22
មេសា

រោងចក្រ ប៊ូវឃ័រ (Bowker) ទទួល​យក​កម្មករ​​​ឈប់​សម្រាក​ពេល​ចូល​ឆ្នាំ​​ឲ្យ​ចូល​ធ្វើការ​វិញ តែ​​​ដាក់​ឱ្យ​​នៅ​ដោយ​ឡែក ១៤ថ្ងៃ

កម្មការិនី​​រោងចក្រ​ប៊ូវឃ័រ (Bowker) នៅ​ស្រុក​អង្គស្នួល​ម្នាក់ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​មន្ទីរ​ការងារ​ខេត្ត​កណ្ដាល​ទាមទារ​ឲ្យ​ជួយ​សម្រប​សម្រួល​ឲ្យ​ថៅកែ​ទទួល​យក​លោកស្រី ចូល​ធ្វើ​ការ​វិញ ក្រោយ​ពេល​ថៅកែ​រោងចក្រ​ប៊ូវឃ័រ បង្ខំ​ឲ្យ​កម្មករ​ឈប់​សម្រាក​ពេល​ចូលឆ្នាំ​ខ្មែរ លាឈប់​ពី​ការងារ។

ចំណែក​កម្មករ​​ខ្លះ​ទៀត​ ត្រូវ​បាន​ថៅកែ យល់​ព្រម​ទទួល​យក​ចូល​ធ្វើការ​វិញ តែ​បង្គាប់​ឲ្យ​ធ្វើ​ចត្តាឡឺស័ក (១៤ថ្ងៃ) ក្នុង​បន្ទប់​ជួល​ ដល់​ដាច់​ខែ​មេសា។

កម្មការិនី​រោងចក្រ​ប៊ូវឃ័រ (Bowker) ម្នាក់ លោកស្រី ជា ស៊ីនុន ប្រាប់​អាស៊ី​សេរី​ថា លោកស្រី​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​មន្ទីរ​ការងារ​ខេត្ត​កណ្ដាល​រួច​រាល់​ហើយ កាល​ពី​ថ្ងៃ​ទី២០ មេសា ដើម្បី​ស្នើសុំ​ឲ្យ​មាន​ការ​សម្រប​សម្រួល​ ឲ្យ​លោកស្រី​បាន​ចូល​ធ្វើការ​វិញ។ លោកស្រី​មាន​ប្រសាសន៍​ថា មន្ត្រី​មន្ទីរ​ការងារ បាន​ទទួល​យក​ញត្តិ​របស់​លោកស្រី​ហើយ តែ​មិន​បាន​សន្យា​ជួយ​សម្រប​សម្រួល ឬ​អត់​ទេ៖ «គេ​ទទួល​ក្រដាស​ពាក្យ​បណ្ដឹង តែ​​គេ​អត់​ទាន់​និយាយ​អ្វី​ទៀត​ផង។ និយាយ​ទៅ ខ្ញុំ​ទៅ​ស្រុក​ថ្ងៃ​ទី៩ ចូល​វិញ​ថ្ងៃ​ទី១៧ ព្រោះ​អត់​មាន​អ្វី​មក ទាល់​តែ​គេ​បើក​ផ្លូវ​ថ្ងៃ​ទី១៦ ខ្ញុំ​មក​អ៊ីចឹង​ទៅ។ ថ្ងៃ​ទី១៧ បាន​ខ្ញុំ​ចូល​កន្លែង​ធ្វើ​ការ។ ពេល​ដែល​គេ​ឲ្យ​ក្រដាស​បើក​លុយ​ហ្នឹង គេ​ណាត់​ថ្ងៃ​បើក​លុយ​ម្សិលមិញ​នេះ​បង តែ​ខ្ញុំ​អត់​បាន​ទៅ​បើក​លុយ​ហ្នឹង​ផង។ គេ​ថា ខ្ញុំ​ឈប់​ថ្ងៃ​ ​លើស​គេ​អ៊ីចឹង គេ​ថា ខ្ញុំ​បោះ​បង់​ការងារ។ គេ​ដាក់​ក្រដាស​​ ដាក់​អ្វី​ឲ្យ​ខ្ញុំ​ឈប់​អ៊ីចឹង។ ពេល​ដែល​គេ​ថា បញ្ឈប់​ហ្នឹង ខ្ញុំ​ក៏​អត់​ចង់​ឈប់​ធ្វើការ​ដែរ ព្រោះ​អត់​ដឹង​រក​ការងារ​អ្វី​ធ្វើ។ តែ​អត់​ដឹង​ថា ប្រកែក​យ៉ាង​ម្ដេច បើ​គេ​ថា បញ្ឈប់​ហើយ»

