20
មេសា

កម្មករ​និង​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋ​ពិចារណា​ឡើងវិញ​ពី​ការ​ដាក់​កម្មករ​ឱ្យ​នៅ​ដាច់​ដោយឡែក​១៤​ថ្ងៃ

កម្មករ​-​កម្មការិនី​រោងចក្រ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មាន​ការ​ព្រួយបារម្ភ​ចំពោះ​វិធានការ​របស់​រាជរដ្ឋាភិបាល ដែល​ដាក់​កម្មករ​ឱ្យ​នៅ​ដាច់ដោយឡែក​រយៈពេល ១៤​ថ្ងៃ បន្ទាប់ពី​ពួកគេ​បាន​វិលត្រឡប់​មកពី​ស្រុក​កំណើត​វិញ​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មានការ​ចម្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ចូល​ក្នុង​សហគមន៍ ថា ជា​សំពាធ​បន្ថែម​ទៀត​ទៅលើ​កម្មករ​-​កម្មការិនី​។ ពួកគេ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ​ចំពោះ​វិធានការ​នេះ។

កម្មករ កម្មការិនី អ្នក​ប្រកប​របរ​រកស៊ី​ក្រៅ​ប្រព័ន្ធ កំពុងតែ​មានការ​ព្រួយបារម្ភ​ពី​ការ​ប៉ះពាល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ ចំពោះ​វិធានការ​រាជរដ្ឋាភិបាល ដែល​ដាក់​កម្មករ​ឱ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ បន្ទាប់​ពី​ពួកគេ​បាន​វិលត្រឡប់​មកពី​ស្រុកកំណើត​វិញ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មានការ​ចម្លង​រាតត្បាត​ជំងឺ​កូវីដ-១៩។

រដ្ឋមន្ត្រី​ក្រសួង សុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ចាត់វិធានការ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​១៤​ថ្ងៃ សម្រាប់​កម្មករ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​ពេល​បុណ្យ​ចូលឆ្នាំ។

បន្ទាប់​ពី​សេចក្តី​ស្នើ​សុំ​ពី​រដ្ឋមន្ត្រី​ទាំងពីរ​ក្រសួង​នេះ សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​ឱ្យ​អាជ្ញាធរ ត្រៀម​សាលារៀន​ចំនួន ៣៧​កន្លែង ដែល​មាន ៦៩៩​បន្ទប់ សម្រាប់​អនុវត្ត​វិធាន​ការ​លើ​កម្មករ-កម្មការិនី​ជាង ១​ម៉ឺន ៥​ពាន់​នាក់ (១៥.៧២៦) មកពី​រោងចក្រ​ចំនួន ៦៧២ នៅ​ភ្នំពេញ ដែល​បាន​ទៅ​ស្រុក​ក្នុង​ពេល​ចូលឆ្នាំ។

កញ្ញា ជល់ ស្រីមុំ ដែល​បម្រើ​ការងារ​នៅ​រោងចក្រ Sangwoo និង​មិត្តភ័ក្ដិ​របស់​កញ្ញា​មួយ​ចំនួន​ទៀត កំពុង​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​១៤ ថ្ងៃ បាន​លើក​ឡើង​ថា ការ​ដាក់​ឱ្យ​នៅ​១៤​ថ្ងៃ ដោយ​ពុំ​មាន​ការ​បើក​ប្រាក់ខែ​ដល់​ពួកគាត់ នោះ​គឺ​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ជីវភាព​៖ «អ៊ីចឹង​ផល​ប៉ះពាល់​របស់​គាត់​ហ្នឹង គឺ​អត់​មាន​លុយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​គាត់ ទី​១​។ ទី​២ យើង​ដឹង​ហើយ​កម្មករ​ទាំង​ខ្ញុំ ទាំង​គេ​ទូទៅ គឺ​៩៩ ហើយ​ដែល​ជំពាក់​លុយ​ធនាគារ អ៊ីចឹង​បញ្ហា​ប្រឈម​របស់​កម្មករ​វា​ធ្ងន់ធ្ងរ​ណាស់»។

