25
មីនា

ពលករ​ខ្មែរ​នៅ​ថៃ​ខ្លះ​អត់​ការ​ធ្វើ​ខណៈ​រដ្ឋាភិបាល​ថៃ​ប្រកាស​ប្រើ​ច្បាប់​អាសន្ន​ទប់ទល់​ជំងឺ​កូវិដ១៩

ពលករ​ខ្មែរ​មួយ​ចំនួន​ធ្វើ​ការ​ងារ​នៅ​ប្រទេស​ថៃ​ចាប់​ផ្ដើម​ត្អូញត្អែរ​អត់​ការងារ​ធ្វើ​បណ្ដើរៗ ហើយ​ បន្ទាប់​ពី​ថៅកែ​ជនជាតិ​ថៃ​បាន​ផ្អាក​ធ្វើ​ការ​របស់​ពួកគេ​មួយ​រយៈ ដោយ​សារ​ផល​ប៉ះពាល់​ពី​ជំងឺ​កូវិដ១៩។ ពលករ​ខ្មែរ​ទាំង​នេះ​ព្រួយបារម្ភ​ខ្លាច​ស្ថានការណ៍​អូស​បន្លាយ​ពេល​យូរ​ធ្វើ​ឱ្យ​ដាច់​ស្បៀង​ស្រប​ពេល​ដែល​នាយករដ្ឋមន្ត្រី​ថៃ​ បាន​ប្រកាស​ប្រើ​ច្បាប់​ប្រកាស​អាសន្ន ថ្ងៃ​ទី២៦ មីនា ដើម្បី​ទប់ស្កាត់​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​នេះ។

ពលករ​ខ្មែរ​ម្នាក់​​ធ្វើ​ការ​ក្នុង​ហាង​លក់​ម្ហូប​អាហារ​នៅ​ជាយ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ លោក​ កែវ សុផាត​ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២៤​មីនា​ថា ​ពួកគាត់​ប្រមាណ ​២០​នាក់​​ត្រូវ​បាន​ថៅកែ​ថៃ​ឱ្យ​ផ្អាក​ការងារ​​ប្រមាណ​៣​ថ្ងៃ​ហើយ​។ ពលករ​រូប​នេះ​បន្ត​ថា អំឡុង​ពេល​អត់​ការងារ​ ពួកគេ​បាន​ជួល​បន្ទប់​មួយ​​ស្នាក់​នៅ​រួម​គ្នា​ ៤​នាក់​ ដើម្បី​​សន្សំ​ប្រាក់​សម្រាប់​ទិញ​ស្បៀង​អាហារ​​ដោះស្រាយ​ជីវភាព​​ប្រចាំ​ថ្ងៃ។​ លោក​​បញ្ជាក់​ទៀត​ថា ចាប់​ពី​តាំង​អត់​ការងារ​ធ្វើ​មក​​ ដោយ​ពួកគាត់​យូរ​ៗ​ម្ដង​ទើប​នាំ​គ្នា​ចេញ​ទៅ​ផ្សារ​ទិញ​ស្បៀង​យក​មក​ទុក​ហូប​ និង​គ្មាន​ប្រាក់​ចំណូល​​សម្រាប់​ដោះស្រាយ​ជីវភាព​​​នៅ​ពេល​ខាង​មុខ​និង​ គ្មាន​ប្រាក់​ផ្ញើ​ទៅ​ឱ្យ​ឪពុកម្ដាយ​នៅ​ស្រុក​កំណើត​នោះ​ឡើយ​។​ លោក​បន្ត​ថា ​សព្វ​ថ្ងៃ​​នៅ​សល់​ប្រាក់​ក្នុង​ខ្លួន​​ប្រមាណ​២ពាន់​បាត​ ឬ​ស្នើ​ជាង​​៦០​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ​ ពីព្រោះ​​ប្រាក់​ខែ​ដែល​លោក​បាន​​បើក​ពី​ថៅកែ​ពាក់​កណ្ដាល​ខែ​នោះ​បាន​ផ្ញើ​ទៅ​ផ្ទះ​អស់​ហើយ​៖«ដេក​ហូប​អត់​មាន​លុយ​ចាយ​ថ្លៃ​បន្ទប់ ​យើង​ស្នាក់​នៅ​ ព្រោះ​អត់​មាន​ការ​ងារ​ធ្វើ​ គេ​ផ្អាក​យូរ​មិន​ដឹង​ថ្ងៃ​ណា​គេ​បើ​ឡើង​វិញ​។​ខ្ញុំ​មាន​អារម្មណ៍​លំបាក​នៅ​ក្នុង​បន្ទប់​ជួល​​ហើយ​អត់​មាន​លុយ​បង់​ថ្លៃ​បន្ទប់​ ហើយ​កូន​នៅ​ផ្ទះ​ក៏​អត់​មាន​អី​ហូប​ទៀត ដាច់​បាយ ។ខ្ញុំ​មាន​ត្រឹម​តែ​លុយ​ទិញ​អង្ករ​ទុក​ហូប​ បើ​លុយ​ផ្ញើ​ទៅ​ផ្ទះ​គ្មាន​ទេ​។ទៅ​មុខ​ទៀត​មិន​ដឹង​យ៉ាង​ណា​ខ្ញុំ​បើ​ការងារ​ក៏​អត់​ហើយ​នៅ​ព្រំដែន​ក៏​គេ​បិទ​ច្រក​មិន​ឱ្យ​ចេញ​ទៅ​ខ្មែរ​​»

