22
មេសា

ថៃ​​នឹង​​បញ្ជូន​​ពលករ​​ខ្មែរ​១៧​នាក់​​ដែល​​ល្មើស​​បម្រាម​​ទៅ​​តុលាការ ​បើ​​គ្មាន​​ប្រាក់​៤​ម៉ឺន​​បាត​​បង់​ថ្លៃ​​ពិន័យ​​

ក្រសួង​ការបរទេស​កម្ពុជា​បានឱ្យ​ដឹង​ថា ពលករ​ខ្មែរ ១៧នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន ដោយសារ​ការបំពាន​បម្រាម​ច្បាប់​ក្នុង​គ្រាអាសន្ន ដោយ​ហាម​មិន​ឱ្យ​ពលរដ្ឋ​ជួបជុំ​ផឹកស្រា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្មាំ​ថ្មី នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ជំនុំជម្រះ​បន្ត ប្រសិនបើ​ពួក​គេ​គ្មាន​ប្រាក់បង់​ពិន័យ​ចំនួន ៤ម៉ឺន​បាត ឬ ស្មើ​ជាង ១២០០ដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់​មនុស្សម្នាក់​ទេ​នោះ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ លោក កុយ គួង មានប្រសាសន៍​ថា ការអនុវត្ត​បម្រាម​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ដោយ​ហាម​មិន​ឱ្យ​មានការ​ជួបជុំ​សេព​គ្រឿងស្រវឹង​របស់​រដ្ឋាភិបាល​ថៃ គឺ​ធ្វើឡើង​ជាទូទៅ សម្រាប់​គ្រប់​ជនជាតិ​ទាំងអស់​ដែល​រស់នៅ និង​ធ្វើការងារ​ក្នុង​ប្រទេស​ថៃ រួម​ទាំង​ជនជាតិ​ថៃ​ខ្លួនឯង​ផង​ដែរ។

លោក​បន្ត​ថា ជនល្មើស​បម្រាម​នេះ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន នឹង​ត្រូវពិន័យជាប្រាក់​ប្រមាណ ៤ម៉ឺន​បាតសម្រាប់​មនុស្សម្នាក់ ប៉ុន្តែ​ លោក​ថា ម​កទល់​ពេលនេះ​ មិនទាន់​មាន​ពលករ​ខ្មែរ​ណា​ម្នាក់​បាន​បង់ប្រាក់​ពិន័យ​នោះ​នៅឡើយ​ទេ។

លោក​បន្ថែម​ថា នៅពេល​ពួក​គាត់​ទាំងនោះ​មិនទាន់​បង់ប្រាក់​ពិន័យ អាជ្ញាធរ​ថៃ​នឹង​រៀបចំ​សំណុំរឿង​បញ្ជូន​ពួក​គាត់​ទៅ​តុលាការ​បន្ត​ទៀត។

លោក កុយ គួង មានប្រសាសន៍​ថា៖ «បាទ​! នរណា​ដែល​មិន​បង់ប្រាក់ ចំពោះ​អ្នកណា​ដែល​បង់ប្រាក់ ​រួចខ្លួន ​គេ​ឱ្យ​ត្រឡប់​មក​ផ្ទះ​វិញ។ ប៉ុន្តែ​ នរណា​ដែល​មិន​បង់​ ត្រូវតែ​ឡើង​ទៅតាម​នីតិវិធី​របស់​តុលាការ​ហើយ​បាទ។ ស្ថានទូត​យើង​ក៏បាន​តាមដាន​យកចិត្ត​ទុកដាក់​ក្នុង​រឿង​ហ្នឹង​ដែរ​បាទ។ អ្វី​ដែល​យើង​ជួយ​បាន យើង​តាមដាន​ យើង​ខំ​ស្វះស្វែង​រកមើល​មេធាវី ដើម្បី​ឱ្យ​គាត់​ទទួល​បាន​នូវ​យុត្តិធម៌​បាទ។ មានន័យថា​ សំខាន់​តើ​ការចោទប្រកាន់​របស់​គេ​ហ្នឹងពិតជា​ត្រឹមត្រូវ​មែន​ឬអត់​បាទ​? កន្លងមក​ មិនទាន់​ឮសូរ​ថា​ មាន​នរណា​បង់ ​[ប្រាក់ពិន័យ​] ទេ​បាទ។ អីចឹង​ តុលាការ​កំពុង​រៀបចំ ​[សំណុំរឿង​] ទាំង ១៧នាក់​ហ្នឹង​តែម្តង។ អត់​ទាន់​ច្បាស់​ទេ ព្រោះ​ស្ថានទូត​យើង​កំពុង​តាមដាន​ព័ត៌មាន​នេះ ប៉ុន្តែ​ អត់​ទាន់​កំណត់​ថា ​ឡើង​ទៅ​តុលាការ​ពេលណា​ទេ»។ 

