28
មករា

អង្គការផ្នែកការងារមួយទាមទារឱ្យក្រសួងបើកកិច្ចពិភាក្សាជាថ្មីជាមួយភាគីពាក់ព័ន្ធទៅលើការធ្វើវិសោធនកម្មច្បាប់សហជីព

មជ្ឈមណ្ឌលសម័្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ទាមទារឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបើកកិច្ចប្រជុំបន្ទាន់មួយជាមួយភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាជាថ្មីទៅលើការធ្វើវិសោធនកម្មច្បាប់សហជីព។

តាមរយៈសេចក្តីថ្លែងការណ៍ស្តីពីការវិភាគច្បាប់សហជីពចេញផ្សាយកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ អង្គការសង់ត្រាល់ បានរកឃើញថា ការធ្វើវិសោធនកម្មច្បាប់សហជីពរបស់រដ្ឋាភិបាលពេលកន្លងមក មិនស្របតាមស្តង់ដារការងារអន្តរជាតិដែលកំណត់ដោយអនុសញ្ញាស្នូលរបស់អង្គការពលកម្មអន្តរជាតិ ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅឆ្នាំ១៩៩៩ឡើយ។

កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ ក្រសួងការងារបានធ្វើវិសោធនកម្មច្បាប់សហជីពចំនួន១០មាត្រាមានមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ ប៉ុន្តែ សង់ត្រាល់ មើលឃើញថា ការធ្វើវិសោធនកម្មមាត្រាទាំងនេះ បានកែប្រែតែបន្តិចបន្តួចប៉ុណ្ណោះ និងនៅតែបន្តរឹតត្បិតសិទ្ធសហជីពដដែល។

សង់ត្រាល់ បានទាមទារទៅរដ្ឋាភិបាលត្រូវធ្វើវិសោធនកម្មចំនួន២៥មាត្រា និងជំពូកទី១៥ នៃច្បាប់សហជីពនេះ ដោយថា ដើម្បីលើកកម្ពស់សេរីភាពសហជីព ការបង្កើតសមាគមសម្រាប់កម្មករទាំងអស់ដែលធ្វើការងារនៅក្នុងប្រទេសកម្ពុជា។

អង្គការផ្នែកការងារមួយនេះ បានទាមទារឱ្យកែប្រែចំណុចមួយចំនួនដូចជា ត្រូវផ្តល់សិទ្ធិពេញលេញដល់សហជីពក្នុងការធ្វើជាតំណាងសមាជិករបស់ខ្លួនក្នុងគោលបំណងដោះស្រាយវិវាទរួម។ ផ្តល់សិទ្ធអំណាចដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការសម្រេចចិត្តលើករណីពាក់ព័ន្ធនឹងការបញ្ឈប់ប្រតិភូបុគ្គលិក និងថ្នាក់ដឹកនាំសហជីព។

ការកែប្រែនីតិវិធីនៃការស្នើសុំចុះបញ្ជី និងលក្ខខណ្ឌតម្រូវលក្ខន្តិកៈដើម្បីធានាថា នីតិវិធី និងលក្ខខណ្ឌតម្រូវទាំងនោះមិនត្រូវសុំការអនុញ្ញាតជាមុនពីអាជ្ញាធរ និងកែប្រែលក្ខខណ្ឌផ្សេងៗទៀត។

ទីប្រឹក្សាផ្នែកច្បាប់ នៃអង្គការសង់ត្រាល់ លោក លី ផាទ្រីក មានប្រសាសន៍បន្ថែមលើសេចក្តីថ្លែងការណ៍នេះថា ប្រសិនក្រសួងការងារមិនធ្វើការកែប្រែ ឬធ្វើវិសោធនកម្មលើមាត្រាមួយចំនួននោះទេ នឹងបន្តធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សហជីព និងកម្មករផ្ទាល់។

