លោក ស ខេង ឲ្យអាជ្ញាធរអប់រំពលរដ្ឋ ឬអាចបិទភូមិ ប្រសិនបើរកឃើញករណីវិជ្ជមានកូវីដ ១៩ ខណៈពលករ ១ ម៉ឺន ៥ ពាន់នាក់មកពីថៃ
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានថ្លែងថា ពលរដ្ឋខ្មែរវិលត្រឡប់ពីប្រទេស ថៃ ចូលមកកម្ពុជាក្នុងអំឡុងពេលថៃបិទព្រំដែនមានប្រមាណ ១៥ ០០០ នាក់ ដែលបានត្រឡប់ចូលយ៉ាងគំហុកមិនអាចគ្រប់គ្រងបាន។ លោកឲ្យអាជ្ញាធរធ្វើយុទ្ធនាការអប់រំពលរដ្ឋ ឬអាចបិទភូមិណាមួយប្រសិនបើរកឃើញថាមានករណីវិជ្ជមានកូវីដ ១៩ ច្រើនក្នុងភូមិនោះ។
ក្នុងពេលជួបជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីម្សិលមិញលោកថ្លែងថា ពលរដ្ឋកម្ពុជាប្រមាណ ១ ម៉ឺន ៥ ពាន់នាក់ បានសម្រុកចូលមកកម្ពុជាវិញនៅច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង ហើយបន្ទាប់មកតាមច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសម្រុកមកយ៉ាងគំហុកដែលអាជ្ញាធរមិនអាចគ្រប់គ្រងបាន។ ការវិលត្រឡប់នេះធ្វើឡើងនៅពេលថៃបិទច្រកព្រំដែនទាំងអស់កាលពីថ្ងៃចន្ទ។
លោក ស ខេង បានថ្លែងថា៖ «និយាយតាមការជាក់ស្ដែង យើងអត់មានលទ្ធភាពត្រួតពិនិត្យអស់ទេ ហើយយើងក៏អត់មានលទ្ធភាពដើម្បីនឹងឃុំពួកគាត់ ១៤ ថ្ងៃដែរ។ មានតែត្រួតពិនិត្យអ៊ីចឹងទៅ រួចហើយធ្វើបញ្ជីស្នាមមុខសញ្ញាហ្នឹងនៅឯណាខ្លះ ស្រុកភូមិ ខេត្តអីនៅឯណា? ដើម្បីយើងបញ្ជូនទៅឲ្យខេត្តសាមីធ្វើការគ្រប់គ្រងបន្ត។ នេះជាវិធានការដែលយើងបានធ្វើ»។
លោកថា តាមព័ត៌មានដែលលោកទទួលបានមូលហេតុនៃការវិលត្រឡប់មកកម្ពុជាវិញក្នុងចំនួនច្រើនបែបនេះដោយសារតែថៃក៏បិទការដ្ឋានការងារមួយចំនួនដូចជាខារ៉ាអូខេ ការខ្សត់ភ្ញៀវស្នាក់នៅតាមអូតែល ភោជនីយដ្ឋានមិនមានមនុស្សចូលរួមទាំងហាងកាត់សក់ហាងសាំងជាដើម។ ផលប៉ះពាល់នេះធ្វើឲ្យពលរដ្ឋថៃអត់ការងារធ្វើនៅបាងកក ហើយចាកចេញមកតាមជនបទវិញ។ ពលរដ្ឋខ្មែរដែលធ្វើការនៅទីនោះក៏មានអារម្មណ៍ពិបាកដូចគ្នា ហើយក៏សម្រេចមកវិញទៅ។
ប៉ុន្តែពលករមួយចំនួននៅខេត្តបាត់ដំបងដែលបានត្រឡប់មកវិញកាលពី ៤ ថ្ងៃមុនបានឲ្យដឹងកាលពីម្សិលមិញថា ពួកគាត់ខ្លះត្រឡប់មកវិញដោយសារតែត្រូវបន្តលិខិត ឆ្លងដែន ចំណែកអ្នកខ្លះទៀតជាអ្នកធ្វើការនៅផ្សាររ៉ុងក្លឿដែលត្រូវតែត្រឡប់មកវិញពេលថៃបិទព្រំដែន ព្រោះអាជីវករនៅផ្សារនោះកាន់បណ្ណចេញ-ចូលមានសុពលភាពតែ ១ សប្ដាហ៍ប៉ុណ្ណោះ។ ទោះយ៉ាងណាពលករទាំងនោះអះអាងថា ពួកគេកំពុងស្ថិតនៅតាមផ្ទះដាច់ដោយឡែកពីគេតាមការណែនាំ។
