អង្គការការពារសិទ្ធិកម្មករស្នើក្រុមហ៊ុន Meta Biomed ទូទាត់ប្រាក់បំណាច់ដល់ស្ត្រីកម្មករ៣នាក់
អង្គការការពារសិទ្ធិកម្មករស្នើក្រុមហ៊ុនមេតា បាយអូមេដ (Meta Biomed (Cambodia)Co.,Ltd.) ទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនស្ត្រីកម្មករបីនាក់ ដែលត្រូវក្រុមហ៊ុននេះបញ្ឈប់ពីការងារ ដោយសារមានផ្ទៃពោះ និងសម្រាលកូនរួច។
សេចក្ដីថ្លែងការណ៍នៅថ្ងៃទី១៣ ខែមីនា របស់មជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ (CENTRAL) ឱ្យដឹងថាកាលចុងឆ្នាំ២០១៨ អ្នកគ្រប់គ្រងនៅរោងចក្រ មេតា បាយអូមេដ បានបញ្ឈប់ស្ត្រីពីរនាក់ ដែលមានផ្ទៃពោះ៨ខែ ដោយផ្ដល់ប្រាក់សំណងមិនត្រឹមត្រូវ។ អ្នកទាំង២នាក់នេះទទួលបានប្រាក់ឈ្នួលចុងក្រោយរបស់ពួកគាត់ ហើយ៥ភាគរយទៀតជាប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។ សេចក្ដីថ្លែងការណ៍ដដែលបន្តថា ផ្អែកលើអតីតភាពការងារស្ត្រីទាំងពីរនាក់នេះមានសិទ្ធិក្នុងការទទួលបានប្រាក់បំណាច់កិច្ចសន្យាការងារថែមទៀត ដែលស្មើនឹង ២៩៤៥.០០ដុល្លារ និង ៣៦៦០.៣៨ដុល្លារ។
អង្គការសង់ត្រាល់រកឃើញទៀតថា កាលពីខែកុម្ភៈ ឆ្នាំ២០១៩ អ្នកគ្រប់គ្រងនៅរោងចក្រដដែលនេះបានបញ្ឈប់កម្មករស្ត្រីម្នាក់ដែលទើបត្រឡប់ចូលធ្វើការវិញក្រោយឈប់សម្រាកពេលសម្រាលកូន។ កម្មកររូបនេះបានទទួលបាន១៨១ដុល្លារ ជាប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ប៉ុន្តែបើផ្អែកលើអតីតភាពការងាររបស់កម្មករនិយោជិកស្ត្រីនេះ គាត់មានសិទ្ធិទទួលបានប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារថែមទៀត ដែលស្មើនឹង ១៩១៤.៦០ដុល្លារ។
អាស៊ីសេរីនៅមិនទាន់អាចសុំការឆ្លើយតបពីភាគីរោងចក្រ មេតា បាយអូមេដ ដែលមានទីតាំងនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បាននៅឡើយទេ៕
ប្រភព៖ វិទ្យុអាស៊ីសេរី
This post is also available in: អង់គ្លេស