ស្រដៀង​គ្នា​នេះ​ដែរ​ ពលករ​ខ្មែរ​ម្នាក់​ទៀត លោក សារុន ជិន រៀបរាប់​ថា ​លោក​ធ្វើ​ការងារ​ក្នុង​​ហាង​លក់​អាហារ​​នៅ​ប្រទេស​ថៃ​ជាង​ ៣ឆ្នាំ​ហើយ​ គឺ​​ពុំ​ដែល​ជួប​ប្រទះ​អត់​ការងារ​ដូច​​ពេល​នេះ​​ទេ​។​​ពលករ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​បន្ត​ថា ​កន្លង​មក​លោក​តែង​សន្សំ​ប្រាក់​ផ្ញើ​ទៅ​ស្រុក​កំណើត​​យ៉ាង​ហោច​ណាស់​​ ៦ពាន់​បាត​ឬ​ស្នើ​ប្រមាណ​ ២០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ ក៏​ប៉ុន្តែ​​​លោក​ថា​ នៅ​ពេល​នេះ​លោក​គ្មាន​​ប្រាក់​ផ្ញើ​ទៅ​ឪពុកម្ដាយ​ដូច​ពេល​មុន​ៗ ​ឡើយ ពីព្រោះ​​ថៅកែ​បាន​ផ្អាក​ការងារ​របស់​ខ្លួន​​ចាប់​ពី​ថ្ងៃ​ទី​២១ មីនា ​​រហូត​ដល់​​ពាក់​កណ្ដាល​ខែ​មេសា​​​​​ ឬ​​រហូត​ដល់​ស្ថានការណ៍​​រាលដាល​​ជំងឺ​កូវិដ​១៩ ​​​ដូច​ធម្មតា​ ទើប​ថៅកែ​​ថៃ​​ហៅ​ឱ្យ​ចូល​ធ្វើ​ការ​វិញ។ ពលករ​រូប​នេះ បន្ត​ថា ​​ថវិកា​របស់​​​លោក​អាច​​ចាយ​វាយ​បាន​យ៉ាង​​យូរ​ ២​សប្ដាហ៍ ​ទៅ​មុខ​ទៀត​​ ដូច្នេះ​នៅ​ពេល​​​អស់​ប្រាក់​​​​ពី​ក្នុង​ហោប៉ៅ​​ ពុំ​ដឹង​បាន​អ្វី​ហូប​ចុក​នោះ​ទេ​​៖«កន្លែង​គេ​លក់​ដូច​របស់​អាំង​អី​ គេ​ខ្លាច​ឆ្លង​ ព្រោះ​អី​ប្រជាជន​មក​ហូប​ច្រើន​ ដល់​ហើយ​ទៅ​គេ​បិទ​មិន​ដឹង​ថា​ទៅ​នៅ​ណា​ទេ​។ ខ្មែរ​យើង​គេ​បិទ​ច្រក​អស់​ហើយ​ទៅ​មិន​រួច​ទេ​ឥឡូវ​ ។ខ្ញុំ​នៅ​តែ​ក្នុង​បន្ទប់​មិន​ហ៊ាន​ចេញ​ទេ​ខ្លាច​វា​ឆ្លង​ព្រោះ​អី​​ខ្លាច​វា​ឆ្លង​ ព្រោះ​អី​រោគ​នេះ​វា​ឆ្លង​ខ្លាំង​ណាស់​ ខ្ញុំ​ចេញ​មួយ​ថ្ងៃ​២​ដង​អី​ទេ​ ទិញ​ទឹកកក​យក​មក​ហូប​ បើ​ទៅ​ផ្សារ​ខ្ញុំ​មិន​ហ៊ាន​ទៅ​ទេ​ ព្រោះ​មាន​មនុស្ស​ច្រើន​ ដល់​ហើយ​ទៅ​ក៏​នៅ​តែ​ក្នុង​បន្ទប់​នេះ​ឯង​ ខ្ញុំ​ហូប​ត្រី​ខ​កំប៉ុង​និង​មី​កញ្ចប់»