កញ្ញា​បន្ត​ថា នៅ​ក្នុង​រោងចក្រ​របស់​កញ្ញា កម្មករ​មក​ធ្វើការ​ដើម្បី​ទទួល​បាន​ប្រាក់ខែ​ទ្រទ្រង់​ជីវភាព ដូច្នេះ​រដ្ឋាភិបាល​គួរ​ពិចារណា​ដើម្បី​ផ្ដល់​ប្រាក់​បៀវត្ស​នៅ​ក្នុង​កំឡុង​ពេល ១៤​ថ្ងៃ នោះ​ដល់​ពួកគាត់ បើ​មិន​ដូច្នោះ​ទេ​ពួកគាត់​នឹង​មិន​មានលទ្ធភាព​រក​ប្រាក់​ទិញ​ទឹកដោះគោ​ឱ្យ​កូន បង់ថ្លៃ​បន្ទប់​ជួល និង​បង់ថ្លៃ​ធនាគារ​នោះ​ទេ៖ «អាហ្នឹង​ទាល់តែ​យើង​រួម​គិត​ទាំងអស់​គ្នា អឺ ដូច​ខ្ញុំ​កម្មករ​មិន​គួរ​ណា​ខាង​រដ្ឋាភិបាល​យើង​ហ្នឹង ដាក់​បន្ទុក​លើ​កម្មករ អឺ ទុក​គាត់ ១៤​ថ្ងៃ ហើយ​ដោយ​មិន​ឱ្យ​ប្រាក់​ឈ្នួល​ទេ។ បើសិនជា​ទុក​គាត់ ១៤​ថ្ងៃ​ហើយ មាន​ប្រាក់​ឈ្នួល​ឱ្យ​គាត់ រឺ​ក៏​ក្រុមហ៊ុន​អត់​មាន​ប្រាក់​ឈ្នួល​ឱ្យ​គាត់ ខាង​រដ្ឋាភិបាល​ហ្នឹង ចេញ​លុយ​ឱ្យ​គាត់​ទៅ ១៤​ថ្ងៃ​ហ្នឹង​ទៅ អាហ្នឹង​បើ​សិន​យើង​ចង់​ដោះស្រាយ​មិន​អ៊ីចឹង​ណោះ​អាហ្នឹង​ការ​យល់ឃើញ​របស់ខ្ញុំ​ទេ ណា»។

រីឯ​កម្មការិនី​ម្នាក់ទៀត​ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​មួយ​នៅ​ទីក្រុង​ភ្នំពេញ​ដែល​បាន​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ ថ្លែង​ឱ្យ​ដឹង​ថា កញ្ញា​ពុំ​ទាន់​ហ៊ាន​ត្រឡប់​មក​ភ្នំពេញ​ដើម្បី​ធ្វើការ​នោះ​ទេ ព្រោះ​កញ្ញា​ខ្លាច​គេ​ចាប់​ឃុំ​ទុក​១៤​ថ្ងៃ ដូច្នេះ​កញ្ញា​សុខចិត្ត​នៅផ្ទះ​ជួប​ជុំ​គ្រួសារ ហើយ​កញ្ញា​នឹង​ត្រឡប់​មក​រក​ការងារ​ធ្វើ​វិញ​នៅ​ពេល​លែង​មាន​ជំងឺ​កូវីដ​១៩។

កញ្ញា​បាន​បញ្ជាក់​ថា នឹង​មក​ធ្វើការ​នៅ​រោងចក្រ​ដើម​វិញ ប៉ុន្តែ​បើ​ក្នុង​ករណី​គេ​លុបឈ្មោះ​ចេញ កញ្ញា​និង​រក​ការងារ​ធ្វើ​នៅ​រោងចក្រ​ផ្សេង ព្រោះ​កញ្ញា​មិន​អាច​ប្រថុយប្រថាន​មក​ធ្វើការ​ហើយ​គេ​ចាប់​ឃុំ ១៤​ថ្ងៃ​នោះ​ទេ​។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី១៧ ខែ​មេសា បាន​ចេញ​វិធានការ​ចត្តាឡីស័ក ឬ​ដាក់​ឱ្យ​រស់នៅ​ដាច់ដោយឡែក ២​សប្តាហ៍​ចំពោះ​កម្មករ​និយោជិក នៅ​តាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែល​បាន​ឈប់សម្រាក​អំឡុង​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ ហើយ​ចូល​បម្រើ​ការងារ​វិញ​។ ក្នុង​ករណី​មិន​សហការ ឬ បំពាន​វិធានការ​នេះ ហើយ​បង្ក​ជា​ការ​ភ័យខ្លាច​ដល់​កម្មករ​និយោជិក​ដទៃ​ទៀត ក្រោយ​ពី​ខ្លួន​ត្រលប់​មកពី​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នោះ គឺ​អាច​ត្រូវ​បង្ខំ​ឱ្យ​ឈប់​ពី​ការងារ​ដោយ​មិន​ទទួល​បាន​ការ​ទូទាត់​អត្ថប្រយោជន៍​អ្វី​ទាំង​អស់ពី​និយោជក។

លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស សង់ត្រាល់ យល់​ឃើញ​ថា វិធានការ​នេះ​គឺជា​ការ​ដាក់​សម្ពាធ​ផ្លូវចិត្ត​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​កម្មករ​-​កម្មការិនី​រោងចក្រ ជាពិសេស​នៅ​ពេល​ពួកគាត់​មិន​ទទួល​បាន​កម្រៃ​ប្រាក់​ឈ្នួល​នោះ​ទេ ហើយ​ថែម​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ការងារ​ផង​ដែរ នៅ​ក្នុង​ករណី​ដែល​ពួកគាត់​មិន​បាន​សុំច្បាប់​ឈប់​សម្រាក​ត្រឹមត្រូវ៖ «អ៊ីចឹង​អា​សំពាធ​ផ្នែក​សេដ្ឋកិច្ច​កំឡុង​ពេល​គាត់​ស្នាក់នៅ​ដាច់ដោយឡែក ១៤​ថ្ងៃ​ហ្នឹង រង់ចាំ​តាមដាន​ត្រួតពិនិត្យ​ហ្នឹង​គឺ អឺ គាត់​អត់​មាន​ប្រាក់ចំណូល អាហ្នឹង​ដែល​ជា​បញ្ហា​ប្រឈម​ទៅ​នឹង​ផ្នែក​សេដ្ឋកិច្ច​របស់​គាត់​ដែល​គាត់​ត្រូវ​ចំណាយ​សម្រាប់​ការ​ហូបចុក ថ្លៃ​ជួល​ផ្ទះ ទឹក​ភ្លើង​អីហ្នឹង​។ អី​ធម្មតា​ផ្ទះ​ជួល​ផ្ទះ​អីហ្នឹង​គាត់​ត្រូវ​បង់​ជាប្រចាំ​ហើយ ទោះ​បី​គាត់​មិន​ស្នាក់នៅ​ក៏ដោយ ក៏​គាត់​ត្រូវ​បង់​នូវ​ផ្ទះ​ជួល​ផ្ទះ​អីហ្នឹង​។ អាហ្នឹង​ជា​រឿង​ទី​១ ហើយ​រឿង​២​ខ្ញុំ​គិត​ថា វា​នឹង​អាច​ប៉ះពាល់​ទៅដល់​ផ្លូវ​អារម្មណ៍​របស់​ពួកគាត់​ដែរ ព្រោះ​ធម្មតា​ការ​ដាក់​នូវ​ដាច់ដោយឡែក បើសិនជា​មិន​មាន​វិធានការ​នៃ​ការ​គាំពារ​ផ្នែក​សេដ្ឋកិច្ច និង​ការ​គាំពារ​នូវ​ការ​ធានា​ថា ពួកគាត់​នឹង​ទទួល​បាន​នូវ សុវត្ថិភាព ការ​ស្នាក់នៅ នៅ​ក្នុង​កំឡុង​ពេល​ហ្នឹង អាហ្នឹង​ខ្ញុំ​គិត​ថា វា​ត្រូវ​មានការ​គាំពារ​មួយ​ពី​រដ្ឋាភិបាល​នៅ​ក្នុង​កាលៈទេសៈ​ហ្នឹង»។

