មន្ត្រីសង្គមស៊ីវិលបារម្ភថា នឹងមានការតវ៉ាពីក្រុមបុគ្គលិកណាហ្គា បើមេសហជីពពួកគេមិនបានចូលធ្វើការវិញ
ប្រធានសហជីពនៅក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ រំពឹងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈអាចនឹងជួបប្រជុំដោះស្រាយទំនាស់រវាងសហជីព និងភាគីក្រុមហ៊ុននេះ ដោយត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឱ្យរូបនាងបានចូលធ្វើការវិញ។
មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិការងារមើលឃើញថា សមាជិកសហជីព ដែលមានចំនួនច្រើនជាងពាក់កណ្ដាលនៃអ្នកធ្វើការនៅក្រុមហ៊ុននេះកំពុងមិនពេញចិត្តនឹងការសម្រេចព្យួរការងារប្រធានសហជីពរូបនេះឡើយ។ មន្ត្រីរូបនេះបារម្ភថា អាចនឹងមានការតវ៉ាកើតឡើង ប្រសិនបើពុំមានដំណោះស្រាយណា ដែលអាចយកតំណាងរបស់ពួកគេចូលធ្វើការវិញនោះ។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ជំរុញដល់ភាគីក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុនណាហ្គា វើលដ៍ ងាកមកដោះស្រាយវិវាទនេះដោយយុត្តិធម៌ ដែលធានាថា ក្រុមបុគ្គលិកអាចទទួលយកបាន។ លោកថា កញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីព ដែលមានភាពជាតំណាង ដោយសារតែសមាជិកសហជីពនេះច្រើនជាងពាក់កណ្ដាលនៃចំនួនបុគ្គលិកសរុប គឺអាចនឹងមានឥទ្ធិពលក្នុងការតវ៉ារួមណាមួយ នៅពេលដែលពុំមានដំណោះស្រាយត្រឹមត្រូវទាន់ពេលវេលា៖ «ខ្ញុំនៅតែទទូចឱ្យខាងក្រុមហ៊ុនងាកមកចរចាជាមួយខាងសហជីព ហើយបញ្ចប់ការព្យួរកិច្ចសន្យាការងាររបស់កញ្ញា ស៊ីថរ ទី១ ទី២ រឿងសហជីពនេះការសាមគ្គីគ្នាសំខាន់ណាស់ ខ្ញុំមើលឃើញថា មានសក្ដានុពលមែនទែន គឺមានដល់ទៅជាង ៤.០០០នាក់ បានន័យថា លើកពី៥០ភាគរយបូកមួយ ហើយម្យ៉ាងទៀតក្រុមហ៊ុន ណាហ្គា វើលដ៍ នេះ មានម្ចាស់ភាគហ៊ុននៅទីក្រុងហុងកុង និងមានទំនាក់ទំនងទៅដល់សហគមន៍អឺរ៉ុបដែរ។ ដើម្បីឱ្យការដោះស្រាយហ្នឹងប្រកបដោយសន្តិវិធី ខ្ញុំគិតថាភាគីទាំង២ ពិសេសហ្នឹងក្រុមហ៊ុនបញ្ចប់ការព្យួរហ្នឹងទៅ ហើយងាកមករកចរចាជាមួយសហជីព»។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខកខាកមិនបានជួបប្រជុំដោះស្រាយវិវាទការងាររវាងតំណាងសហជីព និងក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) កាលពីថ្ងៃទី៤ ខែតុលា តាមការគ្រោងទុកនោះទេ។ ក្រសួងការងារ បានសម្រេចលើកពេលដោះស្រាយវិវាទការងារនេះ ទៅថ្ងៃទី៧ ខែតុលា វិញ តាមសំណើរបស់ក្រុមហ៊ុន ដែលថា មិនទាន់រៀបចំខ្លួនរួចរាល់ក្នុងការចូលផ្សះផ្សារឿងនេះនៅឡើយ។