ចាប់​តាំង​ពី​ថ្ងៃ​ទី២១ មីនា​មក គឺ​ពលករ​ខ្មែរ​ធ្វើ​ការ​​​នៅ​​ទីក្រុង​បាងកក​និង​នៅ​ខេត្ត​ចំនួន​៥​ជាប់​ទីក្រុង​បាងកក​ដែល​ធ្វើ​ការ​នៅ​​​​ក្នុង​ផ្សារ​ទំនើប​ និង​ហាង​លក់​អាហារ​ធំៗ ភាគ​ច្រើន​បាន​ផ្អាក​ការងារ​​មួយ​រយៈ​ បន្ទាប់​ពី​មាន​​បទ​បញ្ជា​ពី​អាជ្ញាធរ​ខេត្ត​ទាំង​នេះ​ដោយសារ​ខ្លាច​ឆ្លង​​ជំងឺ​កូវិដ១៩។

ពលការិនី​​ខ្មែរ​​ធ្វើ​ការ​ក្នុង​​ហាង​លក់​ម្ហូបអាហារ​នៅ​ខេត្ត​ជាប់​ទី​ក្រុង​បាងកក​​ លោក​ស្រី ម៉ន គឹមលី ថ្លែង​ថា ​​ចាប់​តាំង​ពី​ថៅកែ​​​ផ្អាក​​លក់​ម្ហូប​អាហារ​មក​ ​គឺ​បាន​ប៉ះពាល់​​យ៉ាង​ខ្លាំង​ដល់​​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​​របស់​លោក​ស្រី​។​លោក​ស្រី​បន្ថែម​ថា ​ក្រុម​គ្រួសារ​នៅ​ស្រុក​ខ្មែរ​ពឹងផ្អែក​ទាំង​ស្រុក​លើ​ប្រាក់​ចំណូល​របស់​ខ្លួន​ ផ្ញើ​ទៅ​ឱ្យ​ពួកគាត់ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ ពីព្រោះ​ពួកគាត់​​ក្រីក្រ​ ហើយ​គ្មាន​របរ​​ផ្សេង​រក​ប្រាក់​ចំណូល​ឡើយ៖«បើ​ថា​ដល់​យូរ​ថ្ងៃ​ទៅ​មុខ​ទៀត​គិត​អី​មិន​ចេញ​ទេ​ មុខ​តែ​ងាប់​អស់​ហើយ​ ហើយ​ម្ចាស់​បន្ទប់​គេ​មិន​បាន​ពន្យារ​ឱ្យ​ទេ​ថ្លៃ​បន្ទប់​គេ​នោះ​ ដល់​ថ្ងៃ​ដឹង​តែ​គេ​មក​ទារ​ប្រាក់​ពី​យើង​ហើយ​ សូម្បី​តែ​ថ្ងៃ​ធម្មតា​លើស​តែ​៥​ថ្ងៃ​ក៏​គេ​គិត​៥០​បាត​ដែរ​ ហើយ​នៅ​នេះ​មាន​តែ​កន្លែង​នេះ​ឯង​ថោក​ជាង​គេ​។ខ្ញុំ​អន់​ចិត្ត​ណាស់​ គេ​អ្នក​មាន​អំណាច​គេ​រស់​នៅ​ស្រួល​ តែ​អ្នក​ក្រ​ដូច​ខ្ញុំ​​ធ្វើ​ការ​រហេមរហាម​នៅ​ស្រុក​ថៃ​ ហើយ​នៅ​ស្រុក​ខ្មែរ​អាជ្ញាធរ​ដូច​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​​ដល់​ពលរដ្ឋ​ទេ ខុស​ពី​ប្រទេស​ថៃ​គេ​ជួយ​ពលរដ្ឋ​គេ»

