ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩មួយករណីទៀត កើតលើជនជាតិបារាំង
ក្រសួងសុខាភិបាលកម្ពជា ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ មួយករណីទៀតនៅថ្ងៃទី១៥ ខែមីនា។ ករណីទី៨ នេះ កើតលើជនជាតិបារាំង ដែលធ្វើដំណើរចូលកម្ពុជា កាលពីថ្ងៃទី១៤ ខែមីនា ឆ្លងកាត់ប្រទេសសិង្ហបុរី។ ទន្ទឹមនឹងការរកឃើញនេះ រដ្ឋាភិបាលកម្ពុជា កំពុងហាមអ្នកដំណើរពីប្រទេសចំនួន ៦ មិនឱ្យចូលប្រទេសកម្ពុជា រយៈពេល ៣០ថ្ងៃ។ មន្ត្រីសង្គមស៊ីវិល យល់ថា វិធានការរដ្ឋាភិបាលនេះ នៅមានភាពយឺតយ៉ាវ និងស្នើសុំឱ្យរដ្ឋាភិបាល ហាមឃាត់អ្នកដំណើរពីប្រទេសចិនផងដែរ។
ក្រសួងសុខាភិបាលកម្ពុជាប្រកាសថា អ្នកជំងឺជនជាតិបារាំងដែលមានកូវីដ១៩ នោះ អាយុ ៣៥ឆ្នាំ ហើយបច្ចុប្បន្ន កំពុងស្ថិតក្នុងមន្ទីរពេទ្យរុស្ស៊ី។ ចំណែកភរិយា និងកូនអាយុ ៤ខែ របស់ជនជាតិបារាំងនោះ ត្រូវបានគ្រួពេទ្យកម្ពុជា យកសំណាកទៅធ្វើតេស្ត តែមិនទាន់បង្ហាញលទ្ធផលនៅឡើយ។
សេចក្តីប្រកាសក្រសួងសុខាភិបាលឱ្យដឹងថា បុរសជនជាតិបារាំង និងគ្រួសារបានធ្វើដំណើរពីប្រទេសបារាំង ដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៣ ខែមីនា។ គ្រូពេទ្យសិង្ហបុរី ក៏បានធ្វើតេស្តលើ បុរសនោះដែរ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលផង ស្រាប់តែបុរសនោះនាំគ្រួសារឡើងយន្តហោះមកដល់កម្ពុជា កាលពីថ្ងៃទី១៤ ខែមីនា។ បន្ទាប់មកគ្រូពេទ្យសិង្ហបុរី រកឃើញថា លទ្ធផលតេស្ត សុខភាពរបស់បុរសនោះ មានវិជ្ជមានកូវីដ-១៩ ហើយក៏បានជូនដំណឹងដល់កម្ពុជា ហើយក្រសួងសុខាភិបាលកម្ពុជា បានរកឃើញបុរសនោះ កាលពីម៉ោងជាង ៨យប់ ថ្ងៃទី១៤ ខែមីនា និងបានយក សំណាកទៅពិនិត្យម្តងទៀត។ លទ្ធផលដែលទទួលបាននៅថ្ងៃទី១៥ ខែមីនា បង្ហាញថា បុរសនោះ មានវិជ្ជមានកូវីដ-១៩ ដដែល។ ក្រសួងសុខាភិបាល កំពុងរកអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយជនជាតិបារាំងនោះបន្តទៀត។
ទន្ទឹមនឹងការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ លើជនជាតិបរទេស មានសញ្ជាតិផ្សេងៗជាបន្តបន្ទាប់នេះ ក្រសួងសុខាភិបាល កំពុងដាក់វិធានការហាមឃាត់អ្នកដំណើរពីប្រទេសចំនួន៦ មិនឱ្យចូលកម្ពុជា រយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ខែមីនា។ ប្រទេសទាំងនោះ រួមមាន៖ ប្រទេសអ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ បារាំង និងអាមេរិក។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៥ ខែមីនា ឱ្យដឹងថា វិធានការផ្អាកអ្នកដំណើរពីប្រទេសទាំង៦ នេះ គឺដើម្បីទប់ស្កាត់ការនាំមេរោគកូវីដ-១៩ ចូលក្នុងប្រទេសកម្ពុជា ដូច្នេះ ក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ចូលរួមអនុវត្តវិធានការនេះឱ្យមានប្រសិទ្ធភាព។ ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជា នៅតែមិនបានបូកចូលប្រទេសចិន ដែលជាប្រទេសនៃប្រភពកើតជំងឺរលាក ផ្លូវដង្ហើមកូវីដ-១៩ នោះទេ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ និងអ្នកស្រី ឱ វណ្ណឌីន បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ថ្លែងក្នុងពិធីបុណ្យទន្លេ នាខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ការហាមអ្នកដំណើរពីប្រទេសទាំងនេះ តែមិនបូកចូលប្រទេសចិន គឺមិន មែនជាការរើសអើងទេ ប៉ុន្តែជាវិធានការទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ ដោយសារតែលោកមើលឃើញថា បច្ចុប្បន្ននេះ អាមេរិក និងប្រទេសលោកខាងលិចមួយចំនួនទៀត កំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន ខណៈស្ថានភាពនៅប្រទេសចិន បានធូរស្រាល។ ជាមួយគ្នានេះ លោក ហ៊ុន សែន បានចាត់ទុកអ្នកដែលទាមទារឱ្យផ្អាកអ្នកដំណើរពីប្រទេសចិនថា ជាក្រុមអគតិ ដែលមិនសមជាពលរដ្ឋខ្មែរ៖ «ហេតុអីបានច្រណែនទៅលើប្រទេសចិនខ្លាំងម្ល៉េះ វាយប្រហារជាមួយចិនខ្លាំងម្ល៉េះ។ ភាពឌឺដងរបស់អ្នកតាមហ្វេសប៊ុក មិនសមជាពលរដ្ឋកម្ពុជាដែលមាន ការទទួលខុសត្រូវនោះទេ។ អ្នកគិតអំពីជាតិនេះអ្នកគិតអំពីជាតិនោះ ក៏ប៉ុន្តែអ្នកអត់បានគិតពីជាតិកម្ពុជាសូម្បីតែបន្តិច ដែលនៅទីនេះ សេដ្ឋកិច្ចជាតិរបស់យើង ត្រូវនៅរក្សាឱ្យបានគង់វង្សមិនមែនគិតមួយ និងចោលមួយទេ យើងត្រូវមានការទទួលខុសត្រូវចំពោះជាតិសាសន៍កម្ពុជារបស់យើង»។
ជំងឺកូវីដ-១៩ មានប្រភពផ្ទុះការរីកដាលពីក្រុងវូហាន ប្រទេសចិន។ តាំងពីដើមទីមក មេដឹកនាំក្រុងភ្នំពេញ នៅតែបើកចំហជើងមេឃសម្រាប់ជនជាតិចិន និងថែមទាំងទុកនិស្សិតខ្មែរឱ្យរស់នៅក្នុងតំបន់ប្រឈមការឆ្លងនោះទៀត ក្រោមហេតុផលថា ដើម្បីបង្ហាញភាពស្មោះត្រង់ រក្សាទំនាក់ទំនងល្អ និងកំណើនសេដ្ឋកិច្ច។ ទំនាក់ទំនងរវាងកម្ពុជា-ចិន កាន់តែជិតស្និតដល់កម្រិតកំពូល បន្ទាប់ពី មហាអំណាចកុម្មុយនិស្តចិន ចេញមុខគាំទ្ររបបលោក ហ៊ុន សែន ជាចំហ ខណៈក្រុមប្រទេសលោកសេរី ថ្កោលទោស និងដាក់ទណ្ឌកម្មលើរបបលោក ហ៊ុន សែន ដោយសារបំផ្លាញ ប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា មានប្រសាសន៍ថា ប្រសិនបើកម្ពុជា មានវិធានការតឹងរ៉ឹងគ្រប់ជ្រុងជ្រោយតាំងពីដំបូង ប្រហែលជា កម្ពុជា មិនមានករណីឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់នោះទេ។ លោក យល់ថា ចំពោះវិធានការផ្អាកអ្នកដំណើរពីប្រទេសលោកខាងលិច ដែលកំពុងផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ មិនទាន់គ្រប់គ្រាន់ឡើយ ។ លោក នៅតែចង់ឃើញរដ្ឋាភិបាល ហាមអ្នកដំណើរពីប្រទេសចិនដែរ ព្រោះចិន គឺជាប្រភពនៃការផ្ទុះមេរោគ ហើយបច្ចុប្បន្ន ក៏នៅតែមានអត្រាអ្នកឈឺ និងស្លាប់ច្រើនដដែល។ លោក មឿន តុលា បន្តទៀតថា