20
មីនា

ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម​ត្រូវការ​កម្លាំង​ពលកម្ម​ជាង​ ១ ​សែន​ ៥ ​ពាន់​នាក់

ខេត្តភាគឦសានៈ ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​របស់​វៀតណាម​ដែលមាន​ផ្ទៃដី​ចម្ការកៅស៊ូ​ប្រមាណ​ជាង ២ ​ម៉ឺន​ហិកតា​នៅ​ខេត្ត​រតនគិរី មណ្ឌលគិរី និង​ខេត្តក្រចេះ​ត្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម​ភ្លាមៗ​ប្រមាណ​ ៩ ០០០ ​នាក់​ហើយ​បើ​គិត​ចាប់ពី​ឆ្នាំ ២០២០ ​ដល់​ឆ្នាំ​ ២០២១ ​នឹង​ត្រូវការ​កម្លាំង​ពលកម្ម​រហូតដល់​ជាង ​១ ​សែន​ ៥ ​ពាន់​នាក់​។

ការប្រកាស​យ៉ាង​ដូច្នេះ​របស់​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ១៨ ​ខែ​មីនា ឆ្នាំ​ ២០២០ នៅក្នុង​ជំនួប​រវាង​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាមួយ​គណៈប្រតិភូ​វៀតណាម ដែល​ដឹកនាំ​អមដោយ​ក្លិប​អ្នក​ធុរកិច្ច​វៀតណាម​ប្រចាំ​កម្ពុជា ធនាគារ​កសិកម្ម​វៀតណាម (AGRI Bank) តំណាង​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា និង​សម្ព័ន្ធ​ក្រុមហ៊ុន​ថា​ឌី​វៀតណាម​នៅ​ទីស្ដីការ​ក្រសួង​ការងារ​។

លោក ឡេង ឫទ្ធី ប្រធាន​សមាគម​ចម្ការកៅស៊ូ​វៀតណាម​ប្រចាំ​កម្ពុជា​ និង​តំណាង​ឲ្យ​សម្ព័ន្ធ​ក្រុមហ៊ុន​វៀតណាម​បាន​លើកឡើង​ក្នុង​ឱកាស​នោះ​ថា បច្ចុប្បន្ន​សម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ​សម្ព័ន្ធ​ថា​ឌី និង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម​នៅ​កម្ពុជា​ដែល​ជា​ដៃគូ​មាន​ចម្ការកៅស៊ូ​ប្រមាណ​ជាង​ ២ ​ម៉ឺន​ហិកតា​នៅ​ខេត្តរតនគិរី មណ្ឌលគិរី និង​ខេត្តក្រចេះ​កំពុងមាន​តម្រូវការ​កម្លាំង​ពលកម្ម​សម្រាប់​ឆ្នាំ​ ២០២០-២០២១ ជាង​ ១ ​សែន​ ៥ ​ពាន់​នាក់​។ ជាមួយនឹង​តម្រូវការ​នេះ​លោក​បន្ថែមថា សម្រាប់​ការងារ​បន្ទាន់​ដែល​ក្រុមហ៊ុន​ត្រូវការ​កម្លាំង​ពលកម្ម​ភ្លាមៗ​គឺ​មាន​ប្រមាណ​ ៩ ០០០ ​នាក់​។

