23
មីនា

អ្នក​ឃ្លាំ​​មើល​បា​រ​ម្ភ​​ថា ប​ញ្ហា​​បំ​ណុល​​នឹ​ង​​ក្លាយ​​ជា​​វិ​បត្តិ​​សង្គម​​បើ​​ដំ​ណោះ​​ស្រា​យ​​យឺត

អ្នកឃ្លាំមើលសង្គមមួយចំនួនព្រួយបារម្ភថា កត្តាអត់ការងារធ្វើដោយសារការវាយលុកនៃមេរោគរលាកផ្លូវដង្ហើមថ្មី ហៅ កូវីដ១៩ នឹងបង្កជាវិបត្តិសង្គម បើរដ្ឋាភិបាលមិនជំរុញល្បឿនដោះស្រាយបញ្ហាបំណុលរបស់អ្នកដែលរងផលប៉ះពាល់ ។

​​នៅដើមខែនេះ ក្នុងពិធីមួយនៅខេត្តពោធិ៍សាត់ ​​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានចេ​ញបញ្ជា​ផ្ទា​ល់មា​ត់​ទៅ​​ម្ចា​ស់​​បំណុ​ល ​​ ឱ្យ​​លើក​លែ​ងកា​រប្រា​​ក់​ ​និ​ង​​ពន្យារ​​ពេ​ល​ស​ង​បំណុល​ សម្រាប់កម្ម​ករក្នុងវិស័យកាត់​ដេរ​ប្រមា​ណ​ជា២ម៉ឺ​ន​នា​ក់​ ដែ​លលោក​ថា អាចនឹងអត់កាងារធ្វើ។

​លោកបន្ថែម​ថា៖ «ចំពោះមីក្រូហិរញ្ញវត្ថុ ឬក៏ធនាគារ ត្រូវលើកលែងការប្រាក់សម្រាប់កម្មករដែលត្រូវបានព្យួរការងារ។ នៅថ្ងៃនេះ ឯក​ឧត្ត​ម អូន ព័ន្ធមុនីរ័ត្ន និងឯកឧត្តម ជា ចាន់តូ នឹងដឹកនាំប្រជុំ»

ក្រ​សួង​ការងា​រឱ្យដឹងថា គិតត្រឹមថ្ងៃសុក្រ ទី២០ ខែមីនានេះ រោងចក្រចំនួន​៥៤ ដាក់ពាក្យស្នើសុំបិទបណ្តោះអាសន្ន ប៉ះពាល់កម្មករបាត់ការងារចំនួន​២៨០០០នាក់ ហើយក្នុងពេលជាមួយគ្នានេះ រោងចក្រជាង២០០ ខ្វះវត្ថុធាតុដើម កម្មករជាង១៦ម៉ឺននាក់ប្រឈមបាត់បង់ការងារធ្វើ។​

ក្រៅពីកម្មកររោងចក្រ គឺអ្នកធ្វើការងារតាមវិស័យទេសចរណ៍ អ្នកលក់ដូរ ក៏ដូចជា អ្នកបើកកង់បី ឬបើករថយន្តឈ្នួលជាដើម ក៏បញ្ជាក់ថា រកចំណូលមិនបានដែរ ខណៈរដ្ឋាភិបាលប្រកាសបិទការជួបជុំនៅក្នុងសេវាកម្មកម្សាន្ត ក៏ធ្វើឱ្យពលរដ្ឋមួយផ្នែកធំបាត់បង់ការងារធ្វើដែរ។​​

អ្នកឃ្លាំមើលលើកឡើងថា ពេលរងសម្ពាធកាន់តែខ្លាំង នឹងធ្វើឱ្យអ្នកខ្លះលែងខ្លាចច្បាប់ កើតចោរកម្ម លួច ឆក់ប្លន់ ឬអំពើជួញដូរមនុស្ស ជាដើម។​

​ប្រធា​នស​ហភា​ពការ​ងារ​កម្ពុ​ជា​ លោក ​អាត់ ធ​ន់ ​ដែល​ធ្វើការ​លើក​កម្ពស់សិទ្ធិកម្ម​ករ​ ប​ង្ហាញកា​រយល់ឃើញ​ថា បើសារអំពាវនាវរបស់មេដឹកនាំនេះគ្មានប្រសិ​ទ្ធភាព កម្មករនឹងជួបបញ្ហាធ្ងន់ធ្ងរ ហើយថា បញ្ហាអត់ការងារធ្វើវានឹងបង្កើតបញ្ហាសង្គមកាន់តែច្រើនឡើង។

