01
សីហា

កម្មករជាង ៤០ នាក់​ទៀត​​របួស ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ ១ ថ្ងៃ​ មុន​ជាង ៣០ នាក់

ស្វាយរៀងៈ យ៉ាង​ហោចណាស់​កម្មករ-កម្ម​ការិនី​ចំនួន ៤៣ នាក់​ បាន​រងរបួស​ធ្ងន់ និង​ស្រាល​ពី​ម្សិលមិញ​ក្នុង​ឧបទ្ទវហេតុ​រថយន្ត​ដឹក​មាន់ ១ គ្រឿង ​បើក​វ៉ាជែង​មិន​ប្រយ័ត្ន​ទៅបុក​ជាមួយ​រថយន្ត​ដឹក​កម្មករ​ពេញ​ទំហឹង ​ស្ថិត​នៅ​ភូមិ​សួន​ថ្មី ​សង្កាត់​ព្រៃ​ឆ្លាក់ ​ក្រុង​ស្វាយរៀង​ ខេត្ត​ស្វាយរៀង​ ប៉ុន្ដែ​មិន​មាន​អ្នក​បាត់បង់​ជីវិត​ទេ ​ឯ​អ្នក​បើកបរ​បង្ក​ហេតុ​បានត់​គេច​ខ្លួន។

លោក​ ហាស់ ប៊ុន​ធី ​ប្រធាន​មន្ទីរ​ការងារ ​បណ្ដុះបណ្ដាល ​និង​វិជ្ជាជីវៈ​ ខេត្ត​ស្វាយរៀង ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ​នៅ​ព្រឹក​ថ្ងៃទី ៣១ ​ខែ កក្កដា​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​ដោយ​រថយន្ត​ដឹក​មាន់​បើកវ៉ា​ជែង​មិន​ប្រ​យ័​ត្ន​ទៅបុក​រថយន្ត​ដឹក​កម្មករ​ពេញ​ទំហឹង​ស្ថិតនៅ​ទីតាំង​ខាង​លើ។ គ្រោះ​ថ្នាក់​នេះ ​បណ្ដាល​ឲ្យ​កម្មករកម្ម​ការិនី​ចំនួន ៤៣ ​នាក់​រងរបួស ​ក្នុងនោះ​អ្នករងរបួស​ធ្ងន់ ​​១៥​ នាក់ និង ​២៨ នាក់​រង​របួស​ស្រាល ​ប៉ុន្ដែ​មិនមាន​អ្នក​បាត់​បង់​ជីវិត​ទេ។

លោក​បន្តថា ​ជនរងគ្រោះ​ទាំង​ ៤៣ នាក់​ ដែលមាន​ប្រុស​ ១០ នាក់​នោះ​ត្រូវបាន​សមត្ថកិច្ច ​និង​សាច់​ញាតិ​ជនរង​គ្រោះ​ជួយ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រួចរាល់​ហើយ។ ​ពួក​គាត់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង ​ខណៈ​ជន​រងគ្រោះ ៤ នាក់ ​បាន​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ​ដោយ​សារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក។

លោក​ ប៊ុន​ធី ​បញ្ជាក់ថា​៖ «​ភ្នាក់​ងារ​ប្រចាំការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ស្វា​យរៀង ​កំពុង​ជួយ​សម្រប​សម្រួល​បន្ត ​ដើម្បី​ឲ្យ​ពួកគាត់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ហ្នឹង។ ចំណែក​អ្នក​បើកបង្កហេតុ​បាន​រត់​គេច​ខ្លួន​ ហើយ​សមត្ថកិច្ច​ក៏​កំពុង​​តាម​ចាប់ខ្លួន​ដែរ ​ហើយ​អ្នក​បើកបរ​ឡាន​ដឹក​កម្មករ​បាក់​ភ្លៅ»។

លោក​ កឹង ឃន ​ស្នងការ​នគរ​បាល​ខេត្ត​ស្វាយរៀង ​ពី​ម្សិលមិញ បាន​បដិសេធ​ការធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​ ដោយ​លោក​អះអាងថា​ កំពុង​ជាប់រវល់​ប្រជុំ។

លោក​ ​ពុំ សុគ​ន្ធី ​តំណាង​កម្មករ​នៃ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ប្រចាំ​នៅ​រោងចក្រ​ យូ​លី ​នៅ​ខេត្ត​ស្វាយរៀង ​​ថ្លែង​ថា​ កម្មករ​ដែល​រងគ្រោះ​នេះ​ គឺជា​អ្នកធ្វើការ​នៅ​រោងចក្រ យូ​លី​សាខា​ទី ២ ​នៅ​ក្រុង​ស្វាយរៀង ​បន្ទាប់ពី​កម្មករកម្ម​ការិ​នី​ចំនួន ​៣៣ នាក់ ​របស់​រោងចក្រ​នោះ​ជួប​គ្រោះ​ចរាចរណ៍​កាលពី​ថ្ងៃ​ទី ៣០ ​ខែ កក្កដា​ ​ដែល​មាន​អ្នកស្លាប់​ចំនួន​ ២ នាក់។

