សេចក្តីថ្លៃងការណ៍៖ ពលករខ្មែរកំពុងជាប់នៅប្រទេសហ៊្សកដានីត្រូវការជំនួយដើម្បីបានត្រឡប់មកប្រទេសកំណើតវិញ

01
កក្កដា

សេចក្តីថ្លៃងការណ៍៖ ពលករខ្មែរកំពុងជាប់នៅប្រទេសហ៊្សកដានីត្រូវការជំនួយដើម្បីបានត្រឡប់មកប្រទេសកំណើតវិញ

ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២០

 មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់) សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាជួយអន្តរាគមន៍ភ្លាមៗដើម្បីសម្របសម្រួលឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងជាប់នៅប្រទេសហ៊្សកដានី (Jordan) បានត្រឡប់មកប្រទេសកម្ពុជាវិញ ។ ក្រុមហ៊ុន Vega Textile Co., Ltd និង Camel Textile International Corporation គឺជារោងចក្រកាត់ដេរស្ថិតនៅទីក្រុងអាល់ការ៉ាក់ (Al-Karak) នៅប្រទេសហ៊្សកដានី បានបញ្ចប់កិច្ចសន្យាការងារពលករខ្មែរយ៉ាងហោចណាស់សរុប ២១ នាក់កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ។ យោងតាមកិច្ចសន្យាសម្រាប់ពលករចំណាកស្រុកក្នុងប្រទេសហ៊្សកដានី និង កិច្ចព្រមព្រៀងដោយផ្ទាល់មាត់របស់ពលករជាមួយក្រុមហ៊ុនមុនពេលដែលពួកគាត់បានចេញដំណើរពីប្រទេសកម្ពុជា ក្រុមហ៊ុន Vega Textile  និង Camel Textile ទទួលខុសត្រូវក្នុងការទិញសំបុត្រយន្តហោះឱ្យពួកគាត់ត្រឡប់មកប្រទេសកម្ពុជាវិញ នៅពេលដែលកិច្ចសន្យាការងាររបស់ពលករខ្មែរទាំងនេះត្រូវបានបញ្ចប់ ។ ប៉ុន្តែក្រុមហ៊ុន Vega Textile និង Camel Textile ខកខានមិនបានទិញសំបុត្រយន្តហោះ ព្រមទាំងមិនបានជូនដំណឹងដល់ពលករខ្មែរអំពីពេលវេលាដែលក្រុមហ៊ុនគ្រោងទិញសំបុត្រយន្តហោះនោះទេ ។ លើសពីនេះទៀត ក្រុមហ៊ុន Vega Textile និង Camel Textile មិនបានផ្តល់អត្ថប្រយោជន៍ផ្នែកគាំពារសង្គមដែលកន្លងមកក្រុមហ៊ុនបានកាត់ពីប្រាក់ឈ្នួលរបស់ពលករជារៀងរាល់ខែដែលអត្ថប្រយោជន៍ទាំងនោះយ៉ាងហោចណាស់ប្រមាណ ១០០០ ដុល្លារអាមេរិកសម្រាប់ពលករម្នាក់ៗ ។ ពលករខ្មែរទាំងនេះបានជាប់នៅប្រទេសហ៊្សកដានីដោយគ្មានការងារធ្វើ នឹងបាត់បង់ប្រាក់ចំណូលអស់រយៈពេល 0៣ ខែមកហើយ ។

 

ក្រុមហ៊ុន Vega Textile និង Camel Textile មានក្រុមហ៊ុនមេដែលមានការិយាល័យកណ្តាលនៅប្រទេសតៃវ៉ាន់។ យោងតាមបញ្ជីព័ត៌មាន ក្រុមហ៊ុនមេនេះក្រៅពីធ្វើការបញ្ជាទិញពីរោងចក្រទាំងពីរខាងលើក៏មានរោងចក្រយ៉ាងហោចណាស់ ០២ ដែរនៅប្រទេសកម្ពុជារួមមាន ៖

 

