រដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​បណ្ដុះបណ្ដាល​ជំនាញ និង​បង្កើត​ការងារ​ក្នុងស្រុក​ ដើម្បី​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក ខណៈ​ជំងឺ​កូវីដ​នៅតែ​បន្ត​ឆ្លង​ទូទាំង​ពិភពលោក

03
កញ្ញា

រដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​បណ្ដុះបណ្ដាល​ជំនាញ និង​បង្កើត​ការងារ​ក្នុងស្រុក​ ដើម្បី​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក ខណៈ​ជំងឺ​កូវីដ​នៅតែ​បន្ត​ឆ្លង​ទូទាំង​ពិភពលោក

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

បន្ទាយមានជ័យៈ ការជំពាក់​បំណុល​គេ ការធ្វើ​ស្រែចម្ការ​មិនសូវ​បាន​ផល និង​ទីផ្សារការងារ​ក្នុង​ស្រុក​ទទួល​បាន​ប្រាក់កម្រៃ​ទាប គឺជា​ដើមហេតុ​ចម្បង ដែលជា​កក្តា​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ នៅតែ​បន្ត​ប្រថុយប្រថាន ធ្វើ​ចំណាក​ស្រុក ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ បើទោះបីជា​មាន​ការបិទ​ច្រកព្រំដែន​ដោយសារ​តែ​ប្រទេស​ថៃ កំពុង​មាន​ការផ្ទុះ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ​យ៉ាងខ្លាំង​យ៉ាងណាក៏ដោយ​។

មន្ត្រី​ជំនាញ​បាន​លើកឡើងថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​យកចិត្ត​ទុកដាក់​បណ្តុះបណ្តាល​ជំនាញ និង​បង្កើត​ការងារ​ក្នុងស្រុក​ឱ្យបាន​កាន់តែច្រើន ប្រយោជន៍​ដើម្បី​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​។

រីឯ​អាជ្ញាធរ​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ​ចាត់ទុក​បញ្ហា​ពលករ ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ គឺជា​បន្ទុក​ដ៏ធ្ងន់ធ្ងរ សម្រាប់​រាជរដ្ឋាភិបាល​ ខណៈ​ដែល​ពួកគេ​មួយចំនួន​មាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ និង​ប្រមាណ​ជា​ ១០ ​ភាគរយ​ទៀត បាក់កម្លាំង ដោយសារ​តែ​ពួកគេ​ប្រើប្រាស់​គ្រឿងញៀន នៅពេល​ពួកគេ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​។

អ្នកស្រី សើម សើរ នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ​ដែល​បានធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​អស់​រយៈពេល​ប្រមាណ ៥ ​ឆ្នាំ​មកហើយ ហើយ​ទើបតែ​វិលត្រឡប់​មកវិញ​ដោយសារ​តែ​នៅ​ថៃ​មាន​ផ្ទុះ​ឆ្លង​កូវីដ​បាន​ថ្លែងថា ទោះ​ដឹងថា​នៅ​ប្រទេស​គេ​មិន​ស្រួល​ដូច​នៅ​ស្រុកកំណើត ប៉ុន្តែ​យ៉ាងហោចណាស់​អ្នកស្រី​អាច​រកប្រាក់​បាន​ច្រើន និង​សន្សំ​លុយ​បាន​ខ្លះ​។

អ្នកស្រី​ថា​៖ «​ខ្ញុំ​ធ្វើការ​សំណង់​នៅ​ថៃ ៥ ​ឆ្នាំ​ហើយ ធ្វើការ​ផ្នែក​សំណង់ លើក​ឥដ្ឋ ១ ​ខែ​រកបាន​ប្រាក់កម្រៃ ៨ ​ពាន់​បាត បើ​ថែម​ម៉ោង​ពី​ម៉ោង ៦ ​ល្ងាច ដល់​ម៉ោង ១០ ​យប់ តែបើ​អត់​ថែម​ម៉ោង​បាន​ប្រហែល ៥ ​ពាន់​បាត​»​។

 

