សង្គមស៊ីវិល និងសហជីពជាង២០ ស្នើសុំឱ្យក្រុមហ៊ុន ណាហ្គា ទទួលប្រធានសហជីពចូលធ្វើការវិញ
អង្គការសង្គមស៊ីវិល និងសហជីពជាង ២០ស្ថាប័ន ចេញសេចក្ដីថ្លែងការណ៍រួមគ្នានៅថ្ងៃទី៦ តុលានេះ ដោយទាមទារឱ្យក្រុមហ៊ុន ណាហ្គា វើលដ៍ ទទួលយកបុគ្គលិក និងជាប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ ចូលធ្វើការវិញដោយឥតលក្ខខណ្ឌ។ ការទាមទារនេះ បន្ទាប់ពីក្រុមហ៊ុន បានព្យួរការងារកញ្ញា ឈឹម ស៊ីថរ ដោយគ្មានមូលហេតុសមរម្យជិតមួយខែហើយ។
អង្គការ សមាគម និងសហព័ន្ធសហជីពជាង២០ ដែលធ្វើការងារលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារ អំពាវនាវដល់ក្រសួងការងារ ជួយសម្របសម្រួលវិវាទការងាររវាងក្រុមហ៊ុន កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) និងប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ ឱ្យមានប្រសិទ្ធភាព ដើម្បីឱ្យក្រុមហ៊ុនទទួលយក នាងចូលធ្វើការវិញ និងពិចារណាលើសំណើសុំដំឡើងប្រាក់ឈ្នួលសមរម្យជូនបុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងកាស៊ីណូ ណាហ្គា វើលដ៍។
សេចក្ដីថ្លែងការណ៍រួមរបស់ក្រុមសង្គមស៊ីវិលនេះ ធ្វើឡើងមុនមួយថ្ងៃ មុនពេលក្រសួងការងារ គ្រោងហៅតំណាងសហជីព និងតំណាងក្រុមហ៊ុនទៅដោះស្រាយវិវាទការងារនេះ នៅថ្ងៃទី៧ ខែតុលា។
អង្គការ សមាគម និងសហជីពទាំងនេះ អះអាងថា ពួកគេបានតាមដានយ៉ាងយកចិត្តទុកដាក់ និងបានសិក្សាអំពីផ្លូវច្បាប់ឃើញថា ការសម្រេចចិត្តរបស់ក្រុមហ៊ុនកាស៊ីណូណាហ្គា វើលដ៍ ក្នុងការ ព្យួរការងារមេដឹកដាំសហជីពដ៏សកម្មម្នាក់នេះ ជារឿងគ្មានមូលដ្ឋានច្បាប់ និងមិនយុត្តិធម៌នោះទេ។ សង្គមស៊ីវិលថា កញ្ញា ឈឹម ស៊ីថរ គ្រាន់តែប្រើប្រាស់សិទ្ធិជាមូលដ្ឋាន និងប្រកបដោយវិជ្ជាជីវៈឯករាជ្យតំណាងឱ្យកម្មករជាង ៤ពាន់នាក់ ទាមទារធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និង ដំឡើងប្រាក់ឈ្នួលសមរម្យសម្រាប់បុគ្គលិកណាហ្គា វើលដ៍។
អ្នកសម្របសម្រួលមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ លើកឡើងថា កញ្ញា ឈឹម ស៊ីថរ គឺជាថ្នាក់ដឹកនាំសហជីពមូលដ្ឋាន មួយរូប ដូច្នេះនាងមានសិទ្ធិគ្រប់គ្រាន់តំណាងឱ្យកម្មករនិយោជិតក្នុងការទាមទារធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងប្រាក់ឈ្នួលសមរម្យ។ លោកបន្តថា សកម្មភាពរបស់តំណាងកម្មករ រូបនេះមិនបានបំពានច្បាប់អ្វីនោះទេ ផ្ទុយទៅវិញថ្នាក់ដឹកនាំក្រុមហ៊ុនណាហ្គា វើលដ៍ ទេ ដែលប្រើប្រាស់អំណាចរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសេរីភាពសហជីព និងបានព្យួរការងារ ដោយគ្មានមូលហេតុ និងគ្មានការស៊ើបអង្កេតឱ្យបានត្រឹមត្រូវ៖ «ក្នុងនាមសង្គមស៊ីវិល យើងគាំទ្រសិទ្ធិជាមូលដ្ឋានគាំទ្រការងាររបស់កម្មករនិយោជិកនៅកម្ពុជា គឺយើងនៅតែជំរុញឱ្យកម្មករអនុវត្តសិទ្ធិជាមូលដ្ឋានរបស់គាត់ ពេញលេញហើយនឹងបន្តធ្វើការតាមដាន និងអំពាវនាវដល់ភាគីពាក់ព័ន្ធជាពិសេសក្រសួងការងារ ដោះស្រាយជាបន្ទាន់ដើម្បីឱ្យថ្នាក់ដឹកនាំសហជីពកញ្ញា ឈឹម ស៊ីថរ ចូលធ្វើការវិញ»។
ក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ ធ្លាប់មានប្រវត្តិរើសអើងសហជីព និងបានបញ្ចប់កិច្ចសន្យា សហជីពកាលពីឆ្នាំ២០០៩ ដែលបានធ្វើឱ្យកម្មកររាប់រយនាក់ក្រោកឈរតវ៉ាប្រឆាំងក្រុមហ៊ុន ជាបន្តបន្ទាប់។