១.  រោងចក្រអុបធីមឺម ហ្វេសិន មេនូហ្វេកធឺរីង ឯ.ក (Optimum Fashion Manufacturing Co., Ltd.) មានអាសយដ្ឋាននៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

២.  រោងចក្រយូ អាយ ស៊ី អឹភែរឹល មេនូហ្វេកធឺរីង (U.I.C Apparel Manufacturing Co., Ltd.) មានអាស័យដ្ឋាននៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

 

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងការងាររបស់ប្រទេសហ៊្សកដានី ឯកឧត្តម Nidal Bataineh បានចុះទៅពិនិត្យមើលដោយផ្ទាល់នូវស្ថានភាពរបស់កម្មករនិយោជិតនៅរោងចក្រ Vega Textile និង Camel Textile បន្ទាប់ពីកម្មករនិយោជិតបានប្តឹងទៅក្រសួងការងាររបស់ប្រទេសហ៊្សកដានី ។ យោងតាម សេចក្តីថ្លៃងការណ៍ របស់ក្រសួងការងាររបស់ប្រទេសហ៊្សកដានី រដ្ឋមន្ត្រីបានបង្គាប់ឱ្យរោងចក្រ Vega Textile និង Camel Textile ចាត់វិធានការកែតម្រូវលក្ខខណ្ឌការងារ ហើយក៏បានបញ្ជាឱ្យអធិការការងារចុះទៅពិនិត្យមើលរោងចក្រនេះក្នុងរយៈពេល ២សប្តាហ៍ដើម្បីធានាថាក្រុមហ៊ុននេះអនុវត្តតាមច្បាប់ ។ បន្ទាប់ពីក្រុមហ៊ុនបានព្យាយាមរារាំងមិនឱ្យពលករខ្មែរជួបជាមួយមន្ត្រីរបស់ក្រសួងការងាររបស់ប្រទេសហ្សកដានីជាច្រើនលើកច្រើនសា ជាចុងក្រោយ ពលករខ្មែរបានជួប និងពិភាក្សាដោយផ្ទាល់ជាមួយមន្ត្រីរបស់ក្រសួងការងាររបស់ហ៊្សកដានីកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ដោយបានលើកឡើងពីការទាមទាររបស់ពួកគាត់ក្នុងការត្រឡប់មកស្រុកកំណើតវិញ ហើយទាមទារអត្ថប្រយោជន៍ផ្នែកកិច្ចគាំពារសង្គមពីក្រុមហ៊ុន Vega Textile និង Camel Textile ។

 

យើងខ្ញុំទទួលស្គាល់ថាមានការរឹតត្បិតនៃការធ្វើដំណើរតាមផ្លូវអាកាស ដែលអាចជាមូលហេតុដែលធ្វើឲ្យពួកគាត់កំពុងជាប់គាំងនៅប្រទេសហ៊្សកដានី ហើយយើងក៏សង្កេតឃើញដែរថា បច្ចុប្បន្នមានការបើកជើងហោះហើរមួយចំនួនពីប្រទេសហ៊្សកដានីទៅកាន់ទីក្រុងឌូបៃ និង ប្រទេសហ្កាតា ។ អ្នកធ្វើដំណើរពីទីក្រុងឌូបៃ និង ប្រទេសហ្កាតាអាចធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង និងទីក្រុងហុងកុង បន្ទាប់មកអាចនឹងធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញវិញបាន ។ យើងខ្ញុំក៏ដឹងផងដែរថាបច្ចុប្បន្ននេះ តម្លៃសំបុត្រយន្តហោះមានការកើនឡើងក្នុងកំទ្បុងពេលនៃការរាតត្បាតសកលកូវីដ-១៩ នេះ ប៉ុន្តែវាមិនមែនជាមូលហេតុដើម្បីទុកពលកខ្មែរចោលឲ្យនៅក្រៅប្រទេសដោយគ្មានការងារធ្វើ បាត់បង់ប្រាក់ចំណូលនោះទេ ។ ក្រុមហ៊ុន Vega Textile និង  Camel Textile ត្រូវតែបំពេញតួនាទីរបស់ខ្លួនស្របតាមច្បាប់ ហើយរៀបចំឲ្យពលករខ្មែរបានត្រឡប់មកស្រុកកំណើតវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

