20
មេសា

កម្មករ​ខ្លះ​ថា ថៅកែ​បង្ខំ​ពួកគាត់​ឱ្យ​ដាក់ពាក្យ​លាលែង​ពី​ការងារ​ក្រោយ​ត្រលប់​មក​ពី​ចូលឆ្នាំ

កម្មករ​ខ្លះ​អះអាង​ថា ថៅកែ​រោងចក្រ​លែង​ទទួល​ពួកគាត់​ឱ្យ​ចូល​ធ្វើ​ការ​វិញ និង​បង្ខំ​ឱ្យ​ដាក់ពាក្យ​លាលែង ក្រោយពេល​ពួកគាត់​ត្រលប់​មកពី​ចូលឆ្នាំ នៅ​ស្រុកកំណើត​វិញ​។ កម្មករ​យល់ព្រម​ឱ្យ​ថៅកែ​ដាក់​ពួកគាត់ នៅ​ដាច់​ដោយឡែក ១៤​ថ្ងៃ ហើយ​ត្រូវ​ឱ្យ​ចូល​ធ្វើ​ការ​វិញ បន្ទាប់​ពី​នោះ។

ក្រុម​កម្មករ ដែល​រង​ការ​បណ្ដេញ​ចេញ​ច្រើន​នាក់ នៅ​រោងចក្រ​ប៊ូវឃ័រ (Bowker) ស្រុក​អង្គស្នួល ឱ្យ​ដឹង​ប្រហាក់ប្រហែល​គ្នា​ថា ពួកគាត់​មិន​សុខចិត្ត នឹង​ការ​បង្ខំ​ឱ្យ​ពួកគាត់​លាលែង​ពី​ការងារ​ទេ ព្រោះ​ពិបាក​ក្នុង​ការ​រក​ការងារ​ថ្មី​ធ្វើ និង​មិន​ទទួល​បាន​អត្ថប្រយោជន៍​សមរម្យ។

កម្មការិនី​ម្នាក់ លោកស្រី ឃុំ វ៉ាន់ ឱ្យ​ដឹង​ថា ផ្នែក​រដ្ឋបាល បាន​ប្រាប់​ឱ្យ​លោកស្រី ដាក់​ពាក្យ​លាលែង​ពី​ការងារ ដោយ​អះអាង​ថា លោកស្រី បាន​រត់ចោល​ការងារ​ច្រើន​ថ្ងៃ ក្នុង​អំឡុង​ពេល​ធ្វើ​ការ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ។ លោកស្រី​បន្ត​ថា ផ្នែក​រដ្ឋបាល​បាន​ប្រាប់​ថា បើ​ព្រម​ដាក់ពាក្យ​លាលែង​ខាង​រោងចក្រ​នឹង​ផ្ដល់​លុយ​ឈ្នួល​ចំនួន​១០​ថ្ងៃ ដើមខែ​មេសា ដែល​លោកស្រី បាន​បំពេញការងារ​ឱ្យ​តែ​បើ​មិន​ព្រម​ដាក់ពាក្យ​លាលែង​ពី​ការងារ​ទេ​នឹង​មិន​បើកប្រាក់​ឈ្នួល​១០​ថ្ងៃ ឱ្យ​បានទេ និង​មិន​អនុញ្ញាត​ឱ្យ​ធ្វើការ​ត​ទៀត​ទេ៖ «គេ​ឱ្យ​យើង​ដាក់​ក្រដាស​ឈប់​ហ្នឹង យើង​បាន​ដូច​ថា អា​លុយ​ធ្វើការ​១០​ថ្ងៃ​អ៊ីចឹង​ណា ហើយ​ប្រាក់​អ្វី​ផ្សេងៗ​តិចតួច​ទៀត​។ សរុបទៅ​មិន​ដឹង​ថា បាន​ប៉ុន្មាន​ដែរ​ហ្នឹង ហើយ​ខ្ញុំគេ​អត់​មាន​និយាយ​រឿង​១៤​ថ្ងៃ​ពី​អ្វី​ទេ​។ គេ​គ្រាន់តែ​ឱ្យ​ខ្ញុំ​ដាក់​ក្រដាស​ឈប់ អ៊ីចឹង​ណា ហើយ​ខ្ញុំ​អត់​ព្រម​ទៅ​ដាក់​ទេ​។ ប៉ុន្តែ​គេ​តេ​ហៅ​មួយ​ភ្លែត​បី បួន​ដង​អ៊ីចឹង​ទៅ ឱ្យ​ខ្ញុំ​ទៅ​ដាក់​ក្រដាស​ឈប់​។ ខ្ញុំ​ថា ខ្ញុំ​អត់​ព្រម​ដាក់​ទេ​។ ដល់ពេល​អ៊ីចឹង​ទៅ គេ​(​រដ្ឋបាល​)​ថា បើ​អត់​ព្រម​ដាក់​ម្សិលមិញ​ហ្នឹង គឺ​គេ​កាត់ឈ្មោះ​ខ្ញុំ​ចោល​ហើយ គឺ​អត់​បាន​លុយ​ទេ»។

