សង្គមស៊ីវិលរកឃើញកម្មករសំណង់ជាង២០ម៉ឺននាក់ឋិតក្នុងស្ថានភាពប្រឈមគ្រោះថ្នាក់
សង្គមស៊ីវិលធ្វើការលើវិស័យការងារ បានរកឃើញកម្មករក្នុងវិស័យសំណង់នៅកម្ពុជាជាង២០ម៉ឺននាក់កំពុងប្រឈមគ្រោះថ្នាក់ការងារក្នុងអត្រាខ្ពស់បំផុត ធៀបនឹងវិស័យដទៃ ខណៈពួកគេទទួលបានការផ្តល់កិច្ចការពារផ្នែកសុខភាពសុវត្ថិភាព និងការធានារ៉ាប់រងគ្រោះថ្នាក់ការងារក្នុងកម្រិតមួយទាប។
មន្ត្រីអង្គការសម្ព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លើកឡើងបែបនេះនៅអំឡុងសន្និសីទកាសែតមួយរៀបចំឡើងដោយអង្គការសម្ព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស កាលពីថ្ងៃម្សិលមិញ ក្រោយពីកើតមានហេតុការណ៍បាក់រលំអគារជាបន្តបន្ទាប់ ដោយបណ្ដាលឱ្យកម្មកររាប់សិបនាក់បាត់បង់ជីវិត និងរងរបួស។
ប្រធានសម្ព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សុខ គីន លើកឡើងថា កម្មករសំណង់នៅកម្ពុជា ជាង២០ម៉ឺននាក់ កំពុងប្រឈមហានិភ័យគ្រោះថ្នាក់ការងារខ្ពស់ដល់ជិត២០ភាគរយ បើធៀបនឹងកម្មករក្នុងវិស័យកាត់ដេរដែលមានត្រឹម៥ភាគរយ ប៉ុន្តែ ពួកគេទទួលបានការធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងរបបសន្តិសុខសង្គមតិចតួច។
លោកបញ្ជាក់ថា តាមការចុះស្រាវជ្រាវរបស់អង្គការលោកនៅចុងឆ្នាំ២០១៧ លើកម្មករសំណង់ជាង១០០០នាក់ បានរកឃើញថា ក្នុងចំណោមពួកគេ១០០នាក់ មាន១៩នាក់ បានជួបគ្រោះថ្នាក់ពេលបំពេញភារកិច្ច ហើយគ្រោះថ្នាក់នោះ មានដល់ថ្នាក់ស្លាប់ដោយឆក់ខ្សែភ្លើង ឬធ្លាក់ពីលើអគារ ជាដើម។
លោក សុខ គីន ថ្លែងថា៖ «យើងមើលឃើញទិន្នន័យ និងអត្រាគ្រោះថ្នាក់ គឺខ្ពស់មែនទែនដល់ទៅ១៩ភាគរយ។ អ៊ីចឹង សូម្បីតែក្រសួងការងារ អង្គការ ILO ស្ថាប័នពាក់ព័ន្ធ គិតថា នៅក្នុងប្រទេសកម្ពុជា មានអត្រាគ្រោះថ្នាក់ខ្លាំងមែនទែន ហើយការធានា និងការព្យាបាលមានកម្រិតតិចតួច។ បាទចឹង ខ្ញុំគិតថា កម្មករនៅក្នុងវិស័យសំណង់នៅតែមានបញ្ហា»។
មន្ត្រីគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ជំរុញឱ្យក្រសួងការងារជំរុញការចេញបណ្ណសមាជិករបបសន្តិសុខសង្គម ឬហៅកាត់”ប.ស.ស.”ដល់កម្មករសំណង់។ លោកបន្ថែមថា កង្វះការផ្តល់បណ្ណធានានេះ ធ្វើឱ្យកម្មករសំណង់បាត់បង់អត្ថប្រយោជន៍ជាច្រើន។
លោក ឃុន ថារ៉ូ មានប្រសាសន៍ថា៖ «ដើម្បីឱ្យកម្មករហ្នឹងទទួលបាននូវអត្ថប្រយោជន៍ ការធានារ៉ាប់រង ទី១ ត្រូវតែជំរុញឱ្យមានការចុះបញ្ជី ប.ប.ស.ដើម្បីឱ្យពួកគាត់ទទួលបាននូវសំណង។ អាហ្នឹងសំខាន់ណាស់ ទាំងសេវាសុខភាព សេវាព្យាបាល គ្រោះថ្នាក់ បាត់បង់អាយុជីវិតជាដើម ពិការភាព អសមត្ថភាពអីជាដើម គឺមាននៅក្នុងហ្នឹង»។
