ភាគីថៅកែរោងចក្រកាត់ដេរថា ការបញ្ឈប់កម្មកររោងចក្រ W&D ចំនួន ១២៧នាក់ គឺត្រឹមត្រូវតាមផ្លូវច្បាប់ ព្រោះជាក្រុមញុះញង់
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬគេស្គាល់ថា ជាសមាគមថៅកែ នៅព្រឹកថ្ងៃទី១០ មីនា ធ្វើសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញ ភាពត្រឹមត្រូវនៃផ្លូវច្បាប់ ក្នុងការបញ្ឈប់កម្មកររោងចក្រ ដាប់ប៊ែលយូរ អែនឌី (W&D (cambodia)Co.Ltd) នៅខណ្ឌមានជ័យ ចំនួន ១២៧នាក់ ភ្លាមៗ ដោយគ្មានសំណងអតីតភាពការងារ។ តំណាងកម្មករបដិសេធថា គ្មានកម្មករណាម្នាក់ប្រព្រឹត្តិខុសនីតិវិធីផ្លូវច្បាប់ទេ តែជាលេសរបស់ថៅកែ ដោយសារគ្មានឥវ៉ាន់ឲ្យកម្មករដេរ និងចង់គេចវេះមិនសងប្រាក់អតីតភាពឲ្យកម្មករ។
ភាគីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) អះអាង ថា មានភស្តុតាងគ្រប់គ្រាន់ក្នុងការសំអាងថា ការបញ្ឈប់កម្មករ ១២៧នាក់ នៅរោងចក្រ W&D គឺជារឿងត្រឹមត្រូវតាមផ្លូវច្បាប់ ក្រោមហេតុផលថាកម្មករប្រព្រឹត្តកំហុសធ្ងន់ធ្ងរ មិនអនុវត្តតាមដីកាសម្រេចចាត់ចែងបណ្ដោះអាសន្ន ចុះថ្ងៃទី២ ខែមករា របស់សាលាដំបូងរាជធានីភ្នំពេញ និងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរ លោក កាំង មូនីកា លើកឡើងក្នុងសន្និសីទសារព័ត៌មាន នៅស្នាក់ការតំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញថា ការបញ្ឈប់កម្មករនិយោជិកដែលមិនចូលធ្វើការ គឺធ្វើតាមនីតិវិធីត្រឹមត្រូវ ព្រោះនៅដំណាក់កាល ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គឺ កម្មករដែលធ្វើកូដកម្មខុសនីតិវិធីទាំងនោះ មិនព្រមចូលធ្វើការតាមសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលឈានដល់ការស្នើសុំដីការក្សាការពារពីតុលាការ។ នីតិវិធីនៅតុលាការ គឺក្រោយពីទទួលបានដីកា រក្សាការពារ កម្មករនិយោជិកនៅតែបន្តកូដកម្មមិនព្រមចូលធ្វើការដែលការប្រព្រឹត្តដូច្នេះត្រូវចាត់ទុកជាកំហុសធ្ងន់។ ដូច្នេះ កម្មករភាគតិច រោងចក្រទទួលយកចូលធ្វើការវិញទេ ហើយពួកគេក៏មិនទទួលបានប្រាក់អតីតភាព ឬប្រាក់អត្ថប្រយោជន៍អ្វី ក្រៅពីប្រាក់ខែចុងក្រោយឡើយ។ តែពួកគេ អាចដាក់ពាក្យសុំចូលធ្វើការវិញ ក្នុងឋានៈជាកម្មករថ្មី គ្មានអតីតភាព៖ «ក្រោមមូលហេតុកំហុសធ្ងន់ នៃច្បាប់ស្ដីពីការងារដោយហេតុថា គាត់ (កម្មករ) មិនបានអនុវត្តតាមដីការក្សារបស់តុលាការទេ។ អ៊ីចឹង ការបញ្ឈប់នេះ គឺបញ្ឈប់ក្រោមមូលហេតុកំហុសធ្ងន់។ អ៊ីចឹង ជាមូលដ្ឋានច្បាប់ ការបញ្ឈប់ក្រោមមូលហេតុកំហុសធ្ងន់ គឺបងប្អូនទាំងអស់ហ្នឹង មិនបានទទួលសំណង់៥ចំណុច ជាធម្មតាដូចការបញ្ឈប់ដោយមិនសមហេតុផលពីភាគីនិយោជកទេ។ អ៊ីចឹង អ្វីដែលគាត់ (កម្មករ) ទទួលបានចុងក្រោយគេនោះ គឺមានតែប្រាក់បៀវត្សរ៍ចុងក្រោយ និងប្រាក់ឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសេសសល់ ប្រសិនបើនៅមាន។ អ៊ីចឹង មានតែ២ចំណុចនេះទេ។ ការលើកឡើងថា គាត់ត្រូវទទួលបាន៥ចំណុចនោះ ជាការលើកឡើងមិនត្រឹមត្រូវតាមមូលដ្ឋានច្បាប់ទេ»។
វិវាទការងាររវាងថៅកែ និង កម្មករចំនួន ១២៧នាក់ នៅរោងចក្រ W&D បន្តអូសបន្លាយជាង៣ខែមកនេះ ដោយសារថៅកែរក្សាជំហរមិនទទួលកម្មករទាំងនោះ ចូលធ្វើការវិញ ដោយចោទថា ជាក្រុមញុះញង់ឲ្យកម្មករជិត ២ពាន់ (១.៧២៩) នាក់ ឲ្យទាមទារប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩។ រោងចក្រនេះ ជារោងចក្រកាត់ដេរសំលៀកបំពាក់របស់ថៅកែជាជនជាតិចិន ដែលមានកម្មករសរុបជាង ១.៨០០នាក់។