ទីប្រឹក្សាផ្នែកច្បាប់រូបនេះ បញ្ជាក់ថា មាត្រាខ្លះ នៃច្បាប់សហជីពនេះបានរឹតត្បិតមិនអាចឱ្យកម្មករធ្វើការបង្កើតសហជីពបាន ប្រសិនបើពួកគេមានសមាជិកមិនគ្រប់តាមច្បាប់កំណត់នោះ ជាពិសេសកម្មករធ្វើការងារតាមផ្ទះ កម្មករធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ឋជាដើម។

លោកបន្ថែមថា៖ «ឥលូវនេះ បើកម្មករចង់បង្កើតសហជីពមូលដ្ឋាន ត្រូវមានសមាជិក១០នាក់ឡើង។ អីចឹង បើកម្មករធ្វើការងារនៅក្នុងអាជីវកម្មខ្នាតតូចដែលមានកម្មករតិចជាង១០នាក់ គឺពួកគាត់មិនអាចបង្កើតសហជីពបានទេ។ មួយទៀត យើងមើលឃើញថា សហជីពនៅតែមានបញ្ហាក្នុងការសុំចុះបញ្ជីការ គឺយើងមើលឃើញថា ការសុំចុះបញ្ជីការនេះបានគឺទាល់តែសហជីព និងកម្មករហ្នឹងបានការអនុញ្ញាតពីអាជ្ញាធរជាមុនជាដើម»

វីអូឌីបានព្យាយាមសុំការឆ្លើយពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ តាមបណ្តាញ Telegram ដែរ ប៉ុន្តែ លោកមិនឆ្លើយតប។

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ ក្រុមហ៊ុនបញ្ជាទិញធំៗនៅលើពិភពលោក បានផ្ញើលិខិតមួយទៅលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយទទូចអោយរដ្ឋាភិបាលកម្ពុជា ពិនិត្យមើល និងកែលម្អបញ្ហាសិទ្ធិមនុស្ស ដើម្បីរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប និងអាមេរិក។

ក្នុងលិខិតដដែលនេះ ក្រុមហ៊ុនបញ្ជាទិញធំៗទាំងនោះ បានទាមទារឱ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បង្ហាញពីដំណោះស្រាយ និងយន្ដការពហុភាគីថ្នាក់ជាតិរបស់ខ្លួន ដោយដាក់ចេញនូវវិធានការជាក់លាក់គោរពទៅតាមស្ដង់ដារ នៃច្បាប់អន្ដរជាតិស្ដីពីបញ្ហាសិទ្ធិការងារ និងសិទ្ធិមនុស្ស ដោយធ្វើការកែប្រែ ឬធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីពទ្បើងវិញ លុបចោលបណ្តឹងនានាដែលប្រឆាំងមេដឹកនាំ និងសកម្មជនសហជីព។

តាមរយៈលិខិតដដែលនោះដែរ ក្រុមហ៊ុនបញ្ជាទិញធំៗ បានព្រមានថា កម្ពុជាអាចនឹងប្រឈមបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ឬ “EBA” ដែលផ្ដល់ដោយសហភាពអឺរ៉ុប និងប្រព័ន្ធអនុគ្រោះពន្ធ “GSP” របស់អាមេរិក បន្ទាប់ពីមើលឃើញនូវការធ្លាក់ចុះបញ្ហាសិទ្ធិការងារ សិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិមនុស្សដទៃទៀតនៅប្រទេសកម្ពុជា។

ក្រុមហ៊ុនទាំងនេះ រួមមាន សមាគមអ្នកបញ្ជាទិញសំលៀកបំពាក់ និងស្បែកជើងរបស់អាមេរិក អាល្លឺម៉ង់ និងសមាគមក្រុមហ៊ុនបញ្ជាទិញនៅសហភាពអឺរ៉ុប ក្នុងនោះ ក៏រួមមានក្រុមហ៊ុន អាឌីដាស (Adidas) លីវ៉ៃស៍ (Levis Strauss) និង ដាន់ឌើ អាមើ (Under Armor) ផងដែរ៕

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...