លោក​ថា កម្មករ​ភាគច្រើន​គាត់​បាន​ចាក​ចេញទៅ​ស្រុក​មុន​ពេល​ចូលឆ្នាំ ហើយ​ពួកគាត់​ត្រឡប់មកវិញ​ចំ​ពេល​ដែល​រដ្ឋាភិបាល​ចេញ​នូវ​វិធានការ​ដាក់​កំណត់ ដែល​នេះ​ជា​បញ្ហា​ប្រឈម​សម្រាប់​ពួកគាត់​៖ «ខ្ញុំ​មិន​ជំទាស់​អី​ទេ​ទៅ​នឹង​វិធានការ​របស់​រាជរដ្ឋាភិបាល ព្រោះ​វា​អាច​ជួយ​ទប់ស្កាត់​មួយ​ផ្នែក អ្វី​ដែល​សំខាន់​គឺ​ការ​នៃ​ការ​គំ​ពារ​នៅ​ក្នុង​កំឡុង​ពេល អឹ​១៤​ថ្ងៃ​ហ្នឹង អាហ្នឹង​ដែល​ជា​រឿង​ដែល​សំខាន់ ពីព្រោះ​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​ពេល​ណា ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក ដាក់​អីហ្នឹង​ទៅ គឺ​រដ្ឋាភិបាល​របស់​គេ​ផ្ដល់​ការ​គាំពារ​ទាំង​ផ្នែក​សេដ្ឋកិច្ច ទាំង​តម្រូវការ​ចំ​បាច់​ជា​មូលដ្ឋាន​របស់​កម្មករ​និយោជិក ជាពិសេស​ដូចជា​ស្បៀងអាហារ​ហូបចុក​អីហ្នឹង​ឯង»។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ឃើញ​ថា ចំពោះ​ការ​ចាត់វិធានការ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​១៤​ថ្ងៃ លើ​ពួកគាត់​គឺជា​ការ​រួមចំណែក​មួយ​ក្នុង​ការ​ទប់ស្កាត់​ការចម្លង ក៏​ប៉ុន្តែ​គួរតែ​ពិនិត្យ​ទៅ​លើ​ស្ថានភាព​នៅ​ពីក្រោយ និង​សុខភាព​របស់​ពួកគាត់ ហើយ​ពិចារណា​ឱ្យ​ពួកគាត់​ចូល​ធ្វើ​ការងារ​វិញ៖ «គួរតែ​មាន​ការពិចារណា អឺ ទៅលើ អា​ដែង​ភាព​ជាក់ស្តែង​នឹង​ដែរ​ថា គួរតែ​ត្រូវ​បាន​ពិចារណា​នៅ​​ក្នុង​ការចូលរួម​ធ្វើ​ការងារ​ធម្មតា​វិញ វា​មិនមែន​សុទ្ធតែ​អ្នក​ទៅ​ទាំង​អស់ហ្នឹង​សុទ្ធតែ អើ​ជា​ក្រុម​ដែល​មាន ហានិភ័យ​ដែរ អឺ​ហានិភ័យ​នោះ​ទេ ព្រោះ​អី​អ្នក​ខ្លះ​គាត់ ទៅ​ទៅលេង​គ្រួសារ​គាត់​ដែរ គ្រួសារ​គាត់​ជា​អ្នក​ដែល​នៅ​ឯ​ស្រុកកំណើត​ហ្នឹង មិនសូវ​ឆ្វៀលឆ្វាត់​ទៅ​ណា​ផង»។

លោក​ថា ចំពោះ​ស្ថានភាព​បែប​នេះ​គឺ​ត្រូវ​មាន​ការ​ថ្លឹងថ្លែង​អំពី​មេរោគ​ឆ្លង​ខ្ពស់​ជាង​ហានិភ័យ​នៃ​ចង្វាក់​ផលិតកម្ម ប៉ុន្តែ​គួរ​ក្រឡេក​មើល​អំពី​បញ្ហា​ជីវភាព ព្រោះ​កម្មករ​ប្រសិនបើ​ពួកគាត់​មិន​ធ្វើការ​តែមួយ​ខែ​គឺ​ពួកគាត់​នឹង​មាន​បញ្ហា​ជីវភាព៖ «អ៊ីចឹង​ទៅ អឺ មធ្យោបាយ​ផ្លូវ​កណ្តាល​មួយ​គឺ​យើង​មិន​ចង់​ឱ្យ​មាន ប្រើប្រាស់​មធ្យោបាយ​ដាក់​ឱ្យ​ដាច់ដោយឡែក​ហ្នឹង​ទៅ​គ្រប់​កម្មករ​ទាំងអស់​នោះ​ទេ ដោយសារតែ​អី ដោយ​តែ​យើង​ចង់​ឱ្យ​មាន​មានការ​ពិនិត្យមើល​ទៅលើ​សាវតារ​របស់​ពួកគាត់ ពី​១៤​ថ្ងៃមុន មុននឹង​យក​គាត់​មក​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ដាក់​ដាច់ដោយឡែក​។ ដោយសារ​ស្ថាន​ភាព​ល្អ​របស់​គាត់​វា​ជួយ​ទៅដល់​ការងារ​រោងចក្រ វា​អាច​ជួយ​ទៅ​ដល់​ជីវភាព​របស់​គាត់»។

