24
មីនា

លោក ស ខេង ថា​មិន​មាន​លទ្ធភាព​ពិនិត្យ​សុខភាព​ពលករ​មក​ពី​ថៃ​ឱ្យ​បាន​ដិត​ដល់​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថា អាជ្ញាធរកម្ពុជាមិនមានលទ្ធភាពពិនិត្យសុខភាពរបស់ពលករត្រឡប់មកពីប្រទេសថៃវិញ ឱ្យបានដិតដល់នោះទេ ទើបលោកស្នើសុំគោលការណ៍លោកនាយករដ្ឋមន្ត្រី ទៅពិនិត្យនៅតាមភូមិបន្ត ហើយអាចបិទការចេញចូលបណ្តោះអាសន្នលើភូមិដែលមានផ្ទុះជំងឺកូវីដ១៩ខ្លាំង។​

ក្នុងលិខិតក្រសួងមហាផ្ទៃ ដែលស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែមីនា ម្សិលមិញនេះថា បន្ទាប់ពីកម្ពុជា-ថៃ សម្រេចបិទច្រកព្រំដែនទាំងអស់រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០នេះ គឺពលករខ្មែរដែលធ្វើការនៅប្រទេសថៃ បានសម្រុកមកប្រទេសកម្ពុជាវិញតាមច្រកព្រំដែន ឬច្រករបៀង​នៃប្រទេសទាំងពីរ។

ទោះជាយ៉ាងណា ក្រសួងមហាផ្ទៃអះអាងថា ក្រុមការងារជំនាញមិនបានពិនិត្យសុខភាពរបស់ពលករទាំងនោះ ឱ្យបានដិតដល់នោះឡើយ ហើយពេលនេះពលករទាំងនោះបានធ្វើដំណើរទៅលំនៅឋានរៀងៗខ្លួនជាដើម។

ករណីនេះ ក្រសួងមហាផ្ទៃស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំឱ្យអាជ្ញាធររាជធានី-ខេត្តសហការជា​មួយ​ក្រសួងសុខាភិបាល ដើម្បីពិនិត្យ វាយតម្លៃដាក់ចេញវិធានការជាបន្ទាន់ក្នុងការបិទបណ្តោះអាសន្ន​នូវផ្នែកខ្លះ ឬទាំងស្រុងនៃភូមិដែលឆ្លងជំងឺកូវីដ-១៩ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺនេះនៅក្នុងសហគមន៍នៃភូមិផ្សេងៗទៀត។

លិខិតដដែលបញ្ជាក់ថា ក្រសួងមហាផ្ទៃបានជំរុញទៅអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យតាមដានពលករទាំងនោះជាប្រចាំ និងដាក់ឱ្យនៅដាច់ដោយឡែកតាមនីតិវិធីដែលកំណត់ផងដែរ។

ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី២៤ ខែមីនានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ លោក ស ខេង បានថ្លែងថា អាជ្ញាធរខ្មែរពិតជាគ្មានលទ្ធភាពឃុំពលករខ្មែរ ១៤ថ្ងៃនោះទេ ដោយសារពួកគាត់សម្រុកមកច្រើនពេក។ ប៉ុន្តែ លោកថា បើនៅភូមិណាមួយរកឃើញអ្នកឆ្លងកូវីដ-១៩ អាជ្ញាធរអាចនឹងបិទភូមិនោះចោល។

លោកមានប្រសាសន៍ថា៖ «បញ្ហារបស់យើង ហានិភ័យនៅត្រង់ហ្នឹង នៅពេលគាត់មកសម្រុកទៅ យើងនិយាយតាមការជាក់ស្តែង ថាយើងអត់មានលទ្ធភាពអស់ទេ ហើយយើងក៏អត់មានលទ្ធភាពឃុំគាត់១៤ថ្ងៃដែរ មានតែត្រួតពិនិត្យ ហើយធ្វើលិខិតស្នាម ដែលមុខសញ្ញានៅកន្លែងណាខ្លះ ស្រុក ភូមិ និងខេត្តនៅទីណា ដើម្បីយើងបញ្ជូនទៅឱ្យខេត្តសាម៉ី ដើម្បីធ្វើការគ្រប់គ្រងបន្ត…វិធានការយើងបានធ្វើ»។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា ផ្តល់ជាអនុសាសន៍ថា ដើម្បីទប់ស្កាត់បញ្ហាឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះបាន រដ្ឋាភិបាលកម្ពុជាគួរតែដាក់ទីតាំងពិនិត្យសុខភាពតាមសហគមន៍ពួកគេ ឬនៅតាមព្រំដែន និងជជែកជាមួយភាគីថៃឱ្យយកថ្លៃផ្ទះជួលសមរម្យជាដើម។

លោកផ្តល់ជាអនុសាសន៍ថា៖ «រដ្ឋាភិបាលខ្មែរយើង គួរតែចរចាជាមួយខាងភាគីថៃទៅ ពាក់ព័ន្ធនឹងរឿងអនុគ្រោះនូវចំណាយបន្ទុកណាមួយចំនួន ដូចរឿងផ្ទះជួល។ ទីពីរ គួរត្រៀមលក្ខណៈតាមព្រំដែនក្នុងការត្រួតពិនិត្យសុខភាព ប្រសិនជាពលករខ្មែរយើងសម្រុកចេញមក។ ទីបី គួរតែមានមណ្ឌលសំរាប់គាត់ស្នាក់នៅបណ្តោះអាសន្ន ដើម្បីរក្សាខ្លួនឱ្យដាច់ពីគេក្នុងរយៈពេល១៤ថ្ងៃ បើសិនជា១៤ថ្ងៃ គាត់អត់មានបញ្ហាអ្វីទេ គាត់អាចទៅដល់សហគមន៍របស់ពួកគាត់ [ពលករខ្មែរ]»។

លោក ស ខេង បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមីនា ពលករខ្មែរដែលចូល និងត្រឡប់មកពីប្រទេសថៃវិញ មានចំនួនជាង ១៥០០០នាក់ ដោយសារប្រទេសថៃ បិទការងារមួយចំនួន ដូចជា ការដ្ឋាន ខារ៉ាអូខេ សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាត់សក់ ជាដើម ទើបធ្វើឱ្យពលរកខ្មែរមិនមានការងារធ្វើ ហើយត្រូវឡប់មកកម្ពុជាវិញ៕

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...