លោក​បញ្ជាក់ថា​៖ «ខ្ញុំ​មិន​នឹក​ស្មានថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ ២ ​ថ្ងៃ​ ជាប់ៗ​គ្នា​បែបនេះ​សោះ។ វា​កើតឡើង​តែ​កម្មករ​រោងចក្រ​យូ​លី​នេះ​ទៀត។ ឥឡូវនេះ​ មាន​កម្មករ​ ៤ នាក់ ​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ​ព្រោះ​ស្ថាន​ភាព​ធ្ងន់ធ្ងរ រីឯ​អ្នករបួស​កាលពី​ថ្ងៃ​ម្សិលម៉ៃ្ង ​គឺមាន​អ្នកខ្លះ​ត្រឡប់​ទៅ​ផ្ទះ​វិញហើយ​។ យើង​កំពុង​រៀបចំ​ឲ្យ​អ្នក​រងរបួស​ធ្ងន់​ទៅ​ព្យាបាល​នៅ​វៀត​ណា​ម​វិញ ប៉ុន្ដែ​កំពុង​គិតពី​លទ្ធភាព»។

លោក​ នួន លី​ហួន​ ប្រធាន​មន្ទីរ​សាធារណៈការ ​និង​ដឹក​ជញ្ជូន​ខេត្ត​ស្វាយរៀង ពី​ម្សិលមិញ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បានទេ​ ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។

លោក​ ហ៊ាង សុទ្ធា​យុត្ត ​អ្នកនាំ​ពាក្យ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ពី​ម្សិលមិញ​ថ្លែងថា​ បញ្ហា​អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​នេះ ​ត្រូវបាន​ក្រសួង​កំពុង​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ តាម​រយៈ​ការបញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​បាន​ចុះទៅ​បង្រៀន ​ផ្សព្វផ្សាយ ​និង​តម្រូវ​ឲ្យ​អ្នកបើកបរ​ទាំងនោះ​ប្រឡង​យក​បណ្ណ​បើកបរ​ឲ្យ​ត្រឹម​ត្រូវ​តាម​ច្បាប់។

លោក​បញ្ជាក់ថា​៖ «យើង​មិន​អនុញ្ញាត និង​មិន​លើក​ទឹកចិត្ត ​អ្នក​ដែល​គ្មាន​បណ្ណបើកបរ ​ឬ​មិន​គោរព​តាមច្បាប់​ ហើយ​ទៅ​បើកបរ​រថយន្ត​ទេ។ គឺ​មិន​ត្រឹមតែ​អ្នក​បើកបរ​ដឹក​កម្មក​រ​ច្រើន​នាក់​ទេ ​សូម្បីតែ​រថយន្ត​តូចៗ​ហ្នឹង​ក៏​យើង​ត្រូវតែ​ចាត់វិធាន​ការ​ដែរ។ អ៊ីចឹង​បានជា​យើង​ចុះទៅ​អប់រំ ​ផ្សព្វផ្សាយ ​និង​ឲ្យ​គាត់​ប្រឡង​យក​ប័ណ្ណបើកបរ​ដល់ទី​តាំង​រោងចក្រ​គាត់​តែម្ដង»។

លោក​ ឃុន ថា​រ៉ូ ​អ្នកសម្រប​សម្រួល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស ​និង​ការងារ​ហៅ​កាត់​ថា​ អង្គ​ការ​សង់​ត្រាល់ (CENTRAL) ប្រាប់ថា ​ក្រុម​ការងារ​ កំពុង​ចុះទៅ​តាម​មន្ទីរពេទ្យ​ពិនិត្យមើល ​និង​សាកសួរ​កម្មករ​រងគ្រោះ​ ដោយ​ក្រុមកម្មករ​រងគ្រោះ​ភាគ​ច្រើន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ។ ក្នុង​ចំណោម​នោះ ​មាន​ស្ត្រី​ម្នាក់​កំពុងមាន​ផ្ទៃពោះ​រងរបួស​ធ្ងន់បាក់​ជើង​ទាំង ២ ​និង​បាក់​ដៃ។

Content image - Phnom Penh Post

កម្មកររោងចក្ររងរបួសក្នុងគ្រោះថ្នាក់រថយន្តបុកគ្នាម្សិលមិញ នៅស្វាយរៀង។ សហការី

លោក​បន្តថា ​ករណី​ដែល​បណ្ដាល​ឲ្យ​កម្មករ​រងគ្រោះ​នេះ ​ដោយសារ​រដ្ឋាភិបាល​មិនទាន់មាន​យន្តការ​ទប់ស្កាត់ និង​កែ​ទម្រ​ង់​ប្រព័ន្ធ​ដឹកជញ្ជូន​កម្មករ​ឲ្យ​បាន​សមរម្យ។ សេវា​ដឹកជញ្ជូន​កម្មករ​ភាគច្រើន​ គឺជា​រថយន្ត​ដែល​មិន​ត្រឹមត្រូវ​លក្ខណៈ​បច្ចេ​កទេស ​និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​កម្ម​ករ។ ជាក់ស្ដែង​រថយន្ត​ទាំងនោះ​ត្រូវ​បាន​កែច្នៃ ត​ទ្រុងវែងៗ ​និង​តម្រូវ​ឲ្យ​កម្មករ​ជិះ​ឈរ​ចង្អៀត​គ្នា ​ហើយ​រថយន្ត​មួយគ្រឿង​ដឹក​កម្មករ​ចន្លោះ​ពី ២៥ ​ទៅ ៤០ នាក់។