លោក​ស្រី​បន្ត​ថា សព្វ​ថ្ងៃ​ពួកគាត់​ជួល​បន្ទប់​តម្លៃ​ជាង ១ពាន់​បាត ឬ​​ស្នើ​ជាង ៣០ដុល្លារ​អាមេរិក​ស្នាក់​នៅ​រួម​គ្នា​ជា​មួយ​ពលករ​ខ្មែរ​ដទៃ​ទៀត​ ដែល​អត់​ការងារ​ធ្វើ​ដូច​គ្នា ដើម្បី​​សន្សំ​ប្រាក់​ចាយ​វាយ​ឱ្យ​បាន​យូរ​ថ្ងៃ​ទៅ​មុខ​ទៀត។

ក្រៅ​ពី​ពលករ​អត់​ការងារ​នេះ​ហើយ មាន​ពលករ​ខ្មែរ​ខ្លះ​ទៀត ដែល​ទើប​តែ​ត្រឡប់​មក​ពី​​ពន្យារ​សុពលភាព​ទិដ្ឋាការ​ស្នាក់​នៅ​ប្រទេស​ថៃ ដោយ​ពួក​គេ​បាន​ឆ្លង​ដែន​​ទៅ​កម្ពុជា​នោះ​​​ ក៏​ត្រូវ​បាន​ថៅកែ​ថៃ​ឱ្យ​ផ្អាក​ធ្វើ​ការ​ងារ​មួយ​រយៈ​ដែរ ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​ឆ្លង​ជំងឺ រាតត្បាត​នេះ។

ពលករ​ខ្មែរ​ធ្វើ​ការ​រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក​នៅ​ខេត្ត​អយុធ្យា (Ayuthtaya) លោក ជា សេងអនុជ ឱ្យ​ដឹង​ថា នៅ​កន្លែង​លោក​ធ្វើ​ការ​មាន​ពលករ​ខ្មែរ​ប្រមាណ​១០​​រួម​ទាំង​លោក​ផង ត្រូវ​បាន​ថៅកែ​ដាក់​ឱ្យ​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​ចំនួន​១៤​ថ្ងៃ​ ដើម្បី​តាមដាន​សុខភាព៖ «គេ​ឱ្យ​យើង​នៅ​ក្នុង​បន្ទប់​ដែល​យើង​ធ្លាប់​នៅ​បន្ទប់​ជួល គេ​ប្រាក់​ថា​ឱ្យ​ខ្ញុំ​នៅ​ក្នុង​បន្ទប់​កុំ​ឱ្យ​ដើរ​​ចេញ​ក្រៅ ហើយ​ជំនួយ​ការ​ខ្មែរ​យើង​គេ​តាម​ខ្ញុំ​រាល់​ថ្ងៃ​។ខ្ញុំ​អត់​ខកចិត្ត​ទេ​ព្រោះ​រឿង​ការពារ​ទាំង​អស់​គ្នា ព្រោះ​យើង​មើល​អត់​ឃើញ​មិន​ដឹង​អ្នក​ណា​ឆ្លង​ជំងឺ​នេះ​ អីចឹង​យើង​ត្រូវ​ឱ្យ​គេ​ធ្វើ​អីចឹង​ទៅ»

