05
សីហា

របាយការណ៍ក្រសួងដែន​ដី​ បង្ហាញថា​ក្រុមហ៊ុន​សំណង់​ស្របច្បាប់​នៅ​កម្ពុជាមាន​ជិត៦០០

​​ក្រសួងរៀបចំដែនដីនគររូបនីយ៍កម្ម និង សំណង់ បានបង្ហាញជាសាធារណៈថាក្រុមហ៊ុនជាតិ និងក្រុមហ៊ុនបរទេស ដែលប្រកប​អាជីវកម្ម​ផ្នែកសំណង់នៅកម្ពុជាមាន​ជិត៦០០។

ការបង្ហាញទិន្នន័យ របស់អ្នកធ្វើផ្នែកសំណង់ជាសាធារណៈនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាប្រកាសឮពិនិត្យគុណភាពសំណង់ ទូទាំងប្រទេសកាលពីខែកក្កដាកន្លងទៅ។

នេះជាលើកដំបូងហើយ  ដែលក្រសួងរៀបចំដែនដីនគររូបនីយ៍កម្មនិងសំណង់ បង្ហាញជាសាធារណៈនូវ ឈ្មោះ អាសយដ្ឋាន លេខទូរសព្ទទាក់ទង ថ្ងៃសុពលភាពអាជ្ញាប័ណ្ណ របស់ក្រុមហ៊ុនអ្នកម៉ៅការសាងសង់ វិស្វករនិងស្ថាបត្យករ ដែលចុះបញ្ជីផ្លូវការ។

របាយការណ៍ក្រសួងដែន​ដី​ដែល​ចេញនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ហើយត្រូវបាន​ផ្សព្វផ្សាយ​ជាសាធារណៈកាលពីម្សិលមិញ បង្ហាញ​ថាកម្ពុជា មាន​ក្រុមហ៊ុនសំណង់៥៩៧ វិស្វករ៣៧នាក់ និងស្ថាបត្យករ៨៧នាក់ទទួលស្គាល់ កំពុងប្រកបអាជីពលើការងារសំណង់ស្របច្បាប់នៅកម្ពុជា។ ប្រភពដដែល ​ឲ្យដឹងថា ក្រុមហ៊ុនម៉ៅការសាងសង់ជាកម្មសិទ្ធិរបស់ជនជាតិខ្មែរមាន៥៧៥ក្រុមហ៊ុន ខណៈដែលក្រុមហ៊ុនមានម្ចាស់ជាជនជាតិបរទេសមាន២២ក្រុមហ៊ុន។ ដោយឡែកវិស្វករសំណង់ស្ថាបត្យករ ដែលចុះបញ្ជីសុទ្ធសឹងជាជនជាតិខ្មែរទាំងអស់។

លោក ជីវ ស៊ីវផេង ប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឱ្យដឹងថា សព្វថ្ងៃនៅកម្ពុជាមានក្រុមហ៊ុនសាងសង់ជាភាគច្រើនចុះបញ្ជីស្របច្បាប់ ប៉ុន្តែក៏នៅមានខ្លះទៀតមិនបានចុះបញ្ជីដែរ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋអ្នកមានបំណងសាងសង់គួរណាស់តែរកក្រុមហ៊ុនស្របច្បាប់ទើបមានសុវត្ថិភាពនិងងាយស្រួលរកខុសត្រូវតាមច្បាប់ បើសិនជាមានបញ្ហាណាមួយកើតឡើង។

វិស្វករសំណង់នៅខេត្តព្រះសីហនុ  លោក ប៊ុន សោភ័ណ លើកឡើងថា លោកបាន​ប្រកបរបរជាវិស្វករនេះអស់រយៈពេល១៨ឆ្នាំមកហើយដោយធ្វើការងារជាមួយក្រុមហ៊ុនផ្សេងប៉ុន្តែលោកទើបតែបានចុះបញ្ជីជាវិស្វករ២ដងប៉ុណ្ណោះ។

លោកបន្ដថាការចុះបញ្ជីនេះ គឺដើម្បីងាយស្រួលដេញថ្លៃគម្រោង ធំៗដែលទាមទារឱ្យមានវិស្វករទទួលស្គាល់ស្របច្បាប់ប៉ុណ្ណោះ ខណៈដែលវិស្វករមិនចុះបញ្ជីក៏កំពុងបំពេញការងារដែរ។

លោក ប៊ុនសោភ័ណ ៖ ខ្ញុំចុះបញ្ជី២ដង។ សុពលភាពការចុះបញ្ជីហ្នឹងគឺ៣ឆ្នាំចុះម្ដង អស់១ឆ្នាំ១០០ដុល្លារហ្នឹង។អ្នកចុះបញ្ជីនិងអ្នកអត់ចុះដូចតែគ្នាទេ គេធ្វើការគេម៉ៅអីដូចគ្នាហ្នឹងគ្រាន់តែថាយើងចុះៗទៅដើម្បីការពារបញ្ហាណាមួយកើតឡើង។

ទាក់ទងនឹងបញ្ហានេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា អង្គការសង់ត្រាល់ លោក មឿន តុលា ប្រកាសស្វាគមន៍ការបង្ហាញជាសាធារណៈនៅបញ្ជីឈ្មោះអ្នកប្រកបអាជីពក្នុងវិស័យសំណង់នេះ ។ តែលោកស្នើឱ្យក្រសួងបង្ហាញថែមទៀតជាពិសេសគឺ ព័ត៌មានជាក់ស្តែងលម្អិតពីការដ្ឋានសំណង់ៗធំតែងម្ដង។

លោក មឿន តុលា បន្តថា បច្ចុប្បន្ន ក្រុមហ៊ុនសំណង់ធំៗដែលដេញថ្លៃសំណង់បាន តែងចែកគ្នារកស៊ីបន្តគ្នាចំណេញលើគ្នាជាបន្តបន្ទាប់ នៅពេលមានបញ្ហាកើតឡើងរកអ្នកទទួលខុសត្រូវមិនឃើញ។ លោកតុលា បញ្ជាក់ថា កង្វះយន្តការត្រួតពិនិត្យ ជាមូលហេតុសំខាន់ដែលប៉ះពាល់ដល់គុណភាពសំណង់និងសុវត្ថិភាពកម្មករសំណង់នៅកម្ពុជា។

កាលពីខែមិថុនាកន្លងទៅ ក្រុមហ៊ុនសំណង់ចិនឈ្មោះ XI GANG TANG GONG GOU JI HAISAO សង់អគារនៅលើផ្ទៃដីទំហំ១៥ម៉ែត្រ និង៣០ម៉ែត្រកម្ពស់៧ជាន់ ស្ថិតនៅទីប្រជុំជនខេត្តព្រះសីហនុ ដោយសាងសង់បានសម្រេចជាង៨០% សំណង់ក៏បាក់នាំឱ្យកម្មករស្លាប់២៦នាក់និងរបួស២៨នាក់។ រាជរដ្ឋាភិបាល ក៏បានបង្កើតក្រុមការងារមួយចុះស្រាវជ្រាវគុណភាពសំណង់ទូទាំងខេត្តព្រះសីហនុ ប៉ុន្តែមិនទាន់បង្ហាញលទ្ធផលនៅឡើយ។ ជាមួយគ្នានេះ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេង បានចេញបញ្ជាឱ្យអភិបាលនៃគណៈអភិបាលនៅទូទាំងប្រទេសពិនិត្យគុណភាពសំណង់នៅកម្ពុជាចាប់ពីខែកក្កដាតទៅ៕

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...