លោកស្រី ស៊ីនុន និង​កម្មករ​ច្រើន​នាក់​ផ្សេង​ទៀត នៅ​រោងចក្រ​ប៊ូវឃ័រ អះអាង​ថា បាន​ដាក់​ច្បាប់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ ដើម្បី​ទៅ​លេង​ស្រុក​កំណើត​ កាល​ពី​ថ្ងៃ​ទី៩ មេសា។ ដល់​​ពេល​កៀក​បុណ្យ​ចូលឆ្នាំ​ខ្មែរ រដ្ឋាភិបាល​ បាន​ដាក់​ចេញ​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​ទប់​ស្កាត់​ កុំ​ឲ្យ​កម្មករ​ទៅ​លេង​ស្រុក​កំណើត បង្ការ​ហានិភ័យ​ឆ្លង​ជំងឺ​កូ​វីដ១៩ (Covid-19)។ លោកស្រី ក៏​មិន​ខុស​ពី​កម្មករ​ផ្សេង​ទៀត​ដែរ លើក​ឡើង​ថា ពួកគេ​ចង់​ត្រលប់​មក​ធ្វើការ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​វិញ តែ​មិន​អាច​​ធ្វើ​ដំណើរ​មក​​វិញ​បាន​ ដោយសារ​ រដ្ឋាភិបាល​ដាក់​បម្រាប​បិទ​ផ្លូវ និង​គ្មាន​ឡាន​ឈ្នួល​រត់​ នៅ​កំឡុង​ពេល​នោះ។

កម្មការិនី​ម្នាក់​ទៀត លោកស្រី ឃុំ វ៉ាន់ ឲ្យ​ដឹង​ថា នៅ​ពេល​មក​ដល់​រោងចក្រ​ថ្ងៃ​ដំបូង គឺ​ថ្ងៃ​ទី១៧ មេសា ខាង​រដ្ឋបាល​បាន​បង្គាប់​ឲ្យ​លោកស្រី​ដាក់​លិខិត​លាលែង​ពី​ការងារ។ តែ​លោកស្រី​ជម្នះ មិន​ព្រម​ដាក់​លិខិត​លាលែង​តាម​ការ​បង្គាប់។ លោកស្រី​ថា ដំបូង​ខាង​រោងចក្រ​ ព្រមាន​ថា នឹង​មិន​បើក​ប្រាក់​ឈ្នួល​ចំនួន ១០ថ្ងៃ​មុន​ចូល​ឆ្នាំ​ឲ្យ បើ​មិន​ព្រម​ដាក់​លិខិត​លាលែង។ តែ​ដោយសារ​លោកស្រី​តវ៉ា​ច្រើន​ដង នៅ​ថ្ងៃ​ទី២០ មេសា ខាង​រោងចក្រ​បាន​យល់​ព្រម​​​ទទួល​យក​លោកស្រី​ចូល​ធ្វើ​ការ​វិញ តែ​បង្គាប់​ឲ្យ​ដាក់​ខ្លួន​ឯង​ដាច់​ដោយ​ឡែក ក្នុង​បន្ទប់​ជួល ១៤ថ្ងៃ ដោយ​គ្មាន​ប្រាក់​ឈ្នួល។

កម្មការិនី​រូប​នេះ សុខ​ចិត្ត​ទទួល​យក​វិធានការ​ចត្តាឡឺស័ក ១៤ថ្ងៃ ទោះ​គ្មាន​ប្រាក់​ឈ្នួល ដើម្បី​បាន​ការងារ​ធ្វើ​វិញ ព្រោះ​លោកស្រី ថា បច្ចុប្បន្ន​ពិបាក​រក​ការងារ​រោងចក្រ​​ផ្សេង​ធ្វើ​ណាស់ ហើយ​បើ​ទៅ​ស្រុក​កំណើត​វិញ ក៏​មិន​ដឹង​រក​ការងារ​អ្វី​ធ្វើ​ដែរ៖ «ចាខ្ញុំ​មាន​អ្វី​ យល់​ព្រម​ឲ្យ​តែ​គេ​យល់​ព្រម​ឲ្យ​ចូល​ធើ្វ​ការងារ​វិញ ព្រោះ​ការងារ​ឥឡូវ​ពិបាក​រក ហើយ​អត់​លុយ អត់​កាក​អ្វី»