នៅ​រសៀល​ថ្ងៃ​ទី២៤ មីនា នាយក​រដ្ឋមន្ត្រី​ថៃ​លោក ប្រាយុទ្ធ ចាន់អូរឆា ​(Prayut Chan-o-cha) ​បាន​ប្រកាស​ថា រដ្ឋាភិបាល​ថៃ​នឹង​​ប្រើ​ច្បាប់​​ប្រកាស​អាសន្ន នៅ​ថ្ងៃ​ទី២៦ មីនា ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវិដ១៩។ ចំណុច​សំខាន់ៗ នៃ​ច្បាប់​នេះ គឺ​មាន​ដូច​ជា តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ស្នាក់នៅ​ក្នុង​ផ្ទះ​មួយ​រយៈ ឬ​ក៏​កំណត់​ផ្ទៃ​ដី​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ ហើយ​ប្រសិន​បើ​ជន​ណា​ល្មើស​​នឹង​ត្រូវ​រង​ពិន័យ តាម​ច្បាប់។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​​មន្ត្រី​ស្ថានទូត​ខ្មែរ​​ប្រចាំ​ទី​ក្រុង​បាងកក ទទួល​បន្ទុក​ផ្នែក​ពលករ​ លោក​ គឹម ចំរើន​ និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ លោក ហេង សួរ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៤ មីនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាង​ណា លោក គឹម ចំរើន ​បាន​អំពាវនាវ​ដល់​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ឱ្យ​អនុវត្ត​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ថៃ ដើម្បី​ចូល​រួម​ទប់​ស្កាត់​ជំងឺ​កូវិត១៩។ មន្ត្រី​រូប​នេះ​បាន​ប្រកាស​នៅ​ក្នុង​ហ្វេសប៊ុក​ស្ថានទូត​ខ្មែរ​នៅ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី២៣ មីនា​ទៀត​ថា នៅ​អំឡុង​ពេល​នេះ​ ប្រសិន​​បើ​ពលករ​ណា​អស់​សុពលភាព​ទិដ្ឋាការ​ស្នាក់​នៅ​ប្រទេស​ថៃ គឺ​​អាច​ស្នាក់​នៅ​បន្ត​បាន​​រហូត​ដល់​ស្ថានការណ៍​ប្រក្រតី​ឡើង​វិញ​ ដោយ​ពុំ​មាន​​ការ​ចាប់​ចង​នោះ​ទេ។​ប្រភព​ដដែល​បន្ថែម​ថា ខាង​ស្ថានទូត​នឹង​​ផ្ដល់​ព័ត៌មាន​ជូន​ដល់​ពលករ​ទៀត​ប្រសិន​បើ​មាន​​ការ​ដំណឹង​ថ្មី​ពី​រដ្ឋាភិបាល​ថៃ។​​​