មន្ត្រីសង្គមស៊ីវិលរូបនេះ លើកឡើងថា បច្ចុប្បន្ន ក្នុងចំណោមកម្មករសំណង់ប្រមាណជាង២០ម៉ឺននាក់ គឺមានតែ៩ភាគរយប៉ុណ្ណោះដែលថៅកែរបស់ពួកគេទិញបណ្ណធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងមានតែ៥ភាគរយទេដែលមានបណ្ណសមាជិក“ប.ស.ស.”។
មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម បញ្ជាក់ប្រាប់ វីអូឌី តាមប្រព័ន្ធ Messenger ដោយមិនប្រាប់ឈ្មោះថា កម្មករសំណង់ចុះបញ្ជីសមាជិក ប.ស.ស.មាន១១ ៥២៣នាក់។ មន្ត្រីរូបនោះបន្ថែមថា តួលេខនេះនៅតិចតួចនៅឡើយ។
មន្ត្រី ប.ស.ស៖ «នេះតួលេខមួយនៅមានកម្រិត ព្រោះកម្មករសំណង់ភាគច្រើន ពួកគាត់បានបម្រើការងារនៅតាមការដ្ឋានស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកម៉ៅការ ដែលពុំមែនជាក្រុមហ៊ុន ឬទីតាំងច្បាស់លាស់ណាមួយ ជាហេតុធ្វើឱ្យពិបាកក្នុងការប្រមូល និងគ្រប់គ្រងទិន្នន័យរបស់ពួកគាត់»។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ លើកឡើងថា កម្មករសំណង់មានបណ្ណ ប.ស.ស.តិចតួច ដោយសារពួកគេភាគច្រើនធ្វើការឱ្យក្រុមហ៊ុន ឬអ្នកម៉ៅការសាងសង់ដែលមិនបានចុះបញ្ជីការនៅក្រសួង ហើយមិនមែនជាកម្មករនិយោជិតជាប់កិច្ចសន្យាការងារដែលតម្រូវដោយច្បាប់។
លោកបន្ថែមថា ក្រសួងការងារកំពុងសហការជាមួយក្រសួងរៀបចំដែនដី ធ្វើយុទ្ធនាការធ្វើយ៉ាងណាជំរុញការចុះបញ្ជីការក្រុមហ៊ុនសាងសង់ និងអ្នកម៉ៅការសាងសង់ ដែលបំពេញលក្ខខណ្ឌបទដ្ឋានបច្ចេកទេសសុវត្ថិភាពសំណង់ត្រឹមត្រូវ ដើម្បីធានាគុណភាពសាងសង់ និងសំណង់ មុននឹងពួកគេមានសិទ្ធិដេញថ្លៃ ឬម៉ៅការសាងសង់។
លោក ហេង សួរ មានប្រសាសន៍បន្ថែមថា៖ «បើសិនគាត់មិនមែនជាអ្នកបច្ចេកទេស មិនមែនជាវិស្វករដែលទទួលស្គាល់ដោយ និងចុះបញ្ជីដោយក្រសួងដែនដី និងនគរូបនីយកម្ម ការម៉ៅការបន្តរបស់គាត់នេះ គឺអាចខ្វះនូវបទដ្ឋានបច្ចេកទេស ដែលអាចធ្វើឱ្យអ្នកដែលឋិតនៅក្រោមបង្គាប់របស់គាត់ហ្នឹង គឺថាធ្វើការក្នុងលក្ខខណ្ឌមួយដែលមិនមានហៅថាគ្រប់បច្ចេកទេសសុវត្ថិភាព ក៏ដូចជាបច្ចេកទេសសំណង់»។
កាលពីថ្ងីទី៣ ខែមករា យ៉ាងហោចណាស់មនុស្ស ៣៦នាក់ បានស្លាប់ ក្នុងនោះមានកុមារ ៦នាក់ផងដែរ ហើយមនុស្ស ២៣នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ក្រោយពីសំណង់អគារកំពុងសាងសង់កម្ពស់ ៧ជាន់ ស្ថិតនៅក្រុងកែប បានបាក់រលំដោយសារការសាងសង់ខុសបទដ្ឋានបច្ចេកទេស។ ហេតុការណ៍ស្រដៀងគ្នានេះបានកើតឡើងម្ដងរួចទៅហើយនៅក្រុងព្រះសីហនុ ដោយបានសម្លាប់មនុស្ស២៨នាក់ និងរបួស២៦នាក់៕
ប្រភព៖ VOD