អ្នកស្រី​បានបញ្ជាក់​ពី​មូលហេតុ​ដែល​អ្នកស្រី​បាន​ចាកចេញ​ពី​ស្រុកកំណើត​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​មាន​ដី​ផ្ទះ និង​ដីស្រែ​តិចតួច ខ្ញុំ​នៅ​ស្រុក​ធ្វើស្រែ​អត់​បាន​ផល​ទេ ដោយសារ​ភ្លៀង​ច្រើនពេក​ហើយ​ឆ្នាំ​ខ្លះ​ក៏​រាំងស្ងួត​គ្មាន​ទឹក​។ ធ្វើស្រែ​ហូប​មិន​គ្រប់​ទេ រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក​។ នៅ​ស្រុក​ខ្ញុំ ប្រជាជន​គាត់​មានតែ​ធ្វើស្រែ ក្រៅពី​ធ្វើស្រែ​រក​អី​មិនសូវ​បានទេ​»​។

កាលពីមុន​អ្នកស្រី​ សើរ បាន​ទៅ​ធ្វើការ​ជា​កម្មករសំណង់​នៅ​ប្រទេស​ថៃ​ជាមួយ​ប្តី តែ​ដោយសារ​ប្តី​មាន​ជំងឺ​ប្រចាំកាយ ឥឡូវ​អ្នកស្រី​ត្រូវ​ទៅ​ធ្វើការ​នៅ​ថៃ​តែ​ ២ ​នាក់​កូនប្រុស​អាយុ​ ២១ ​ឆ្នាំ​។

អ្នកស្រី​និយាយថា បើ​ស្ថានភាព​នៅ​ប្រទេស​ថៃ​រាង​ធូរស្រាល​ អ្នកស្រី​នឹង​នាំ​កូន​វិលត្រឡប់​ទៅ​ថៃ​វិញ​ហើយ ពីព្រោះ​នៅ​ស្រុក​ខ្មែរ​អត់​មាន​ការងារ​ធ្វើ មានតែ​ធ្វើស្រែ​ចម្ការ ហើយ​មិនសូវ​បាន​ផល​ទៀត​។ អ្នកស្រី​ឱ្យដឹងថា ដំបូងឡើយ អ្នកស្រី​មិនចេះ​និយាយ​ភាសា​ថៃ​ទេ ប៉ុន្តែ​ក្រោយពី​ធ្វើការ​នៅ​ទីនោះ​មួយរយៈ​ក្រោយមក អ្នកស្រី​អាច​និយាយ​ភាសា​ថៃ​បាន​គួរសម​។

លោក​ ឆាយ វីត អាយុ ៣៩ ​ឆ្នាំ និង​ប្រពន្ធ​ដែល​បាន​ធ្វើការ​នៅ​ថៃ​រយៈពេល​ ៣ ​ឆ្នាំ​មកហើយ​នោះ​បាន​ថ្លែងថា​៖ «​ខ្ញុំ​ត្រឡប់​មកដល់​ខ្មែរ​វិញ​បាន​ ២ ​ខែ​ហើយ​នៅពេល​កូវីដ​ស្ងប់ស្ងាត់ ហើយ​បើ​គេ​នៅ​បើក​ច្រកព្រំដែន​ធម្មតា ខ្ញុំ​នឹង​ត្រឡប់​ទៅ​ថៃ​វិញ​ហើយ​។ ខ្ញុំ​ធ្វើការ​ផ្នែក​សំណង់​ ១ ​ខែ​រកបាន ១ ម៉ឺន​បាត ថ្លៃ​ទឹក ភ្លើង​ថៅកែ​ចេញ តែ​ថ្លៃ​ជួល​ផ្ទះ​យើង​ចេញ​»​។

