គជប បង្ហាញ​បញ្ជី​អ្នក​បោះឆ្នោត​ជាតិ ខណៈ​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​អ្នក​នៅ​បរទេស​មាន​សិទ្ធិ​ដែរ

លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​បរទេស​ត្រូវ​បាន​រដ្ឋ​គាំពារ​ហើយ​មាន​សិទ្ធិ​បោះឆ្នោត និង​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​។ ដូច្នេះ​ទោះបី​ពួកគាត់​រស់​នៅ​ទីណា​ក៏ដោយ ក៏​ត្រូវ​តែ​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​អ្នក​ដឹកនាំ​ខ្លួន​ដែរ​។
16
សីហា

គជប បង្ហាញ​បញ្ជី​អ្នក​បោះឆ្នោត​ជាតិ ខណៈ​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​អ្នក​នៅ​បរទេស​មាន​សិទ្ធិ​ដែរ

ភ្នំពេញៈ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (​គ.ជ.ប​) ​បាន​បង្ហាញ​បញ្ជី​បច្ចុប្បន្នភាព​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បឋម​សម្រាប់​ឆ្នាំ​ក្រោយ ខណៈ​គណបក្ស​ប្រឆាំង​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​អ្នក​នៅ​បរទេស​អាច​ចុះ​ឈ្មោះ និង​ចូលរួម​បោះឆ្នោត​បាន​។

ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពី​ស្ថិតិ​ពលរដ្ន និង​ការិយាល័យ​បោះឆ្នោត​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​ទីស្នាក់ការ​ គជប កាលពី​ម្សិលមិញ​លោក ស៊ិក ប៊ុនហុក ប្រធាន​ (​គ.ជ.ប​) បាន​ថ្លែង​ថា​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​ឆ្នាំ​នេះ​គឺ​ដើម្បី​ធានា​ឲ្យ​មាន​ភាព​ត្រឹមត្រូវ និង​មាន​សុវត្ថិភាព​តាមរយៈ​ការ​ស្រង់ និង​លុប​​ឈ្មោះ​អ្នក​មរណភាព ការ​ដកហូត​សិទ្ធិ​បោះឆ្នោត​បណ្ដោះ​អាសន្ន និង​ការ​ផ្លាស់ប្ដូរ​លំនៅឋាន​ ឬ​សំណាក់​នៅ​ឃុំ-សង្កាត់ ផ្សេង​។

លោក​បន្ត​ថា​ការ​កែ​ឈ្មោះ​ ឬ​ទិន្នន័យ​គឺ​ផ្អែក​លើ​ឯកសារ​សំអាង​ដោយ​ពលរដ្ឋ​ខែ្មរ​មាន​សិទ្ធិ​បោះឆ្នោត​តែ​មិន​ទាន់​ចុះ​ឈ្មោះ​បោះឆ្នោត​កាលពី​ឆ្នាំ​មុន ពលរដ្ឋ​ខ្មែរ​ដែល​ទើប​គ្រប់​អាយុ​ ១៨ ​ឆ្នាំ​ (​គិត​ត្រឹម​ថ្ងៃ​បោះឆ្នោត​ថ្ងៃ​ទី​ ២៩ ខែ​កក្កដា ឆ្នាំ​ ២០១៨) ។

លោក ប៊ុនហុក បញ្ជាក់​ថា​៖ «​ការ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០១៧ ពិត​ជា​មាន​សារៈសំខាន់​ណាស់​ដើម្បី​បាន​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦…​។ ​ប្រសិន​បើ​ពលរដ្ឋ​ណា​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០១៧ ទេ​គឺ​មិន​អាច​បោះឆ្នោត​នៅ​ឆ្នាំ​ ២០១៨ បាន​ឡើយ​»​។

បើ​តាម​របាយការណ៍​ប៉ាន់ស្មាន​របស់​ គ.ជ.ប ស្ថិតិ​ពលរដ្ឋ និង​ចំនួន​ការិយាល័យ​បោះឆ្នោត​សម្រាប់​ជា​​មូលដ្ឋាន​ធ្វើ​បច្ចុប្បន្នភាព​នៅ​ឆ្នាំ​ ២០១៧ ​បង្ហាញ​ថា​ពលរដ្ឋ​កម្ពុជា​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​សរុប​មាន ៩ ៧៨៨ ២៣៩ នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ ១៥ ៨៨៣ ២៥០ ​នាក់ ខណៈ​​ឈ្មោះ​ក្នុង​បញ្ជី​ក្នុង​ឆ្នាំ​ ២០១៦ ​មាន​ ៧ ៨៦៥ ០៣៣ ​នាក់ និង​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ ៨០២៦៣ ​នាក់​។ ក្នុង​នោះ​អ្នក​ចំណាកស្រុក​ ឬ​ស្នាក់​នៅ​បណ្ដោះអាសន្ន​មាន​ ២៤៧៦៧២ ​នាក់​ដោយ​បាន​ទៅ​ចុះ​ឈ្មោះ​ថ្មី​ ១៤១២១៤៩ ​នាក់ រីឯ​អ្នក​គ្មាន​អត្តសញ្ញាណប័ណ្ណ​សញ្ញាតិ​ខ្មែរ​មាន​ ៤៨៩៩៥៩ ​នាក់ ហើយ គជប បាន​បើក​ការិយាល័យ​បោះឆ្នោត​សរុប​ ២៣៤៧០ ​នៅ​ទូទាំង​ប្រទេស​។

