សមាជិកសភាអូស្ត្រាលីស្នើ NIKE អន្តរាគមន៍ឱ្យរោងចក្រ វ៉ាយអូលែត ទូទាត់សំណងកម្មករ
សមាជិកសភាអូស្ត្រាលីម្នាក់បានដាក់លិខិតស្នើឱ្យក្រុមហ៊ុន ណៃគី (NIKE) អន្តរាគមន៍ឱ្យរោងចក្រ វ៉ាយអូលែត ដោះស្រាយសំណងដល់កម្មករ ក្រោយពីរោងចក្រនេះបានបិទដោយមិនបានជូនដំណឹង។
ក្នុងលិខិតផ្ញើទៅកាន់លោក Andy Campion ប្រធាននាយកប្រតិបត្តិការនៃក្រុមហ៊ុនណៃគីប្រចាំប្រទេសអូស្ត្រាលី សមាជិកសភាមកពីគណបក្សការងារអូស្ត្រាលី លោក Julian Hill បានលើកឡើងថា ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់របស់សិង្ហបុរីមួយមានឈ្មោះថា Ramatex Group ស្ថិតក្នុងបញ្ជីឈ្មោះក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងការផលិតឱ្យណៃគី។
ក្រុមហ៊ុន Ramatex ជាក្រុមហ៊ុនសម្ព័នឬជាក្រុមហ៊ុនមេដែលមានរោងចក្រចំនួន៣នៅកម្ពុជា គឺរោងចក្រ វ៉ាយអូលែត (Violet Apparel) រោងចក្រ អូលីវ (Olive Apparel) និងរោងចក្រ ប៊ើរី (Berry Apparel) ដែលរោងចក្រ២ចុងក្រោយនេះ ជារោងចក្រទទួលបន្ទុកផលិតម៉ាកណៃគី។
លោក Julian Hill បានលើកឡើងទៀតថា លោកបានដឹងថាក្រុមប្រតិបត្តិរបស់ក្រុមហ៊ុនណៃគី តម្រូវឱ្យក្រុមហ៊ុនដែលផ្គត់ផ្គង់ការផលិត ត្រូវទូទាត់សំណងនានាឱ្យកម្មករនៅពេលដែលការងាររបស់ពួកគេត្រូវបានបញ្ចប់។
សមាជិកសភាអូស្ត្រាលីរូបនេះថា បើទោះបីជារោងចក្រ វ៉ាយអូលែត មិនមានឈ្មោះក្នុងបញ្ជីជាអ្នកទទួលផលិតឱ្យណៃគីយ៉ាងណាក្តី តែលោកថា អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលរោងចក្រ វ៉ាយអូលែត ក៏ត្រូវទទួលបន្ទុកផលិតម៉ាកណៃគីដែរ ព្រោះថា រោងចក្រ អូលីវ មិនមានលទ្ធភាពក្នុងការផលិតឱ្យគ្រប់តម្រូវការ។ លោកថា ដូច្នេះដើម្បីរក្សានូវកេរ្តិ៍ឈ្មោះរបស់ខ្លួនដែលឱ្យតម្លៃទៅលើក្រមសីលធម៌ស្តង់ដារការងារ ណៃគី មានសិទ្ធិអន្តរាគមន៍ឱ្យក្រុមហ៊ុន Ramatex Group ដែលជាក្រុមហ៊ុនមេ ដោះស្រាយជាសំណងដល់កម្មកររោងចក្រ វ៉ាយអូលែត។