ប្រពន្ធ​លោក​ វីត ក៏​ធ្វើការ​សំណង់​ជាមួយ​គ្នា​ផងដែរ ប៉ុន្តែ ១ ​ខែ​គាត់​រកបាន​ប្រាក់​តែ​ ៦ ​ពាន់​បាត​ទេ​ដោយសារ​តែ​គាត់​ជា​អ្នក​លើក​ឥដ្ឋ​។ លោក វីត ថ្លែងថា​៖ «​ខ្ញុំ​នៅ​ខេត្តបន្ទាយមានជ័យ ខ្ញុំ​នៅ​ស្រុក​អត់​មាន​ស្រែ អត់​មាន​ចម្ការ​ធ្វើ​ទេ​។ អ៊ីចឹង​នៅ​ស្រុក​រកលុយ​មិនសូវ​បាន ដោយសារ​ខ្ញុំ​អត់​ដែល​ទៅធ្វើ​ការ​នៅ​ស្រុក​គេ អ៊ីចឹង​ចង់​ទៅ​ធ្វើ​នៅ​ប្រទេស​គេ ព្រោះ​នៅ​ស្រុក​យើង​អត់​មាន​ការងារ​ធ្វើ​ដដែល​»​។ លោក​រៀបរាប់​បញ្ហា​ប្រឈម​មួយចំនួន អំឡុងពេល​ធ្វើការ​នៅ​ប្រទេស​ថៃ ពោលគឺ​បើ​ប៉ះចំ​ថៅកែ​ចិត្តល្អ​មិន​អី​ទេ តែបើ​ប៉ះចំ​ថៅកែ​ចិត្តអាក្រក់ ពេល​ខ្លះ​អត់​បើកលុយ​ឱ្យ​ក៏មានដែរ​។

លោក​ វីត ដែល​មានកូន​ម្នាក់​ទុកឱ្យ​ម្តាយ​ជួយ​មើលថែ​បាន​ថ្លែងថា​៖ «​ពេល​ប្រពន្ធ​ឆ្លងទន្លេ គាត់​មក​សម្រាល​នៅ​ស្រុក ពេល​សម្រាល​ហើយ ទុក​កូន​ឱ្យ​យាយ​មើលថែ ហើយ​ខ្ញុំ​ធ្វើការ​នៅ​ថៃ​ផ្ញើ​លុយ​មក​បណ្តើរ​។ បើ​នៅ​ថៃ​ធ្វើការ​សល់​ប្រាក់​ហើយ​មាន​លទ្ធភាព​សង់ផ្ទះ​នៅ​ស្រុក​បាន​។ បើ​មានលទ្ធភាព ខ្ញុំ​ឈប់​ទៅ​ធ្វើ​នៅ​ថៃ​ហើយ ព្រោះ​ធ្វើការ​នៅ​ថៃ​ក៏​ពិបាក​ដែរ តែ​ចេះតែ​ទ្រាំ​ទៅ​»​។

លោក សេក សុខុម ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែងថា ជាទូទៅ​ការរក​ការងារ​ធ្វើ គឺ​គេ​ទៅ​នៅ​កន្លែង​ណា​ដែលមាន​ប្រាក់កម្រៃ​បាន​ខ្ពស់​មិន​ថា​ពលករ​ខ្មែរ មីយ៉ាន់ម៉ា​ ឬ​ពលករ​ប្រទេស​ណា​នោះទេ​។

លោក​ថា​៖ «​និយាយ​ជារួម​ប្រទេស​ថៃ គេ​កំពុង​អភិវឌ្ឍ គ្រប់​ការដ្ឋាន សំណង់ រោងចក្រ​ដំណើរការ​ល្អ​អ៊ីចឹង​តម្លៃ​ពលកម្ម​បើ​នៅ​ខ្មែរ ១ ​ថ្ងៃ​គាត់​រកបាន​ពី​ ៣ ​ម៉ឺន​រៀល ទៅ ៤ ​ម៉ឺន​រៀល ប៉ុន្តែ​គេ​ទៅ​ថៃ​អាច​លក់​កម្លាំង​ពលកម្ម​បាន​ពី​ ៥ ​ម៉ឺន​ទៅ​ ៨ ​ម៉ឺន​រៀល ក្នុង​ ១ ​ថ្ងៃ​»​។

សម្រាប់​នៅ​ខេត្ត​បន្ទាយមានជ័យ ពលរដ្ឋ​ប្រកបរបរ​កសិកម្ម និង​ចម្ការ​តិចតួច ខណៈ​ពលរដ្ឋ​ជាង ៨០ ​ភាគរយ​ជា​កសិករ​។ ប៉ុន្តែ​ពលរដ្ឋ​មួយចំនួន​បាន​លក់​ដី លក់​ស្រែ លក់​ស្រូវ ហើយ​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​។