កម្មការិនី​រូប​នេះ អះអាង​ថា លោកស្រី​ពុំ​ព្រម​ដាក់ពាក្យ​លាលែង​ពី​ការងារ ដូច​កម្មករ​ខ្លះ​ទេ ហើយ​លោកស្រី​នឹង​ទាមទារ ឱ្យ​មាន​ដំណោះស្រាយ​ករណី​នេះ​។ លោកស្រី ឃុំ វ៉ាន់ បន្ត​ថា ការណ៍​ដែល​មិន​ព្រម​ដាក់ពាក្យ​លាលែង​គឺ​ដោយសារ​លោកស្រី​ត្រូវ​បង់​បំណុល​រាល់​ខែ គ្មាន​ប្រាក់​រ៉ាប់រង​ជីវភាព​ប្រចាំថ្ងៃ និង​មិន​អាច​រក​ការងារ​ធ្វើ​នៅ​រោងចក្រ​ផ្សេង​បាន ក្នុង​ស្ថានភាព​ដែល​គ្រប់​រោងចក្រ បង្ហាញ​សញ្ញា​បិទទ្វារ​ជា​បន្តបន្ទាប់​។​

លោកស្រី ឃុំ វ៉ាន់ ប្រាប់​ថា លោកស្រី បាន​សុំច្បាប់​ប្រធាន​ក្រុម​ទៅលេង​ស្រុកកំណើត​ហើយ​កាលពី​ថ្ងៃ​ទី​១០ មេសា គឺ​មុន​ពេល​មាន​បម្រាប​តឹងរ៉ឹង ហាម​កម្មករ​ដាក់​ច្បាប់​ឈប់ និង​បម្រាម​បិទ​ផ្លូវ​ឆ្លង​ខេត្ត​។ ក៏ប៉ុន្តែ នៅ​ពេល​លោកស្រី ទៅដល់​ស្រុកកំណើត ផ្នែក​រដ្ឋបាល​របស់​រោង​ចក្រ បាន​ទូរស័ព្ទ​ហៅ​លោកស្រី ត្រលប់​មក​ធ្វើការ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​វិញ​។ កម្មករ​រូប​នេះ អះអាង​ថា លោកស្រី មិន​អាច​រក​ឡាន​ឈ្នួល និង​ត្រលប់​មក​រោងចក្រ​វិញ​បាន​ទេ ក្នុង​កំឡុង​ថ្ងៃ​ចូលឆ្នាំ​ដោយសារ​តែ​មាន​ការ​បិទ​ផ្លូវ​មិន​ឱ្យ​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត។

ចំណែក​កម្មការិនី​រោងចក្រ​ប៊ូវឃ័រ​ម្នាក់ទៀត គឺ លោកស្រី ផាត ភួង ក៏​រង​ការ​បង្ខំ​ឱ្យ​ឈប់​ពី​ការងារ​ដែរ​ក្រោម​ហេតុផល​ថា លោកស្រី រត់ចោល​ការងារ​ច្រើន​ថ្ងៃ នៅ​អំឡុង​ថ្ងៃ​ធ្វើការ​បុណ្យចូលឆ្នាំ​តែ​លោកស្រី មិន​ព្រម​ដាក់​ពាក្យ​លាលែង​ទេ៖ «ខ្ញុំ​អត់​ទាន់​បាន​ប្រាប់​ឈ្មោះ​អ្វី​ផង​បង ព្រោះ​ខ្ញុំ​អត់​ចង់​ឈប់​ផង​។ ខ្ញុំ​នៅ​ធ្វើការ​។ ប៉ុន្តែ​ពេលនេះ គេ​(​រដ្ឋបាល​)​ឱ្យ​ខ្ញុំ​ដាក់​ក្រដាស​ឈប់​តែ​ខ្ញុំ​អត់។ ដល់ពេល​ឥឡូវ​ហ្នឹង​លឺ​ថា ខ្ញុំ​មាន​ច្បាប់​២​ថ្ងៃ អត់​ច្បាប់​៤​ថ្ងៃ​។ គេ​ឱ្យ​ខ្ញុំ​ចុះ​មក​ក្រោម​វិញ តែ​អត់​ប្រាប់​ថា ឱ្យ​ចូល​ធ្វើ​ការ​វិញ ថ្ងៃ​ណា អ្វី​ផង»។