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​ដដែល ឱ្យ​ដឹង​ទៀត​ថា ការ​ល្មើស​បម្រាម​នេះ ដូចជា​មិនបាន​និយាយ​ដល់​រឿង​ដាក់​ពន្ធ​នាគារ​ទេនៅពេល​ឡើង​ទៅដល់​តុលាការ​នោះ ដោយ​តុលាការ​នឹង​បង្គាប់​ឱ្យ​ពួក​គេ​ត្រូវតែ​បង់ប្រាក់​ពិន័យ​នេះ ប្រសិនបើ​តុលាការ​រក​ឃើញថា ​ពលករ​ខ្មែរ ១៧នាក់​នោះ ពិតជា​បាន​ល្មើស​បម្រាម​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​របស់​គេ​ប្រាកដ​មែន។

បើ​តាម​លោក កុយ គួង បញ្ជាក់​ថា ម​កទល់​ពេល​បច្ចុប្បន្ន​ ពលករ​ខ្មែរ​ទាំងនោះ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​សមត្ថកិច្ច​ថៃ ក្នុង​ខេត្ត​ផា​ធុម​ថា​នី ហើយ​មន្ត្រី​ស្ថានទូត​ខ្មែរ​កំពុង​តាមដាន​ករណីនេះ​ជាប្រចាំ។

កាលពី​ថ្ងៃទី១២ ខែមេសា រដ្ឋាភិបាល​ថៃ​បាន​ដាក់​បម្រាម​លើ​ការ​លក់​គ្រឿងស្រវឹង ឬសេព​គ្រឿងស្រវឹង ព្រមទាំង​បញ្ជា​ឱ្យ​បិទ​ហាង ឬដេ​ប៉ូល​ក់​ស្រា និង​ស្រា​បៀរ​នៅ​ទូទាំង​ប្រទេស​ថៃ ក្នុង​អំឡុង​រដូវ​បុណ្យចូលឆ្នាំ​ថ្មី ដើម្បី​បញ្ចៀស​ការ​ជួបជុំ និង​ប្រមូល​ផ្តុំគ្នា​ផឹក​គ្រឿងស្រវឹង​ ដែល​នាំ​ឱ្យ​មានការ​រីក​រាលដាល​នៃ​កូ​វីដ១៩។

យ៉ាងនេះ​ក្តី ​ពីរ​ថ្ងៃក្រោយ​ដាក់​បម្រាម​នេះ សមត្ថកិច្ច​ថៃ​ខេត្ត​ផា​ធុម​ថា​នី បាន​ឃាត់ខ្លួន​ពលករ​ខ្មែរ​ប្រុសស្រី​ចំនួន ១៧នាក់ កាលពី​ល្ងាច​ថ្ងៃទី១៤ ខែមេសា ដោយសារ​ពួក​គេ​ប្រមូល​ផ្តុំគ្នា​ផឹក​គ្រឿងស្រវឹង​នៅមុខ​បន្ទប់​ជួល​របស់​ខ្លួន។

សមត្ថកិច្ច​ថៃ​បញ្ជាក់​ថា ការ​ឃាត់ខ្លួន​ពលរដ្ឋខ្មែរ​នេះ ដោយសារ​ពួក​គេ​បាន​បំពាន​បម្រាម​របស់​រដ្ឋាភិបាល​ថៃ​ដែល​ហាម​មិន​ឱ្យ​មានការ​ជួបជុំ​សេព​គ្រឿងស្រវឹង​អំឡុង​ពេល​ចូលឆ្នាំ​ថ្មី ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។