លោក សុខុម ថា​៖ «​សម្រាប់​ខេត្តបន្ទាយមានជ័យ អ្នក​ដែលមាន​លទ្ធភាព​ស៊ូ​រស់នៅ​បាន គឺ​គាត់​ទៅ​ធ្វើការ​នៅ​រោងចក្រ ក្នុង​ខេត្ត​មាន ៨ ​រោងចក្រ មាន​រោងចក្រ​កាត់ដេរ រោងចក្រ​អេឡិកត្រូនិក និង​រោងចក្រ​កែច្នៃ​ផ្សេងទៀត​។ ប៉ុន្តែ​ពួកគាត់​គិតថា បើ​ធ្វើការ​នៅក្នុង​ស្រុក គាត់​បាន​ចំណូល​មក​តិច ហើយ​ត្រូវ​ចាយ​អស់ តែ​បើ​គាត់​ទៅ​ស្រុក​គេ គាត់​រក​បាន​ច្រើន​គួរសម ចេះ​សន្សំ ចាយ​ត្បិតត្បៀត​គាត់​សល់​លុយ​»​។

យ៉ាងណា​ក៏ដោយ​លោក​ថា រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​កំពុង​បន្ត​ធ្វើការ​អភិវឌ្ឍ​ផ្នែក​ធារាសាស្ត្រ ផ្តល់​ពូជស្រូវ ដំណាំ​ដល់​កសិករ ដែល​កំពុង​ជួប​ការលំបាក និង​តែងតែ​ផ្តល់​អំណោយ​ដល់​ជនទីទ័លក្រ​។ អ្វី​ដែលជា​បញ្ហា​ចំពោះមុខ​នាពេលនេះ នៅពេល​ពលករ​សម្រុក​មកពី​ថៃ​វិញ គឺជា​បន្ទុក​របស់​រដ្ឋាភិបាល​មួយ​កម្រិត​ទៀត ដែល​ត្រូវ​ចំណាយ​ទៅលើ​ការដឹកជញ្ជូន​ពលករ ការព្យាបាល ការធ្វើ​ចត្តាឡីស័ក និង​ការផ្តល់​បាយទឹក​ ១ ​ថ្ងៃ ៣ ​ទៅ​ ៤ ​ដង​ជូន​ពួកគាត់​។

លោក​ថា​៖ «​សម្រាប់​បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ធ្ងន់​លើ​ពលករ​ដែល​ត្រឡប់​មកពី​ថៃ​វិញ​ជិត​ ៧ ​ពាន់​នាក់ ដែល​ត្រូវ​ចំណាយ​លើ​ថ្លៃ​ការស្នាក់នៅ ថ្លៃ​បាយទឹក ដឹកជញ្ជូន កម្លាំង​»​។

លោក​លើកឡើង​ថា​៖ «​ពលករ​ដែល​ត្រឡប់​មកវិញ​ខ្លះ​មាន​វិបត្តិ​ទៀត ពេល​គាត់​មាន​កម្លាំង​ទៅធ្វើ​ពលកម្ម​នៅ​ប្រទេស​គេ នៅពេល​បាក់កម្លាំង​ក៏​ត្រឡប់មកវិញ ជាប់​ញៀន​ថ្នាំ វិជ្ជមាន​កូវីដ ១៩​។ នេះ​ជា​បន្ទុក​ធ្ងន់​របស់​រដ្ឋាភិបាល​។ ពលករ​មកវិញ​ស្ទើរ​ ១០ ​ភាគរយ​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន អ៊ីចឹង​បាន​នៅ​ខេត្តបន្ទាយមានជ័យ មាន​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​»​។

ពាក់ព័ន្ធ​ការបង្កើត​ទីផ្សារ​ការងារ​ក្នុងស្រុក អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​ឆ្នាំ​ ២០២០ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ និង​ក្រសួង​ការងារ​បាន​ប្រមូល និង​ផ្សព្វផ្សាយ​កម្លាំង​ពលកម្ម​សរុប​ចំនួន ១៩០ ១២៧ ​កន្លែង ចែកជា​វិស័យ​កសិកម្ម​ចំនួន ១ ២៧៩ ​កន្លែង វិស័យ​ឧស្សាហកម្ម​ចំនួន ១០២ ៦០៩ ​កន្លែង និង​វិស័យ​សេវាកម្ម​ចំនួន ៨៦ ២៣៩ ​កន្លែង​។