លោក​ថា មូល​ហេតុ​ដែល​កម្មករ​នាំគ្នា​សម្រុក​ទៅ​ស្រុក កាល​ពី​ថ្ងៃ​ទី​៩ នឹង​១០ ខែ​មេសា ដោយសារតែ​ពួកគាត់​ខ្វះ​ព័ត៌មាន​អំពី​ការ​បិទ​ការ​ធ្វើដំណើរ​ឆ្លង​ខេត្ត និង​អ្នក​ខ្លះ​​ទៀត​គាត់​ទៅ​ដោយសារតែ​មាន​ការ​ផ្អើល​ត​គ្នា និង​ខ្លះ​ទៀត​អ្នក​ផ្ទះ​របស់​គាត់​បារម្ភ​អំពី​ការ​ពុំ​មានអី​ហូប​នៅ​ពេល​ដែល​មាន​បម្រាម​ក្នុង​ការ​ធ្វើដំណើរ។

​អាជីវករ​លក់ដូរ​នៅ​ខាងមុខ​រោងចក្រ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ អ្នកស្រី សំអុល បាន​ត្អូញត្អែរ​ថា មុខរបរ​របស់​អ្នកស្រី​លក់​ពុំ​សូវ​ដាច់​នោះ​ទេ គឺ​ធ្លាក់​ចុះ​ប្រមាណ​ជា​៧០​ភាគរយ ដោយសារតែ​បញ្ហា​ជំងឺ​កូវីដ​១៩ ធ្វើ​ឱ្យ​កម្មករ​រោងចក្រ​មួយ​ចំនួន​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ៖ «ដោយសារ​យើង ដោយសារ​អា​កូវីដ​ហ្នឹង យើង​លក់​អត់​សូវ​ដាច់​ទេ គឺ​យើង​ដាច់​ភ្ញៀវ​ហ្នឹង​ជាង​៧០​ភាគរយ នៃ​ភ្ញៀវ​ដែល​យើង​ធ្លាប់​លក់​រាល់​ដង តែ​យើង​នៅ​បន្ត​លក់​ធម្មតា​អ៊ីចឹង ប៉ុន្តែ​យើង​លក់​បន្ថយ​ជាង​មុន​អ៊ីចឹង​ណា»។

ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​(IDEA) លោក លោក វន់ ពៅ ថ្លែង​ថា ចាប់​តាំង​ពី​ពិភពលោក​បាន​រង​នូវ​ការវាយប្រហារ​ដោយ​វីរុស​កូវីដ១៩ ហើយ​កម្ពុជា​ក៏​ទទួល​រង​នូវ​ឥទ្ធិពល​នេះ​ដែរ ធ្វើ​ឱ្យ​អ្នក​បំរើ​ការងារ​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជាពិសេស​អ្នក​ដែល​រកស៊ី​លក់ដូរ​នៅ​តាម​រោងចក្រ កំពុង​ប្រឈម​នឹង​ការ​រក​ប្រាក់ចំណូល​ប្រចាំថ្ងៃ ដោយសារតែ​មិន​មាន​អតិថិជន គឺ​មាន​ការ​ធ្លាក់​ចុះ​ពី ៧០% ទៅ​៨០%៖ «រោងចក្រ​ត្រូវ​បាន​គេ​ឃាំង​គាត់ ១៤​ថ្ងៃ​ទុក​ធ្វើ​ឱ្យ​គាត់​អ្នក​លក់ដូរ គាត់​មិន​ដឹង​លក់​ឱ្យ​ពី​ណា​ដែរ ព្រោះ​កម្មករ​ទាំងអស់​ហ្នឹង​ត្រូវ​បាន​គេ​ឃាត់ឃាំង​ទុក​ហើយ​។ បើសិនជា​ក្នុងស្រុក​ខ្មែរ​កម្មករ​ភាគច្រើន​គាត់​មាន​ការងារ​ធ្វើ​អាហ្នឹង​ក៏​វា​ជា​ចំណុច​ល្អ​ដល់​អ្នក​ក្រៅ​ប្រព័ន្ធ​ដែរ ព្រោះ​អ្នក​ក្រៅ​ប្រព័ន្ធ​ជា​អ្នក​លក់ដូរ ជាពិសេស​អ្នក​លក់ដូរ​នៅមុខ​រោងចក្រ​រោង​អី កាលណា​រោងចក្រ​មានការ​ងារ​ធ្វើ​គាត់​ក៏​អឺ​មាន​មុខរបរ​លក់ដូរ​ដែរ ប្រសិនបើ​រោងចក្រ​អត់​ការងារ​ធ្វើ​គាត់​ក៏​មាន​មុខរបរ អឺ​នៃ​ការ​ប្រកប​មុខរបរ​លក់​ដូរ​ឱ្យ​អ្នក​រោងចក្រ​ដែរ អាហ្នឹង​សម្រាប់​អ្នក​លក់​ដូរ ហើយ​អ្នក​រឺ​ម៉ក់​ក៏​ដឹក​អ្នក​រោងចក្រ រោង​អី​ដែរ»។