លោកថា៖ «ច្បាប់ផង គេមិនអនុវត្ត ទំរាំអាការស្នើសុំ។ អីចឹងទាល់តែមានវិធានការតាមដានសម្របសម្រួលឱ្យបានច្រើន ទើបអាចធ្វើទៅបាន ហើយកម្មករយើងចាំតែរងគ្រោះទេ ប្រសិនជារដ្ឋាភិបាលជួយបាន អាចរួចមួយរយៈ តែបើជួយមិនបាន វាប៉ះពាល់ហើយ»។

​​បើតា​ម​លោក​ អា​ត់ ​​​ធន់​ ​ក​ម្ម​ក​រ​ចន្លោះពី​៧​០​ ទៅ៨​០​ភាគរយ ជាប់បំ​ណុល​គេ ហើយថា ពួកទាំងនេះកំពុងប្រឈមនឹងបាត់បង់ទីផ្សារការងារ។

ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស​ ហៅ សង់ត្រាល់ លោក មឿន តុលា មានប្រសាសន៍ថា បញ្ហា​ពេល​នេះ ​វាបា​ន​ប៉ះពា​ល់ប​ន្ថែ​ម​ទៀតដល់អ្នក​ធ្វើកា​រងារ​នៅក្នុងវិស័​យសេវាកម្សាន្ត ​មាន​ខា​រ៉ា​អូ​ខេ​ជា​ដើ​ម​ ព្រោះរដ្ឋា​ភិបាល​បញ្ជា​ឱ្យបិ​ទបណ្តោះ​អាស​ន្ន​ ដើ​ម្បីទ​ប់ស្កា​ត់កា​រ​រីក​រាលដាលមេ​រោគកូវី​ដ១៩។​

លោក មឿន តុលា វិភាគថា ពេលកូនបំណុលអត់ការងារធ្វើ មិនអាចរកប្រាក់សងទៅម្ចាស់បំណុលបាន ពេលនោះជម្លោះផលប្រយោជន៍វានឹងផ្ទុះឡើង។

លោកថា៖ «បើសិនជារឿងហ្នឹងវាចេះតែកើតធំទៅៗ​ វានឹងផ្ទុះការតវ៉ា ពេលហ្នឹងមនុស្សលែងខ្លាចស្លាប់ ទោះអាកូវីតអីក៏ដោយ។ អីចឹង វាទៅជាអសន្តិសុខសង្គម ចលាចលសង្គម។ យើងដឹងហើយថា ពលរដ្ឋខ្មែរយើងនេះ ខ្ទង់៧០ ទៅ៨០ភាគរយជំពាក់បំណុលគេ គ្រាន់តែថា អ្នកខ្លះជំពាក់ច្រើន អ្នកតិច តែប៉ុណ្ណឹង»។

ប្រធានចាត់ការទូទៅសមាគមធនាគារកម្ពុជា លោក ហេង កូយ សុំមិនអត្ថាធិប្បាយពីលទ្ធផលឆ្លើយតបទៅនឹងការផ្តល់អនុសាសន៍របស់នាយករដ្ឋមន្ត្រី ជុំវិញវិធានការដោះស្រាយបំណុលជូនកម្មករដែលប្រឈមនឹងអត់ការងារធ្វើនេះទេ ដោយជំរុញឱ្យទៅសួរខាងមីក្រូហិរញ្ញវត្ថុវិញ។

នាយកប្រតិ​​បត្តិស​មាគ​មមី​ក្រូ​ហិរ​ញ្ញវ​ត្ថុក​ម្ពុជា លោ​ក​ ផ​ល វ៉ាន់​ឌី​ អះអា​ង​ថា ជា​ប់​រវ​ល់​។ ប៉​ន្តែ កាល​ពីថ្ងៃ​ទី​១១ ខែ​មីនា ​លោក​ប្រាប់​​V​OD​ថា ​អនុសា​សន៍​រប​ស់នាយក​រដ្ឋ​ម​ន្ត្រី បានលើកយកមកពិភាក្សា តែត្រូវការពេលដើម្បីឆ្លើយតប។