លោក​បន្តថា នាពេល​បច្ចុប្បន្ននេះ កម្ពុជា​មាន​តម្រូវការ​កម្លាំង​ពលកម្ម​សរុប​ចំនួន​ ២២ ៩៥៤ ​កន្លែង ចែកជា វិស័យ​កសិកម្ម​ចំនួន​ ៦០០ ​កន្លែង វិស័យ​ឧស្សាហកម្ម​ចំនួន ២១ ១៦៤ ​កន្លែង និង​វិស័យ​សេវាកម្ម​ចំនួន​ ១ ១៩០ ​កន្លែង​។

លោក​គូសបញ្ជាក់ថា៖ «​ជាការ​ពិតណាស់​ការខិតខំ​បង្កើត​ការងារ​នៅក្នុង​ស្រុក​របស់​រាជរដ្ឋាភិបាល​ពិតជា​បាន​ស្រូបយក​កម្លាំង​ពលកម្ម​ជាច្រើន​ចូលក្នុង​ទីផ្សារការងារ ដែល​អត្រា​អ្នកមាន​ការងារ​ធ្វើ​រហូតដល់ ៩៩,៣ ភាគរយ ចំណែក​ការខិតខំ​បើក​ច្រក​ទីផ្សារ​ការងារ​នៅក្រៅ​ប្រទេស​គឺជា​ការផ្តល់​នូវ​ជម្រើស​បន្ថែមទៀត​ជូន​ប្រជាពលរដ្ឋ​។ ទន្ទឹមនឹង​នេះ​ពលករ​ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​ក៏​បាន​រួមចំណែក​យ៉ាងធំ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ តាមរយៈ​បញ្ញើ​បងប្អូន​ពលករ​​ដែល​ក្នុង​ ១ ​ឆ្នាំៗ​ប្រមាណ​ជាង ២ ​ប៊ីលាន​ដុល្លារ​ផងដែរ​។

លោក ហេង សួរ ឱ្យដឹងថា បច្ចុប្បន្ន​ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​ចំនួន ១ ២២០ ១៩៧ ​នាក់ (​ស្រី ៤៨៩ ៧១៣ ​នាក់​)​។

លោក​បាន​ឱ្យដឹង​ទៀតថា ក្រៅពី​ការបង្កើត​ឱកាស​ការងារ​ក្នុងស្រុក ក្រសួង​ក៏បាន​បើក​វគ្គ​បណ្តុះបណ្តាល​មុខជំនាញ រួមមាន​សំណង់​ស៊ីវិល អគ្គិសនី អេឡិចត្រូនិក បរិក្ខារ​ត្រជាក់ មេកានិក យន្តសាស្ត្រ​រថយន្ត កម្មន្តសាល ធុរកិច្ច​/ICT សហគ្រិនភាព ទេសចរណ៍ និង​ជំនាញ​វិជ្ជាជីវៈ​ជាច្រើន​ទៀត​។

លោក​ មឿន តុលា ​នាយកប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័នភាព​ការងារ និង​សិទ្ធិមនុស្ស (Central) មើលឃើញ​ថា នាពេល​បច្ចុប្បន្ន ពលករ​ដែល​មក​កម្ពុជា​វិញ​មាន​ច្រើន ដោយសារ​នៅ​ថៃ​មាន​ការបិទខ្ទប់​ច្រើន និង​មិនមាន​កន្លែង​ព្យាបាល​គ្រប់គ្រាន់​សម្រាប់​អ្នកជំងឺ​កូវីដ​នោះទេ​។ ប៉ុន្តែ​ពលករ​ខ្មែរ​ដែល​សម្រេច​ត្រឡប់​ទៅ​ថៃ​វិញ​មានការ​ថយចុះ​ច្រើន​។