លោក​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​អ្នក​ដែល​ធ្វើការ​ក្នុង​ចម្ការកៅស៊ូ​ទាំងនោះ​ទទួលបាន​ប្រាក់​ឈ្នួល​ទាប​បំផុត ៨០ ​ម៉ឺន​រៀល​សម្រាប់​អ្នកចៀរ​ជ័រ​អាច​រកចំណូល​បាន​ចាប់ពី​ ១ ​លាន​រៀល​ទៅ​ ១ ​លាន​ ៥ ​សែន​រៀល ហើយ​បងប្អូន​កម្មករ​មាន​កន្លែង​ស្នាក់នៅ​សមរម្យ​មិនបាច់​ចំណាយ​ថ្លៃ​ទឹក​ និង​ថ្លៃ​ភ្លើង​»​។ លោក ឡេង ឫទ្ធី ក៏បាន​សម្ដែង​នូវ​ការថ្លែងអំណរគុណ​ចំពោះ​កម្ពុជា​ដែល​បាន​ជួយ​សម្រួល និង​គាំទ្រ​ដល់​ការធ្វើ​អាជីវកម្ម ពាណិជ្ជកម្ម និង​វិនិយោគ​របស់​វៀតណាម​នៅ​កម្ពុជា ខណៈ​ដែល​ការលើកឡើង និង​សំណើ​របស់លោក​ត្រូវបាន​កម្ពុជា​ទទួល​យក និង​បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​សហការ​ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដើម្បី​ចុះទៅ​ផ្សព្វផ្សាយ​ និង​ជ្រើសរើស​កម្លាំង​ពលកម្ម​នៅតាម​មូលដ្ឋាន ឬ​កម្លាំង​ពលកម្ម​ដែល​បាន​បាត់បង់​ការងារ​ដោយសារ​តែ​សហគ្រាស គ្រឹះស្ថាន​របស់ខ្លួន​មិនអាច​ដំណើរ​ការងារ​បាន​ដោយ​បញ្ហា​ជំងឺ​កូវីដ ​១៩ ​ផងដែរ​។

លោក អ៊ិត សំហេង បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​កាលពី​ម្សិលមិញ​ដោយ​បាន​សម្តែង​នូវ​ការពេញចិត្ត​ និង​គាំទ្រ​យ៉ាងខ្លាំង ចំពោះ​ការចូលរួម​ក្នុង​ការបណ្តាក់​ទុនវិនិយោគ​របស់​វៀតណាម​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា ជាពិសេស​ទៅលើ​វិស័យ​កសិកម្ម​ដូចជា​ដំណាំ​កៅស៊ូ​ជាដើម បើទោះ​ជា​ប្រទេស​ទាំង​ ២ កំពុង​ប្រឈម​នឹង​ជំងឺ​កូវីដ​ ១៩ ​ក៏ដោយ​។

លោក​រដ្ឋមន្ត្រី​បន្តថា ក្នុងករណី​ដែល​ក្រុមហ៊ុន​វៀតណាម​ត្រូវការ​កម្លាំង​ពលកម្ម​យ៉ាង​ដូច្នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដែលមាន​មជ្ឈមណ្ឌល​ការងារ​ចំនួន​ ១២ ​ខេត្ត​រួម​នឹង​មណ្ឌល​ការងារ​ចល័ត​ផង​នោះ គួរតែ​ចុះ​ទៅ​ធ្វើការ​ផ្សព្វផ្សាយ​ផ្ទាល់​តែម្តង​ដល់​មូលដ្ឋាន​តាម​បណ្តា​ខេត្ត​នានា ដោយ​ធ្វើការ​សហការ​ជាមួយ​អាជ្ញាធរខេត្ត​ដោយ​អញ្ជើញ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ចុះឈ្មោះ​តែម្តង​។

លោក​បាន​បញ្ជាក់ថា​៖ «​សមាគម​នេះ​គិតគូរ​បន្ថែមទៀត​ក្នុង​ការផ្តល់​នូវ​គោលនយោបាយ​ពិសេស​ដើម្បី​ផ្តល់​ការទាក់ទាញ​ដល់​បងប្អូន​កម្មករ​ទៅ​បម្រើ​ការងារ​នៅ​ទីនោះ​ទាំង​ប្រាក់បៀវត្សរ៍​សមរម្យ អត្ថប្រយោជន៍​ផ្សេងៗ​កន្លែង​ស្នាក់នៅ​សាលារៀន​ផ្សារ​សេវា​សុខភាព​។​ល​»​។
តាម​ទំព័រ​ហ្វេសប៊ុក​របស់លោក អ៊ិត សំហេង បច្ចុប្បន្ន​កម្ពុជា​មាន​កម្លាំង​ពលកម្ម​សរុប​ទាំងអស់​ ១០ ​លាន​នាក់​ក្នុង​នោះ​វិស័យ​កសិកម្ម​មាន ៤ ​លាន​នាក់ វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​មាន ១,៥ ​លាន​នាក់ វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ ២,៤ ​លាន​នាក់​ពលករ​ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​មាន​ជាង​ ១,២ លាន​នាក់​ និង​មន្ត្រីរាជការ​មាន​ ៥ ​សែន​នាក់​ហើយ​ប្រភពធនធាន​ទាំងនេះ​អាច​ធ្វើឲ្យ​កម្ពុជា​អាច​ចល័ត​កម្លាំង​ពលកម្ម​ទៅតាម​តម្រូវការ​នៃ​វិស័យ​ផ្សេងៗ​។