តំណាងកម្មករម្នាក់ ក្នុងចំណោមអ្នកតំណាង ៦នាក់របស់កម្មកររោងចក្រ W&D លោក ផាន់ សាមុត បដិសេធថា កម្មករមិនដែលធ្វើខុសនីតិវិធីម្ដងណាទេ គឺតែងអនុវត្តតាមសេចក្ដីសម្រេច និងសេចក្ដីបង្គាប់របស់អាជ្ញាធរមានសមត្ថកិច្ចជានិច្ច។ ប៉ុន្តែលោកថា សមាគមរោងចក្រកាត់ដេរ មានចិត្តចង់ឈ្នះ និងរើសអើង ចំពោះកម្មករទាំង ១២៧នាក់ ទើបកម្មករជិត ១ពាន់នាក់ផ្សេងទៀត មិនព្រមចូលធ្វើការ និងបន្ត ធ្វើកូដកម្មទាមទារឲ្យទទួលយកកម្មករ ១២៧នាក់ចូលធ្វើការវិញ៖ «មិនមែនកម្មករធ្វើកូដកម្មទេ គឺជារោងចក្រធ្វើកូដកម្មទៅវិញ ព្រោះអ្វី អត់មានឥវ៉ាន់ឲ្យកម្មករធ្វើ រួចហើយទៅថតកន្លែងគ្មានឥវ៉ាន់ ហើយទម្លាក់កំហុសមកកម្មករ»។
កម្មករទាមទារសុំជួបចរចាផ្ទាល់ជាមួយភាគីថៅកែរោងចក្រ W&D។ តែអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរ លោក ខេន លូ អះអាងថា ភាគីថៅកែ និងសមាគមរោងចក្រ សម្រេចយកការដោះស្រាយតាមផ្លូវតុលាការ មិនចរចាទេ។
អ្នកសម្របសម្រួលមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់អង្គការ សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ យល់ថា បើភាគីទាំងពីរនៅតែទាញហេតុផលយកឈ្នះរៀងខ្លួនបែបនេះ ជម្លោះមិនអាចចប់ទេ។ ដំណោះស្រាយដែលល្អ សម្រាប់ករណីវិវាទនៅរោងចក្រW&Dនេះ សង្គមស៊ីវិលយល់ថា គួររកវិធីសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ព្រោះផ្អែកតាមបទពិសោធន៍កន្លងមក វិវាទការងារ មិនអាចបញ្ចប់ដោយដីកា ឬសាលដីកាតុលាការបានទេ ព្រោះបើទោះនិយោជក ឬថៅកែ អាចឈ្នះក្ដីនៅតុលាការ ប៉ុន្តែកម្មករនៅតែមានសិទ្ធិតវ៉ា ព្រោះនេះជាសិទ្ធិមូលដ្ឋានរបស់កម្មករ។ ដូច្នេះ ថៅកែមិនអាចបិទសិទ្ធិកម្មករឲ្យឈប់តវ៉ាបានទេ ហើយជម្លោះនៅតែអូសបន្លាយ៖ «ខ្ញុំគិតថា បើសិនជាយើងមិនដោះស្រាយទេ រឿងហ្នឹងវាកាន់តែផ្ទុះទៅ ហើយវាចេះតែយូរទៅៗ អ៊ីចឹង ខ្ញុំគិតថា វាត្រូវតែមានដំណោះស្រាយណាមួយ ដែលអាចទទួលយកបានទាំងសងខាង ហើយខ្ញុំគិតថា គ្រាន់តែក្របខ័ណ្ឌ (រោងចក្រ) ទទួលយកចូលធ្វើការងារវិញ មិនបញ្ហាទេ។ សំខាន់ថា តើចេតនារបស់និយោជកហ្នឹង គាត់ចង់បញ្ចប់ករណីវិវាទហ្នឹង ឬក៏គាត់នៅតែបន្តឲ្យវារីករាលដាលធំទៅ»។
ជាង ២ខែ (ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩) មកនេះ ក្រៅពីធ្វើកូដកម្មមុខរោងចក្រ W&D តាមបណ្ដោយផ្លូវ ៣៧១ ឬផ្លូវទំនប់បឹងទំពុន នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ក្រុមកម្មករបាននាំគ្នាដង្ហែញត្តិដាក់តាមស្ថាប័នរដ្ឋ និងមានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋានដែរ ក៏ប៉ុន្តែមិនទាន់មានដំណោះស្រាយទេ។ ក្រុមកម្មករ ថា ពួកគេកំពុងរង់ចាំដំណោះស្រាយពីមន្ត្រីខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃទៀត ប្រសិនគ្មានដំណោះស្រាយ ហើយបន្តឲ្យកម្មកររង់ចាំទៀត កម្មករមានគម្រោងដើរហែញត្តិ យកទៅជូនក្រុមមេធាវីជួយជនក្រីក្ររបស់លោក ហ៊ុន សែន ដែលទើបបង្កើតថ្មី ឲ្យជួយព្រោះខាងភាគីថៅកែរក្សាជំហរមិនចរចា ទាមទារបញ្ចប់រឿងតាមផ្លូវតុលាការ៕
ប្រភព៖ វិទ្យុអាស៊ីសេរី