លោក​ថា​៖ «​មូលហេតុ​ដែល​ពលករ​ខ្មែរ​គាត់​ធ្វើការ​សម្រេចចិត្ត​ត្រឡប់​ទៅ​ថៃ​វិញ​ទោះ​ក្នុង​អំឡុងពេល​កូវីដ​ ១៩ គឺ​ដោយសារ​កត្តា​ជំរុញ​ក្នុងស្រុក គឺ​គាត់​អត់​មាន​ការងារ​ធ្វើ អត់​មាន​មុខរបរ​ដោយសារ​យើង​ក៏​ផ្ទុះ​កូវីដ​ដែរ ហើយ​បំណុល​ដែល​គាត់​ជំពាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ឬ​ធនាគារ គាត់​នៅតែ​សង​គេ ខ្លាច​គេ​រឹបអូស​ផ្ទះ អ៊ីចឹង​គាត់​នៅតែ​ប្រថុយទៅ​ប្រទេស​ថៃ​»​។

លោក​បន្តទៀតថា ក្នុងអំឡុង​​កូវីដ​ក៏​មាន​ជនខិលខូច​មួយចំនួន​ឆ្លៀត​ឱកាស​ទៅ​បញ្ចុះបញ្ចូល​ពលរដ្ឋ​ខ្មែរ​ឱ្យទៅ​ថៃ​។

លោក​សូម​អំពាវនាវ​ដល់​ពលរដ្ឋ​ថា​ «​យើង​គួរ​ពិចារណា​ឱ្យបាន​ដិតដល់ ព្រោះ​ថៃ​មាន​ការផ្ទុះ​កូវីដ​ខ្លាំង អ៊ីចឹង​គាត់​ទៅ​មិន​ប្រាកដ​ថា បាន​ការងារ​ធ្វើ ឬ​​មាន​មុខ​របរ​នៅ​ថៃ​ទេ​។ តែ​ផ្ទុយទៅវិញ​គាត់​អាច​នឹង​ឆ្លង​ជំងឺ​កូវីដ​ ១៩ ហើយ​អាច​អាជ្ញាធរ​គេបោះបង់​គាត់​ចោល​ដែរ​»​។

លោក​បន្តថា ការដែល​ពលករ​ខ្មែរ​នៅតែ​បន្តធ្វើ​ចំណាកស្រុក​ទៅ​ថៃ ដោយសារ​ទីផ្សារ​ការងារ​ក្នុងស្រុក​នៅតែ​ចង្អៀត​នៅឡើយ​។ ពលករ​ភាគច្រើន​ដែល​ទៅ​ធ្វើការ​នៅ​ថៃ គាត់​ចាប់​យក​វិស័យ​កសិកម្ម​ដោយ​ទៅ​ធ្វើការ​នៅតាម​ចម្ការកៅស៊ូ ចម្ការ​អំពៅ​ហើយ​អ្នកខ្លះ​ធ្វើការ​សំណង់​។ ពួកគាត់​ទាំងនោះ​ជា​អតីត​កម្មករ​ក្នុងស្រុក និង​ជា​អតីត​កសិករ​។ «​អ៊ីចឹង​គាត់​ធ្វើ​កសិកម្ម​ក្នុង​ស្រុក​ចំណូល​ពី​ផលកសិកម្ម​របស់គាត់​អត់​រួច​ដើម​ព្រោះ​គាត់​ទិញ​ជី ជួល​គោយន្ត ទិញ​ប្រេង​។ ប៉ុន្តែ​នៅពេល​លក់​ទៅ​អត់​បាន​ចំណេញ ផ្ទុយទៅវិញ​គាត់​ជំពាក់​បំណុល​គេ​។ ត្រង់​នេះហើយ​ទោះបីជា​មាន​កូវីដ​ក៏​គាត់​ត្រូវតែ​ទៅ​ថៃ​ ដើម្បី​យកលុយ​មក​ដោះបំណុល​គេ​»​។

លោក​ តុលា បន្តថា មាន​ខ្លះទៀត​គាត់​មិន​ជំពាក់​បំណុល​គេ​ទេ ប៉ុន្តែ​គាត់​គិតថា ទៅ​ស្រុក​គេ​រក​កម្រៃ​បាន​ច្រើន សន្សំ​លុយ​ធ្វើ​ផ្ទះ​ទិញ​ដី​។ ប៉ុន្តែ​ភាគច្រើន​ដែល​លោក​បាន​ជួប និង​ធ្វើការ​សម្ភាស ពួកគាត់​ទៅ​រក​ការងារ​ធ្វើ​នៅ​ថៃ គឺ​ដោយសារ​ជំពាក់​បំណុល​គេ​។

