ុករបស់លោកថា៖ «ដើម្បីសម្រួលដល់ក្មួយៗកម្មករអាចចុះឈ្មោះបោះឆ្នោតបានគឺក្មួយៗអាចទៅចុះឈ្មោះនៅទីតាំងជិតកន្លែងធ្វើការរបស់ក្មួយៗផ្ទាល់តែម្តងដោយមិនចាំបាច់ធ្វើដំណើរទៅខេត្តដែលត្រូវចំណាយពេលវេលាច្រើនប៉ះពាល់ដល់ការងារ។ ការចុះឈ្មោះបោះឆ្នោតគឺចាប់ផ្តើមធ្វើនៅថ្ងៃ 1/9/2017 នេះ។ សូមក្មួយៗកម្មករកម្មការិនីទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា»។
លោកថ្លែងបន្តថា៖ «បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ចំពោះកម្មករ ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មករក្នុងនោះមានដូចជាការដំឡើងប្រាក់ខែដែលបានធ្វើជាបន្តបន្ទាប់។ ការដំឡើងប្រាក់ខែនេះមិនមែនដំឡើងតាមការទាមទាររបស់បក្សប្រឆាំងទេគឺជាការខិតខំប្រឹងប្រែងគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតពីរាជរដ្ឋាភិបាល។ ទន្ទឹមនឹងរាជរដ្ឋាភិបាលដែលបានខិតខំកៀរគរអ្នកវិនិយោគពីក្រៅប្រទេសមកកម្ពុជាគឺបក្សប្រឆាំងហាមមិនឲ្យប្រទេសដទៃទិញផលិតផលពីកម្ពុជាទៀត ឬមកវិនិយោគនៅកម្ពុជាឡើយដែលបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរស់នៅ និងការងារកម្មករ»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងកាលពីម្សិលមិញថាគណបក្សប្រឆាំងបានផ្លាស់ប្ដូររបៀបធ្វើការងារហើយដោយមិនឆ្លើយតបចំពោះការធ្វើអត្ថាធិប្បាយរបស់គណបក្សដឹកនាំរដ្ឋាភិបាលទេ។
លោក សុវណ្ណ ថ្លែងថា៖ «ខ្ញុំមិនឆ្លើយតបទៅនឹងការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីទេ យើងបានប្ដូររបៀបធ្វើច្រើន គេចង់និយាយយ៉ាងណាថ្លែងយ៉ាងណា គឺជាផលិតផលរបស់គេ តែខ្ញុំមានទំនុកចិត្តលើការវិនិច្ឆ័យរបស់បងប្អូនកម្មករនិងប្រជាពលរដ្ឋ (ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ ២០១៨)»។
ទន្ទឹមគ្នានេះដែរលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិថ្លែងទៅកាន់ថ្នាក់ដឹកនាំមូលដ្ឋានរបស់គណបក្សនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យកាលពីម្សិលមិញនេះហើយបានសរសេរនៅលើហ្វេសប៊ុកលោកដោយបានចាត់ទុកភាពស្និទ្ធស្នាលត្រូវរ៉ូវគ្នា និងឱបរឹតគ្នារបស់អ្នកនយោបាយកន្លងមកនេះហើយវាយប្រហារគ្នាស្ទើរតែស៊ីសាច់ហុតឈាមពេលខ្វែងគំនិតជាលទ្ធផល វានឹងបំផ្លាញខ្លួនឯងបំផ្លាញសង្គមខ្មែរ និងរហូតដល់បំផ្លាញប្រទេសជាតិទៀតផង។
លោកថ្លែងថា៖ «យើងមិនត្រូវកាប់សម្លាប់គ្នា និងក៏មិនចាំបាច់ឱបរឹតគ្នាដែរ សុំត្រឹមតែចាប់ដៃគ្នាដើម្បីកសាងកម្ពុជាឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន និងសេចក្ដីសុខចម្រើនសម្រាប់ប្រជាពលរដ្ឋខ្មែរបានហើយ»។