​​​​ប្រធាន​ផ្នែក​ពលករ​ចំណាក​ស្រុក​នៃ​អង្គការ​សិទ្ធិ​ការងារ​សង់ត្រាល់ លោកឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា ពលករ​ខ្មែរ​​ដែល​អត់​ការងារ​​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ​ទាំង​នោះ​ អាច​ប្រឈម​នឹង​ដាច់​ស្បៀង ​ហើយ​ភាគ​ច្រើន​ជា​ពលករ​​​ទៅ​ធ្វើ​ការ​ដោយ​ខ្លួន​ គឺ​មិន​មែន​អ្នក​ទៅ​ធ្វើការ​តាម​រយៈ អនុស្សរណៈ​យោគយល់ អិមអូយូ (MOU) រវាង​រដ្ឋាភិបាល​កម្ពុជា​និង​ថៃ​ ដែល​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​មួយ​ចំនួន​នាំ​ពលករ​ធ្វើ​ការ​ក្នុង​ប្រទេស​មួយ​នេះ​។​លោក​បន្ថែម​ថា ​ពលករ​ដែល​ទៅ​ធ្វើ​ការ​តាម​រយៈ​ អឹមអូយូ (MOU) នេះ​នឹង​ទទួល​បាន​ប្រាក់​ខែ ៥០ភាគ​រយ​ពី​ខាង​ក្រុមហ៊ុន ប្រសិន​បើ​ពួកគេ​ត្រូវ​បាន​ផ្អាក​ពី​ការងារ​ដោយសារ​ជំងឺ​កូវិដ១៩៖ «ហើយ​ប្រសិន​បើ​ពលករ​ថៃ​ទទួល​បាន ៥០ភាគ​រយ​នៃ​ពលករ​ដែល​អត់​មាន​ការងារ​ធ្វើ​ហ្នឹង​ពលករ​ខ្មែរ​​ក៏​ត្រូវ​ទទួល​បាន​៥០​ភាគរយ​ដែរ​។មួយ​ទៀត​ត្រូវ​ធានា​បាន​នូវ​អ្នក​ដែល​ធ្វើ​ការងារ​ក្រៅ​ប្រព័ន្ធ​ហ្នឹង​ឱ្យ​ទទួល​បាន​ប្រាក់​ចំណូល​ដូច​ប្រទេស​ថៃ​ដែរ​ ព្រោះ​កន្លង​មក​គាត់​ក៏​ធ្វើ​ការ​ដែរ ប៉ុន្តែ​គ្រាន់​តែ​ថៅកែ​មួយ​ចំនួន​អត់​​បាន​ធ្វើ​ប័ណ្ណ​ប..ស​ផ្អាក អីចឹង​គាត់​អត់​ទទួល​សិទ្ធិ​ទទួល​បាន​ ៥០​ភាគរយ​ហ្នឹង​ទេ​ ករណី​ថា​បើ​ត្រូវ​បញ្ឈប់​ពី​ការងារ​ឬ​អត់​មាន​ការងារ​ធ្វើ​ហ្នឹង»

ទោះ​ជា​យ៉ាង​ណា​​លោក​ថា ​ករណី​នេះ​ប្រសិន​បើ​ស្ថានការណ៍​អូស​បន្លាយ​យូរ​ គឺ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​​​ត្រៀម​ស្បៀង​​ ដើម្បី​ផ្គត់ផ្គង់​ដល់​ពលករ​​​ទាំង​នោះ​ សម្រាប់​ហូប​ចុក​ក្នុង​ពេល​ដាច់​ស្បៀង​​នៅ​ពេល​ខាង​មុខ។​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ព្រួយបារម្ភ​​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ដោះស្រាយ​រឿង​នេះ​ទេ អាច​នឹង​មាន​ពលករ​មួយ​ចំនួន​ធំ​​​នាំ​​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​​ ហើយ​បណ្ដាល​ឱ្យ​កកស្ទះ​នៅ​តំបន់​​ព្រំដែន​កម្ពុជា​ថៃ​ជា​មិន​ខាន។

របាយការណ៍​របស់​ក្រសួង​ការងារ​បង្ហាញ​ថា ពលករ​ខ្មែរ​កំពុង​ធ្វើ​ការ​ប្រទេស​ថៃ​មាន​ជាង ១លាន ១ សែន​នាក់ (១.១០០.០០០)។ ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​សង់ត្រាល់ ឱ្យ​ដឹង​ថា​មាន​ពលករ​ខ្មែរ​ស្រប​ច្បាប់​និង​ខុស​ច្បាប់​ប្រមាណ ២លាន​នាក់ (២.០០០.០០០) កំពុង​ធ្វើ​នៅ​ប្រទេស​ថៃ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...