អាស៊ីសេរី​ពុំ​អាច​ទាក់ទង​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ដើម្បី​ធ្វើការ​អត្ថាធិប្បាយ​បានទេ​ដោយ​សារ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល។

កាលពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២០ អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បន្តុះបង្អាប់​វិជ្ជាជីវ: លោក ហេង សួរ បាន​និយាយ ថា រោងចក្រ​ចំនួន​៩១ ហើយ បាន​ផ្អាក​ការងារ​ដោយសារ​វីរុស​កូវីដ១៩ ហើយក៏​បាន​ប៉ះពាល់​ដល់​កម្មករ​ចំនួន​ជាង ៦​ម៉ឺន​នាក់​ផង​ដែរ។

អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ព្រមាន​ថា ប្រទេស​នានា​នៅ​លើ​ពិភពលោក អាច​នឹង​ងាយ​រងគ្រោះ​ពី​ភាព​រំជើបរំជួល​ក្នុង​សង្គម ប្រសិនបើ​វិធានការ​ជួយសង្គ្រោះ​របស់​រដ្ឋ ត្រូវ​ពលរដ្ឋ​មើល​ឃើញ​ថា មិនទាន់​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​បញ្ហា​វិបត្តិ​ជំងឺ​កូវីដ​១៩ និង​ការ​ដួលរលំ​សេដ្ឋកិច្ច​នោះ​ទេ​។ អង្គការ​នេះ​ពន្យល់​បន្ត​ថា ភាព​រំជើបរំជួល​ក្នុង​សង្គម​នេះ ក៏​អាច​កើតឡើង​ដោយសារតែ​វិធានការ​ជួយសង្គ្រោះ​របស់​រដ្ឋ ត្រូវ​ពលរដ្ឋ​មើល​ឃើញ​ថា មាន​ភាព​អយុត្តិធម៌ ឬ​មាន​អំពើពុករលួយ​ខ្ពស់ ឬ​ខ្វះ​តម្លាភាព​ជាដើម​។​

ការ​ព្រមាន​នេះ ធ្វើឡើង​ក្នុង​របាយការណ៍​ឃ្លាំមើល​ហិរញ្ញវត្ថុ​សាកល​ប្រចាំ​ឆ្នាំ របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​IMF​ទើបនឹង​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៥ មេសា​។ អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ក៏បាន​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ថា នឹង​ស្រុត​ចុះ​ខ្លាំង​បំផុត​មក​នៅ​ក្រោម​សូន្យ គឺ​រហូតដល់​ទៅ​ដក​មួយ​ក្បៀស​ប្រាំមួយ​ភាគរយ (-១,៦% ) ឯណោះ​ក្នុង ឆ្នាំ​២០២០​នេះ ដែល​មិន​ធ្លាប់​មាន​ពីមុន​មក។ កាល​ពី​ឆ្នាំ​២០១៩​កម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​៧%។

ទោះជា​យ៉ាងណា​ក៏​ដោយ​ចុះ​កម្មករ និង​សង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ឡើងវិញ​អំពី​ការ​ទុក​ប្រាក់ខែ ឬ​ការ​ឧបត្ថម្ភ​ថវិកា​ដល់​កម្មករ​ដែល​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​ចំនួន ១៤​ថ្ងៃ និង​ធានា​ថា ការងារ​របស់​ពួកគេ​មិន​បាត់បង់​ឡើយ៕

 

ប្រភព៖ អាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...