លោកបានសរសេរបន្ថែមក្នុងលិខិតដដែលថា៖ «ខ្ញុំសរសេរលិខិតនេះ ដើម្បីស្នើសុំជាការឆ្លើយតបថា តើក្រុមហ៊ុនណៃគីបានចាត់វិធានការយ៉ាងណាខ្លះចំពោះករណីចំពោះជម្លោះនេះ ហើយថា តើជំហានបន្ទាប់ក្រុមហ៊ុននឹងធ្វើយ៉ាងម៉េចដើម្បីប្រាកដថា ក្រុមហ៊ុន Ramatex Group ដែលជាដៃគូជំនួញរបស់ខ្លួន គោរពតាមច្បាប់ការងារកម្ពុជា ក៏ដូចជាក្រមសីលធម៌ផ្ទៃក្នុងរបស់ណៃគី»។
បើតាមលោក Julian Hill លោកទទួលបានព័ត៌មានជុំវិញបញ្ហានេះតាមរយៈអង្គការសង់ត្រាល់។ លោកបានបញ្ជាក់បន្ថែមប្រាប់វីអូឌីតាមអ៊ីម៉ែលថា គិតមកដល់រសៀលថ្ងៃនេះ លោកមិនទាន់ទទួលបានការឆ្លើយតបពីក្រុមហ៊ុនណៃគីនៅឡើយទេ។
អ្នកស្រី អ៊ុង ចាន់ធឿន បម្រើការងារផ្នែកកាន់ឃ្លាំងនៅរោងចក្រ វ៉ាយអូលែត រយៈពេល១៧ឆ្នាំ និងជាតំណាងកម្មករ បានប្រាប់វីអូឌីថា អ្នកស្រីមានការត្រេកអរដែលតំណាងសភាអូស្ត្រាលីចេញមុខផ្ញើលិខិតទៅក្រុមហ៊ុនបញ្ជាទិញបែបនេះ ដោយសង្ឃឹមថា វានឹងជួយពន្លឿនដំណោះស្រាយដល់ក្រុមកម្មករ។
អ្នកស្រី ចាន់ធឿន បានថ្លែងថា៖ «អ្វីដែលយើងឃើញនិងកត់សម្គាល់នោះថា មន្ត្រីអូស្ត្រាលីដាក់ទៅអ្នកបញ្ជាទិញនៅប្រទេសអូស្ត្រាលីប្រភេទណៃគី អាហ្នឹងហើយដែលយើងអាចរុញរឿងហ្នឹងបាន។ […] វាជាក្តីសង្ឃឹមមួយនិងជាពន្លឺ ព្រោះថា អ្នកទិញ មុននឹងទិញនិងបញ្ជាអីវ៉ាន់ ត្រូវមានលក្ខខណ្ឌនិងមានកិច្ចសន្យាគ្នាថា រាល់ផលិតផលណាដេរឱ្យ ត្រូវគោរពសិទ្ធការងារនិងលើច្បាប់ស្តីពីការងារតាមប្រទេសនានា។»
ចាប់តាំងពីរោងចក្រមានរឿងវិវាទការងារមក អ្នកស្រី ចាន់ធឿន និងកម្មករបានធ្វើការតវ៉ានិងដាក់ញ្ញត្តិទៅកាន់ខុទ្ធកាល័យលោក ហ៊ុន សែន និងក្រសួងការងារ ហើយលទ្ធផលហាក់មិនបានដូចការរំពឹងទុកនោះទេ។ អ្នកស្រីនិងក្រុមកម្មករក៏បានដាក់ទៅស្នើសុំកិច្ចអន្តរាគមន៍ពីសហភាពអឺរ៉ុបនិងអង្គការសហប្រជាជាតិផងដែរ។
តាមការឱ្យដឹងពីអ្នកស្រី ធឿន ថាក្រុមកម្មករបានស្នើសុំជួយអន្តរាគមន៍ទៅថៅកែរោងចក្រឱ្យទូទាត់ប្រាក់ជូនកម្មករតាមផ្លូវច្បាប់មួយចំនួន រួមមាន ប្រាក់ជូនដំណឹង ប្រាក់ដំណាច់ឆ្នាំ ប្រាក់អតីតភាពការងារ និងប្រាក់សំណងជំងឺចិត្ត ក្រោយរោងចក្រប្រកាសបិទទ្វារដោយមិនបានជូនដំណឹងត្រឹមត្រូវតាមផ្លូវច្បាប់។