លោកថា៖ «​លក្ខខណ្ឌធនាគារ និងមីក្រូហិរញ្ញវត្ថុនេះ សុទ្ធតែមានបំណុលខ្ចីតពីអ្នកវិនិយោគនៅក្រៅប្រទេសដែរ។ អីចឹងហើយ ត្រូវតែធ្វើការជាមួយគ្នាដោយស្មារតីយោគយល់គ្នាខ្ពស់ និងរកដំណោះស្រាយសមស្រប»។

​នាយ​ក​រង​ទទួ​លបន្ទុកឃ្លាំ​មើល​​សិទ្ធិម​នុស្ស​នៅអ​ង្គកា​រលី​កាដូ​ លោក​ អំ​ សំ​អាត មានប្រសាសន៍ថា ប្រសិ​ទ្ធភាពនៃកា​រដោះស្រាយបំណុល ជាវិធានការទប់ស្កាត់បញ្ហាសង្គម និងបានធានាសិទ្ធិរស់រានមានជីវិត ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

ប៉ុន្តែ អ្នកឃ្លាំមើលរូបនេះ បង្ហាញការយល់ឃើញថា បញ្ហាសង្គមនឹងកើតឡើង បើវិធានការនេះគ្មានប្រសិទ្ធភាព ឬយឺតពេលនោះ។

លោកថា៖ «នៅពេលដែលរដ្ឋាភិបាលដាក់ចេញនូវវិធានការហើយ ត្រូវតែមានការឆ្លើយតបជាបន្ទាន់ បើសិនជាមិនឆ្លើយតបទាន់ទេ ប្រជាពលរដ្ឋនឹងប្រឈមនឹងបញ្ហាហ្នឹងធ្ងន់ធ្ងរហើយ»។

លោក មឿន តុលា យល់ថា កូនសោនៃដំណោះស្រាយបញ្ហានេះ នៅលើកណ្តាប់ដៃនាយករដ្ឋមន្ត្រីទេ បើគាត់ចង់ធ្វើពិតប្រាកដ។

លោកថា៖ «កន្លងមក ចង់រំលាយគណបក្សសង្គ្រោះជាតិ មិនដល់៣ ឬ៤ខែផង គេរំលាយបានអីចឹង។សំខាន់រឿងឆន្ទៈទេ ឱ្យតែមចង់ពិតប្រាកដ អាចធ្វើបាន»។

អង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ និង​សមាគម​ធាង​ត្នោត​ កាលពីខែសីហា ឆ្នាំ២០១៩ បាន​ចេញ​របាយការណ៍​មួយ​ ​បញ្ជាក់ថា បំណុល​មីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ជាដើមចមជំរុញឱ្យ​មាន​ការ​​រំលោភ​សិទ្ធិ​មនុស្ស​​ជាលក្ខណៈ​ប្រព័ន្ធ​ធ្ងន់ធ្ងរ និង​បាន​រិះគន់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុថា ជាស្ថាប័ន «ជញ្ជក់ឈាម» មិនអនុវត្ត​តាមគោលការណ៍​ក្រ​មសីលធម៌​ក្នុងការ​ផ្តល់ប្រាក់ក​ម្ចី។

ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​​ រួមទាំងរដ្ឋាភិបាលផង បាន​ចាត់ទុក​របាយការណ៍​នោះ​ថា ​គ្មាន​លក្ខណៈវិទ្យាសាស្ត្រ និង​គ្មាន​ភាព​ត្រឹមត្រូវ​។

បើតាមនាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ផល វ៉ាន់ឌី គិតត្រឹមដើមឆ្នាំនេះ អ្នកជាប់បំណុលមីក្រូហិរញ្ញវត្ថុមានជាង២លាននាក់ ក្នុងនោះកូនបំណុលជាកម្មករក្នុងវិស័យកាត់ដេរ ចន្លោះពី១៥ ទៅ២០ភាគរយ ដែលប្រាក់កម្ចីសរុបជាង៧ពាន់លានដុល្លារ។

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...