កាលពីសប្ដាហ៍មុន ស្ថានទូតខ្មែរប្រចាំប្រទេសថៃបានស្នើឲ្យពលរដ្ឋខ្មែរដែលធ្វើការសិក្សា និងប្រកបមុខរបរក្នុងទឹកដីថៃចូលរួមជាមួយរដ្ឋាភិបាលម្ចាស់ផ្ទះក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ និងសុំឲ្យពលរដ្ឋខ្មែរកុំចាកចេញពីទឹកដីថៃ បើសិនមិនមានភាពចាំបាច់។ ស្ថានទូតក៏បានឲ្យអ្នកដែលមានបំណងចូលប្រទេសថៃពិចារណាឲ្យបានហ្មត់ចត់ផងដែរ។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានថ្លែងដោយយល់ឃើញថា ពលករកម្ពុជាវិលត្រឡប់ក្នុងចំនួនច្រើននេះដោយកត្តា ៣ យ៉ាង រួមមានការវិលត្រឡប់តាមទម្លាប់នៅពេលចូលឆ្នាំខ្មែរ, ការព្រួយបារម្ភអំពីការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលអាចបណ្ដាលឲ្យមានការបិទព្រំដែនរយៈពេលយូរ និងការបិទក្រុមហ៊ុនមួយចំនួននៅថៃ បន្ទាប់ពីអាមេរិកបានព្យួរប្រព័ន្ធអនុគ្រោះ GSP។
លោកបានឲ្យដឹងថា ក្នុងស្ថានភាពបច្ចុប្បន្នពលករប្រឈមនឹងបញ្ហាជីវភាពបើសិនពួកគេបន្តស្នាក់នៅប្រទេសថៃ ដូច្នេះពួកគេត្រូវព្យាយាមចាកចេញ។ លោកថា ដើម្បីជួយសម្រួលដល់ពលករខ្មែរដែលនៅថៃ ក្រសួងការបរទេស ឬស្ថានទូតអាចសហការ និងចរចាដើម្បីទម្លាក់ថ្លៃបន្ទប់ជួល ឬផ្អាកការយកថ្លៃបន្ទប់ជួល។
លោកថ្លែងថា៖ «អ៊ីចឹងយើងគួរពិចារណាដែរថា តើយើងគួរតែធ្វើអីសម្រាប់ពួកគាត់ ឬយើងត្រៀមកន្លែងណាមួយមានសុវត្ថិភាពសម្រាប់ឲ្យគាត់នៅថៃ ឬមួយយើងពង្រឹងការធ្វើមាតុភូមិនិវត្តន៍មកស្រុកខ្មែរ យើងមានមណ្ឌលមួយទៅឲ្យគាត់ស្នាក់នៅបណ្ដោះអាសន្នរយៈពេល ១៤ ថ្ងៃមុនចូលក្នុងសហគមន៍របស់គាត់»។
លោក ស ខេង ថ្លែងថាលោកកំពុងរៀបចំសារអប់រំខ្លីៗ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានយកទៅចាក់ផ្សាយដល់ពលរដ្ឋបន្ទាប់ពីបានប្រមូលពួកគេមកជួបជុំគ្នា។ សំឡេងអប់រំត្រូវចាក់ ២ ដង ហើយអ្នកចូលរួមត្រូវបានសាកសួរថា តើពួកគេបានយល់ពីការការពារខ្លួនពីជំងឺកូវីដ ១៩ ហើយឬនៅ? ការរៀបចំបែបនេះធ្វើឡើងជាពិសេសសម្រាប់អ្នកដែលទើបត្រឡប់ពីប្រទេសថៃ ដែលមិនបានឆ្លងកាត់ការត្រួតពិនិត្យសុខភាព។ លោកថ្លែងថា ក្នុងករណីចាំបាច់អាចមានការបិទភូមិទៀតផង។
លោកថ្លែងបន្តថា៖ «បើសិនមានកន្លែងណាមួយ អ្នកណាមួយកើតគឺថាឃុំ (បិទ) មួយផ្ទះនោះ ឬ ១ ឃុំ (បិទ) មួយកំណាត់ភូមិហ្នឹង ឧទាហរណ៍ថាភូមិនៅដាច់ដោយឡែកពីគេ ៤-៥ ផ្ទះអ៊ីចឹងទៅ យើងអាចឃុំ (បិទ) កន្លែងនោះមិនឲ្យគាត់ចេញទៅណា ហើយថាបើសិនជាជាប់គ្នាភូមិនោះវាជាប់គ្នា មានច្រើននាក់ ២-៣ នាក់អ៊ីចឹងទៅ គឺថាឃុំ (បិទ) ទាំងភូមិហ្នឹងតែហ្មង ប៉ុន្មានភូមិហ្នឹង ឧទាហរណ៍អ៊ីចឹង។ នេះយើងបានចាត់វិធានការបែបនេះហើយបានផ្សព្វផ្សាយកាលពីរសៀលម្សិលមិញ»។
លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានយល់ស្របតាមលោក ស ខេង ដោយថ្លែងថា៖ «នេះល្អហើយ ព្រោះវាកាត់បន្ថយហានិភ័យនៃការឆ្លងទៅភូមិដទៃគឺកាត់បន្ថយឲ្យបានទាបបំផុត»៕
ប្រភព៖ ភ្នំពេញប៉ិស្តិ៍
This post is also available in: អង់គ្លេស