ក្នុងនាម​សង្គម​ស៊ីវិល​លោក​មាន​មតិ​ថា​៖ «​រឿងនេះ​បើសិន​ជា​ចង់​ដោះស្រាយ ទាល់តែ​រដ្ឋ​យើង​ព្យាយាម​ធ្វើ​កំណែទម្រង់​វិស័យ​កសិកម្ម​ឱ្យបាន​ស៊ីជម្រៅ មានន័យថា កុំ​បំប្លែង​កសិករ​យើង​ឱ្យ​ទៅជា​ពលករ ឬ​កម្មករ​។ ឧទាហរណ៍​សព្វថ្ងៃ​យើង​នាំ​ចេក​ពណ៌​លឿង​ទៅ​ចិន អ៊ីចឹង​រដ្ឋ​គួរ​ជួយ​ផ្តល់​ដី​ឱ្យបាន​គ្រប់គ្រាន់​ដល់​កសិករ​ជា​លក្ខណៈ​គ្រួសារ ផ្តល់​វគ្គ​បណ្តុះបណ្តាល ជំនាញ និង​គ្រាប់ពូជ បន្ទាប់មក​សម្របសម្រួល​ជាមួយ​គាត់​ក្នុង​ការទិញ​ផលិតផល​គាត់ បើ​ធ្វើបែប​នេះ​កសិករ​គាត់​មិន​ប្រថុយប្រថាន​ទៅ​ស្រុក​គេ​ទេ ព្រោះ​គាត់​ទៅ​ប្រទេស​គេ​ធ្វើ​កសិកម្ម​ដដែល​»​។

ទន្ទឹមនេះដែរ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ដល់​ការពង្រឹង​សមត្ថភាព​ប្រជាកសិករ និង​អ្នកពាក់ព័ន្ធ​នានា​លើ​ការគ្រប់គ្រង​ដី និង​សារធាតុចិញ្ចឹម​ក្នុង​ផលិតកម្ម​ដំណាំ​កសិកម្ម ដោយបាន​រៀបចំ​ឯកសារ​សម្រាប់​ធ្វើការ​បណ្តុះបណ្តាល​ស្តីពី “ វិធានការ​ចម្រុះ​គ្រប់គ្រង​ដី និង​សារធាតុចិញ្ចឹម​របស់​ដី​ក្នុង​ផលិតកម្ម​ដំណាំ​បន្លែ​សុវត្ថិភាព​” ផងដែរ​។

ក្រោយពី​នេះ​មន្ត្រី​ជំនាញ​បាន​ធ្វើ​ដំណើរ​ចុះ​មូលដ្ឋាន​នៅ​ទូទាំងប្រទេស ដើម្បី​បណ្តុះបណ្តាល​ក៏ដូចជា​ផ្តល់​បច្ចេកទេស​នៃ​ការចិញ្ចឹម មាន់ ទា ជ្រូក គោ កង្កែប និង​ត្រី​ជាដើម ដើម្បីឱ្យ​ពលរដ្ឋ​ទទួលបាន​ចំណូល​បន្ថែម​ក្នុង​គ្រួសារ និង​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ថ្លែងថា ក្នុងទិសដៅ​ជំរុញ​ផលិតភាព អនុវិស័យ​ដំណាំ​ឱ្យ​កាន់តែ​រីកចម្រើន​ទាំង​បរិមាណ និង​គុណភាព ការបញ្ចូល​យន្តូបនីយកម្ម​ទៅក្នុង​ផលិតកម្ម​កសិកម្ម គឺជា​ភារកិច្ច​អាទិភាព​មួយ ដែល​ក្រសួងកសិកម្ម​ជំរុញ​ការធ្វើ​ទំនើបកម្ម​កសិកម្ម​កម្ពុជា​។

លោក​ថា​៖ «​យើង​បាន និង​កំពុង​គិតគូរ យកចិត្ត​ទុកដាក់ ធ្វើយ៉ាងណា​លើកកម្ពស់​ប្រសិទ្ធភាព​សេដ្ឋកិច្ច ចំណេញ​ពេល កាត់បន្ថយ​ពលកម្ម ជំរុញ​ល្បឿន​ផលិតកម្ម​កសិកម្ម តាមរយ:​ការប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​…»៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...