លោ​កញ្ជាក់​ថា​៖ «រដ្ឋាភិបាល​និង​និយោជក​ចាំបាច់​ត្រូវ​ពិនិត្យមើល​កត្តា​ផ្លូវ​ បច្ចេកទេស​បើកបរ ​និង​ត្រូវ​ប្ដូរ​ប្រភេទ​យាន​យន្ត​ដឹក​កម្មករ​ជាបន្ទាន់ ​ព្រោះ​ឡាន​ប្រភេទ​កូរ៉េ ត​ទ្រុង​ឡើងលើ ដែល​សម្រាប់​ដឹក​កម្មករ​សព្វថ្ងៃ ​គឺជា​ប្រភេទ​ឡាន​ដឹកទំនិញ​ មិនមែនជា​ប្រភេទ​ឡាន​ដឹក​មនុស្ស​ទេ។ ម្យ៉ាងទៀត​ អ្នក​បើកបរ ​មិន​ត្រូវបាន​បង្រៀន​ឲ្យ​យល់​ពី​ច្បាប់​ ឬ​ឥរិយាបថ​មិន​សម​រម្យ​ក្នុង​ការ​បើកបរ​ទេ»។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដី​ពី​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ​ចុះ​ថ្ងៃ​ម្សិលមិញ​ បាន​បង្ហាញថា ​ជនរងគ្រោះ​ទាំង​អស់​បានទទួល​ការជួយ​សង្គ្រោះ​ពី​សំណាក់​អាជ្ញា​ធរ មាន​សមត្ថកិច្ច ​និង​មន្ត្រី​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដោយ​យកចិត្ត​ទុកដាក់។

ក្រសួង​បន្តថា​ គិត​ត្រឹម​ម៉ោង​ ១១:៣០ នាទី​ថ្ងៃ​ទី ៣១​ កក្កដា​ ​កម្មករ​និយោជិត​ចំនួន ៣៩ នាក់ ​កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្វាយ​រៀង។ ជន​រង​គ្រោះ​ចំនួន ៤ នាក់ ​ត្រូវបាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ​រាជធានី​ភ្នំពេញ។

ក្រសួង​បញ្ជាក់ថា​៖ «ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិ​ជ្ជា​ជីវៈ ​នឹង​បន្ត​ជួយ​ដោះស្រាយ​ទុក្ខ​លំ​បាក​របស់​បងប្អូន​កម្ម​ការិនី​ និង​ក្រុម​គ្រួសារ​ទៅតាម​គោល​របប​សន្ដិសុខ​សង្គម​របស់​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម»។

គួររំឭក​ថា​ កាលពី​ថ្ងៃទី ៣០ ​ខែ កក្កដា​ ​កម្មករកម្ម​ការិនី ២ នាក់​បាន​ស្លាប់ ​និង​ចំនួន​ជាង ៣០ នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ ​និង​ស្រាល ​ក្នុង​ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​កើត​នៅ​ភូមិ​កំពង់​រទេះ​ ឃុំ​ពពែ​ត ស្រុក​ស្វាយទាប​ ខេត្ត​ស្វាយ​រៀង។ ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​ ខណៈ​ដែល​អាជ្ញាធរ​បាន​បញ្ជូន​អ្នក​រង​របួស​ទាំងនោះ​ទៅ​មន្ទីរពេទ្យ​ ដើម្បី​សង្គ្រោះ​បន្ទាន់៕​​

អាដហុក​អំពាវនាវ​ដល់​រាជ​​រដ្ឋាភិបាល ពិសេស​ក្រសួង​មហាផ្ទៃ អន្ត​រាគមន៍ និង​ចាត់​វិធាន​ការ​ឲ្យ​បាន​ម៉ឺង​ម៉ាត់​ជាក់​​ស្តែង ចំពោះ​សមត្ថកិច្ច​ណាដែ​ល​មិនបាន​គោរពនិង​អនុវត្ត​តា​ម​​ខ្លឹមសារ​របស់​ក្រសួង​មហា​ផ្ទៃ ដែល​នៅតែ​បន្ត​សកម្ម​ភាព រឹត​ត្បិតគំរាម​កំហែង​ដល់​ការ​ជួប​ជុំ របស់​អង្គការ​សមាគម​ព្រមទាំង​​សហគមន៍​មូលដ្ឋាន៕

 

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...