ការធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក៖ ភាពជំពាក់បំណុលច្រើនលើសលុបក្នុងវិស័យកាតដេរនៅប្រទេសកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០
កម្មករ កម្មការិនី រោងចក្រកាត់ដេរ រាប់ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា នឹងជួបការលំបាកជាខ្លាំង ក្នុងការសងបំណុលមីក្រូហិរញ្ញវត្ថុ នៅពេលដែលពួកគាត់ត្រូវបានបញ្ឈប់ពីការងារ ហើយរោងចក្រដែលពួកគាត់ធ្វើការ ត្រូវផ្អាកដំណើរការដោយសារបញ្ហាកូវីដ១៩ ។ បញ្ហានេះបង្កើតឱ្យមានវិបត្តិរំលោភសិទ្ធិមនុស្សជាច្រើន ដែលនាំឱ្យពួកគាត់ជួបការលំបាកខ្លាំងក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ និងធ្វើឱ្យការកាន់កាប់ដីធ្លីរបស់ពួកគាត់ត្រូវរងសម្ពាធយ៉ាងខ្លាំងពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ ប្រសិនបើគ្មានកម្មវិធីសម្រាលបន្ទុកបំណុលភ្លាមៗទេ នោះកម្មករ កម្មការិនីទាំងនេះ នឹងត្រូវប្រឈមនឹងការលក់ដីឬផ្ទះ កាត់បន្ថយការបរិភោគអាហារ ឬខ្ចីប្រាក់កម្ចីកាន់តែច្រើនឡើង ដើម្បីយកទៅសងបំណុលដែលមានស្រាប់ ។
នៅក្នុងរបាយការណ៍ “ការធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក” ដែលជារបាយការណ៍សង្ខេបរួមគ្នាមួយ រវាងសម្ព័ន្ធសហជីពកម្ពុជា (CATU) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ អ្នកស្រាវជ្រាវបានធ្វើការស្ទង់មតិជាមួយកម្មករ កម្មការិនី ច្រើនជាង១៥០នាក់ (ភាគច្រើនជាស្ដ្រី) មកពីរោងចក្រកាត់ដេរចំនួន៣ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាពីផលលំបាកនៃការជាប់ជំពាក់បំណុលរបស់ពួកគាត់ ខណៈដែលរោងចក្ររាប់រយបានផ្អាកដំណើរការ ដោយសារការរីករាលជាសកលនៃវីរុសកូវីដ១៩នេះ ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ កង្វះខាតនៃប្រាក់ឈ្នួលសមរម្យនៅក្នុងប្រទេសកម្ពុជា បានបង្ខំឱ្យកម្មករ កម្មការិនីទាំងនេះ ជំពាក់បំណុលច្រើនឡើងៗ ដើម្បីយកទៅផ្គត់ផ្គង់ជីវភាពរស់នៅ ។ ភាគច្រើននៃកម្ចីឥណទានទាំងនេះគឺត្រូវបានផ្ដល់ឱ្យដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលត្រូវដាក់ប័ណ្ណសម្គាល់កម្មសិទ្ធិ ឬលិខិតបញ្ជាក់ការកាន់កាប់ដីធ្លី របស់ពួកគាត់ខ្លួនឯងឬគ្រួសារ ធ្វើជាទ្រព្យធានា ។