វីអូឌី មិនទាន់អាចសុំការឆ្លើយតបពីប្រធានរដ្ឋបាលរោងចក្រ វ៉ាយអូលែត លោក ប៊ូ សំណាង បាននៅឡើយទេ។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់សង់ត្រាល់ បានប្រាប់វីអូឌីថា វាជាការប្រសើរដែលសមាជិកសភាអូស្ត្រាលីយកចិត្តទុកដាក់លើរឿងនេះ។ លោក ថារ៉ូ បន្តថា ណៃគី ជាក្រុមហ៊ុនមួយដែលធំ ដូច្នេះត្រូវទទួលខុសត្រូវក្រមសីលធម៌សង្គម។
លោកបានបន្ថែមថា ការស្នើបែបនេះក៏ធ្វើឱ្យក្រុមហ៊ុន ណៃគី យកចិត្តទុកដាក់និងជំរុញឱ្យថៅកែរោងចក្រ វ៉ាយអូលែត ចូលរួមដោះស្រាយបានឆាប់ផងដែរ។ លោកបានលើកឡើងទៀតថា នេះជារឿងដែលអ្នកបញ្ជាទិញគួរត្រូវទទួលខុសត្រូវ ព្រោះពួកគេមានឥទ្ធិពលលើរោងចក្រ គោរពតាមច្បាប់ និងសិទ្ធិការងារ។
មន្ត្រីក្រសួងការងារទទួលបន្ទុកសំណុំរឿងក្រុមហ៊ុន វ៉ាយអូលែត លោក អ៊ូ រតនា ប្រាប់វីអូឌីនៅថ្ងៃនេះថា សំណុំរឿងរបស់កម្មករ វ៉ាយអូលែត ដាក់មកក្រសួងការងារ បានដោះសា្រយរួចហើយនូវសំណើចំនួន៣ចំណុចដែលក្នុងនោះមាន ប្រាក់ខែចុងក្រោយ ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំ និងប្រាក់អតីតភាពការងារចាប់ពីខែមករារហូតដល់ខែមិថុនា។ ប៉ុន្តែដោយឡែក ករណីប្រាក់ជូនដំណឹង ប្រាក់ដំណាច់ឆ្នាំ ក្រុមកម្មករមិនបានស្នើក្រសួងឱ្យដោះស្រាយទេ។
លោក រតនា ថ្លែងថា៖ «តាំងពីរឿងហ្នឹងមក ពួកគាត់មិនដែលបានទាមទារមកក្រសួងទៀតទេណាគាត់ទៅកន្លែងផ្សេងៗទៀត ខ្ញុំអត់ដឹងដែរ»។
ទោះយ៉ាងណាក៏ដោយ ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមសហជីពចំនួន១៩ដែលចេញនៅថ្ងៃនេះ ក្រុមសហជីពទាំងនោះបានស្នើសុំឱ្យរដ្ឋមន្រ្តីក្រសួងការងារអន្តរាគមន៍លើវិវាទការងារនេះ ដើម្បីឱ្យមានដំណោះស្រាយឆាប់រហ័សសម្រាប់ក្រុមកម្មករ។
រោងចក្រ វ៉ាយអូលែត កាលពីថ្ងៃទី៣១ ខែមិថុនា បានប្រកាសប្រាប់ក្រុមកម្មករថា រោងចក្រនឹងបិទជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ដោយការប្រកាសនេះធ្វើឡើងមិនបានជូនដំណឹងឱ្យបានមុន២៤ម៉ោងនោះឡើយ។ ការប្រកាសបិទភ្លាមៗនេះ បានបណ្តាលឱ្យកម្មករជាង១១០០នាក់បាត់បង់ការងារដោយមិនបានព្រាងទុក។
ប្រភព៖ VOD