 

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Vega Textile និង Camel Textile ក៏បានជួលពលករជនជាតិភូមាមួយចំនួនដែរ ។ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ពលករជនជាតិភូមាទាំងនោះក៏បាននិយាយជាសាធារណៈអំពីបញ្ហាប្រឈម និងទុក្ខលំបាករបស់ពួកគាត់នៅប្រទេសហ៊្សកដានីតាមរយៈ បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ ។ ក្រោយពីមានការលើកឡើងរបស់ពលករជនជាតិភូមា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ស្ថានទូតសាធារណរដ្ឋមីយ៉ាន់ម៉ាប្រចាំប្រទេសអ៊ីស្រាអែលបានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំជើងហោះហើរធ្វើមាតុភូមិនិវត្តន៍សម្រាប់​​​ប្រជាពលរដ្ឋភូមាដែលធ្វើការនៅរោងចក្រមួយចំនួននៅប្រទេសហ៊្សកដានីរួមទាំងក្រុមហ៊ុន Vega Textile និង Camel Textile ផងដែរ ។

 

លោក មឿន តុលា នាយកប្រតិបត្តិការនៃអង្គការសង់ត្រាល់បានលើកទ្បើងថា ៖ អន្តរាគមន៍ភ្លាមៗរបស់រដ្ឋាភិបាលភូមាគួរត្រូវបានសាទរក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋខ្លួនដែលជាប់នៅក្រៅប្រទេស ។ ចំពោះករណីនេះ រាជរដ្ឋាភិបាលកម្ពុជាគួរតែអនុវត្តន៍ដូចរដ្ឋាភិបាលភូមាដែរ ហើយធ្វើទំនាក់ទំនងជាមួយក្រុមហ៊ុនអាកាសចរណ៍ដើម្បីរៀបចំឱ្យប្រជាពលរដ្ឋខ្មែរដែលជាប់នៅប្រទេសហ៊្សកដានីដោយគ្មានការងារធ្វើ បាត់បង់ប្រាក់ចំណូលបានត្រឡប់មកប្រទេសកម្ពុជាវិញ ដូចការណ៍ដែលរាជរដ្ឋាភិបាលបានធ្វើនាពេលកន្លងមកសម្រាប់ករណីប្រជាពលរដ្ឋខ្មែរដែលជាប់គាំងនៅប្រទេសម៉ាឡេស៊ីនោះផងដែរ

 

អង្គការសង់ត្រាល់ អំពាវនាវសូមឱ្យរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានទូតរបស់ប្រទេសកម្ពុជាប្រចាំនៅប្រទេសអេហ្ស៊ីប និង គុយវ៉ែត ធ្វើអន្តរាគមន៍ភ្លាមៗលើករណីនេះដើម្បីធានាថាក្រុមហ៊ុន Vega Textile និង Camel Textile បំពេញតួនាទីរបស់ខ្លួន ជាពិសេសក្នុងការធ្វើមាតុភូមិនិវត្តន៍ប្រជាពលករខ្មែរ និងការទូទាត់អត្ថប្រយោជន៍ផ្នែកកិច្ចគាំពារសង្គមជូនពួកគាត់អោយបានគ្រប់គ្រាន់ ។

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅ ៖

លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការ (សង់ត្រាល់) ៖ ទូរស័ព្ទលេខ ០៩៣ ៥៥៦ ៦៧១

រដ្ឋមន្រ្តីក្រសួងការងាររបស់ប្រទេសហ្សកដានីលោក Nidal Bataineh ជួបជាមួយពលករចំណាកស្រុកនៅទីក្រុង Al-Karak ប្រទេសហ្សកដានី។ ២៧ មិថុនា ២០២០

ទាញយកសេចក្តីថ្លៃងការណ៍ទាំងស្រុង (ភាសាខ្មែរ)

ទាញយកសេចក្តីថ្លៃងការណ៍ទាំងស្រុង (ភាសាអង់គ្លេស)

 

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...