មន្ត្រី​សម្របសម្រួល​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅថា សង់​ត្រា​ល់​(Central​) លោក ឃុន ថា​រ៉ូ មានប្រសាសន៍​ថា​ តួអង្គ​សំខាន់​ដែល​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលករ​ខ្មែរ ១៧នាក់​នៅពេល​នេះ គឺមានតែ​យន្តការ​សម្របសម្រួល​រវាង​រដ្ឋ និង​រដ្ឋ​ប៉ុណ្ណោះ ដោយ​ថា តាម​លទ្ធភាព​បង់ប្រាក់​ពិន័យ​ចំនួន ៤ម៉ឺន​បាតនោះ ពលករ​ខ្មែរ នឹង​មិន​មានលទ្ធភាព​នោះ​ឡើយ។

លោក​មានប្រសាសន៍​ថា៖ «ហើយ​ទឹកប្រាក់​ប៉ុណ្ណឹង ​[៤ម៉ឺន​បាត​] ខ្ញុំ​គិតថា​ ពួក​គាត់​អាច​មិន​មានលទ្ធភាព​ទេ ព្រោះ​ទីមួយ ​គាត់​បាត់បង់​ការងារ គាត់​អត់មាន​ចំណូល ហើយ​កម្មករ​ខ្លះ​គាត់​ជា​កម្មករ​ធ្វើការងារ​ក្រៅ​ប្រព័ន្ធ ដែល​មិនបាន​ទឹកប្រាក់​គាំពារ ៥០ភាគរយ​ពីរ​ដ្ឋ​នៅក្នុង​ប្រទេស​ថៃ​នោះ​ទេ។ អីចឹង​ គាត់​ប្រឈម​ទៅ​នឹង​បញ្ហា​សេដ្ឋកិច្ច​ហ្នឹង​មួយ​ផ្នែក​ហើយ តែ​កាល​ៈទេសៈ​នេះ ប្រសិនបើ​តុលាការ​ថៃ​គេ​ចាត់វិធានការ​ទៅ​តាម​បណ្តឹ​ងរ​បស់​អាជ្ញាធរ​ថៃ។ ខ្ញុំ​គិតថា ​វា​គួរ​តែរដ្ឋ​ និង​រដ្ឋ​ មានការ​សម្របសម្រួល​គ្នា​អីចឹង​ទៅ។ ក្រសួង​ការបរទេស និង​ក្រសួង​ការបរទេស ខ្ញុំ​គិតថា​មានតែ​វិធានការ​ហ្នឹង​ទេ »។

កាលពី​ថ្ងៃទី១៥ ខែមេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ទៅ​ពលករ​-ពល​ការិនី ដែល​កំពុង​រស់នៅ និង​ធ្វើការងារ​នៅ​ក្រៅប្រទេស ជាពិសេស​នៅ​ប្រទេស​ថៃ ឱ្យ​គោរព​តាមច្បាប់ និង​បទបញ្ញត្តិ​ទាំងឡាយ​ដែល​ប្រទេស​គេ​បាន​ដាក់ចេញ រួម​ទាំង​ច្បាប់​បម្រាម​គោល​ចរ និង​បម្រាម​ជួបជុំគ្នា​ជា​ក្រុម ឬជប់លៀង​ជា​ក្រុម ដោយ​ថា ​ប្រទេស​គេ​កំពុង​មានការ​ហាមឃាត់​តឹងរ៉ឹង​បំផុត​ក្នុង​ការទប់ស្កាត់​ការ​ចម្លង​មេរោគ​កូ​វីដ​-១៩។

បន្ថែម​ពីនេះ លោក​ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ និង​ធ្វើការងារ​នៅ​ក្រៅប្រទេស សូមកុំ​ធ្វើអ្វី​ដែល​ខុសច្បាប់​ឱ្យ​សោះនៅក្នុង​ប្រទេស​ដែល​កំពុង​ដាក់​ក្នុង​គ្រាអាសន្ន​នោះ​៕

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...