សេចក្តីថ្លែងការណ៏ករណីគ្រោះថ្នាក់ការងារនៅរោងចក្រថៃប៊ុនរ៉ុង
សេចក្តីថ្លែងការណ៍
សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) និងមជ្ឈមណ្ឌលសម្ព័នភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់) មានសេចក្តីសោកស្តាយ និងរន្ធត់ជា ពន់ពេកចំពោះហេតុការណ៍នៃគ្រោះថ្នាក់ការងារដែលបានកើតទ្បើងកាលពីថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង ៤ រសៀល បណ្តាលឲ្យកម្មករខ្មែរពីរនាក់បម្រើការងារឲ្យក្រុមហ៊ុនចិនជាក្រុមហ៊ុនម៉ៅការបន្តពីរោងចក្រផលិតស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ដែលមានទីតាំងស្ថិតនៅ ភូមិ ល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ការងាររហូតដល់បាត់បង់អាយុជីវិត។
កម្មករខ្មែរទាំងពីររូបឈ្មោះ គុណ តាល់ ភេទប្រុស អាយុ ៣១ ឆ្នាំ និងម្នាក់ទៀត ឈ្មោះ មិញ រុណ ភេទប្រុស អាយុ ៣៤ ឆ្នាំ គឺជាកម្មករនិយោជិតបម្រើការងារនៅផ្នែកឃួងនិងបំផ្ទុះថ្មអោយក្រុមហ៊ុនម៉ៅការចិនដែលមានកម្មករសរុបប្រមាណ ១០ នាក់ ត្រូវបានថ្មភ្នំបាក់រលំលើ ខណ:ពេលដែលពួកគេកំពុងធ្វើការឃួងថ្មយកទៅផ្គត់ផ្គង់ឲ្យរោងចក្រផលិតស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង។សាកសពកម្មករទាំងពីរនាក់ត្រូវបានយកចេញពីគំទេចដុំថ្មដែលបានបាក់រលំសង្កត់ពីលើកាលពីយប់ថ្ងៃទី ២៩ ខែ ឧសភា វេលាម៉ោង ៧:៣០ នាទីហើយសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសាររបស់ជនរងគ្រោះធ្វើបុណ្យទៅតាមប្រពៃណីនិងទំលាមទំលាប់។
នេះមិនមែនជាលើកទីមួយនោះទេបន្ទាប់ពីសោកនាដកម្ម នៃការបាក់រលំអគារនៅខេត្តព្រះសីហនុ និង ខេត្តកែបនាពេលកន្លងទៅ។ ដោយមើលឃើញនូវហេតុការណ៍ដ៏រន្ធត់នេះនិងដើម្បីបង្ការគ្រោះថ្នាក់ការងារនាថ្ងៃអនាគត និងចូលរួមលើកកម្ពស់សុខសុវត្ថិភាពនៅកន្លែងការងារ។ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) និងមជ្ឈមណ្ឌលសម្ព័នភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់) ស្នើដល់រាជរដ្ឋាភិបាលជំរុញឲ្យមានវិធានការដូចខាងក្រោម៖
១. ផ្អាកជាបន្ទាន់ក្រុមហ៊ុនម៉ៅការចិនមួយនេះ រង់ចាំឱ្យមានការត្រួតពិនិត្យ វាយតម្លៃពីស្ថាប័នជំនាញដើម្បីឲ្យប្រាកដថាក្រុមហ៊ុនមួយនេះមានច្បាប់អនុញ្ញាតត្រឹមត្រូវក្នុងការប្រតិបត្តិការណ៍អាជីវកម្មម៉ៅការបន្តពីក្រុមហ៊ុនរោងចក្រផលិតស៊ីម៉ង់ត៍ ថៃប៊ុន រ៉ុង។
២. ជម្រុញអោយមានការចុះធ្វើអធិការកិច្ចការងារជាប្រចាំប្រកបដោយប្រសិទ្ធិភាព និងតម្លាភាពដើម្បីពិនិត្យមើលអំពីលក្ខខណ្ឌសុវត្ថិភាពនិងបទដ្ឋានការងាររាល់ក្រុមហ៊ុនម៉ៅការបន្តទាំងអស់របស់រោងចក្រផលិតស៊ីម៉ង់ត៍ ថៃប៊ុន រ៉ុង។
៣. ផ្តល់សំណងជួសការខូចខាតដល់ក្រុមគ្រួសារជនរងគ្រោះ អោយបានសមរម្យរួមទាំងអ្នករស់ក្នុងបន្ទុកគ្រួសារជនរងគ្រោះ ។
៤. ស្រាវជ្រាវរកអ្នកដែលទទួលខុសត្រូវមកផ្តន្ទាទោសទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) និងមជ្ឈមណ្ឌលសម្ព័នភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់) និងបន្តតាមដានដោយយកចិត្តទុកដាក់បំផុតលើករណីគ្រោះថ្នាក់ការងារនេះ ដើម្បីឲ្យក្រុមគ្រួសារជនរងគ្រោះទទួលបានសំណង និងយុត្តិធម៌ត្រឹមត្រូវទៅតាមផ្លូវច្បាប់។
ថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
ភ្នំពេញ ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២០
This post is also available in: អង់គ្លេស