អនុប្រធានបណ្ដាញយុវជនកម្ពុជា (CYN) លោក ស ម៉ូរី ថ្លែងថា សមាគមរបស់លោកគាំទ្រកញ្ញាឈឹម ស៊ីថរ ព្រោះមើលឃើញថា ក្រុមហ៊ុនកាស៊ីណូដ៏ធំនិងល្បីល្បាញជាងគេក្នុងស្រុកខ្មែរមួយនេះ បានបង្ហាញការរើសអើង និងគំរាមកំហែងដល់សេរីភាពសហជីព។ លោកយល់ថា ក្រុមហ៊ុនគួរតែពន្លឿនដំណោះស្រាយ និងទទួលយកកញ្ញា ឈឹម ស៊ីថរ ចូលធ្វើការវិញ ដើម្បីបញ្ចៀសកុំឱ្យបុគ្គលិកក្រុមហ៊ុន កាន់តែមិនសប្បាយចិត្ត ហើយនាំធ្វើកូដកម្ម ព្រោះកញ្ញា ឈឹម ស៊ីថរ គឺជាតំណាងដ៏សំខាន់ក្នុងការចរចាដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារសមរម្យជូនពួកគេ៖ «អ្នកធ្វើការងារក្នុងវិស័យសណ្ឋាគារ និងទេសចរណ៍ភាគច្រើនគឺ យុវជន ដូច្នេះហើយក្នុងនាមយើងជាអង្គការយុវជន យើងចូលរួមគាំទ្រទាំងសកម្មភាព និងស្មារតី ដល់កម្មករនិងកញ្ញា ឈឹម ស៊ីថរ។ ខ្ញុំគិតថា កម្មករនៅកាស៊ីណូ គាំទ្រកញ្ញា ឈឹម ស៊ីថរ ច្រើន ព្រោះ គាត់មានស្នាដៃល្អ ក្នុងការការពារសិទ្ធិកម្មករនៅទីនោះ។ បើមិនមានដំណោះស្រាយសមរម្យទេ ខ្ញុំគិតថា កម្មករនៅទីនោះ អាចនឹងមិននៅស្ងៀមទេ អាចថា ពួកគាត់នឹងធ្វើកូដកម្មបន្ថែមទៀតដើម្បីជំរុញឱ្យមានការដោះស្រាយ»។
វិវាទការងារនេះកើតឡើង បន្ទាប់ពីក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ ព្យួរការងារប្រធានសហជីព ម្នាក់ គឺកញ្ញា ឈឹម ស៊ីថរ កាលពីថ្ងៃទី២០ កញ្ញា បន្ទាប់ពីក្រុមហ៊ុនដឹងថា ប្រធានសហជីពរូបនេះ គ្រោងធ្វើយុទ្ធនាការទាមទារលក្ខខណ្ឌការងារ និងការដំឡើងប្រាក់ឈ្នួល៥០០ដុល្លារ សម្រាប់ បុគ្គលិកផ្នែកកាស៊ីណូ និង៣០០ដុល្លារសម្រាប់បុគ្គលិកផ្នែកសណ្ឋាគារនៅក្នុងក្រុមហ៊ុន ណាហ្គា វើលដ៍។
បុគ្គលិកផ្នែកភោជនីយដ្ឋាននៅក្នុងក្រុមហ៊ុនណាហ្គា វើលដ៍ លោក ស្រី ណុប ទិត្យបូរ៉ាវី ប្រាប់អាស៊ីសេរីថា បុគ្គលិកទាំងអស់ នៅតែរក្សាជំហរទាមទារឱ្យក្រុមហ៊ុនទទួលយកប្រធានសហជីពរបស់ ពួកគេវិញ ហើយពួកគេ កំពុងរង់ចាំមើលលទ្ធផលដែលក្រសួងការងារគ្រោងផ្សះផ្សានៅថ្ងៃទី៧ ខែតុលា៖ «គាត់ជាថ្នាក់ដឹកនាំល្អ គាត់ខ្វល់ពីសុខទុក្ខរបស់បុគ្គលិក គាត់ជួបបញ្ហានេះដោយសារបុគ្គលិកទាំងអស់ ព្រោះបុគ្គលិកស្នើសុំឱ្យគាត់ជួយទាមទាររំកិលប្រាក់ខែ របស់ពួកយើង ព្រោះប្រាក់ខែសព្វថ្ងៃនិងអតិផរណា មានគម្លាតគ្នាឆ្ងាយពេក យើងចាយមិនគ្រប់។ បើយើងដើរគ្រប់នីតិវិធីហើយគ្រប់នៅតែមិនទទួលយកអ្នកស្រីប្រធានចូលធ្វើការវិញទេ ពួកយើង នឹងធ្វើយុទ្ធនាការទៅតាមផ្លូវច្បាប់»។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងបុគ្គលិករបស់ក្រុមហ៊ុន កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) អ្នកស្រី ឌី សីហា និងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេ នៅថ្ងៃទី៦ តុលា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
អង្គការសមាគម និងសហជីព លើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួមថា ពួកគេនឹងបន្តតាមដាន និង គាំទ្រកម្មករនិយោជិកក្នុងការបន្តសកម្មភាពទាមទារប្រកបដោយអហិង្សា និងប្រើប្រាស់សិទ្ធិជា មូលដ្ឋានរបស់ពួកគេដែលធានាដោយច្បាប់ ដើម្បីធានាថា ក្រុមហ៊ុន ណាហ្គា វើលដ៍ ទទួលយកប្រធានសហជីពចូលធ្វើការវិញ និងធានាលុបបំបាត់រាល់ទម្រង់នៃការរើសអើងសហជីព។ ក្រុមសង្គមស៊ីវិល ក៏ទាមទារឱ្យមានការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករ និងក្រុមហ៊ុន ឱ្យកាន់តែប្រសើរដើម្បីបញ្ចៀសរាល់ការតវ៉ាណាមួយកើតឡើង៕
ប្រភព៖ វិទ្យុអាស៊ីសេរី