លោក ឃៀង សុគន្ធា ប្រធាន​នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណកម្ម​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ក្រសួង​បាន​ប្រគល់​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​សរុប ៩ ៥៥៥ ៥១០ ​នាក់​ហើយ​តួលេខ​នេះ​យើង​បាន​ផ្ដល់​ជូន​ គជប ​ចំនួន ​៤ ​លើក​។

លោក​បញ្ជាក់​ថា​៖ «​ការ​ផ្ដល់​ជូន​នេះ​​យើង​បាន​ចែក​ជូន​ពលរដ្ឋ​រៀងរាល់​ថ្ងៃ​ហើយ​តួលេខ​នេះ​ក៏​យើង​ផ្ដល់​ឲ្យ គជប ជា​បន្តបន្ទាប់​ដែរ​ដើម្បី​ឲ្យ​ គជប ​​ងាយ​ស្រួល​ស្រង់​ ឬ​សរុប​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​។ ​ដូច្នេះ​តួលេខ​នេះ​ក៏​វា​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដែរ​»​។

អ្នក​នាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បាន​ថ្លែង​ថា​តួលេខ​ប៉ាន់ស្មាន​​ជំហាន​ដំបូង​នេះ​ខុស​គ្នា​ជាង​ ៣ ​សែន​នាក់​ក្នុង​នោះ​រាប់​ទាំង​ទិន្នន័យ​ពី​ក្រសួង​មហាផ្ទៃ និង​របាយការណ៍​ពី​ក្រសួង​ផែនការ​ផង​ដែរ​។

ដោយឡែក​ចំពោះ​ការ​ទាមទារ​ឲ្យ​មាន​ច្បាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាច​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​នេះ​គឺ​ គជប មិន​អាច​ធ្វើ​ទៅ​បាន​ទេ ព្រោះ​ គ.ជ.ប ​ធ្វើ​ទៅ​តាម​ច្បាប់​ដែល​គណបក្ស​នយោបាយ​ទាំង​​ពីរ​បាន​ឯកភាព​គ្នា​។ ​នេះ​បើ​តាម​លោក​ ហង្ស ពុទ្ធា​។

គណបក្ស​សង្គ្រោះ​ជាតិ​តាមរយៈ​​លោក សុន ឆ័យ អ្នក​តំណាងរាស្ត្រ​បាន​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ធ្វើការ​ ឬ​រស់នៅ​បរទេស​ទទួល​បាន​សិទ្ធិ​ចុះ​ឈ្មោះ​​ និង​បោះឆ្នោត​នៅ​ទី​នោះ​បាន​។

លោក សុន ឆ័យ បាន​ស្នើ​ឲ្យ​ប្រធាន​រដ្ឋសភា​សម្រេច​ដាក់​សេចក្ដី​ស្នើ​ច្បាប់​នេះ​ជូន​រដ្ឋសភា​ពិនិត្យ និង​អនុម័ត​មួយ​មាត្រា​ម្ដងៗ​ដោយ​ចាត់ទុក​ជា​ការ​​ប្រញាប់​។

ប៉ុន្តែ​លោក ឡេង ប៉េងឡុង អ្នក​នាំពាក្យ​រដ្ឋសភា​ជាតិ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​រដ្ឋសភា​បាន​ទទួល​លិខិត​​នោះ​ហើយ​ដោយ​គណៈកម្មការ​អចិន្រៃ្តយ៍​នៃ​រដ្ឋសភា​កំពុង​ពិនិត្យ តែ​ការ​សម្រេច​យ៉ាង​ណា​លោក​មិន​ទាន់​ដឹង​ទេ ដោយ​លោក​ថា​វា​ជា​រឿង​នយោបាយ​។

លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​បរទេស​ត្រូវ​បាន​រដ្ឋ​គាំពារ​ហើយ​មាន​សិទ្ធិ​បោះឆ្នោត និង​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​។ ដូច្នេះ​ទោះបី​ពួកគាត់​រស់​នៅ​ទីណា​ក៏ដោយ ក៏​ត្រូវ​តែ​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​អ្នក​ដឹកនាំ​ខ្លួន​ដែរ​។

លោក​ថា​៖ «​ខ្ញុំ​ថា​វា​ជា​ការ​ល្អ​ដែល​ស្នើ​ឲ្យ​មាន​ច្បាប់​ជួយ​សម្រួល​ឲ្យ​កម្មករ​​ ឬ​អ្នក​រស់នៅ​ក្រៅ​ប្រទេស​មាន​ឱកាស​បោះឆ្នោត​បើ​មិន​ដូច្នេះ​ទេ​វា​ជា​ការ​បំបិទ​សិទ្ធិ​ពលរដ្ឋ និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​។ បើ​ទោះបី​យើង​មិន​ទាន់​មាន​លទ្ធភាព​ធ្វើ​បាន​ ១០០ ​ភាគរយ​ក៏​យើង​​អាច​រើស​យក​ប្រទេស​ថៃ ជប៉ុន កូរ៉េ​ខាង​ត្បូង និង​ម៉ាឡេស៊ី​ផង​ដែរ​»៕

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...