ការរកឃើញនៃការសិក្សាស្រាវជ្រាវនេះ ឆ្លុះបញ្ចាំងពីភាពអវិជ្ជមានក្នុងវិស័យមួយនេះ ។ ក្នុងចំណោមកម្មករ កម្មការិនី ដែលត្រូវបានស្ទង់មតិ មានកម្មករ កម្មការិនីតែ៤នាក់ប៉ុណ្ណោះ ដែលមិនមានជំពាក់បំណុល ។ ស្ទើរតែគ្រប់កម្មករ កម្មការិនី ដែលបានផ្ដល់ការសម្ភាសន៍ បានប្រាប់អ្នកស្រាវជ្រាវថា ពួកគាត់នឹងគ្មានលទ្ធភាពសងបំណុលវិញទេ ប្រសិនបើការងាររបស់ពួកគាត់ត្រូវបានព្យួរ ។ ស្ទើរតែគ្រប់កម្មករ កម្មការិនី ដែលបានផ្ដល់ការសម្ភាសន៍ បាននិយាយថា បច្ចុប្បន្ននេះ ជីវភាពរស់នៅរបស់ពួកគាត់ ជួបការលំបាកខ្លាំងជាង មុនពេលពួកគាត់ជាប់ជំពាក់កម្ចីឥណទាន ។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការសង់ត្រាល់ បានមានប្រសាសន៍ថា “ហេតុដែលនាំឱ្យកម្មករ កម្មការិនីជាច្រើន ជាប់ជំពាក់បំណុលដល់កម្រិតនេះ គឺដើម្បីយកទៅផ្គត់ផ្គង់ការចំណាយក្នុងជីវភាពរស់នៅ ដែលជាចំណុចគួរឱ្យព្រួយបារម្ភ” ។ លោកបានបន្តថា “ការធ្លាក់ខ្លួនកាន់តែជ្រៅនៃការជាប់ជំពាក់បំណុល គឺធ្វើឱ្យអ្នកដែលរងផលប៉ះពាល់នៃវិបត្តិវីរុសកូវីដ១៩ កាន់តែជួបផលលំបាកបន្ថែមទៀត” ។
ចំនួនពីរភាគបីនៃកម្មករ កម្មការិនី ដែលបានផ្ដល់ការសម្ភាសន៍បានខ្ចីកម្ចីឥណទានយ៉ាងតិចមួយពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ ជាទូទៅ ហេតុផលរបស់ពួកគាត់ក្នុងការខ្ចីកម្ចីឥណទាននេះ គឺយកទៅសងបំណុលចាស់ ។ ចំនួនជិតបីភាគបួននៃពួកគាត់ដែលជាប់ជំពាក់កម្ចីឥណទានខ្នាតតូច ត្រូវកាត់បន្ថយការបរិភោគអាហារ ដើម្បីសន្សំប្រាក់ទុកសងបំណុលដែលបានខ្ចី ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បានមានប្រសាសន៍ថា “កម្មករ កម្មការិនី រោងចក្រកាត់ដេរ ខិតខំធ្វើការងារយ៉ាងខ្លាំង ដើម្បីមានលទ្ធភាពផ្គត់ផ្គង់អាហារបរិភោគដល់ក្រុមគ្រួសាររបស់ពួកគាត់” ។ អ្នកស្រីបន្ថែមថា “ពេលនេះ ពួកគាត់ស្ទើរតែមិនអាចមានលទ្ធភាពចិញ្ចឹមខ្លួនឯង ។ ប្រសិនបើគ្មានកម្មវិធីសម្រាលបន្ទុកបំណុល ឬកិច្ចគាំពារផ្នែកសង្គមទេ ខ្ញុំព្រួយបារម្ភថា បញ្ហាទាំងនេះ នឹងនាំឱ្យពួកគាត់ជួបការលំបាកកាន់តែខ្លាំងឡើងៗ” ។
បទពិសោធន៍នៃមនុស្សទាំង១៦២នាក់នេះ គឺមិនតំណាងឱ្យគ្រប់កម្មករ កម្មការិនី រោងចក្រកាត់ដេរ ឬអ្នកខ្ចីកម្ចីឥណទានខ្នាតតូចនៅទូទាំងប្រទេសកម្ពុជាទេ ។ ប៉ុន្តែយើងខ្ញុំដឹងថា ភាពលំបាករបស់ពួកគាត់គឺ មានមួយចំនួនក្នុងចំណោមអ្នកខ្ចីកម្ចីឥណទានខ្នាតតូចជាង ២លាន៦សែននាក់ នៅក្នុងប្រទេសកម្ពុជា ដែលជាប់ជំពាក់កម្ចីឥណទានខ្នាតតូចសរុបជាង ១០ពាន់លានដុល្លារ គិតត្រឹមចុងឆ្នាំ២០១៩នេះ ។ ទំហំកម្ចីឥណទានខ្នាតតូចជាមធ្យមនៅកម្ពុជាគឺ ចំនួន ៣.៨០៤ដុល្លារ ដែលជាចំនួនច្រើនជាងគេនៅក្នុងពិភពលោក ។ អំឡុងពេលមានវិបត្តិវីរុសកូវីដ១៩នេះ អ្នកខ្ចីប្រាក់ទាំងនេះ បានបាត់បង់មធ្យោបាយក្នុងការរកប្រាក់កម្រៃ ដើម្បីយកទៅបង់សងកម្ចីឥណទានត្រឡប់ទៅវិញ ព្រមទាំងជួបការលំបាកក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ ឬការចំណាយលើការថែទាំសុខភាពផ្សេងៗ ។