ប្រធាន​សហជីព​កម្មករ​នៃ​រោងចក្រ​ដាប់​ប៊ែលយូ អ៊ែនឌី (W&D) នៅ​ខណ្ឌ​មានជ័យ លោក ផាន់ សាមុត ប្រាប់​ថា រោងចក្រ​នេះ មានកម្ម​ការិនី​តែ​ម្នាក់​គត់ ដែល​ឈប់​សម្រាក​ថ្ងៃ​ចូលឆ្នាំ ដោយ​មិន​ជូនដំណឹង ហើយ​ត្រូវ​រង​វិធានការ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​១៤​ថ្ងៃ​។ លោក​បញ្ជាក់​ថា កម្មការិនី​ម្នាក់​នោះ ជា​ស្ត្រី​មាន​ផ្ទៃពោះ៖ «ពេល​ដែល​គាត់​ចូល​មក​វិញ គេ​ឱ្យ​គាត់​(​ស្ត្រី​មានគភ៌​)​ឃុំ​ខ្លួនឯង ១៤​ថ្ងៃ​បង អត់​ទាន់​ឱ្យ​ចូល​ធ្វើ​ការ​ទេ​។ មិន​ដឹង​ថា ឃុំខ្លួន​នៅផ្ទះ ឬក៏​ឃុំខ្លួន​នៅ​សាលារៀន​។ អ៊ីចឹង ខ្ញុំ​អត់​ទាន់​ទទួល​បាន​ដំណឹង ខ្ញុំ​មិនទាន់​ទទួល​បាន​ព័ត៌មាន​ពិតប្រាកដ​ទេ​។ គ្រាន់តែ​ដឹង​ថា ខាង​ក្រុមហ៊ុន​ឱ្យ​គាត់​ឃុំ​ខ្លួនឯង រយៈពេល​១៤​ថ្ងៃ​សិន មុន​ចូល​បម្រើ​ការងារ​វិញ»។

ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជូនដំណឹង​កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា ថា​កម្មករ​ដែល​ឈប់សម្រាក​ថ្ងៃ​ចូលឆ្នាំ មិន​មក​ធ្វើការ​ហើយ​ទៅ​ស្រុកកំណើត​នឹង​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ ពេល​ត្រឡប់​មក​ធ្វើការ​វិញ ហើយ​នឹង​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​ពេល​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​១៤​ថ្ងៃ​ទេ។ នៅ​ថ្ងៃ​ទី​១៧ មេសា ក្រសួង​ព្រមាន​ថា ក្នុង​ករណី​កម្មករ​មិន​គោរព​សេចក្ដី​ណែនាំ​របស់​ក្រសួង​អំពី​វិធាន​ការ​បង្ការ​ជំងឺ​កូវីដ​១៩ (Covid-19) ហើយ​មិន​ព្រម​នៅ​ដាច់ដោយឡែក​១៤​ថ្ងៃ រហូត​ទទួល​បាន​លិខិតបញ្ជាក់​សុខភាព​ពី​ក្រុម​គ្រូពេទ្យ​ទេ ថៅកែ​រោងចក្រ​នឹង​មិន​អនុញ្ញាត​ឱ្យ​ចូល​ធ្វើ​ការ​វិញ​ទេ។

ប៉ុន្តែ​អ្នកនាំពាក្យ​របស់​ក្រសួង​ការងារ​លោក ហេង សួរ បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក (facebook) របស់​លោក​ថា កម្មករ​ឈប់សម្រាក​ពី​ការងារ​នៅ​ថ្ងៃ​ចូលឆ្នាំ​អាច​ចាត់ទុកថា​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់​ហើយ​ក្រុមហ៊ុន​អាច​បញ្ឈប់​ការងារ​ដោយ​មិន​បាច់​ទូទាត់​សំណង។