លោក មឿន តុលា នាយក​ប្រតិបត្តិ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ថ្លែង​ថា លោក​ផ្ទាល់​មិន​ហ៊ាន​សន្និដ្ឋាន​យ៉ាងណា​នោះទេ ចំពោះ​ការប្រកាស​ជ្រើសរើស​ពលករ​ជាង ៩ ០០០ ​នាក់​ភ្លាមៗ​របស់​ក្រុមហ៊ុន​វៀតណាម​នេះ​ថា​តើ​មានការងារ​ធ្វើ​ពិតប្រាកដ​មែន ឬ​ក៏​គ្រាន់តែ​ជាការ​បង្ហាញ​តួលេខ​ជ្រើសរើស​ពលករ​ឬ​យ៉ាងណា​នោះទេ​។

លោក​ថា ព្រោះតែ​កន្លងមក​ក្រុមហ៊ុន​វៀតណាម​ភាគច្រើន​គឺ​តែង​យក​ពលករ​មកពី​ប្រទេស​វៀតណាម​ខ្លួនឯង​តែម្តង ហើយ​បើសិន​ជា​ត្រូវការ​ពលករ​ខ្មែរ​គឺ​សម្រាប់តែ​ការងារ​ដែល​ប្រើប្រាស់​កម្លាំង​សុទ្ធតែ​ម្តង​។ បន្ថែម​ពីនេះ​លោក​ថា៖ «​បើសិន​ជា​ពលរដ្ឋ​ខ្មែរ​បាន​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​វៀតណាម​ហើយ​លក្ខខណ្ឌ​ការងារ​មិន​បាន​ស្មើ​ដូចដែល​ពួកគាត់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ឬ​ក្រុមហ៊ុន​ផ្សេងៗ​ទេ​នោះ​អាច​នឹង​ពិបាក​ក្នុងការ​ទាក់ទាញ​កម្លាំង​ពលកម្ម​បន្តិច​»​។

លោក មឿន តុលា បាន​សង្កត់ធ្ងន់​ដែរ​ថា ដើម្បី​អាច​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ ផ្តល់នូវ​ប្រាក់បៀវត្សរ៍​សមរម្យ​ជូន​ដល់​កម្មករ​ ឬ​ពលករ រដ្ឋាភិបាល​ជាពិសេស​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ គួរតែ​បង្កើត​ច្បាប់​មួយ​ដើម្បី​កំណត់​ពី​ប្រាក់ខែ​គោល​សម្រាប់​ពលករ​ក្នុង​វិស័យ​ទាំងនេះ​ឲ្យ​ដូច​កម្មករ​ក្នុង​វិស័យ​កាត់​ដែរ​។ លោក​អះអាង​ថា បើ​កម្ពុជា​មាន​ច្បាប់​ប្បញ្ញត្តិ​ពី​អប្បបរមា​នៃ​ប្រាក់​ឈ្នួល​របស់​ពលករ​ក្នុង​វិស័យ​ទាំងនេះ​នឹង​ធ្វើឲ្យ​ក្រុមហ៊ុន​ទាំងអស់​អនុវត្ត​ប្រកប​ដោយ​ភាពជោគជ័យ​៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...