កន្លងមក រាជរដ្ឋាភិបាលបានលើកទឹកចិត្តឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្ដល់ការពន្យាពេលសងបំណុលដល់អ្នកខ្ចីប្រាក់ដែលត្រូវបានជ្រើសរើសមួយចំនួន ប៉ុន្តែការដោះស្រាយតាមករណីជាក់ស្ដែងនីមួយៗសម្រាប់វិបត្តិដែលកើតមាននៅទូទាំងប្រទេសបែបនេះ គឺនៅមិនទាន់គ្រប់គ្រាន់ក្នុងការជួយសម្រាលបន្ទុកអ្នកខ្ចីប្រាក់រាប់លាននាក់ដែលកំពុងជួបការលំបាកយ៉ាងខ្លាំងនោះទេ ។ ហេតុដែលនាំឱ្យអ្នកស្រាវជ្រាវ បន្តរាយការណ៍ពីការបង្ខំឱ្យលក់ដីដើម្បីសងបំណុលក្នុងរយៈពេលនេះ បានធ្វើឱ្យបញ្ហានេះមានភាពកាន់តែច្បាស់លាស់ថែមទៀត ។
យើងខ្ញុំ សូមស្នើដោយទទូចឱ្យមានកម្មវិធីសម្រាលបន្ទុកបំណុលឱ្យបានឆាប់ពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអ្នកវិនិយោគិនអន្តរជាតិ ដែលបានចំណាយប្រាក់រាប់រយលានដុល្លារ ដើម្បីបង្កជាបន្ទុកនៃការជាប់ជំពាក់បំណុលវ័ណ្ឌកដល់ប្រជាពលរដ្ឋកម្ពុជា ។
យើងខ្ញុំក៏សង្ឃឹមថា រាជរដ្ឋាភិបាលអាចពង្រីកកម្មវិធីការពារប្រជាពលរដ្ឋដែលជាអ្នកខ្ចីប្រាក់ និងអនុវត្តឱ្យបានឆាប់រហ័សនូវវិធានការតាមផ្លូវច្បាប់ ដែលគ្របដណ្តប់លើគ្រប់វិស័យ រួមមានការផ្អាកជាបណ្ដោះអាសន្ននូវការបង់សងប្រាក់កម្ចីនិងការប្រាក់ និងការប្រគល់ប័ណ្ណសម្គាល់កម្មសិទ្ធិ ឬលិខិតបញ្ជាក់ការកាន់កាប់ដីធ្លី ដែលបានដាក់ជាទ្រព្យធានាឱ្យម្ចាស់ទ្រព្យវិញ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកខ្ចីប្រាក់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដូចជាកម្មករ កម្មការិនី រោងចក្រកាត់ដេរ សហគមន៍ និងគ្រួសារក្រីក្រដែលងាយរងគ្រោះ ដូចជាអ្នកដែលទទួលបានការគាំទ្រដោយកម្មវិធីប័ណ្ណក្រីក្រ ជាដើម ។
ទាញយករបាយការណ័ទាំងស្រុង (ភាសាខ្មែរ) ទាញយករបាយការណ័ទាំងស្រុង (ភាសាអង់គ្លេស).pdfអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ កម្មករ កម្មការិនី រោងចក្រកាត់ដេរគឺជាកម្លាំងចលករយ៉ាងសំខាន់នៅពីក្រោយការលូតលាស់សេដ្ឋកិច្ចនៅប្រទេសកម្ពុជា ។ អ្នកទាំងនោះគួរតែទទួលបានជម្រើសល្អមួយ ប្រសើរជាងការបាត់បង់លំនៅដ្ឋាន ភាពអត់ឃ្លាន ការបាត់បង់ដីធ្លី ឬការជំពាក់បំណុលវ័ណ្ឌកនេះ ។
អនុសាសន៍
សម្រាប់ក្រុមហ៊ុនបញ្ជាទិញ និងអ្នកផ្គត់ផ្គង់
១. គួររៀបចំថវិកាសង្រ្គោះបន្ទាន់ សម្រាប់កម្មករនិយោជិតដែលត្រូវបានព្យួរពីការងារ ។
២. គួរគណនាទិន្នន័យកម្រិតតម្រូវការផលិតកម្មអប្បបរមា ដើម្បីធានាថារោងចក្រនៅដំណើរការ រួមទាំងការបាត់បង់សមត្ថភាពផ្នែកសង្វាក់ផលិតកម្ម និងប្រសិទ្ធភាព អំទ្បុងពេលនៃការរីករាលដាលនៃវីរុសកូវីដ១៩ និងវិធានការបង្ការនានា ។