អ្នកគ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ​និង​សិទ្ធិមនុស្ស (CENTRAL) លោក ឃុន ថារ៉ូ ថា​ការ​បង្ខំ​ឱ្យ​កម្មករ​លាលែង​ពី​ការងារ ឬ​បញ្ឈប់​កម្មករ​ក្នុង​ស្ថានភាព​នេះ​ជា​ការ​អនុវត្ត​ខុសច្បាប់​។ លោក ថា ការ​លើកឡើង​ពី​ការបញ្ឈប់​កម្មករ​ដោយសារតែ​ប្រើ​ច្បាប់​ប្រចាំ​ឆ្នាំ ឈប់​សម្រាក​ហើយ​យក​ហេតុផល​នេះ មក​បញ្ឈប់​កម្មករ​វិ​ញ​គឺ​មិន​យោង​តាម​ទិដ្ឋភាព​ច្បាប់​ឡើយ​។ លោក ឃុន ថារ៉ូ ជំរុញ​ឱ្យ​ក្រសួង​ការងារ ចុះ​ធ្វើ​អធិការកិច្ច​តាម​រោងចក្រ ដើម្បី​កុំ​ឱ្យ​មាន​ករណី​ប្ដូរ​កិច្ចសន្យា​កម្មករ ឬ​បញ្ឈប់​កម្មករ៖ «ក្រសួង​ការងារ​ហ្នឹង​ត្រូវ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​ហើយ​សហគ្រាស​គ្រឹះស្ថាន​ហ្នឹង ក្រុមហ៊ុន​ហ្នឹង រោងចក្រ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​អ្វី​ជា​ការ​ណែនាំ​របស់​ក្រសួង​ហើយ​និង​វិធានការ​ផ្លូវច្បាប់ ហើយ​នៅ​ក្នុង​ចំណុច​មួយ​ហ្នឹង ខាង​រោងចក្រ​ហ្នឹង មិនបាន​គោរព​នូវ​ច្បាប់​ស្ដីពី​ការងារ​រួម​ទាំង​វិធានការ​ការ​អំពាវនាវ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​ចេញ​កន្លងមក​។ នៅ​ក្នុង​កាលៈទេសៈ​ហ្នឹង គឺ​ក្រុមហ៊ុន​ហ្នឹង មិន​អាច​យក​លេស​នៅ ក្នុង​ការ​បញ្ឈប់​កិច្ចសន្យាការងារ ដោយសារតែ​គាត់​ប្រើប្រាស់​នូវ​ការ​ឈប់​សម្រាក​របស់​គាត់​ទេ អ៊ីចឹង​ណា​។ រាល់​ការ​ឈប់​សម្រាក​ឬក៏​ការ​ស្នើសុំ​ណាមួយ ដោយមាន​ការ​ឯកភាព ឬក៏​ការអនុញ្ញាត និយោជក​ហ្នឹង ត្រូវតែ​សម្រេច​ធ្វើ​យ៉ាងណា ឱ្យ​កម្មករ​ហ្នឹង​គាត់​អាច​ឈប់សម្រាក​ទៅតាម​សិទ្ធិ​ដែល​គាត់​ប្រើប្រាស់​រួម​ទាំង​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ជាដើម»។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ត្រៀម​សាលារៀន​ចំនួន​៣៧ ដែល​មាន​ជិត​ប្រាំពីរ​រយ (៦៩៩)​បន្ទប់ នៅ​គ្រប់​ខណ្ឌ​ទាំងអស់ ទុក​សម្រាប់​អនុវត្ត​វិធាន​ការ​ដាក់​កម្មករ កម្មការិនី​ជាង ១​ម៉ឺន ៥​ពាន់​នាក់ (១៥.៧២៦) មកពី​រោងចក្រ​ចំនួន ៦៧២​ដែល​បាន​ទៅ​ស្រុក​ក្នុង​ពេល​ចូលឆ្នាំ ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ​។ លោក ឃុន ថារ៉ូ ថា មិន​ទាន់​មាន​សេចក្ដីរាយការណ៍ ថា កម្មករ​ត្រូវ​បាន​បញ្ជូន​យក​ទៅ​ដាក់​នៅ​តាម​សាលារៀន​ទាំងនោះ​ឬ​នៅ​នៅឡើយ​ទេ។

ក្រុម​កម្មករ​រង​ការបញ្ឈប់ អះអាង​ថា ពួកគេ គ្មាន​ប្រាក់ចំណូល​បង់ថ្លៃ​បន្ទប់​ជួល​ស្នាក់នៅ​បន្ត​ទេ ប្រសិនបើ​រោងចក្រ​ពន្យារពេល​ឱ្យ​ពួកគេ​ចូល​ធ្វើ​ការ ឬ​បង្ខំ​ឱ្យ​ពួកគេ​ឱ្យ​លាលែង​ពី​ការងារ ក្នុង​ពេល​មិន​អាច​រក​ការងារ​ថ្មី​ធ្វើ​បាន​នេះ​។ កម្មករ​ថា ជម្រើស​ចុងក្រោយ បើ​គ្មាន​ដំណោះស្រាយ​ទេ ពួកគេ​អាច​នឹង​តវ៉ា ឬ​វិល​ត្រលប់​ទៅ ស្រុកកំណើត​វិញ ព្រោះ​អស់​លទ្ធភាព​ស្នាក់នៅ​បន្ត៕

ប្រភព៖ អាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...