ការដែលរដ្ឋាភិបាលបន្តឱ្យអ្នកដំណើរពីប្រទេសចិននេះ អាចធ្វើឱ្យសាធារណជនសង្ស័យថា វិធានការបែបនេះ មិនផ្អែកលើការវាយតម្លៃតាមបែបបច្ចេកទេសទាំងស្រុងនោះទេ៖ «វិធានការរបស់រដ្ឋហាក់ដូចជាមិនសព្វជ្រុងជ្រោយដែរ នៅពេលដែលដាក់បម្រាមនោះ យើងឃើញដាក់បានមួយថ្ងៃ ស្អែកឡើងបាននឹកឃើញ ដាក់អ៊ីរ៉ង់នៅពេល ឃើញផ្ទុះការរិះគន់ពេក ដើម្បីកុំឱ្យគេយល់ថា ដាក់តែអាមេរិក និងអឺរ៉ុប ព្រោះបើដាក់តែលើអឺរ៉ុបនិងអាមេរិក គឺមានហេតុផលបី ទី១ វាមានរឿងពាក់ព័ន្ធនឹងEBA ហើយប៉ុន្មានថ្ងៃមុននេះ នាយករដ្ឋមន្ត្រី ក៏ប្រតិកម្មជាមួយរឿង EBAនេះដែរ ហើយទី២ ប៉ុន្មានថ្ងៃមុននេះ មានការផ្លោងពាក្យសម្តីរវាងឯកអគ្គរដ្ឋទូតអាមេរិក ជុំវិញរឿងភ្ជាប់អាមេរិកជាមួយករណីលោក កឹម សុខា ហើយមានការតបវិញពីខាងតំណាងអយ្យការ និងខាងក្រសួងការបរទេសអីជាដើម»។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL) រូបនេះ ព្រួយបារម្ភដែរថា វិធានការផ្អាកអ្នកដំណើរពីលោកខាងលិចនេះ អាចនឹងធ្វើឱ្យប៉ះពាល់បន្ថែមទៀតដល់វិស័យទេសចរណ៍កម្ពុជា៖ «មុនការអះអាងថា បុរសកម្ពុជា អាយុ៣៨ឆ្នាំ ផ្ទុកវីរុសកូវីដនេះ ខ្ញុំឃើញនៅអង្គរវត្តខេត្តសៀមរាប អត់មានភ្ញៀវទេសចរណ៍ច្រើនទេ ហើយភ្ញៀវទេសចរណ៍ភាគច្រើន គឺជាពួកច្រមុះស្រួច អាចថា ជាពួកអឺរ៉ុបឬពួកអាមេរិកអ៊ីចឹងណា ហើយដោយឡែកភ្ញៀវចិនអត់មានទេ មានម្នាក់ពីរនាក់ ភ្ញៀវជប៉ុនមានម្នាក់ពីរនាក់ ក្រៅពីនោះមានតែអឺរ៉ុបទេ ។ហើយបើសិនជា ដាក់វិធានការនេះទៀត ខ្ញុំគិតថា កាន់តែខ្សោយទៀតហើយរឿងចំនួនភ្ញៀវទេសចរ។ មគ្គុទ្ទេសក៍ទេសចរណ៍ និងតាមសណ្ឋាគារអីកាន់តែអត់ភ្ញៀវទៀតហើយ»។
រីឯប្រធានសហព័ទ្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី គាំទ្រចំពោះវិធានការទាំងឡាយណាដែលការពារអាយុជីវិតពលរដ្ឋខ្មែរ ប៉ុន្តែវិធានការនោះ ត្រូវធ្វើឡើងឱ្យស្មើភាពគ្នា និងការវាយតម្លៃអំពីហានិភ័យឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យមានប៉ះពាល់ដល់សេដ្ឋកិច្ច ជាពិសេសវិស័យទេសចរណ៍៖ «ប្រទេសកម្ពុជា មិនសូវជាផ្តោតលើភ្ញៀវមកពីតំបន់អឺរ៉ុបប៉ុន្មានទេ ប៉ុន្តែកន្លងមកយើងឃើញថា រដ្ឋាភិបាលកម្ពុជា ផ្តោតទៅលើប្រទសចិន កូរ៉េ និងវៀតណាម ដូច្នេះមិនសូវប៉ះពាល់ប៉ុន្មានទេ ប៉ុន្តែបើយើងគិតថា ផលប៉ះពាល់តិចហើយមិនឱ្យមកទៀត ខ្ញុំគិតថា ផលប៉ះពាល់កាន់តែធ្ងន់ទៅៗហើយ។ឥឡូវនេះទោះបីជាយើងបើកជើងហោះហើរមកពី ចិន ក៏អត់មានភ្ញៀវមកពីចិនដែរ តាំងពីមានមេរោគនេះមក»។
លោក ម៉ម រិទ្ធី នៅតែយល់ថា វិធានការរដ្ឋាភិបាលនេះ គឺមានចរិតបែបនយោបាយ ព្រោះកន្លងមក រដ្ឋាភិបាល គ្មានគោលបំណងបិទអ្នកដំណើរពីប្រទេសចិន ដែលមានអ្នកឆ្លងជំងឺរាប់ម៉ឺននាក់ និងអ្នកស្លាប់រាប់ពាន់នាក់ ប៉ុន្តែនៅពេលនេះ រដ្ឋាភិបាលបែរជាបិទប្រទេស ដែលទើបតែមានបញ្ហាថ្មីៗ នេះទៅវិញ៕
ប្រភព៖ វិទ្យុអាស៊ីសេរី