សម្រាប់រាជរដ្ឋាភិបាលកម្ពុជា
១. យើងខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជាអាចធានាបានថា គ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ពិតជាបានផ្អាកការបង់សងប្រាក់កម្ចី និងការប្រាក់ នៅក្នុងរយៈពេលយ៉ាងតិច៣ខែ ។
២. និងអាចធានាបានថា គ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ពិតជាបានប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីរាប់លានប្លង់ដែលត្រូវបានដាក់ជាទ្រព្យធានា ឱ្យទៅម្ចាស់ទ្រព្យវិញ ។
សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារដែលផ្តល់ឥណទានខ្នាតតូច
១. សូមស្នើឱ្យក្រែប្រែគោលការណ៍ផ្ទៃក្នុង ដើម្បីបញ្ឈប់ការយកប័ណ្ណសម្គាល់កម្មសិទ្ធិ ឬលិខិតបញ្ជាក់ការកាន់កាប់ដីធ្លី ធ្វើជាទ្រព្យធានាសម្រាប់ការផ្តល់កម្ចីខ្នាតតូចថ្មីទាំងអស់ ។
២. និងផ្អាកការបង់សងបំណុលឥណទានខ្នាតតូច និងការប្រាក់ក្នុងរយៈពេលយ៉ាងតិច៣ខែ និងអាចពន្យាពេលលើសពីនេះ ដល់អ្នកខ្ចីប្រាក់ទាំងអស់ ដែលទទួលរងផលប៉ះពាល់សេដ្ឋកិច្ចដោយសារការរីករាលដាលនៃវីរុសកូវីដ១៩ ។
សម្រាប់វិនិយោគិនបរទេស និងដៃគូអភិវឌ្ឍន៍
១. គួរសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អភិវឌ្ឍអន្តរជាតិ ដើម្បីបង្កើតកម្មវិធីសម្រាលបន្ទុកបំណុល ដើម្បីធានាឱ្យបានថា អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនត្រូវរងការបង្ខិតបង្ខំឱ្យលក់ដី ដើម្បីសងបំណុលនោះទេ ដែលគោលបំណងសំខាន់នៃវិធានការនេះគឺ ដើម្បីលុបបំបាត់ទាំងស្រុងនូវការលក់ដីធ្លីដោយបង្ខំ ។
២. គួរធ្វើការស៊ើបអង្កេត និងស្រាវជ្រាវលំអិតឱ្យបានទំលំទូលាយបន្ថែម ពីបញ្ហារំលោភសិទ្ធិមនុស្សដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា និងបង្កើតឱ្យមានយន្តការចុះឃ្លាំមើលជាទៀងទាត់ និងតឹងរឹងបំផុត ដើម្បីវាយតម្លៃពីស្ថានភាពជាក់ស្តែងរបស់អ្នកខ្ចីប្រាក់នៅក្នុងប្រទេសកម្ពុជា ៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
- អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា តាមរយៈ Signal: +៨៥៥១២៨៨០០៣៩ (ភាសាខ្មែរ)
- លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការសង់ត្រាល់ តាមរយៈ Signal: +៨៥៥៨៩៧៥៧៨៣៧ (ភាសាខ្មែរ និងអង់គ្លេស)
- អ្នកនាង ណាលី ពីឡូក នាយកអង្គការលីកាដូ តាមរយៈ Signal: +៨៥៥១២២១៤៤៥៤ (ភាសាអង់គ្លេស និងបារាំង)។
ទាញយករបាយការណ៍ទាំងស្រុង (ភាសាខ្មែរ)
ទាញយករបាយការណ៍ទាំងស្រុង (ភាសាអង់គ្លេស).pdf
This post is also available in: អង់គ្លេស