កម្មករ​នៅ​រោងចក្រ​ដដែល​ឲ្យ​ដឹង​ថា មាន​អ្នក​ឈប់​សម្រាក​ទៅ​បុណ្យ​ចូលឆ្នាំ​នៅ​ស្រុក​កំណើត ប្រហែល ៤០នាក់ ហើយ​ភាគ​ច្រើន ត្រូវ​បាន​រោងចក្រ​បង្ខំ​ឲ្យ​ដាក់​ពាក្យ​លា​ឈប់ ពេល​មក​ដល់​រោងចក្រ​វិញ កាល​ពី​ថ្ងៃ​ទី១៧ មេសា។ ឯ​កម្មករ​ខ្លះ មិន​ព្រម​ដាក់​ពាក្យ​លា​ឈប់​តាម​ការ​បង្គាប់ តែ​ទាមទារ​​សុំ​ចូល​ធ្វើការ​វិញ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ខាង​ភាគី​រដ្ឋបាល​រោងចក្រ ប៊ូវឃ័រ បាន​ទេ ដោយសារ​​លេខ​ទូរស័ព្ទ​​​ផ្នែក​រដ្ឋបាល ដែល​ខាង​កម្មករ​ផ្ដល់​ឲ្យ មិន​អាច​ទាក់ទង​បាន។ ឯ​​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ហេង សួរ ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល។

ជុំវិញ​ករណី​នេះ អ្នក​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ស្វាគមន៍​ចំពោះ ការ​ទទួល​យក​កម្មករ​ចូល​ធ្វើការ​វិញ និង​អនុវត្ត​វិធានការ​ចត្តាឡីស័ក ១៤ថ្ងៃ តាម​ការ​ណែនាំ​របស់​ក្រសួង​ការងារ។ លោក ឃុន ថារ៉ូ បន្ត​ថា ក្រុមហ៊ុន គួរ​ជួយ​សម្រួល​​ចំពោះ​កម្មករ កំពុង​អនុវត្ត​វិធានការ​ដាក់​ខ្លួន​ឯង នៅ​ដាច់​ដោយ​ឡែក ១៤ថ្ងៃ ហើយ​​ពុំ​ទទួល​បាន​​ប្រាក់​ឈ្នួល ដូច​ជា ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ខ្លះ ឬ​កាត់​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ ឬ​ច្បាប់​ឈប់​សម្រាក​ពិសេស ដើម្បី​ពួក​គេ​ទទួល​បាន​ប្រាក់​អត្ថប្រយោជន៍ គោល​នយោបាយ ៧០ដុល្លារ ក្នុង​កំឡុង​ពេល​ព្យួរ​ការងារ​ជា​ដើម៖ «បើ​សិន​ជា​តម្រូវ​ការ​ចាំ​បាច់ ត្រូវ​ដាក់​ឲ្យ​គាត់​នៅ​ដោយ​ឡែក​អ៊ីចឹង​ ​គាត់ (កម្មករ)​អាច​ប្រើប្រាស់​ការ​ឈប់​សម្រាក​ផ្សេង។ គាត់​អាច​ប្រើប្រាស់​​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ ហើយ​បើ​សិន​ក្រុមហ៊ុន​ថា គាត់​ប្រើប្រាស់​អស់​ទេ ​អាច​សម្រប​សម្រួល​ឲ្យ​គាត់ ព្យួរ​ការងារ​រយៈ​ពេល​១៤​ថ្ងៃ​ទៅ។ ឲ្យ​កាត់​ទទួល​បាន​​ប្រាក់​ឈ្នួល តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​អ៊ីចឹង​ទៅ​ណា។ ៧០​ដុល្លារ​​ ទៅ​ឲ្យ​ពួកគាត់​អ៊ីចឹង អា​ហ្នឹង​ជា​រឿង​ប្រសើរ​ ហើយ​បើ​សិន​មិន​ឲ្យ​គាត់​ប្រាក់​ឈ្នួល​ទេ ខ្ញុំ​គិត​ថា ក្រុមហ៊ុន​ហ្នឹង មិន​មាន​ចេតនា​​ក្នុង​ការ​គាំពារ​ទៅ​ដល់​បុគ្គល​ដែរ។»

ចំពោះ​ករណី​បន្ត​មិន​ព្រម​ទទួល​យក​កម្មការិនី ជា ស៊ីនុន វិញ អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ ជំរុញ​ឲ្យ​រោងចក្រ មាន​ការ​សម្របសម្រួល ចៀសវាង​រក​ការ​ចោទ​ថា រោងចក្រ​ឆ្លៀត​ឱកាស​បញ្ឈប់​កម្មករ​​​គ្មាន​ហេតុផល មិន​គោរព​តាម​សេចក្ដីណែនាំ​របស់​រដ្ឋាភិបាល និង​ចង់​គេចវេះ​ការ​ទូទាត់​សំណង​ផ្សេងៗ៕

 ប្រភព៖ អាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...