វិវាទការងារនេះកើតឡើង បន្ទាប់ពីក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ ព្យួរការងារប្រធានសហជីព ម្នាក់ គឺកញ្ញា ឈឹម ស៊ីថរ កាលពីថ្ងៃទី២០ កញ្ញា បន្ទាប់ពីក្រុមហ៊ុនដឹងថា ប្រធានសហជីពរូបនេះ គ្រោងធ្វើយុទ្ធនាការទាមទារលក្ខខណ្ឌការងារ និងការដំឡើងប្រាក់ឈ្នួលសមរម្យសម្រាប់បុគ្គលិក កំពុងបម្រើការងារឱ្យក្រុមហ៊ុន ណាហ្គា វើលដ៍។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ និយាយថា ការពន្យារពេលដោះស្រាយម្ដងហើយម្ដងទៀតនេះ ធ្វើឱ្យមានការព្រួយបារម្ភរឿងក្រុមហ៊ុនចង់ទាញករណីនេះទៅជាវិវាទបុគ្គល ហើយក្រុមហ៊ុនមានលេសស្នើសុំក្រសួងការងារឯកភាពបញ្ឈប់កញ្ញាបាន ឬអាចរុញករណីនេះទៅបន្តដោះស្រាយនៅតុលាការវិញ។
តែទោះជាយ៉ាងណាកញ្ញា មើលឃើញថា តាមនីតិវិធីក្រសួងមិនអាចពន្យាររឿងនេះតទៅទៀតទេ៖ «បើយើងមើលនៅក្នុងច្បាប់នីតិវិធីដោះស្រាយគឺលែងលើកពេលបានទៀតហើយព្រោះចាប់ពីពេល ដែលក្រសួងទទួលពាក្យបណ្ដឹង គឺត្រូវចាត់ការឱ្យបានក្នុងរយៈពេល១៥ថ្ងៃ។ សហជីពយើងបានដាក់បណ្ដឹងទៅក្រសួងកាលពីថ្ងៃទី២៥ ខែកញ្ញា អ៊ីចឹងថ្ងៃ ទី៧ ខែកញ្ញា ហ្នឹងអស់ពេលហើយ មិនអាចពន្យារពេលទៀតទេ ទី២ទាក់ទងនឹងហេតុផលក៏ក្រុមហ៊ុនអត់មានហេតុផលអី ក្នុងការពន្យារទៀតដែរ។ ហើយលទ្ធផលយ៉ាងណា បន្ទាប់ពីការផ្សះផ្សាហ្នឹងគឺយើងរំពឹងថា នឹងមានលទ្ធផលដែលបុគ្គលិក និងក្រុមហ៊ុនអាចទទួលយកបានទាំងសង្ខាង ប៉ុន្តែបើសិនជាលទ្ធផលមិនដូចអ្វីដែលយើងអាចទទួលយកបានទេ យើងនឹងបន្តនីតិវិធីទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល»។
ទោះយ៉ាងណាក្តីតំណាងកម្មកររូបនេះ ស្នើសុំឱ្យក្រសួងការងារជួយដោះស្រាយឱ្យបានត្រឹមត្រូវ និងយុត្តិធម៌។
កាលពីថ្ងៃទី២ ខែតុលា បុគ្គលិកក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ បានចេញសេចក្ដីថ្លែងការណ៍រួម មួយស្នើសុំឱ្យក្រុមហ៊ុនទទួលយកតំណាងរបស់ពួកគេចូលធ្វើការវិញ ដោយឥតលក្ខខណ្ឌ និងឱ្យក្រុមហ៊ុនពិចារណាឡើងវិញ ក្នុងការដំឡើងប្រាក់ឈ្នួលជូនបុគ្គលិកតាមការស្នើសុំ។ ពួកគេលើកឡើងថា ប្រសិនបើក្រុមហ៊ុនមិនយល់ព្រមទេ គឺនឹងរក្សាជំហរបន្តទាមទារដោយប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ខ្លួន រហូតទាល់តែមានដំណោះស្រាយសមរម្យ៕
ប្រភព៖ វិទ្យុអាស៊ីសេរី