ក្រសួងការងារ រៀបចំវេទិកាផ្ដល់ការងារជិត ២ ពាន់កន្លែងតាមក្រុមហ៊ុន
ភ្នំពេញៈ ក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈគ្រោងរៀបចំវេទិកាការងារ នៅក្នុងទីធ្លាក្រសួងនៅលើផ្លូវសហព័ន្ធរុស្ស៊ីនៅថ្ងៃទី ១២ ខែមីនារយៈពេល ១ ថ្ងៃដែលនឹងបើកឱកាសការងារចំនួនជិត ២ ពាន់កន្លែង ដែលមាននៅតាមក្រុមហ៊ុនចូលរួមចំនួន ១០។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារបានឲ្យដឹងថា កន្លែងការងារចំនួន ១១៨២ កន្លែងនៅតាមក្រុមហ៊ុនឯកជនធំចំនួន ១០ នឹងចូលរួមការប្រកាសស្វែងរកបុគ្គលិក ហើយអ្នកចូលរួមអាចមានឱកាសទទួលបានការសម្ភាស និងដឹងលទ្ធផលភ្លាមៗផងដែរ។
ក្រសួងបន្តថា វេទិកាការងារនេះនឹងចាប់ផ្តើមពេញ ១ ថ្ងៃចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា បុគ្គលដែលមានបំណងស្វែងរកការងារនៅពេលនោះអាចទាក់ទងតាមមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារទាក់ទងតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ គេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)»។
លោកស្រី សម្បត្តិ សុខុន អនុប្រធានមជ្ឍមណ្ឌលការងាររាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ក្រុមហ៊ុនធំៗចំនួន ១០ មានដូចជា DKSH Cambodia, AMK MFI, Goodhill Enterprise, ONLINE ISP Cambodia, Master Suki Soup, ACLEDA Bank Plc., Royal Railway Co.,Ltd., AEON Specialized Bank Cambodia, Palace Gate Hotel & Resort, Phnom Penh Land ដែលនឹងចូលរួមក្នុងវេទិកានោះ ដើម្បីជ្រើសរើសបុគ្គលិក។
លោកស្រីបានថ្លែងឲ្យដឹងថា ការជ្រើសរើសមានជំនាញ ដូចជាផ្នែកធនាគារ ផ្នែកអចលនទ្រព្យ ផ្នែកទូរគមនាគមន៍ និងសណ្ឋាគារ ហើយផ្នែកខ្លះមិនតម្រូវកម្រិតវប្បធម៌នោះទេ ព្រោះអ្នកដែលមិនចេះអក្សរ ក៏អាចមកស្វែងរកការងារធ្វើបានតាមរយៈវេទិកានេះផងដែរ។
លោកស្រីថ្លែងថា៖ «ក្រុមហ៊ុនគាត់អាចជ្រើសរើសបុគ្គលិកទៅតាមតម្រូវការរបស់គាត់ ហើយសម្រាប់អ្នកស្វែងរកការងារធ្វើ ក៏អាចមករកនិយោជក និងក្រុមហ៊ុនដែលគាត់ស្រឡាញ់ពេញចិត្តនៅក្នុងវេទិកាការងារនោះបាន ដោយការដាក់ពាក្យ និងទទួលបានការសម្ភាសភ្លាមៗតែម្តង ដោយមិនចំណាយពេលដើររកយូរ»។
លោកស្រីបានឲ្យដឹងថា៖ «សម្រាប់អ្នកដែលចូលរួម យើងមិនកំណត់កម្រិតវប្បធម៌នោះទេ ព្រោះឱកាសការងារដែលផ្តល់ជូននោះ យើងមានទាំងសម្រាប់អ្នកដែលអត់ចេះអក្សរ រៀនបានទាបរហូតដល់អ្នកដែលមានកម្រិតវប្បធម៌ខ្ពស់។ គាត់អាចទទួលបានឱកាសនេះ ឲ្យតែគាត់គ្រប់អាយុក្នុងការធ្វើការងារបាន»។
លោកស្រី សម្បត្តិ សុខុន ក៏បានអំពាវនាវដល់អ្នកដែលមានបំណងចង់ស្វែងរកការងារសូមភ្ជាប់មកជាមួយនឹង CV ដើម្បីទទួលបានឱកាសក្នុងការសម្ភាស ហើយនឹងមានភាគរយខ្ពស់ក្នុងការទទួលបានឱកាសការងារនៅទីនោះ។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សបានឲ្យដឹងថា ក្នុងស្ថានភាពបច្ចុប្បន្ន ការប្រកាសផ្សព្វផ្សាយជុំវិញការផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ គឺរឿងមួយដែលល្អ ដោយក្រសួងការងារ គួរពិនិត្យបន្ថែមទៀតពីលទ្ធភាព និងប្រសិទ្ធផលដែលប្រជាពលរដ្ឋអាចនឹងទទួលបានក្នុងឱកាសវេទិកាទាំងនោះ ព្រោះថាការប្រកាសរើសតែបុគ្គលិក ប៉ុន្តែលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ដូចជាប្រាក់ខែមិនសមរម្យ ក៏មិនល្អដែរ។
លោក តុលា ថ្លែងថា៖ «ការផ្សព្វផ្សាយសំខាន់ ប៉ុន្តែបន្ទាប់ពីការផ្សព្វផ្សយទៅ ថាតើលទ្ធផលនៃការផ្សព្វផ្សាយទៅបានផលប៉ុនណា? តើពលរដ្ឋហ្នឹងទទួលបានឱកាសការងារបានប៉ុនណាក្នុងការចូលរួមវេទិកាទាំងនោះ។ ជាពិសេសយើងសួរទៅក្រុមហ៊ុនទៅថា គាត់បានទទួលអ្នកដាក់ការងារច្រើនអត់? បើសិនជាមិនមានការដាក់ពាក្យទេ បានន័យថាការផ្សព្វផ្សាយរបស់ក្រសួងហ្នឹង បរាជ័យហើយ»។
ក្រសួងការងារបានឲ្យដឹងថា នេះគឺជាវេទិកាការងារលើកទី ៨ ហើយគិតចាប់ពីខែមករា ឆ្នាំ ២០២០ រហូតដល់ខែមីនានេះដែលឱកាសការងាររាប់ម៉ឺនកន្លែងត្រូវបានផ្តល់ជូនដល់អ្នកស្វែងរកការងារធ្វើ និងអ្នកចង់ទទួលបានបទពិសោធថ្មីៗពីក្រុមហ៊ុនឯកជន និងរដ្ឋទូទាំងប្រទេស៕
ប្រភព៖ភ្នំពេញប៉ុស្តិ៍
This post is also available in: អង់គ្លេស