ការយកចិត្តទុកដាក់ និងគិតពីសេចក្ដីសុខចម្រើនដូចគ្នានេះដែរ លោក ហ៊ុន សែន បានសម្រេចឲ្យកម្មករទទួលបានសេវាជិះឡានក្រុងសាធារណៈ Free ២ ឆ្នាំ ពីថ្ងៃទី 20/8/2017-20/8/2019 ដែលនឹងជួយសម្រួលដល់ការចំណាយមួយចំនួនរបស់ពួកគេគ្រាន់តែបង្ហាញកាតធ្វើការគឺទទួលបានសេវានេះភ្លាមហើយចាប់ពីឆ្នាំ 2019 ទៅកម្មករនឹងទទួលបានប្រាក់ចូលនិវត្តន៍ (ប្រាក់រឺត្រែត) ដូចគ្នានឹងមន្ត្រីរាជការគឺមិនចាំបាច់ធ្វើការមានក្របខ័ណ្ឌដូចមន្ត្រីរាជការទេ។ សូមយកចិត្តទុកដាក់ធ្វើការឲ្យបានល្អ និងប្រាក់ខែក៏ត្រូវបានដំឡើងជាបន្តបន្ទាប់ ដែលនៅឆ្នាំ ២០១៨ តិចបំផុតគឺអាចឡើងដល់ ១៦៨ ដុល្លារក្នុងមួយខែបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតគឺច្រើន។
លោក ហ៊ុន សែន ក៏បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួន និងបានថតរូប Selfie ជាមួយកម្មករ កម្មការិនីមុននឹងចាកចេញពីសាលប្រជុំ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថ្លែងថាសហជីពដែលមានវត្តមានជាមួយនឹងលោកនាយករដ្ឋមន្ត្រីគឺក្នុងនាមជាទីប្រឹក្សាក្រសួងការងារមិនបើកទូលាយដល់សហជីពទូទៅទេ។
លោក អាត់ ធន់ ប្រធានសហជីព ស៊ីខៅឌូ (C.CAWDU) បានថ្លែងថាទោះបីលោកមិនដែលមានឱកាសបានចូលរួមក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីក៏ដោយតែចាត់ទុកថាជាឱកាសល្អសម្រាប់កម្មករដែលត្រូវបានយកចិត្តទុកដាក់ដោយរដ្ឋាភិបាលក្នុងការជំរុញឲ្យទៅចុះឈ្មោះបោះឆ្នោតដោះស្រាយបញ្ហា និងលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករ។
លោក ធន់ ថ្លែងថា៖ «រឿងបោះឆ្នោតខ្ញុំគិតថាជារឿងធម្មតាសម្រាប់អ្នកនយោបាយទេលោកនាយករដ្ឋមន្ត្រីជាអ្នកនយោបាយការចង់បានការគាំទ្រជារឿងធម្មតា តែការសម្រេចចិត្តវាស្ថិតនៅលើចិត្តរបស់បុគ្គលជាកម្មករ។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សបានថ្លែងថាលោកមានការព្រួយបារម្ភថានេះចលនានយោបាយដើម្បីស្វែងរកផលចំណេញសន្លឹកឆ្នោតក្នុងឆ្នាំ ២០១៨ នេះតែវានឹងមិននាំមកនូវការផ្លាស់ប្ដូរច្រើននោះទេ។
លោក តុលា ថ្លែងថា៖ «ខ្ញុំមិនចង់ឃើញឲ្យមានការជំរុញខាងនយោបាយនៅក្នុងផ្នែកនេះទេ ហើយរយៈពេលពីរឆ្នាំសម្រាប់ ហ្វ្រីជិះឡានក្រុងសាធារណៈវានឹងមិនគ្រប់គ្រាន់សម្រាប់ជួសជុលបញ្ហាទេពីព្រោះជីវិតមនុស្សវាវែងជាងនេះ» ។
ថ្វីដ្បិតតែសេវាសុខភាពជារឿងមួយល្អសម្រាប់ដំណើរការជាទូទៅហើយប្រព័ន្ធនេះនៅតែទន់ខ្សោយនៅកម្ពុជាដោយលោក តុលា ថ្លែងថា៖ «សូម្បីតែលោកនាយករដ្ឋមន្ត្រីចេញទៅក្រៅប្រទេសនៅពេលដែលឈឺ។ យើងចង់ឃើញប្រព័ន្ធសុខាភិបាលនៅកម្ពុជាអាចប្រៀបបានដូចនឹងប្រទេសជិតខាងយើង»។
លោក Choong Wei Piau អ្នកគ្រប់គ្រងទូទៅនៅរោងចក្រ Canteran Apparel and Quality Textile បានថ្លែងថាគេមិនទាន់ប្រាប់លោកថានិយោជកត្រូវទទួលរ៉ាប់រងបង់ថ្លៃសេវាគាំពារធានាសុខភាព និងប្រាក់ចូលនិវត្តន៍សម្រាប់បុគ្គលិករបស់ខ្លួននៅឡើយទេ៕
(រាយការណ៍បន្ថែមដោយ វង្ស សុខេង)
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
This post is also available in: អង់គ្លេស